យ៉ូប 3:1-10
យ៉ូប 3:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក លោកយ៉ូបក៏បើកមាត់ពោលពាក្យ ប្រទេចផ្ដាសាថ្ងៃកំណើតរបស់ខ្លួន ។ លោកពោលពាក្យថា៖ «សូមឲ្យថ្ងៃដែលខ្ញុំកើតមកត្រូវវិនាសទៅ គឺជាយប់ដែលគេប្រកាសថា មានកូនមកចាប់ទំផ្ទៃនោះ សូមឲ្យថ្ងៃនោះបានសូន្យទៅ សូមកុំឲ្យព្រះនឹករកពីស្ថានលើឡើយ ក៏កុំឲ្យមានពន្លឺចាំងមកបំភ្លឺឲ្យសោះ។ សូមឲ្យសេចក្ដីងងឹត និងម្លប់នៃសេចក្ដីស្លាប់ មកទទួលធ្វើជាម្ចាស់ សូមឲ្យមានពពកនៅជាប់ពីលើ ហើយសូមឲ្យសូរ្យគ្រាសមកបំភ័យផង។ រីឯយប់នោះ សូមឲ្យសេចក្ដីងងឹតសូន្យសុងចាប់ទុក កុំឲ្យយប់នោះមានកន្លែង នៅជាមួយថ្ងៃឯទៀតក្នុងឆ្នាំឡើយ ក៏កុំឲ្យរាប់ក្នុងខែនោះដែរ។ សូមឲ្យយប់នោះបានទៅជាអសារឥតការ ឥតមានឮសូរសៀងអរសប្បាយឡើយ សូមឲ្យពួកអ្នកដែលស្អប់ពេលថ្ងៃ បានដាក់បណ្ដាសាដល់យប់នោះ ព្រមទាំងពួកអ្នកដែលប្រុង នឹងដាស់ក្រពើឡើងផង។ សូមឲ្យអស់ទាំងផ្កាយ ដែលភ្លឺនៅពេលព្រលប់ក្នុងយប់នោះ បានងងឹត ដោយរកពន្លឺមិនឃើញឡើយ ក៏កុំឲ្យបានឃើញបើកពន្លឺ នៅពេលបច្ចូសកាលដែរ ព្រោះមិនបានបិទទ្វារផ្ទៃម្តាយខ្ញុំទេ ក៏មិនបានបិទបាំងសេចក្ដីវេទនាពីភ្នែកខ្ញុំដែរ។
យ៉ូប 3:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ទើបលោកយ៉ូបចាប់ផ្ដើមនិយាយ ហើយដាក់បណ្ដាសាថ្ងៃកំណើតរបស់លោក។ លោកយ៉ូបមានប្រសាសន៍ថា៖ «សូមឲ្យថ្ងៃដែលខ្ញុំបានកើតមកនោះ ក្លាយទៅជាថ្ងៃអពមង្គល! រីឯយប់ដែលគេពោលថា មានកូនប្រុសម្នាក់ចាប់ផ្ទៃហើយនោះ ជាយប់អពមង្គលដែរ! សូមឲ្យថ្ងៃនោះប្រែទៅជាងងឹត ហើយកុំឲ្យព្រះជាម្ចាស់ ដែលគង់នៅស្ថានលើ រវីរវល់នឹងថ្ងៃនោះ ហើយក៏កុំឲ្យមានពន្លឺបំភ្លឺថ្ងៃនោះឡើយ! សូមឲ្យភាពងងឹត និងភាពអន្ធការ គ្របបាំងថ្ងៃនោះ ហើយសូមឲ្យមានភាពអាប់អួរគ្របបាំង ព្រះអាទិត្យ! រីឯយប់នោះវិញ ក៏សូមឲ្យភាពងងឹត គ្របបាំងវាដែរ! សូមកុំឲ្យគេរាប់បញ្ចូលយប់នោះទៅក្នុង ខែ និងឆ្នាំឡើយ! សូមឲ្យយប់នោះប្រៀបបាននឹងស្ត្រីអារ ហើយក៏កុំឲ្យមានសម្រែកអរសប្បាយ នៅយប់នោះដែរ! សូមឲ្យយប់នោះត្រូវបណ្ដាសា របស់គ្រូនក្ខត្តឫក្ស និងត្រូវបណ្ដាសារបស់គ្រូដាស់ស្ដេចក្រពើ! សូមឲ្យផ្កាយព្រឹកប្រែជាងងឹតសូន្យ! យប់នោះរង់ចាំពន្លឺ តែមិនឃើញពន្លឺមកទេ ហើយក៏មិនឃើញអរុណរះដែរ ដ្បិតយប់នោះពុំបានឃាត់ខ្ញុំមិនឲ្យកើត ហើយក៏មិនបានបញ្ចៀសទុក្ខលំបាកនេះ ចេញពីមុខខ្ញុំដែរ!
យ៉ូប 3:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្រោយនោះមក យ៉ូបក៏បើកមាត់ពោលពាក្យប្រទេចផ្តាសា ដល់ថ្ងៃកំណើតរបស់ខ្លួន លោកពោលពាក្យថា សូមឲ្យថ្ងៃដែលខ្ញុំកើតមកត្រូវវិនាសទៅ គឺជាយប់ដែលគេប្រកាសថា មានកូនមកចាប់ទំផ្ទៃនោះ សូមឲ្យថ្ងៃនោះបានសូន្យទៅ សូមកុំឲ្យព្រះនឹករកពីស្ថានលើឡើយ ក៏កុំឲ្យមានពន្លឺចាំងមកបំភ្លឺឲ្យសោះ សូមឲ្យសេចក្ដីងងឹត នឹងម្លប់នៃសេចក្ដីស្លាប់មកទទួលធ្វើជាម្ចាស់ សូមឲ្យមានពពកនៅជាប់ពីលើ ហើយសូមឲ្យសូរ្យគ្រាសមកបំភ័យផង ឯយប់នោះ សូមឲ្យសេចក្ដីងងឹតសូន្យសុងចាប់ទុក កុំឲ្យយប់នោះមានកន្លែង នៅជាមួយនឹងថ្ងៃឯទៀតក្នុងឆ្នាំឡើយ ក៏កុំឲ្យបានរាប់ក្នុងខែនោះដែរ អើ សូមឲ្យយប់នោះបានទៅជាអសារឥតការ ឥតមានឮសូរសៀងអរសប្បាយឡើយ សូមឲ្យពួកអ្នកដែលស្អប់ពេលថ្ងៃ បានដាក់បណ្តាសាដល់យប់នោះ ព្រមទាំងពួកអ្នកដែលប្រុងនឹងដាស់ក្រពើឡើងផង សូមឲ្យអស់ទាំងផ្កាយ ដែលភ្លឺនៅពេលព្រលប់ក្នុងយប់នោះបានងងឹតវិញ ឲ្យបានរកពន្លឺឥតមានឡើយ ក៏កុំឲ្យបានឃើញបើកពន្លឺ នៅពេលបច្ចូសកាលដែរ ពីព្រោះមិនបានបិទទ្វារផ្ទៃម្តាយខ្ញុំទេ ក៏មិនបានបិទបាំងសេចក្ដីវេទនា ពីភ្នែកខ្ញុំដែរ។