យ៉ូប 22:1-11

យ៉ូប 22:1-11 គខប

លោក​អេលី‌ផាស ជា​អ្នក​ស្រុក​ថេម៉ាន ពោល​ឡើង​ថា៖ «តើ​មនុស្ស​មាន​ប្រយោជន៍​អ្វី សម្រាប់​ព្រះ‌ជាម្ចាស់? គ្មាន​ទេ! មនុស្ស​ដែល​មាន​សុភ‌និច្ឆ័យ នាំ​មក​នូវ ផល​ប្រយោជន៍​សម្រាប់​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ! បើ​លោក​សុចរិត តើ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត សព្វ​ព្រះ‌ហឫទ័យ​ដែរ​ឬ? បើ​លោក​រស់​នៅ​ដោយ​ទៀង​ត្រង់ តើ​ព្រះអង្គ​បាន​ចំណេញ​អ្វី? តើ​ព្រះអង្គ​ស្ដី​បន្ទោស​លោក ហើយ​នាំ​លោក​ទៅ​វិនិច្ឆ័យ​ទោស មក​ពី​លោក​គោរព​ប្រណិ‌ប័តន៍​ព្រះអង្គ​ឬ? ទេ គឺ​មក​ពី​អំពើ​អាក្រក់​ដ៏​ធំ​របស់​លោក និង​កំហុស​ដ៏​ច្រើន​ឥត​គណនា​របស់​លោក។ លោក​បាន​យក​របស់​បញ្ចាំ ពី​ជន​រួម​ជាតិ​របស់​លោក​ដោយ​ឥត​ហេតុ​ផល ហើយ​រឹប​អូស​យក​សម្លៀក‌បំពាក់​ពី​គេ ទុក​ឲ្យ​នៅ​ខ្លួន​ទទេ។ លោក​ពុំ​បាន​ផ្ដល់​ទឹក​ទៅ​ឲ្យ​អ្នក​ស្រេក ហើយ​ក៏​ពុំ​បាន​ផ្ដល់​អាហារ​ទៅ ឲ្យ​អ្នក​ឃ្លាន​ដែរ។ លោក​ប្រើ​អំណាច​ធ្វើ​ជា​ម្ចាស់​ទឹក​ដី និង​ឲ្យ​បក្ស​ពួក​របស់​លោក​កាន់​កាប់​ទឹក​ដី។ លោក​បណ្ដេញ​ស្ត្រី​មេម៉ាយ​ឲ្យ​ចេញ​ទៅ ដោយ​ដៃ​ទទេ ហើយ​រឹប​អូស​យក​អ្វីៗ​ទាំង​អស់​ពី​ក្មេង​កំព្រា។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​អន្ទាក់ ឡោម‌ព័ទ្ធ​លោក​គ្រប់​ទិស‌ទី មហន្ត‌រាយ​ធ្លាក់​មក​លើ​លោក​យ៉ាង​ទាន់‌ហន់។ ភាព​ងងឹត​គ្រប​ពី​លើ​លោក ធ្វើ​ឲ្យ​លោក​មើល​អ្វី​មិន​ឃើញ ទឹក​ក៏​កំពុង​តែ​ជន់​លិច​លោក​ដែរ។