យ៉ូប 22:1-11

យ៉ូប 22:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​អេលី‌ផាស សាសន៍​ថេម៉ាន ឆ្លើយ​ឡើង​ថា៖ «តើ​មនុស្ស​មាន​ប្រយោជន៍​អ្វី​សម្រាប់​ព្រះ? ឯ​មនុស្ស​មាន​ប្រាជ្ញា គេ​មាន​ប្រយោជន៍ ចំពោះ​តែ​ខ្លួន​គេ​ប៉ុណ្ណោះ។ បើ​អ្នក​ជា​មនុស្ស​សុចរិត តើ​ចម្រើន​អំណរ ដល់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ឬ? បើ​អ្នក​កែ​ផ្លូវ​អ្នក​ឲ្យ​ត្រឹម​ត្រូវ​ឡើង នោះ​តើ​ជា​កម្រៃ​ដល់​ព្រះ‌អង្គ​ឬ? តើ​ដោយ​ព្រោះ​តែ​អ្នក​មាន​សេចក្ដី កោត​ខ្លាច​ដល់​ព្រះ បាន​ជា​ព្រះ‌អង្គ​បន្ទោស​អ្នក ហើយ​រួម​ចូល​ជា​គូ​ក្តី​ជា‌មួយ​អ្នក​ឬ? ឯ​អំពើ​អាក្រក់​របស់​អ្នក តើ​មិន​មែន​ធំ​សម្បើម​ទេ​ឬ? ហើយ​អំពើ​ទុច្ចរិត​របស់​អ្នក​ក៏​មិន​ចេះ​អស់​ដែរ។ ដ្បិត​អ្នក​បាន​បង្អត់​ដល់​បង‌ប្អូន​អ្នក ដោយ​ឥត​ហេតុ ហើយ​បានដោះ​យក​ខោអាវ ពី​មនុស្ស​កម្សត់​ទុគ៌ត​ផង។ អ្នក​មិន​បាន​ឲ្យ​ទឹក​ដល់​មនុស្ស​ហេវ​ផឹក​ឡើយ ក៏​បាន​បង្អត់​អាហារ​ដល់​មនុស្ស​ឃ្លាន​ដែរ។ មនុស្ស​ខ្លាំង​ពូកែ​បាន​ជា​ម្ចាស់​លើ​ផែនដី មនុស្ស​មាន​បណ្ដា​សក្តិ បាន​តាំង​ទី​លំនៅ​នៅ​ក្នុង​ស្រុក។ អ្នក​បាន​បណ្តេញ​ស្ត្រី​មេម៉ាយ ឲ្យ​ទៅ​ដោយ​ដៃ​ទទេ ហើយ​អ្នក​បាន​បំបាក់​ដៃ​របស់​ក្មេង​កំព្រា ។ ហេតុ​នោះ​បាន​ជា​មាន​អន្ទាក់​នៅ​ព័ទ្ធ​ជុំ‌វិញ​អ្នក ហើយ​មាន​សេចក្ដី​ស្ញែង​ខ្លាច​ភ្លាមៗ មក​បំភ័យ​អ្នក ឬ​ជា​សេចក្ដី​ងងឹត​ឲ្យ​អ្នក​មើល​មិន​ឃើញ ឬ​ជា​ទឹក​ជន់​សាយ​មក​គ្រប​លើ​អ្នក​វិញ។

ចែក​រំលែក
អាន យ៉ូប 22

យ៉ូប 22:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​អេលី‌ផាស ជា​អ្នក​ស្រុក​ថេម៉ាន ពោល​ឡើង​ថា៖ «តើ​មនុស្ស​មាន​ប្រយោជន៍​អ្វី សម្រាប់​ព្រះ‌ជាម្ចាស់? គ្មាន​ទេ! មនុស្ស​ដែល​មាន​សុភ‌និច្ឆ័យ នាំ​មក​នូវ ផល​ប្រយោជន៍​សម្រាប់​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ! បើ​លោក​សុចរិត តើ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត សព្វ​ព្រះ‌ហឫទ័យ​ដែរ​ឬ? បើ​លោក​រស់​នៅ​ដោយ​ទៀង​ត្រង់ តើ​ព្រះអង្គ​បាន​ចំណេញ​អ្វី? តើ​ព្រះអង្គ​ស្ដី​បន្ទោស​លោក ហើយ​នាំ​លោក​ទៅ​វិនិច្ឆ័យ​ទោស មក​ពី​លោក​គោរព​ប្រណិ‌ប័តន៍​ព្រះអង្គ​ឬ? ទេ គឺ​មក​ពី​អំពើ​អាក្រក់​ដ៏​ធំ​របស់​លោក និង​កំហុស​ដ៏​ច្រើន​ឥត​គណនា​របស់​លោក។ លោក​បាន​យក​របស់​បញ្ចាំ ពី​ជន​រួម​ជាតិ​របស់​លោក​ដោយ​ឥត​ហេតុ​ផល ហើយ​រឹប​អូស​យក​សម្លៀក‌បំពាក់​ពី​គេ ទុក​ឲ្យ​នៅ​ខ្លួន​ទទេ។ លោក​ពុំ​បាន​ផ្ដល់​ទឹក​ទៅ​ឲ្យ​អ្នក​ស្រេក ហើយ​ក៏​ពុំ​បាន​ផ្ដល់​អាហារ​ទៅ ឲ្យ​អ្នក​ឃ្លាន​ដែរ។ លោក​ប្រើ​អំណាច​ធ្វើ​ជា​ម្ចាស់​ទឹក​ដី និង​ឲ្យ​បក្ស​ពួក​របស់​លោក​កាន់​កាប់​ទឹក​ដី។ លោក​បណ្ដេញ​ស្ត្រី​មេម៉ាយ​ឲ្យ​ចេញ​ទៅ ដោយ​ដៃ​ទទេ ហើយ​រឹប​អូស​យក​អ្វីៗ​ទាំង​អស់​ពី​ក្មេង​កំព្រា។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​អន្ទាក់ ឡោម‌ព័ទ្ធ​លោក​គ្រប់​ទិស‌ទី មហន្ត‌រាយ​ធ្លាក់​មក​លើ​លោក​យ៉ាង​ទាន់‌ហន់។ ភាព​ងងឹត​គ្រប​ពី​លើ​លោក ធ្វើ​ឲ្យ​លោក​មើល​អ្វី​មិន​ឃើញ ទឹក​ក៏​កំពុង​តែ​ជន់​លិច​លោក​ដែរ។

ចែក​រំលែក
អាន យ៉ូប 22

យ៉ូប 22:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​អេលី‌ផាស សាសន៍​ថេម៉ាន ក៏​ឆ្លើយ​ឡើង​ថា តើ​មនុស្ស​នឹង​មាន​ប្រយោជន៍​ដល់​ព្រះ​បាន​ឬ​ទេ ឯ​មនុស្ស​ប្រាជ្ញ គេ​មាន​ប្រយោជន៍​ចំពោះ​តែ​ខ្លួន​គេ​ប៉ុណ្ណោះ បើ​អ្នក​ជា​មនុស្ស​សុចរិត នោះ​តើ​ចំរើន​សេចក្ដី​អំណរ​ដល់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ឬ​អី បើ​អ្នក​កែ​ផ្លូវ​អ្នក​ឲ្យ​ត្រឹម‌ត្រូវ​ឡើង នោះ​តើ​ជា​កំរៃ​ដល់​ទ្រង់​ឬ តើ​ដោយ​ព្រោះ​តែ​អ្នក​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ បាន​ជា​ទ្រង់​បន្ទោស​អ្នក ហើយ​រួម​ចូល​ជា​គូ​ក្តី​ជា​មួយ​នឹង​អ្នក​ឬ ឯ​អំពើ​អាក្រក់​របស់​អ្នក តើ​មិន​មែន​ធំ​សំបើម​វិញ​ទេ​ឬ​អី ហើយ​សេចក្ដី​ទុច្ចរិត​របស់​អ្នក​ក៏​មិន​ចេះ​អស់​ដែរ ដ្បិត​អ្នក​បាន​បង្អត់​ដល់​បង​ប្អូន​អ្នក​ដោយ​ឥត​ហេតុ ហើយ​បាន​សំរាត​យក​ពី​មនុស្ស​កំសត់​ទុគ៌ត​ផង អ្នក​មិន​បាន​ឲ្យ​ទឹក​ដល់​មនុស្ស​ហេវ​ផឹក​ឡើយ ក៏​បាន​បង្អត់​អាហារ​ដល់​មនុស្ស​ឃ្លាន​ដែរ មនុស្ស​ខ្លាំង​ពូកែ​បាន​ជា​ម្ចាស់​លើ​ផែនដី មនុស្ស​មាន​បណ្តា​សក្តិ​បាន​តាំង​ទី​លំនៅ​នៅ​ក្នុង​ស្រុក អ្នក​បាន​បណ្តេញ​ស្រី​មេម៉ាយ​ឲ្យ​ទៅ​ដោយ​ដៃ​ទទេ ហើយ​បាន​បំបាក់​ដៃ​នៃ​ពួក​កំព្រា ហេតុ​នោះ​បាន​ជា​មាន​អន្ទាក់​នៅ​ព័ទ្ធ​ជុំវិញ​អ្នក ហើយ​មាន​សេចក្ដី​ស្ញែង​ខ្លាច​ភ្លាមៗ​មក​បំភ័យ​អ្នក ឬ​ជា​សេចក្ដី​ងងឹត​ឲ្យ​អ្នក​មើល​មិន​ឃើញ ឬ​ជា​ទឹក​ជន់​សាយ​មក​គ្រប​លើ​អ្នក​វិញ។

ចែក​រំលែក
អាន យ៉ូប 22