យ៉ូប 21:1-34

យ៉ូប 21:1-34 គខប

លោក​យ៉ូប​ឆ្លើយ​វិញ​ថា៖ «សូម​អស់​លោក​ត្រង‌ត្រាប់ ស្ដាប់​ពាក្យ​ដែល​ខ្ញុំ​ថ្លែង ដ្បិត​ខ្ញុំ​មិន​ចង់​បាន​ការ​សម្រាល​ទុក្ខ​អ្វី​ផ្សេង​ទេ។ សូម​ទ្រាំ​ស្ដាប់​ខ្ញុំ​និយាយ​សិន ពេល​ណា​ខ្ញុំ​និយាយ​ចប់ សឹម​ចំអក​ឲ្យ​ខ្ញុំ។ ខ្ញុំ​មិន​ត្អូញ‌ត្អែរ​ប្រឆាំង​នឹង​មនុស្ស​ទេ ខ្ញុំ​អត់‌ធ្មត់​មិន​បាន​ដូច្នេះ មក​ពី​មាន​មូល​ហេតុ។ សូម​ក្រឡេក​មើល​មក​ខ្ញុំ នោះ​អស់​លោក​នឹង​ស្រឡាំង‌កាំង ហា​មាត់​និយាយ​លែង​កើត។ ពេល​ណា​ខ្ញុំ​នឹក​ឃើញ​ហេតុ‌ការណ៍​ដែល កើត​មាន​ចំពោះ​ខ្ញុំ នោះ​ខ្ញុំ​ក៏​ភ័យ​តក់‌ស្លុត និង​ព្រឺ‌សម្បុរ។ ហេតុ​អ្វី​បាន​ជា​មនុស្ស​អាក្រក់​រស់​បាន​យូរ ហើយ​មាន​កម្លាំង​កាន់​តែ​រឹង‌ប៉ឹង​ឡើង​ដូច្នេះ? កូន​ចៅ​របស់​គេ​ក៏​រឹង‌ប៉ឹង​ជា​មួយ​គេ ហើយ​ពូជ‌ពង្ស​របស់​គេ​ក៏​ចម្រុង‌ចម្រើន នៅ​ចំពោះ​មុខ​គេ​ដែរ។ ក្នុង​ផ្ទះ​របស់​គេ​មាន​តែ​សេចក្ដី​សុខ គឺ​គ្មាន​ការ​ភ័យ​ខ្លាច​អ្វី​ឡើយ ព្រះ‌ជាម្ចាស់​មិន​ដែល​លើក​ដំបង​វាយ​ប្រហារ ពួក​គេ​សោះ។ ហ្វូង​គោ​របស់​គេ​បង្កើត​កូន​ចៅ​ច្រើន​ឡើង ឥត​ដែល​មាន​ខូច​បង់​អ្វី​ឡើយ។ កូន​តូចៗ​របស់​ពួក​គេ​រត់​លេង មាន​គ្នា​ច្រើន​ដូច​ហ្វូង​សត្វ ហើយ​កូន​ធំៗ​របស់​គេ​នាំ​គ្នា​រាំ​យ៉ាង​សប្បាយ។ ពួក​គេ​ស្រែក​ច្រៀង​តាម​សំឡេង​ស្គរ និង​ពិណ ហើយ​សប្បាយ​រីក‌រាយ​នឹង​សំឡេង​ប៉ី។ រៀង​រាល់​ថ្ងៃ ពួក​គេ​រស់​នៅ ប្រកប​ដោយ​សុភមង្គល រួច​ចុះ​ទៅ​ស្ថាន​មនុស្ស​ស្លាប់​យ៉ាង​ស្រួល។ អ្នក​ទាំង​នោះ​ធ្លាប់​ទូល​ព្រះ‌ជាម្ចាស់​ថា “សូម​យាង​ចេញ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ទៅ យើង​ខ្ញុំ​មិន​ចង់​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ​ទេ។ តើ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត​ជា​អ្វី បាន​ជា​យើង​ត្រូវ​បម្រើ​ព្រះអង្គ តើ​យើង​ទូល‌អង្វរ​ព្រះអង្គ​បាន​ប្រយោជន៍​អ្វី?” អ្នក​ទាំង​នោះ​ស្មាន​ថា​សុភមង្គល​ស្ថិត​នៅ ក្នុង​កណ្ដាប់​ដៃ​របស់​ខ្លួន។ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​អាច​ទទួល​យក​ដំបូន្មាន របស់​មនុស្ស​អាក្រក់? ដ្បិត​ជា​ច្រើន​ដង ចង្កៀង​របស់​មនុស្ស​អាក្រក់ តែងតែ​រលត់ ទុក្ខ​វេទនា​តែងតែ​ធ្លាក់​មក​លើ​ពួក​គេ ព្រះ‌ជាម្ចាស់​ដាក់​ទោស​ពួក​គេ ស្រប​តាម​ព្រះ‌ពិរោធ​របស់​ព្រះអង្គ។ ពួក​គេ​ប្រៀប​ដូច​ជា​ចំបើង​ប៉ើង​តាម​ខ្យល់ និង​ដូច​អង្កាម​ដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ។ អស់​លោក​ពោល​ថា “ព្រះ‌ជាម្ចាស់​នឹង​ដាក់​ទោស​កូន​ចៅ ព្រោះ​តែ​អំពើ​អាក្រក់​ដែល​ឪពុក​ប្រព្រឹត្ត” ក៏​ប៉ុន្តែ សូម​ព្រះអង្គ​ដាក់​ទោស មនុស្ស​អាក្រក់​វិញ ដើម្បី​ឲ្យ​គេ​ដឹង​ខ្លួន។ សូម​ឲ្យ​គេ​ឃើញ​ទុក្ខ​វេទនា​របស់​ខ្លួន គឺ​សូម​ឲ្យ​ខ្លួន​គេ​ផ្ទាល់​រង​នូវ​ព្រះ‌ពិរោធ របស់​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត។ កាល​ណា​ចំនួន​ខែ​ដែល​គេ​ត្រូវ​រស់ ឈាន​ដល់​ទី​បញ្ចប់​ហើយ គេ​មិន​អាច​អំពល់​ពី​អនាគត​នៃ​ក្រុម​គ្រួសារ របស់​ខ្លួន​បាន​ទេ។ គ្មាន​នរណា​អាច​បង្រៀន​ព្រះ‌ជាម្ចាស់ ឲ្យ​ចេះ​ដឹង​បាន​ឡើយ ដ្បិត​សូម្បី​តែ​អស់​អ្នក​ដែល​នៅ​ស្ថាន​ដ៏​ខ្ពស់ ក៏​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះអង្គ​ដែរ។ អ្នក​ខ្លះ​ស្លាប់ ក្រោយ​ពី​បាន​រស់​នៅ​យ៉ាង​ស្រណុក ហើយ​ស្គាល់​តែ​សេចក្ដី​សុខ‌សាន្ត ឥត​ទុក្ខ​កង្វល់ សាច់​ឈាម​នៅ​ស្រស់​ល្អ កម្លាំង​នៅ​រឹង‌ប៉ឹង។ អ្នក​ខ្លះ​ទៀត​ស្លាប់ ក្រោយ​ពី​បាន​រង​ទុក្ខ​ព្រួយ ហើយ​ពុំ​ធ្លាប់​ស្គាល់​សុភមង្គល​ទាល់​តែ​សោះ។ ប៉ុន្តែ សព​របស់​អ្នក​ទាំង​ពីរ​ត្រូវ​គេ​យក​ទៅ​កប់ ហើយ​មាន​ដង្កូវ​ចោះ​ដូច​គ្នា។ ខ្ញុំ​ស្គាល់​គំនិត​របស់​អស់​លោក​ច្បាស់​ណាស់ ហើយ​ក៏​ស្គាល់​ការ​រិះគិត​របស់​អស់​លោក ចំពោះ​ខ្ញុំ​ដែរ។ អស់​លោក​សួរ​ថា “ផ្ទះ​របស់​អ្នក​ធំ​នៅ​ឯ​ណា លំ‌នៅ​ដែល​មនុស្ស​អាក្រក់​ធ្លាប់​រស់​នៅ​នោះ នៅ​ឯ​ណា” តើ​អស់​លោក​មិន​បាន​សួរ​អ្នក​ដើរ​តាម​ផ្លូវ​ទេ​ឬ? តើ​អស់​លោក​មិន​ឮ​គេ​ប្រាប់​ទេ​ឬ ថា នៅ​ថ្ងៃ​មាន​ទុក្ខ​វេទនា នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធ មនុស្ស​អាក្រក់​តែងតែ​រួច​ខ្លួន។ មិន​ដែល​មាន​នរណា​បន្ទោស​អ្នក​នោះ ចំពោះ​មុខ​ទេ ហើយ​ក៏​គ្មាន​នរណា​ធ្វើ​ទោស​គេ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​ដែរ។ គេ​នឹង​សែង​សព​មនុស្ស​អាក្រក់​ទៅ​បញ្ចុះ ហើយ​មាន​មនុស្ស​ចាំ​យាម​ផ្នូរ​ទៀត​ផង មាន​មនុស្ស​ជា​ច្រើន​ដង្ហែ​សព​គេ​ពី​មុខ​ពី​ក្រោយ ហើយ​គំនរ​ដី​នៅ​ជ្រលង​ភ្នំ ដែល​លុប​ពី​លើ​សព​របស់​គេ ក៏​ហាក់​ដូច​ជា​ទន់​ស្រួល​សម្រាប់​គេ​ដែរ។ ហេតុ​អ្វី​បាន​ជា​អស់​លោក​យក​ពាក្យ​សម្ដី ឥត​បាន​ការ មក​សម្រាល​ទុក្ខ​ខ្ញុំ​ដូច្នេះ? ចម្លើយ​របស់​អស់​លោក​សុទ្ធ​តែ​ពាក្យ​មិន​ពិត»។