យ៉ូប 21:1-34
យ៉ូប 21:1-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកយ៉ូបឆ្លើយឡើងថា៖ «សូមផ្ចង់ចិត្តស្តាប់ពាក្យខ្ញុំសិន ឲ្យខ្ញុំបានក្សាន្តទុក្ខត្រឹមប៉ុណ្ណេះ។ សូមទ្រាំឲ្យខ្ញុំនិយាយខ្លះផង ក្រោយដែលខ្ញុំនិយាយចប់ហើយ ចាំឡកឡឺយចុះ។ ចំណែកខ្ញុំ តើតម្អូញខ្ញុំបានតម្រង់ដល់មនុស្សឬ? ហេតុអ្វីបានជាខ្ញុំមិនអន់ចិត្ត? ចូរមើលមកខ្ញុំ ហើយមានសេចក្ដីអស្ចារ្យចុះ ហើយយកដៃខ្ទប់មាត់ទៅ។ កាលណាខ្ញុំនឹកពីសេចក្ដីទាំងនេះ ខ្ញុំតក់ស្លុតណាស់ ហើយសេចក្ដីភ័យខ្លាចក៏ធ្វើឲ្យខ្ញុំព្រឺ។ ហេតុអ្វីបានជាពួកមនុស្សអាក្រក់ មានជីវិតរស់នៅ មានអាយុវែង ហើយមានអំណាចកាន់តែខ្លាំង? ពូជពង្សរបស់គេបានរឹងមាំឡើងជាមួយគេ និងកូនចៅរបស់គេនៅចំពោះគេដែរ។ ក្នុងផ្ទះរបស់គេមានតែសេចក្ដីសុខ ឥតភ័យខ្លាចអ្វីឡើយ ហើយក៏គ្មានដំបងរបស់ព្រះប៉ះពាល់គេដែរ។ គោឈ្មោលរបស់គេជាន់មេឥតខាន គោញីក៏បង្កើតកូនឥតរលូតដែរ។ គេឲ្យកូនតូចៗរបស់គេ ចេញទៅដូចជាហ្វូងចៀម ហើយកូនធំៗក៏លោតកញ្ឆាត់កញ្ឆេងផង។ វារាល់គ្នាច្រៀងតាមចង្វាក់គែន និងស៊ុង ហើយក៏អរសប្បាយតាមសំឡេងខ្លុយ។ រាល់ថ្ងៃ គេចំណាយពេលដោយអ្វីៗ ដែលគេពេញចិត្ត ហើយគេក៏ចុះទៅស្ថាន ឃុំព្រលឹងមនុស្សស្លាប់ដោយស្រួល។ គេទូលដល់ព្រះថា "ចូរថយចេញពីយើងទៅ យើងមិនចូលចិត្តផ្លូវព្រះអង្គទេ។ តើព្រះដ៏មានគ្រប់ព្រះចេស្តា ជាអ្វី ដែលយើងត្រូវគោរព? ហើយបើយើងអធិស្ឋានដល់ព្រះអង្គ តើនឹងមានប្រយោជន៍អ្វី?" តើមិនមែនជាទ្រព្យសម្បត្តិរបស់គេ ដែលស្ដែងពីស្នាដៃរបស់គេទេឬ? គំនិតរបស់មនុស្សអាក្រក់ស្ថិតនៅឆ្ងាយពីខ្ញុំ។ តើប៉ុន្មានដងហើយ ដែលចង្កៀងរបស់មនុស្សអាក្រក់រលត់? តើប៉ុន្មានដងហើយ ដែលមានសេចក្ដីលំបាកកើតដល់គេ? តើប៉ុន្មានដងហើយ ដែលព្រះចែកសេចក្ដីវេទនា ដោយសេចក្ដីក្រោធរបស់ព្រះអង្គ? គឺជាច្រើនដង គេដូចជាចំបើងបណ្តោយខ្យល់ ហើយដូចជាអង្កាមដែលខ្យល់ព្យុះផាត់យកទៅ អ្នកថា ព្រះបានប្រមូលទុកអំពើទុច្ចរិត របស់មនុស្សសម្រាប់កូនចៅរបស់គេ តែសូមព្រះដាក់ទោសដល់ពួកគេនោះវិញ ដើម្បីឲ្យគេដឹងខ្លួន។ ត្រូវឲ្យភ្នែករបស់អ្នកនោះ ឃើញសេចក្ដីវិនាសរបស់ខ្លួន ព្រមទាំងផឹកស្រូបសេចក្ដីក្រោធរបស់ព្រះ ដ៏មានគ្រប់ព្រះចេស្តា ផង។ តើគេខ្វល់អ្វីដល់ពួកវង្សរបស់ខ្លួន ដែលនៅជំនាន់ក្រោយ បើកាលណាចំនួនខែនៃជីវិតគេ បានផុតទៅហើយនោះ? តើមានអ្នកណាបង្រៀនចំណេះដល់ព្រះបាន ឃើញហើយថា គឺព្រះអង្គហើយ ដែលជំនុំជម្រះទាំងពួកអ្នកធំៗផង។ អ្នកខ្លះរស់នៅយ៉ាងស្រណុក មានសេចក្ដីសុខ ក៏ស្លាប់បាត់ទៅ ក្នុងកាលដែលនៅមានកម្លាំងពេញប្រាណ គឺក្នុងកាលដែលសាច់គេនៅស្រស់ល្អ ហើយខួរឆ្អឹងក៏នៅសើមៗនៅឡើយ។ អ្នកខ្លះទៀតស្លាប់ទៅទាំងមានចិត្តជូរល្វីង មិនដែលស្គាល់ជាតិនៃសេចក្ដីល្អឡើយ។ ពួកគេដេកទៅក្នុងធូលីដី ហើយក៏មានដង្កូវចោះខ្មោចគេដូចគ្នា។ នែ៎ ខ្ញុំស្គាល់គំនិតរបស់អ្នករាល់គ្នាហើយ ក៏យល់អ្វីដែលគិតធ្វើអាក្រក់ដល់ខ្ញុំដែរ។ ដ្បិតអ្នករាល់គ្នាថា "តើផ្ទះរបស់សេដ្ឋីនៅឯណាឥឡូវ? តើទីលំនៅរបស់មនុស្សអាក្រក់នៅឯណា?" តើអ្នករាល់គ្នាមិនបានសួរ ពួកអ្នកដំណើរដូច្នេះទេឬ? តើមិនបានស្គាល់គោលគំនិតរបស់គេដែរទេឬ? គឺថា មនុស្សអាក្រក់ ត្រូវបម្រុងទុកដល់ថ្ងៃអន្តរាយ គេត្រូវនាំចេញទៅឯថ្ងៃនៃសេចក្ដីឃោរឃៅ។ តើអ្នកណានឹងប្រាប់ផ្ទាល់រូបគេពីផ្លូវរបស់គេ តើអ្នកណានឹងសងគេ តាមការដែលគេបានប្រព្រឹត្ត? ប៉ុន្តែ នឹងត្រូវសែងគេនាំយកទៅឯទីបញ្ចុះសព ហើយនឹងមានមនុស្សចាំយាមផ្នូរដែរ។ គំនរដុំដីនៅច្រកភ្នំនឹងបានស្រួលដល់គេ ហើយមនុស្សទាំងអស់នឹងទៅតាមគេ ដូចជាមានមនុស្សឥតគណនា បានទៅមុខគេដែរ តើអ្នករាល់គ្នាយកសេចក្ដីឥតប្រយោជន៍ មកកម្សាន្តចិត្តខ្ញុំធ្វើអី? ចម្លើយរបស់អ្នករាល់គ្នាសុទ្ធតែកុហក»។
យ៉ូប 21:1-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយ៉ូបឆ្លើយវិញថា៖ «សូមអស់លោកត្រងត្រាប់ ស្ដាប់ពាក្យដែលខ្ញុំថ្លែង ដ្បិតខ្ញុំមិនចង់បានការសម្រាលទុក្ខអ្វីផ្សេងទេ។ សូមទ្រាំស្ដាប់ខ្ញុំនិយាយសិន ពេលណាខ្ញុំនិយាយចប់ សឹមចំអកឲ្យខ្ញុំ។ ខ្ញុំមិនត្អូញត្អែរប្រឆាំងនឹងមនុស្សទេ ខ្ញុំអត់ធ្មត់មិនបានដូច្នេះ មកពីមានមូលហេតុ។ សូមក្រឡេកមើលមកខ្ញុំ នោះអស់លោកនឹងស្រឡាំងកាំង ហាមាត់និយាយលែងកើត។ ពេលណាខ្ញុំនឹកឃើញហេតុការណ៍ដែល កើតមានចំពោះខ្ញុំ នោះខ្ញុំក៏ភ័យតក់ស្លុត និងព្រឺសម្បុរ។ ហេតុអ្វីបានជាមនុស្សអាក្រក់រស់បានយូរ ហើយមានកម្លាំងកាន់តែរឹងប៉ឹងឡើងដូច្នេះ? កូនចៅរបស់គេក៏រឹងប៉ឹងជាមួយគេ ហើយពូជពង្សរបស់គេក៏ចម្រុងចម្រើន នៅចំពោះមុខគេដែរ។ ក្នុងផ្ទះរបស់គេមានតែសេចក្ដីសុខ គឺគ្មានការភ័យខ្លាចអ្វីឡើយ ព្រះជាម្ចាស់មិនដែលលើកដំបងវាយប្រហារ ពួកគេសោះ។ ហ្វូងគោរបស់គេបង្កើតកូនចៅច្រើនឡើង ឥតដែលមានខូចបង់អ្វីឡើយ។ កូនតូចៗរបស់ពួកគេរត់លេង មានគ្នាច្រើនដូចហ្វូងសត្វ ហើយកូនធំៗរបស់គេនាំគ្នារាំយ៉ាងសប្បាយ។ ពួកគេស្រែកច្រៀងតាមសំឡេងស្គរ និងពិណ ហើយសប្បាយរីករាយនឹងសំឡេងប៉ី។ រៀងរាល់ថ្ងៃ ពួកគេរស់នៅ ប្រកបដោយសុភមង្គល រួចចុះទៅស្ថានមនុស្សស្លាប់យ៉ាងស្រួល។ អ្នកទាំងនោះធ្លាប់ទូលព្រះជាម្ចាស់ថា “សូមយាងចេញឆ្ងាយពីយើងខ្ញុំទៅ យើងខ្ញុំមិនចង់ស្គាល់មាគ៌ារបស់ព្រះអង្គទេ។ តើព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតជាអ្វី បានជាយើងត្រូវបម្រើព្រះអង្គ តើយើងទូលអង្វរព្រះអង្គបានប្រយោជន៍អ្វី?” អ្នកទាំងនោះស្មានថាសុភមង្គលស្ថិតនៅ ក្នុងកណ្ដាប់ដៃរបស់ខ្លួន។ ហេតុអ្វីបានជាខ្ញុំមិនអាចទទួលយកដំបូន្មាន របស់មនុស្សអាក្រក់? ដ្បិតជាច្រើនដង ចង្កៀងរបស់មនុស្សអាក្រក់ តែងតែរលត់ ទុក្ខវេទនាតែងតែធ្លាក់មកលើពួកគេ ព្រះជាម្ចាស់ដាក់ទោសពួកគេ ស្របតាមព្រះពិរោធរបស់ព្រះអង្គ។ ពួកគេប្រៀបដូចជាចំបើងប៉ើងតាមខ្យល់ និងដូចអង្កាមដែលត្រូវខ្យល់ផាត់បាត់ទៅ។ អស់លោកពោលថា “ព្រះជាម្ចាស់នឹងដាក់ទោសកូនចៅ ព្រោះតែអំពើអាក្រក់ដែលឪពុកប្រព្រឹត្ត” ក៏ប៉ុន្តែ សូមព្រះអង្គដាក់ទោស មនុស្សអាក្រក់វិញ ដើម្បីឲ្យគេដឹងខ្លួន។ សូមឲ្យគេឃើញទុក្ខវេទនារបស់ខ្លួន គឺសូមឲ្យខ្លួនគេផ្ទាល់រងនូវព្រះពិរោធ របស់ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត។ កាលណាចំនួនខែដែលគេត្រូវរស់ ឈានដល់ទីបញ្ចប់ហើយ គេមិនអាចអំពល់ពីអនាគតនៃក្រុមគ្រួសារ របស់ខ្លួនបានទេ។ គ្មាននរណាអាចបង្រៀនព្រះជាម្ចាស់ ឲ្យចេះដឹងបានឡើយ ដ្បិតសូម្បីតែអស់អ្នកដែលនៅស្ថានដ៏ខ្ពស់ ក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គដែរ។ អ្នកខ្លះស្លាប់ ក្រោយពីបានរស់នៅយ៉ាងស្រណុក ហើយស្គាល់តែសេចក្ដីសុខសាន្ត ឥតទុក្ខកង្វល់ សាច់ឈាមនៅស្រស់ល្អ កម្លាំងនៅរឹងប៉ឹង។ អ្នកខ្លះទៀតស្លាប់ ក្រោយពីបានរងទុក្ខព្រួយ ហើយពុំធ្លាប់ស្គាល់សុភមង្គលទាល់តែសោះ។ ប៉ុន្តែ សពរបស់អ្នកទាំងពីរត្រូវគេយកទៅកប់ ហើយមានដង្កូវចោះដូចគ្នា។ ខ្ញុំស្គាល់គំនិតរបស់អស់លោកច្បាស់ណាស់ ហើយក៏ស្គាល់ការរិះគិតរបស់អស់លោក ចំពោះខ្ញុំដែរ។ អស់លោកសួរថា “ផ្ទះរបស់អ្នកធំនៅឯណា លំនៅដែលមនុស្សអាក្រក់ធ្លាប់រស់នៅនោះ នៅឯណា” តើអស់លោកមិនបានសួរអ្នកដើរតាមផ្លូវទេឬ? តើអស់លោកមិនឮគេប្រាប់ទេឬ ថា នៅថ្ងៃមានទុក្ខវេទនា នៅថ្ងៃដែលព្រះជាម្ចាស់ទ្រង់ព្រះពិរោធ មនុស្សអាក្រក់តែងតែរួចខ្លួន។ មិនដែលមាននរណាបន្ទោសអ្នកនោះ ចំពោះមុខទេ ហើយក៏គ្មាននរណាធ្វើទោសគេ តាមអំពើដែលគេបានប្រព្រឹត្តដែរ។ គេនឹងសែងសពមនុស្សអាក្រក់ទៅបញ្ចុះ ហើយមានមនុស្សចាំយាមផ្នូរទៀតផង មានមនុស្សជាច្រើនដង្ហែសពគេពីមុខពីក្រោយ ហើយគំនរដីនៅជ្រលងភ្នំ ដែលលុបពីលើសពរបស់គេ ក៏ហាក់ដូចជាទន់ស្រួលសម្រាប់គេដែរ។ ហេតុអ្វីបានជាអស់លោកយកពាក្យសម្ដី ឥតបានការ មកសម្រាលទុក្ខខ្ញុំដូច្នេះ? ចម្លើយរបស់អស់លោកសុទ្ធតែពាក្យមិនពិត»។
យ៉ូប 21:1-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះយ៉ូបក៏ឆ្លើយឡើងថា សូមផ្ចង់ចិត្តស្តាប់ពាក្យខ្ញុំសិន ឲ្យខ្ញុំបានក្សាន្តទុក្ខត្រឹមប៉ុណ្ណេះ សូមទ្រាំឲ្យខ្ញុំនិយាយខ្លះផង រួចក្រោយដែលខ្ញុំបាននិយាយចប់ហើយ នោះសឹមឡកឡឺយចុះ ចំណែកខ្ញុំ តើសេចក្ដីដំអូញខ្ញុំបានដំរង់ដល់មនុស្សឬអី បើដូច្នេះ ធ្វើដូចម្តេចនឹងឲ្យខ្ញុំមិនមានសេចក្ដីអន់ចិត្តបាន ចូរចំណាំមើលខ្ញុំ ហើយមានសេចក្ដីអស្ចារ្យចុះ រួចដាក់ដៃខ្ទប់មាត់ទៅ កាលណាខ្ញុំនឹកពីសេចក្ដីទាំងនេះ នោះខ្ញុំមានសេចក្ដីតក់ស្លុត ហើយសេចក្ដីភ័យខ្លាចក៏បំព្រឺសាច់ខ្ញុំ គឺថា ហេតុអ្វីបានជាពួកមនុស្សអាក្រក់មានជីវិតរស់នៅ អាយុក៏វែង អើ គេក៏ឡើងជាមានអំណាចយ៉ាងធំផង ពូជពង្សរបស់គេក៏បានតាំងឡើងជាមួយ នៅភ្នែកគេ ហើយកូនចៅគេនៅចំពោះគេដែរ ទីលំនៅគេនៅជាសុខឥតភ័យខ្លាច ហើយដំបងនៃព្រះមិនដែលប៉ះពាល់គេឡើយ គោឈ្មោលរបស់គេវាជាន់មេឥតខាន គោញីក៏សំរាលកូនឥតរលូតដែរ គេឲ្យកូនតូចៗរបស់គេចេញទៅដូចជាហ្វូងចៀម ហើយកូនធំៗក៏លោតកញ្ឆាត់កញ្ឆេងផង វារាល់គ្នាច្រៀងតាមចង្វាក់គែននឹងស៊ុង ហើយក៏អរសប្បាយតាមសំឡេងខ្លុយ រាល់តែថ្ងៃគេតែងបង្អស់ពេលទៅ ដោយអ្វីៗដែលគេពេញចិត្ត ហើយក្នុង១រំពេច គេចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ គេទូលដល់ព្រះថា ចូរថយចេញពីយើងទៅ ពីព្រោះយើងមិនចូលចិត្តស្គាល់ផ្លូវទ្រង់ទេ តើព្រះដ៏មានគ្រប់ព្រះចេស្តាជាអ្វី ដែលយើងត្រូវគោរពដល់ទ្រង់ ហើយបើយើងអធិស្ឋានដល់ទ្រង់ តើនឹងមានប្រយោជន៍អ្វី ដូច្នេះ ធ្វើដូចម្តេចទៅ គឺសេចក្ដីចំរើនរបស់គេមិនស្រេចនៅដៃគេទេ ឱសូមឲ្យគំនិតនៃពួកមនុស្សអាក្រក់បាននៅឆ្ងាយពីខ្ញុំទៅ។ សេចក្ដីនេះក៏កើតឡើងជាញឹកញយដែរទេតើ គឺចង្កៀងនៃមនុស្សអាក្រក់រលត់ទៅ ក៏មានសេចក្ដីលំបាកកើតដល់គេ ដ្បិតព្រះទ្រង់ចែកសេចក្ដីវេទនា ដោយសេចក្ដីក្រោធរបស់ទ្រង់ដែរ គឺជាច្រើនដង គេដូចជាចំបើងបណ្តោយខ្យល់ ហើយដូចជាអង្កាមដែលខ្យល់ព្យុះផាត់យកទៅ មនុស្សថា ព្រះទ្រង់ប្រមូលទុកសេចក្ដីទុច្ចរិតរបស់មនុស្ស សំរាប់កូនចៅតទៅ តែត្រូវឲ្យទ្រង់ដាក់ទោសដល់ខ្លួនអ្នកនោះវិញ ឲ្យគេបានដឹងផង ត្រូវឲ្យភ្នែករបស់អ្នកនោះឯងឃើញសេចក្ដីវិនាសរបស់ខ្លួន ព្រមទាំងផឹកស្រូបសេចក្ដីក្រោធ របស់ព្រះដ៏មានគ្រប់ព្រះចេស្តាផង ដ្បិតកាលណាចំនួនអស់ទាំងខែនៃជីវិតគេបានផុតទៅហើយ នោះតើគេនឹងរវល់អ្វីដល់ពួកវង្សខ្លួនដែលនៅខាងក្រោយ តើនឹងមានអ្នកណាបង្រៀនចំណេះដល់ព្រះឬទេ ដ្បិតគឺទ្រង់ហើយ ដែលជំនុំជំរះដល់ទាំងពួកអ្នកធំៗផង អ្នក១ដែលមានសេចក្ដីស្រណុក ហើយសុខសាន្ត ក៏ស្លាប់បាត់ទៅ ក្នុងកាលដែលនៅមានកំឡាំងពេញប្រាណ គឺក្នុងកាលដែលសាច់គេនៅស្រស់ល្អ ហើយខួរឆ្អឹងក៏នៅសើមៗនៅឡើយ ម្នាក់ទៀតស្លាប់ទៅទាំងមានចិត្តជូរល្វីង ឥតដែលភ្លក់រសនៃសេចក្ដីល្អឡើយ ទាំង២ពួកដេកទៅក្នុងធូលីដីដូចគ្នា ហើយដង្កូវក៏ចុះពេញខ្មោចគេដែរ។ នែ ខ្ញុំស្គាល់គំនិតរបស់អ្នករាល់គ្នាហើយ ក៏យល់ឧបាយដែលគិតធ្វើអាក្រក់ដល់ខ្ញុំដែរ ដ្បិតអ្នករាល់គ្នាថា តើផ្ទះរបស់សេដ្ឋីនៅឯណាឥឡូវ គឺជាទីលំនៅរបស់មនុស្សអាក្រក់នោះ តើនៅឯណា តើអ្នករាល់គ្នាមិនបានសួរពួកអ្នកដំណើរដូច្នេះទេឬអី តើមិនបានស្គាល់គោលគំនិតរបស់គេដែរទេឬអី គឺថា មនុស្សអាក្រក់ត្រូវបំរុងទុកដល់ថ្ងៃអន្តរាយ គេត្រូវនាំចេញទៅឯថ្ងៃនៃសេចក្ដីឃោរឃៅ តើអ្នកណានឹងប្រាប់ផ្ទាល់រូបគេពីផ្លូវរបស់គេ តើអ្នកណានឹងសងគេ តាមការដែលគេបានប្រព្រឹត្ត ប៉ុន្តែនឹងត្រូវសែងគេនាំយកទៅឯទីកប់ខ្មោច ហើយនឹងមានមនុស្សចាំយាមផ្នូរដែរ គំនរដុំដីនៅច្រកភ្នំនឹងបានស្រួលដល់គេ ហើយអស់ទាំងមនុស្សនឹងទៅតាមគេ ដូចជាមានមនុស្សឥតគណនាបានទៅមុខគេដែរ ចុះអ្នករាល់គ្នាយកសេចក្ដីឥតប្រយោជន៍មក ចង់ជួយកំសាន្តចិត្តខ្ញុំធ្វើអី ដែលពាក្យចំឡើយរបស់អ្នករាល់គ្នាសុទ្ធតែជាសេចក្ដីកំភូតដូច្នេះ។