ព្រះអង្គធ្វើឲ្យបងប្អូនខ្ញុំចេញទៅឆ្ងាយពីខ្ញុំ អស់អ្នកដែលធ្លាប់ស្គាល់ខ្ញុំ បានក្លាយជាអ្នកដទៃទៅវិញ។ សាច់ញាតិរបស់ខ្ញុំនាំគ្នាបោះបង់ចោលខ្ញុំ អ្នកជិតស្និទ្ធនឹងខ្ញុំ បានបំភ្លេចខ្ញុំ។ ភ្ញៀវរបស់ខ្ញុំ ព្រមទាំងស្រីបម្រើរបស់ខ្ញុំ បានចាត់ទុកខ្ញុំដូចជាអ្នកដទៃ គេមើលមកខ្ញុំដូចមនុស្សដែលមិនធ្លាប់ស្គាល់។ ខ្ញុំស្រែកហៅអ្នកបម្រើរបស់ខ្ញុំ តែគេមិនឆ្លើយតបវិញទេ ទោះបីខ្ញុំទទូចអង្វរហៅយ៉ាងណាក៏ដោយ។ ដង្ហើមរបស់ខ្ញុំជះក្លិនអសោច ធ្វើឲ្យប្រពន្ធរបស់ខ្ញុំទ្រាំមិនបាន បងប្អូនបង្កើតរបស់ខ្ញុំក៏ខ្ពើមខ្ញុំដែរ។ សូម្បីតែក្មេងក្មាង ក៏មើលងាយខ្ញុំ ពេលខ្ញុំងើបឈរឡើង នោះពួកវានាំគ្នានិយាយឡកឡឺយដាក់ខ្ញុំ។ អស់អ្នកដែលជិតស្និទ្ធនឹងខ្ញុំ នាំគ្នាស្អប់ខ្ពើមខ្ញុំ អស់អ្នកដែលខ្ញុំស្រឡាញ់បែរជានាំគ្នា ប្រឆាំងនឹងខ្ញុំ។ ខ្ញុំនៅសល់តែស្បែក និងឆ្អឹង ហើយវិះតែនឹងស្លាប់ទៀតផង។ មិត្តភក្ដិរបស់ខ្ញុំអើយ សូមអាណិតមេត្តាខ្ញុំ សូមអាណិតមេត្តាខ្ញុំផង! ដ្បិតព្រះជាម្ចាស់យកព្រះហស្ដវាយខ្ញុំ។ ហេតុអ្វីបានជាអស់លោកដេញតាមខ្ញុំ ដូចព្រះជាម្ចាស់យ៉ាងនេះ អស់លោកធ្វើទុក្ខខ្ញុំប៉ុណ្ណឹងហើយមិនល្មមទេឬ? សូមឲ្យពាក្យពេចន៍របស់ខ្ញុំបានសរសេរទុក គឺចារទុកនៅក្នុងក្រាំងមួយ! សូមឲ្យគេចារឹកពាក្យនេះ ដោយដែកឆ្លាក់ និងសំណ ទុកនៅលើផ្ទាំងថ្មរហូតតទៅ។ ប៉ុន្តែ ខ្ញុំដឹងថាព្រះដែលលោះខ្ញុំ ទ្រង់មានព្រះជន្មគង់នៅ ព្រះអង្គនឹងក្រោកឈរឡើងក្រោយគេបង្អស់ នៅលើផែនដី។ ក្រោយពេលរូបកាយរបស់ខ្ញុំរលាយបាត់ទៅ នោះខ្ញុំផ្ទាល់នឹងឃើញព្រះភ័ក្ត្រព្រះជាម្ចាស់ ខ្ញុំនឹងឃើញព្រះអង្គផ្ទាល់នឹងភ្នែក គឺព្រះអង្គដែលខ្ញុំធ្លាប់ស្គាល់ ចិត្តខ្ញុំរំជួលរង់ចាំពេលនោះ។
អាន យ៉ូប 19
ស្ដាប់នូវ យ៉ូប 19
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូប 19:13-27
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ