យ៉ូប 19:13-27
យ៉ូប 19:13-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គបានញែកពួកបងប្អូនខ្ញុំចេញឆ្ងាយពីខ្ញុំ ហើយពួកអ្នកដែលខ្ញុំស្គាល់ ក៏ត្រឡប់ទៅជាអ្នកដទៃទាំងអស់។ ញាតិសន្តានខ្ញុំបានទុកខ្ញុំចោល ហើយមិត្តសម្លាញ់ដែលជិតស្និទ្ធ ក៏ភ្លេចខ្ញុំអស់ហើយ ភ្ញៀវនៅក្នុងផ្ទះខ្ញុំបានភ្លេចខ្ញុំហើយ ពួកស្រីបម្រើក៏ទុកខ្ញុំដូចជាអ្នកដទៃ ខ្ញុំដូចជាអ្នកដែលគេមិនធ្លាប់ស្គាល់។ ខ្ញុំហៅអ្នកបម្រើខ្ញុំ តែវាមិនឆ្លើយសោះ ទោះបើខ្ញុំសូមអង្វរយ៉ាងណាក៏ដោយ។ ខ្យល់មាត់របស់ខ្ញុំជាទីស្អប់ខ្ពើមដល់ប្រពន្ធខ្ញុំ ហើយសេចក្ដីអង្វររបស់ខ្ញុំជាទីខ្ពើមដល់បងប្អូនពោះមួយនឹងខ្ញុំដែរ។ ទោះទាំងកូនក្មេងក៏មើលងាយដល់ខ្ញុំ បើកាលណាខ្ញុំក្រោកឡើង នោះវានិយាយបង្កាច់ខ្ញុំ។ ពួកមិត្តសម្លាញ់ជិតស្និទ្ធក៏ខ្ពើមឆ្អើមខ្ញុំ ហើយទាំងពួកអ្នកដែលខ្ញុំបានស្រឡាញ់ថ្នម ក៏ប្រែជាទាស់នឹងខ្ញុំវិញ។ ខ្ញុំនៅតែស្បែក និងឆ្អឹង ហើយបានរស់ ដោយសារតែស្បែក និងធ្មេញប៉ុណ្ណោះ។ ឱអ្នករាល់គ្នា ជាសម្លាញ់ខ្ញុំអើយ សូមអាណិតខ្ញុំ សូមអាណិតខ្ញុំផង ដ្បិតព្រះហស្តនៃព្រះបានពាល់ខ្ញុំហើយ ហេតុអ្វីបានជាអ្នករាល់គ្នា ដេញតាមខ្ញុំដូចជាព្រះដែរ ហើយមិនទាន់ឆ្អែតនឹងសាច់ខ្ញុំទៀត? ឱប្រសិនបើពាក្យខ្ញុំបានសរសេរចុះ ឱបើបានកត់ទុកក្នុងសៀវភៅទៅអេះ គឺបានឆ្លាក់នៅនឹងថ្មដោយដែកឆ្លាក់ ហើយនឹងសំណទុកជារៀងរាបតទៅ ប៉ុន្តែ ខ្ញុំដឹងថា ព្រះដែលលោះខ្ញុំ ព្រះអង្គមានព្រះជន្មរស់នៅ ហើយនៅទីបំផុត ព្រះអង្គនឹងឈរនៅលើផែនដី ហើយក្រោយពីសម្បកកាយខ្ញុំរលាយទៅ នោះសាច់ឈាមខ្ញុំនឹងឃើញព្រះ ដែលខ្ញុំ គឺខ្លួនខ្ញុំនេះ នឹងឃើញដោយខ្លួនខ្ញុំ មិនមែនអ្នកណាទៀត គឺភ្នែកខ្ញុំនឹងឃើញ ចិត្តខ្ញុំក៏ហេវទៅនៅក្នុងខ្លួន ដោយរង់ចាំពេលនោះ
យ៉ូប 19:13-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គធ្វើឲ្យបងប្អូនខ្ញុំចេញទៅឆ្ងាយពីខ្ញុំ អស់អ្នកដែលធ្លាប់ស្គាល់ខ្ញុំ បានក្លាយជាអ្នកដទៃទៅវិញ។ សាច់ញាតិរបស់ខ្ញុំនាំគ្នាបោះបង់ចោលខ្ញុំ អ្នកជិតស្និទ្ធនឹងខ្ញុំ បានបំភ្លេចខ្ញុំ។ ភ្ញៀវរបស់ខ្ញុំ ព្រមទាំងស្រីបម្រើរបស់ខ្ញុំ បានចាត់ទុកខ្ញុំដូចជាអ្នកដទៃ គេមើលមកខ្ញុំដូចមនុស្សដែលមិនធ្លាប់ស្គាល់។ ខ្ញុំស្រែកហៅអ្នកបម្រើរបស់ខ្ញុំ តែគេមិនឆ្លើយតបវិញទេ ទោះបីខ្ញុំទទូចអង្វរហៅយ៉ាងណាក៏ដោយ។ ដង្ហើមរបស់ខ្ញុំជះក្លិនអសោច ធ្វើឲ្យប្រពន្ធរបស់ខ្ញុំទ្រាំមិនបាន បងប្អូនបង្កើតរបស់ខ្ញុំក៏ខ្ពើមខ្ញុំដែរ។ សូម្បីតែក្មេងក្មាង ក៏មើលងាយខ្ញុំ ពេលខ្ញុំងើបឈរឡើង នោះពួកវានាំគ្នានិយាយឡកឡឺយដាក់ខ្ញុំ។ អស់អ្នកដែលជិតស្និទ្ធនឹងខ្ញុំ នាំគ្នាស្អប់ខ្ពើមខ្ញុំ អស់អ្នកដែលខ្ញុំស្រឡាញ់បែរជានាំគ្នា ប្រឆាំងនឹងខ្ញុំ។ ខ្ញុំនៅសល់តែស្បែក និងឆ្អឹង ហើយវិះតែនឹងស្លាប់ទៀតផង។ មិត្តភក្ដិរបស់ខ្ញុំអើយ សូមអាណិតមេត្តាខ្ញុំ សូមអាណិតមេត្តាខ្ញុំផង! ដ្បិតព្រះជាម្ចាស់យកព្រះហស្ដវាយខ្ញុំ។ ហេតុអ្វីបានជាអស់លោកដេញតាមខ្ញុំ ដូចព្រះជាម្ចាស់យ៉ាងនេះ អស់លោកធ្វើទុក្ខខ្ញុំប៉ុណ្ណឹងហើយមិនល្មមទេឬ? សូមឲ្យពាក្យពេចន៍របស់ខ្ញុំបានសរសេរទុក គឺចារទុកនៅក្នុងក្រាំងមួយ! សូមឲ្យគេចារឹកពាក្យនេះ ដោយដែកឆ្លាក់ និងសំណ ទុកនៅលើផ្ទាំងថ្មរហូតតទៅ។ ប៉ុន្តែ ខ្ញុំដឹងថាព្រះដែលលោះខ្ញុំ ទ្រង់មានព្រះជន្មគង់នៅ ព្រះអង្គនឹងក្រោកឈរឡើងក្រោយគេបង្អស់ នៅលើផែនដី។ ក្រោយពេលរូបកាយរបស់ខ្ញុំរលាយបាត់ទៅ នោះខ្ញុំផ្ទាល់នឹងឃើញព្រះភ័ក្ត្រព្រះជាម្ចាស់ ខ្ញុំនឹងឃើញព្រះអង្គផ្ទាល់នឹងភ្នែក គឺព្រះអង្គដែលខ្ញុំធ្លាប់ស្គាល់ ចិត្តខ្ញុំរំជួលរង់ចាំពេលនោះ។
យ៉ូប 19:13-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់បានញែកពួកបងប្អូនខ្ញុំចេញឆ្ងាយពីខ្ញុំ ហើយពួកអ្នកដែលខ្ញុំស្គាល់ ក៏ត្រឡប់ទៅជាអ្នកដទៃទាំងអស់ ញាតិសន្តានខ្ញុំបានទុកខ្ញុំចោល ហើយមិត្រសំឡាញ់ដែលជិតស្និទ្ធ ក៏ភ្លេចខ្ញុំអស់ហើយ ទាំងពួកអ្នកនៅផ្ទះខ្ញុំ នឹងបាវស្រី ក៏ទុកខ្ញុំដូចជាអ្នកដទៃ ខ្ញុំដូចជាអ្នកកន្ទៀតដល់ភ្នែកគេ ខ្ញុំហៅអ្នកបំរើខ្ញុំ តែវាមិនឆ្លើយសោះ ទោះបើខ្ញុំសូមអង្វរវាផង ខ្យល់មាត់របស់ខ្ញុំជាទីស្អប់ខ្ពើមដល់ប្រពន្ធខ្ញុំ ហើយសេចក្ដីអង្វររបស់ខ្ញុំជាទីខ្ពើមដល់បងប្អូនពោះ១នឹងខ្ញុំដែរ ទោះទាំងកូនក្មេងក៏មើលងាយដល់ខ្ញុំ បើកាលណាខ្ញុំក្រោកឡើង នោះវានិយាយបង្កាច់ខ្ញុំ ពួកមិត្រសំឡាញ់ជិតស្និទ្ធក៏ខ្ពើមឆ្អើមខ្ញុំ ហើយទាំងពួកអ្នកដែលខ្ញុំបានស្រឡាញ់ថ្នម ក៏ប្រែជាទាស់នឹងខ្ញុំវិញ ឆ្អឹងខ្ញុំនៅជាប់នឹងស្បែក ហើយនឹងសាច់ខ្ញុំ ខ្ញុំរួចបានតែជីវិតប៉ុណ្ណោះ ឱអ្នករាល់គ្នា ជាសំឡាញ់ខ្ញុំអើយ សូមអាណិតខ្ញុំ សូមអាណិតខ្ញុំផង ដ្បិតព្រះហស្តនៃព្រះបានពាល់ខ្ញុំហើយ ហេតុអ្វីបានជាអ្នករាល់គ្នាដេញតាមខ្ញុំដូចជាព្រះដែរ ហើយមិនទាន់ឆ្អែតនឹងសាច់ខ្ញុំទៀត ឱបើសិនជាពាក្យខ្ញុំបានសរសេរចុះ ឱបើបានកត់ទុកក្នុងសៀវភៅទៅអេះ គឺបានឆ្លាក់នៅនឹងថ្មដោយដែកឆ្លាក់ ហើយនឹងសំណទុកជារៀងរាបតទៅ ប៉ុន្តែឯខ្ញុំៗដឹងថា អ្នកដែលលោះខ្ញុំទ្រង់មានព្រះជន្មរស់នៅ ហើយដល់ជាន់ក្រោយ ទ្រង់នឹងមកឈរនៅលើផែនដី ហើយក្រោយដែលសំបកកាយខ្ញុំនេះត្រូវរលាយទៅ គឺក្រៅពីរាងកាយនោះខ្ញុំនឹងបានឃើញព្រះ ដែលខ្ញុំ គឺខ្លួនខ្ញុំនេះ នឹងឃើញដោយខ្លួនខ្ញុំ មិនមែនអ្នកណាទៀត គឺភ្នែកខ្លួនខ្ញុំនឹងបានឃើញទ្រង់ ចិត្តខ្ញុំក៏ហេវទៅនៅក្នុងខ្លួន ដោយរង់ចាំពេលនោះ