យ៉ូប 16:1-21

យ៉ូប 16:1-21 គខប

លោក​យ៉ូប​ឆ្លើយ​វិញ​ថា៖ «សេចក្ដី​បែប​នេះ ខ្ញុំ​ធ្លាប់​ឮ ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ។ អស់​លោក​មក​ជួយ​សម្រាល​ទុក្ខ តែ​បែរ​ជា​នាំ​ឲ្យ​អំពល់​ទុក្ខ​ទៅ​វិញ! តើ​អស់​លោក​និយាយ​ឥត​បាន​ការ​ដូច្នេះ ដល់​អង្កាល់​ទើប​ចប់? តើ​មាន​អ្វី​ធ្វើ​ឲ្យ​អស់​លោក​ពុះ​កញ្ជ្រោល បាន​ជា​អស់​លោក​ឆ្លើយ​ដូច្នេះ? ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​ក៏​អាច​និយាយ​ដូច អស់​លោក​បាន​ដែរ គឺ​ប្រសិន​បើ​អស់​លោក​រង​ទុក្ខ​ដូច​ខ្ញុំ ខ្ញុំ​នឹង​រៀប​រៀង​ពាក្យ‌ពេចន៍​ប្រឆាំង​អស់​លោក ខ្ញុំ​នឹង​គ្រវី​ក្បាល​ដាក់​អស់​លោក។ ខ្ញុំ​នឹង​និយាយ​លើក​ទឹក​ចិត្ត​អស់​លោក ខ្ញុំ​នឹង​រក​ពាក្យ​មក​ថ្លែង ដើម្បី​បន្ធូរ​ការ​ឈឺ​ចាប់​របស់​អស់​លោក។ រីឯ​ខ្ញុំ​វិញ ទោះ​បី​ខ្ញុំ​និយាយ ក៏​ការ​ឈឺ​ចាប់​របស់​ខ្ញុំ​មិន​បាន​ធូរ​ស្បើយ បើ​ខ្ញុំ​មិន​និយាយ ក៏​ការ​ឈឺ​ចាប់​មិន​ចាក​ចេញ​ឆ្ងាយ​ពី​ខ្ញុំ​ដែរ។ ឥឡូវ​នេះ ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​បាក់​កម្លាំង… ព្រះអង្គ​បាន​ធ្វើ​ឲ្យ​គ្រួសារ​ទូលបង្គំ វិនាស​ទាំង​ស្រុង។ ព្រះអង្គ​ឲ្យ​ទូលបង្គំ​នៅ​សល់​តែ ស្បែក និង​ឆ្អឹង ដែល​ជា​ភស្តុតាងឲ្យ​គេ​ចោទ​ប្រកាន់​ថា ទូលបង្គំ​មាន​កំហុស។ ព្រះ‌ពិរោធ​របស់​ព្រះអង្គ​ប្រហារ​ខ្ញុំ ដូច​សត្វ​សាហាវ​ហែក​សាច់​ខ្ញុំ បញ្ចេញ​ចង្កូម​ដាក់​ខ្ញុំ ព្រះអង្គ​សម្លក់‌សម្លឹង​មក​ខ្ញុំ ដូច​បច្ចា‌មិត្ត។ មនុស្ស‌ម្នា​បើក​មាត់​យ៉ាង​ធំ ដើម្បី​ពោល​ពាក្យ​ប្រឆាំង​នឹង​ខ្ញុំ ពួក​គេ​បន្ទាប​បន្ថោក​ខ្ញុំ ទះ​កំផ្លៀង​ខ្ញុំ ហើយ​ព្រួត​គ្នា​ទាស់​នឹង​ខ្ញុំ។ ព្រះ‌ជាម្ចាស់​ប្រគល់​ខ្ញុំ​ទៅ​ឲ្យ ក្មេង‌ក្មាង​មើល‌ងាយ ព្រះអង្គ​ប្រគល់​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ របស់​មនុស្ស​ពាល។ ពេល​ខ្ញុំ​កំពុង​តែ​រស់​នៅ​យ៉ាង​សុខ‌សាន្ត ព្រះអង្គ​មក​អង្រួន​ខ្ញុំ​ឲ្យ​វឹក‌វរ ព្រះអង្គ​ចាប់​កញ្ចឹង‌ក​ខ្ញុំ ហើយ​បោក​ខ្ញុំ​ឲ្យ​ដួល ព្រះអង្គ​ចាត់​ទុក​ខ្ញុំ​ដូច​ជា​ផ្ទាំង​ស៊ីប។ ព្រះអង្គ​បាញ់​ព្រួញ​មក​លើ​ខ្ញុំ ពី​គ្រប់​ទិស‌ទី ព្រះអង្គ​ទម្លុះ​ខ្ញុំ​ត្រង់​ចង្កេះ ដោយ​ឥត​មេត្តា ព្រះអង្គ​ធ្វើ​ឲ្យ​ប្រមាត់​ខ្ញុំ​ធ្លាយ​ចេញ​មក​លើ​ដី។ ព្រះអង្គ​ចាក់​ទម្លុះ​ខ្ញុំ​ផ្ទួនៗ​គ្នា ព្រះអង្គ​សម្រុក​មក​លើ​ខ្ញុំ​ដូច​ទាហាន​ចូល​ច្បាំង។ ខ្ញុំ​បាន​ដេរ​បាវ​យក​មក​ស្លៀក ខ្ញុំ​ជាន់​ឈ្លី​កិត្តិយស​របស់​ខ្ញុំ​ក្នុង​ធូលី​ដី។ ខ្ញុំ​យំ​សោក​រហូត​ដល់​ហើម​ភ្នែក ភ្នែក​របស់​ខ្ញុំ​ក៏​ខូង​យ៉ាង​ជ្រៅ​ដែរ។ ប៉ុន្តែ ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ទេ ហើយ​ពាក្យ​អធិស្ឋាន​របស់​ខ្ញុំ នៅ​តែ​បរិសុទ្ធ​ដដែល។ ឱ​ផែនដី​អើយ សូម​កុំ​លាក់​ឈាម​របស់​ខ្ញុំ​ឡើយ ហើយ​ក៏​កុំ​ឲ្យ​មាន​អ្វី​មក​ខ្ទប់ សម្រែក​របស់​ខ្ញុំ​ដែរ។ ពេល​នេះ សាក្សី​របស់​ខ្ញុំ​ស្ថិត​នៅ​ស្ថាន​បរម‌សុខ អ្នក​ឆ្លើយ​ការពារ​ខ្ញុំ ស្ថិត​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត។ មិត្ត‌ភក្ដិ​របស់​ខ្ញុំ​នាំ​គ្នា​ចំអក​ដាក់​ខ្ញុំ ខ្ញុំ​ស្រែក​អង្វរ​ព្រះ‌ជាម្ចាស់ ទាំង​បង្ហូរ​ទឹក​ភ្នែក។ សូម​ឲ្យ​សាក្សី​របស់​ខ្ញុំ​បាន​ធ្វើ​ជា អាជ្ញា​កណ្ដាល​រវាង​ព្រះ‌ជាម្ចាស់ និង​ខ្ញុំ ដូច​គេ​ធ្លាប់​ធ្វើ​ជា​អាជ្ញា​កណ្ដាល​រវាង មនុស្ស និង​មនុស្ស។