យ៉ូប 16:1-21

យ៉ូប 16:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នោះ​លោក​យ៉ូប​ឆ្លើយ​ឡើង​ថា៖ «ខ្ញុំ​បាន​ឮ​សេចក្ដី​យ៉ាង​នោះ​ជា​ច្រើន​ហើយ អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​អ្នក​កម្សាន្ត​ចិត្ត ដែល​នាំ​ឲ្យ​ល្វើយ​វិញ។ តើ​ពាក្យ​ជា​អសារ​ឥត​ការ​ទាំង​នេះ​ចប់​ត្រឹម​ណា? តើ​មាន​អ្វី​បណ្ដាល​អ្នក​រាល់​គ្នា​ឲ្យ​តប​មក​ដូច្នេះ? ខ្ញុំ​ក៏​និយាយ​ដូច​ជា​អ្នក​រាល់​គ្នា​បាន​ដែរ ប្រសិន‌បើ​ព្រលឹង​របស់​អ្នក​រាល់​គ្នា ជួប​នឹង​ស្ថាន​ការដូច​ខ្ញុំ នោះ​ខ្ញុំ​នឹងរក​ពាក្យ​មក​ទាស់​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​គ្រវី​ក្បាល​ដាក់​អ្នក​រាល់​គ្នា​ដែរ។ ប៉ុន្តែ ខ្ញុំ​នឹង​បញ្ចេញ​ពាក្យ​ចម្រើន​កម្លាំង ដល់​អ្នក​រាល់​គ្នា​វិញ ហើយ​បបូរ​មាត់​ខ្ញុំ​នឹង​រក​បន្ធូរ​ទុក្ខ របស់​អ្នក​រាល់​គ្នា។ តែ​ឥឡូវ​នេះ ទោះ​បើ​ខ្ញុំ​និយាយ ក៏​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​មិន​ថយ​ចេញ​ពី​ខ្ញុំ​ដែរ ហើយ​បើ​នៅ​ស្ងៀម តើ​វា​ចេញ​ពី​ខ្ញុំ​យ៉ាង​ណា​ទៅ? ប្រាកដ​មែន ព្រះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ល្វើយ​ទៅ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​ខ្ញុំ វិនាស​អស់​ហើយ។ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្ញុំនៅ​សល់​តែ​ស្បែក និង​ឆ្អឹង ដែល​ជា​ទី​បន្ទាល់​មួយ​ទាស់​នឹង​ខ្ញុំ ហើយ​អាការៈ​ស្គម​ស្គាំង​របស់​ខ្ញុំ ក៏​ទាស់​នឹង​ខ្ញុំ​ដែរ គឺ​វា​ក្រោក​ឡើង​ធ្វើ​បន្ទាល់​នៅ​មុខ​ខ្ញុំ។ ព្រះ​បាន​ហែក‌ហួរ​ខ្ញុំ ដោយ​សេចក្ដីក្រោធ របស់​ព្រះ‌អង្គ ព្រម​ទាំង​ស្អប់​ខ្ញុំ​ផង ព្រះ‌អង្គ​សង្កៀត​ធ្មេញ​ដាក់​ខ្ញុំ ខ្មាំង​សត្រូវ​របស់​ខ្ញុំ បាន​សំលៀង​ភ្នែក​ទាស់​នឹង​ខ្ញុំ។ ពួក​គេ​បាន​ហា​មាត់​គំរាម​ខ្ញុំ គេ​បាន​ទះ​កំផ្លៀង​បង្អៀន​ខ្ញុំ ហើយ​ប្រមូល​គ្នា​ទាស់​នឹង​ខ្ញុំ។ ព្រះ​បាន​ប្រគល់​ខ្ញុំ​ទៅ​ឯ​អា​ទមិឡ​ល្មើស ហើយ​បាន​បោះ‌បង់​ចោល​ខ្ញុំ ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​មេ​កំណាច។ ពី​ដើម​ខ្ញុំ​មាន​សេចក្ដី​សុខ តែ​ព្រះ‌អង្គ​បាន​បំបាក់​បំបែក​ខ្ញុំ ព្រះ‌អង្គ​បាន​ចាប់​កញ្ចឹង​ក​ខ្ញុំ ទាំង​បោក​ខ្ញុំ​កម្ទេច​ផង ព្រះ‌អង្គ​បាន​បញ្ឈរ​ខ្ញុំ​ឡើង ទុក​ជា​ផ្ទាំង​ស៊ីប​របស់​ព្រះ‌អង្គ។ ពួក​ពល​ធ្នូ​របស់​ព្រះ‌អង្គ​ឡោម‌ព័ទ្ធ​ខ្ញុំ ព្រះ‌អង្គ​ពុះ​ចិត្ត​ថ្លើម​ខ្ញុំ​ជា​ពីរ​ឥត​ត្រា‌ប្រណី​ឡើយ ទាំង​ចាក់​ទឹក​ប្រមាត់​ខ្ញុំ​ចុះ​ដល់​ដី។ ព្រះ‌អង្គ​ចាក់​ទម្លុះ​ខ្ញុំ​ម្ដង​ហើយ​ម្ដង​ទៀត ព្រះ‌អង្គ​ក៏​រត់​ចូល​មក​លើ​ខ្ញុំ ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ។ ខ្ញុំ​បាន​ដេរ​សំពត់​ធ្មៃ​ភ្ជាប់​លើ​ស្បែក​ខ្ញុំ ហើយ​បាន​ដាក់​អំណាច​ខ្ញុំ​ចុះ​ក្នុង​ធូលី​ដី។ ខ្ញុំ​យំឡើង​ហើម​ភ្នែក ហើយ​ភ្នែក​ខ្ញុំ​ត្រូវ​រូង​ខ្មៅ។ ទោះ​យ៉ាង​ណា ក៏​គ្មាន​សេចក្ដី​អយុត្តិ‌ធម៌ នៅ​ក្នុង​ដៃ​ខ្ញុំ ហើយ​សេចក្ដី​អធិ‌ស្ឋាន​ខ្ញុំគឺ​បរិសុទ្ធ។ ឱ ផែនដី​អើយ កុំ​គ្រប​បាំង​ឈាម​ខ្ញុំ​ឡើយ ហើយ​កុំ​ឲ្យ​សម្រែក​របស់​ខ្ញុំ ឈប់​ឈរ​នៅ​កន្លែង​ណា​ឡើយ។ ឥឡូវ​នេះ មើល​ចុះ ទី​បន្ទាល់​របស់​ខ្ញុំ​នៅ​លើ​ស្ថាន‌សួគ៌ ហើយ​សាក្សី​របស់​ខ្ញុំ​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់។ ឯ​ពួក​មិត្ត​របស់​ខ្ញុំ គេ​ឡក‌ឡឺយ​ដាក់​ខ្ញុំ ខ្ញុំ​ស្រក់​ទឹក​ភ្នែក​នៅ​ចំពោះ​ព្រះ ខ្ញុំ​ត្រូវ​ការ​មនុស្ស​ម្នាក់ ធ្វើ​ជា​អ្នក​កណ្ដាល រវាង​មនុស្ស និង​ព្រះ ដូច​ជា​មនុស្ស​ម្នាក់ ដែលសម្រុះ​សម្រួល រវាង​មិត្ត​សម្លាញ់​របស់​ខ្លួន។

ចែក​រំលែក
អាន យ៉ូប 16

យ៉ូប 16:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ូប​ឆ្លើយ​វិញ​ថា៖ «សេចក្ដី​បែប​នេះ ខ្ញុំ​ធ្លាប់​ឮ ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ។ អស់​លោក​មក​ជួយ​សម្រាល​ទុក្ខ តែ​បែរ​ជា​នាំ​ឲ្យ​អំពល់​ទុក្ខ​ទៅ​វិញ! តើ​អស់​លោក​និយាយ​ឥត​បាន​ការ​ដូច្នេះ ដល់​អង្កាល់​ទើប​ចប់? តើ​មាន​អ្វី​ធ្វើ​ឲ្យ​អស់​លោក​ពុះ​កញ្ជ្រោល បាន​ជា​អស់​លោក​ឆ្លើយ​ដូច្នេះ? ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​ក៏​អាច​និយាយ​ដូច អស់​លោក​បាន​ដែរ គឺ​ប្រសិន​បើ​អស់​លោក​រង​ទុក្ខ​ដូច​ខ្ញុំ ខ្ញុំ​នឹង​រៀប​រៀង​ពាក្យ‌ពេចន៍​ប្រឆាំង​អស់​លោក ខ្ញុំ​នឹង​គ្រវី​ក្បាល​ដាក់​អស់​លោក។ ខ្ញុំ​នឹង​និយាយ​លើក​ទឹក​ចិត្ត​អស់​លោក ខ្ញុំ​នឹង​រក​ពាក្យ​មក​ថ្លែង ដើម្បី​បន្ធូរ​ការ​ឈឺ​ចាប់​របស់​អស់​លោក។ រីឯ​ខ្ញុំ​វិញ ទោះ​បី​ខ្ញុំ​និយាយ ក៏​ការ​ឈឺ​ចាប់​របស់​ខ្ញុំ​មិន​បាន​ធូរ​ស្បើយ បើ​ខ្ញុំ​មិន​និយាយ ក៏​ការ​ឈឺ​ចាប់​មិន​ចាក​ចេញ​ឆ្ងាយ​ពី​ខ្ញុំ​ដែរ។ ឥឡូវ​នេះ ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​បាក់​កម្លាំង… ព្រះអង្គ​បាន​ធ្វើ​ឲ្យ​គ្រួសារ​ទូលបង្គំ វិនាស​ទាំង​ស្រុង។ ព្រះអង្គ​ឲ្យ​ទូលបង្គំ​នៅ​សល់​តែ ស្បែក និង​ឆ្អឹង ដែល​ជា​ភស្តុតាងឲ្យ​គេ​ចោទ​ប្រកាន់​ថា ទូលបង្គំ​មាន​កំហុស។ ព្រះ‌ពិរោធ​របស់​ព្រះអង្គ​ប្រហារ​ខ្ញុំ ដូច​សត្វ​សាហាវ​ហែក​សាច់​ខ្ញុំ បញ្ចេញ​ចង្កូម​ដាក់​ខ្ញុំ ព្រះអង្គ​សម្លក់‌សម្លឹង​មក​ខ្ញុំ ដូច​បច្ចា‌មិត្ត។ មនុស្ស‌ម្នា​បើក​មាត់​យ៉ាង​ធំ ដើម្បី​ពោល​ពាក្យ​ប្រឆាំង​នឹង​ខ្ញុំ ពួក​គេ​បន្ទាប​បន្ថោក​ខ្ញុំ ទះ​កំផ្លៀង​ខ្ញុំ ហើយ​ព្រួត​គ្នា​ទាស់​នឹង​ខ្ញុំ។ ព្រះ‌ជាម្ចាស់​ប្រគល់​ខ្ញុំ​ទៅ​ឲ្យ ក្មេង‌ក្មាង​មើល‌ងាយ ព្រះអង្គ​ប្រគល់​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ របស់​មនុស្ស​ពាល។ ពេល​ខ្ញុំ​កំពុង​តែ​រស់​នៅ​យ៉ាង​សុខ‌សាន្ត ព្រះអង្គ​មក​អង្រួន​ខ្ញុំ​ឲ្យ​វឹក‌វរ ព្រះអង្គ​ចាប់​កញ្ចឹង‌ក​ខ្ញុំ ហើយ​បោក​ខ្ញុំ​ឲ្យ​ដួល ព្រះអង្គ​ចាត់​ទុក​ខ្ញុំ​ដូច​ជា​ផ្ទាំង​ស៊ីប។ ព្រះអង្គ​បាញ់​ព្រួញ​មក​លើ​ខ្ញុំ ពី​គ្រប់​ទិស‌ទី ព្រះអង្គ​ទម្លុះ​ខ្ញុំ​ត្រង់​ចង្កេះ ដោយ​ឥត​មេត្តា ព្រះអង្គ​ធ្វើ​ឲ្យ​ប្រមាត់​ខ្ញុំ​ធ្លាយ​ចេញ​មក​លើ​ដី។ ព្រះអង្គ​ចាក់​ទម្លុះ​ខ្ញុំ​ផ្ទួនៗ​គ្នា ព្រះអង្គ​សម្រុក​មក​លើ​ខ្ញុំ​ដូច​ទាហាន​ចូល​ច្បាំង។ ខ្ញុំ​បាន​ដេរ​បាវ​យក​មក​ស្លៀក ខ្ញុំ​ជាន់​ឈ្លី​កិត្តិយស​របស់​ខ្ញុំ​ក្នុង​ធូលី​ដី។ ខ្ញុំ​យំ​សោក​រហូត​ដល់​ហើម​ភ្នែក ភ្នែក​របស់​ខ្ញុំ​ក៏​ខូង​យ៉ាង​ជ្រៅ​ដែរ។ ប៉ុន្តែ ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ទេ ហើយ​ពាក្យ​អធិស្ឋាន​របស់​ខ្ញុំ នៅ​តែ​បរិសុទ្ធ​ដដែល។ ឱ​ផែនដី​អើយ សូម​កុំ​លាក់​ឈាម​របស់​ខ្ញុំ​ឡើយ ហើយ​ក៏​កុំ​ឲ្យ​មាន​អ្វី​មក​ខ្ទប់ សម្រែក​របស់​ខ្ញុំ​ដែរ។ ពេល​នេះ សាក្សី​របស់​ខ្ញុំ​ស្ថិត​នៅ​ស្ថាន​បរម‌សុខ អ្នក​ឆ្លើយ​ការពារ​ខ្ញុំ ស្ថិត​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត។ មិត្ត‌ភក្ដិ​របស់​ខ្ញុំ​នាំ​គ្នា​ចំអក​ដាក់​ខ្ញុំ ខ្ញុំ​ស្រែក​អង្វរ​ព្រះ‌ជាម្ចាស់ ទាំង​បង្ហូរ​ទឹក​ភ្នែក។ សូម​ឲ្យ​សាក្សី​របស់​ខ្ញុំ​បាន​ធ្វើ​ជា អាជ្ញា​កណ្ដាល​រវាង​ព្រះ‌ជាម្ចាស់ និង​ខ្ញុំ ដូច​គេ​ធ្លាប់​ធ្វើ​ជា​អាជ្ញា​កណ្ដាល​រវាង មនុស្ស និង​មនុស្ស។

ចែក​រំលែក
អាន យ៉ូប 16

យ៉ូប 16:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​យ៉ូប​ក៏​ឆ្លើយ​ឡើង​ថា ខ្ញុំ​បាន​ឮ​សេចក្ដី​យ៉ាង​នោះ​ជា​ច្រើន​ហើយ អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​អ្នក​កំសាន្ត​ចិត្ត ដែល​នាំ​ឲ្យ​ល្វើយ​វិញ តើ​ពាក្យ​ជា​អសារ​ឥត​ការ​ទាំង​នេះ​នឹង​ចប់​ចុះ​ត្រឹម​ណា តើ​មាន​អ្វី​បណ្តាល​ឲ្យ​អ្នក​រាល់​គ្នា​តប​មក​ដូច្នេះ ខ្ញុំ​ក៏​និយាយ​ដូច​ជា​អ្នក​រាល់​គ្នា​បាន​ដែរ បើ​សិន​ជា​ព្រលឹង​នៃ​អ្នក​រាល់​គ្នា នៅ​ក្នុង​សណ្ឋាន​នៃ​ព្រលឹង​ខ្ញុំ នោះ​ខ្ញុំ​នឹង​ប្រមុំ​ពាក្យ​មក​ទាស់​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​គ្រវី​ក្បាល​នឹង​អ្នក​បាន​ដែរ ប៉ុន្តែខ្ញុំ​នឹង​បញ្ចេញ​ពាក្យ​ចំរើន​កំឡាំង​ដល់​អ្នក​រាល់​គ្នា​វិញ ហើយ​បបូរ​មាត់​ខ្ញុំ​នឹង​រក​បន្ធូរ​ទុក្ខ​របស់​អ្នក​រាល់​គ្នា​ដែរ។ តែ​ឥឡូវ​នេះ ទោះ​បើ​ខ្ញុំ​និយាយ​ទៅ គង់​តែ​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​មិន​អន់​ថយ​ដែរ ហើយ​បើ​ស្ងៀម​នៅ នោះ​តើ​ខ្ញុំ​បាន​ធូរ​យ៉ាង​ណា ព្រះ‌ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ល្វើយ​ទៅ ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​បំភាំង​ពួក​មិត្រ​របស់​ទូលបង្គំ​ទាំង​អស់​ហើយ ក៏​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ជ្រួញ​សាច់ នោះ​ជា​ទី​បន្ទាល់​១ ហើយ​អាការៈ​ស្គាំង‌ស្គម​របស់​ទូលបង្គំ ក៏​ឡើង​ធ្វើ​បន្ទាល់​នៅ​មុខ​ទូលបង្គំ​ទៀត ព្រះ‌ទ្រង់​បាន​ហែក‌ហួរ​ខ្ញុំ ដោយ​សេចក្ដី​កំហឹង​របស់​ទ្រង់ ព្រម​ទាំង​ស្អប់​ខ្ញុំ​ផង ទ្រង់​សង្កៀត​ធ្មេញ​ដាក់​ខ្ញុំ ខ្មាំង​សត្រូវ​របស់​ខ្ញុំ​បាន​សំលៀង​ភ្នែក​ទាស់​នឹង​ខ្ញុំ ពួក​គេ​បាន​ហា​មាត់​គំរាម​ខ្ញុំ គេ​បាន​ទះ​កំផ្លៀង​បង្អៀន​ខ្ញុំ ហើយ​ប្រមូល​គ្នា​ទាស់​នឹង​ខ្ញុំ ព្រះ‌ទ្រង់​បាន​ប្រគល់​ខ្ញុំ​ទៅ​ឯ​អា​ទមិល​ល្មើស ហើយ​បាន​បោះ‌បង់​ចោល​ខ្ញុំ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មេ​កំណាច ពី​ដើម​ខ្ញុំ​មាន​សេចក្ដី​សុខ តែ​ទ្រង់​បាន​បំបាក់​បំបែក​ខ្ញុំ អើ ទ្រង់​បាន​ចាប់​កញ្ចឹង‌ក​ខ្ញុំ ទាំង​បោក​ខ្ញុំ​កំទេច​ផង ក៏​បាន​បញ្ឈរ​ខ្ញុំ​ឡើង​ទុក​ជា​ទី​វង់​របស់​ទ្រង់ ពួក​ពល​ធ្នូ​របស់​ទ្រង់​ឡោម‌ព័ទ្ធ​ខ្ញុំ ទ្រង់​ពុះ​ចិត្ត​ថ្លើម​ខ្ញុំ​ជា​២ឥត​ត្រា‌ប្រណី​ឡើយ ទាំង​ចាក់​ទឹក​ប្រមាត់​ខ្ញុំ​ចុះ​ដល់​ដី ទ្រង់​ទំលាយ​ខ្ញុំ​ជា​ចន្លោះ​ខ្ជាន់ៗ ក៏​រត់​ចូល​មក​លើ​ខ្ញុំ ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ ខ្ញុំ​បាន​ដេរ​សំពត់​ធ្មៃ​ភ្ជាប់​លើ​សាច់​ខ្ញុំ ហើយ​បាន​ដាក់​អំណាច​ខ្ញុំ​ចុះ​ក្នុង​ធូលី​ដី មុខ​ខ្ញុំ​ក្រហម​ដោយ​យំ ហើយ​មាន​ម្លប់​នៃ​សេចក្ដី​ស្លាប់​នៅ​ត្របក​ភ្នែក​ខ្ញុំ ទោះ​បើ​ខ្ញុំ​គ្មាន​សេចក្ដី​អយុត្តិ‌ធម៌​នៅ​ក្នុង​ដៃ ហើយ​សេចក្ដី​អធិ‌ស្ឋាន​ខ្ញុំ​ជា​បរិសុទ្ធ​ក៏​ដោយ។ ផែនដី​អើយ កុំ​គ្រប​បាំង​ឈាម​ខ្ញុំ​ឡើយ ហើយ​កុំ​ឲ្យ​សំរែក​របស់​ខ្ញុំ បាន​ឈប់​ឈរ នៅ​កន្លែង​ណា​ឡើយ ឥឡូវ​នេះ មើល​ចុះ ទី​បន្ទាល់​របស់​ខ្ញុំ​នៅ​លើ​ស្ថាន‌សួគ៌​ហើយ សាក្សី​របស់​ខ្ញុំ​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់ ឯ​ពួក​មិត្រ​របស់​ខ្ញុំ​គេ​ឡក‌ឡឺយ​ឲ្យ​ខ្ញុំ តែ​ខ្ញុំ​ស្រក់​ទឹក​ភ្នែក​នៅ​ចំពោះ​ព្រះ​វិញ ព្រម​ទាំង​សូម​ឲ្យ​ទ្រង់​ធ្វើ​ជា​អ្នក​កណ្តាល​នៃ​មនុស្ស នឹង​ព្រះ ហើយ​កណ្តាល​មនុស្ស​ជាតិ​១ នឹង​អ្នក​ជិត​ខាង​ខ្លួន​ផង

ចែក​រំលែក
អាន យ៉ូប 16