យ៉ូប 15:1-35

យ៉ូប 15:1-35 គខប

លោក​អេលី‌ផាស ជា​អ្នក​ស្រុក​ថេម៉ាន​ពោល​ឡើង​ថា៖ «តើ​អ្នក​ប្រាជ្ញ ដែល​យក​ចំណេះ​ដឹង​ឥត​ខ្លឹម‌សារ មក​ឆ្លើយ​ដែរ​ឬ? តើ​គេ​យក​សេចក្ដី​ឥត​បាន​ការ ដូច​ខ្យល់​ក្ដៅ​បក់​ពី​ទិស​បូព៌ា មក​ដាក់​ពេញ​ខ្លួន​កើត​ឬ? តើ​គេ​យក​ពាក្យ​ឥត​ន័យ ឥត​ផល​ប្រយោជន៍ មក​និយាយ​ការពារ​ខ្លួន​ដែរ​ឬ? ចំណែក​ឯ​លោក​វិញ លោក​ធ្វើ​ឲ្យ​គេ​ឯង លែង​គោរព​កោតខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​លែង​ឲ្យ​នរណា​អាច​ស្មឹង‌ស្មាធិ៍ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​បាន​ទៀត! សេចក្ដី​ទុច្ចរិត​ជំរុញ​ឲ្យ​លោក​ស្រដី​ចេញ​មក លោក​ប្រើ​ពាក្យ‌ពេចន៍​របស់​មនុស្ស​មាន​ល្បិច។ មិន​មែន​ខ្ញុំ​ទេ ដែល​ថ្កោល​ទោស​លោក គឺ​មាត់​របស់​លោក​ផ្ទាល់​ថ្កោល​ទោស​លោក ហើយ​ពាក្យ​សម្ដី​របស់​លោក ចោទ​ប្រកាន់​ខ្លួន​ឯង។ ក្នុង​ចំណោម​មនុស្ស​ទាំង​អស់ តើ​លោក​កើត​មក​មុន​គេ​ឬ តើ​លោក​កើត​មក មុន​ភ្នំ​ទាំង‌ឡាយ​ឬ? តើ​លោក​បាន​ឮ​គម្រោង‌ការ​របស់​ព្រះ‌ជាម្ចាស់ ហើយ​មាន​តែ​លោក​ម្នាក់​ឬ​ដែល​មាន​ប្រាជ្ញា? តើ​មាន​ការ​អ្វី​ដែល​លោក​ដឹង តែ​យើង​ខ្ញុំ​មិន​ដឹង? តើ​មាន​ការ​អ្វី​ដែល​លោក​យល់ តែ​យើង​ខ្ញុំ​មិន​យល់? ក្នុង​ចំណោម​យើង​ខ្ញុំ ក៏​មាន​ចាស់​ព្រឹទ្ធា‌ចារ្យ ដែល​មាន​វ័យ​ចំណាស់ៗ មាន​អាយុ​វែង​ជាង​ឪពុក​របស់​លោក​ទៅ​ទៀត! ព្រះ‌ជាម្ចាស់​ឲ្យ​យើង​ខ្ញុំ​មក សម្រាល​ទុក្ខ​លោក ដោយ​ពាក្យ​សម្ដី​ទន់‌ភ្លន់ តើ​ប៉ុន​ហ្នឹង​ហើយ លោក​យល់​ថា​មិន​ល្មម​ឬ? ហេតុ​អ្វី​បាន​ជា​លោក​មាន​ចិត្ត​ពុះ​កញ្ជ្រោល និង​មើល​មក​យើង​ខ្ញុំ​ដោយ​កំហឹង​បែប​នេះ? ធ្វើ​ដូច្នេះ លោក​ដូច​ជា​ខឹង​នឹង​ព្រះ‌ជាម្ចាស់ ហើយ​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះអង្គ​ដែរ។ តើ​មនុស្ស​លោក​អាច​បរិសុទ្ធ​ដូច​ម្ដេច​កើត តើ​មនុស្ស​ដែល​កើត​ចេញ​មក​ពី​ស្ត្រី អាច​សុចរិត​ដូច​ម្ដេច​កើត? សូម្បី​តែ​ពួក​ទេវតា​ដ៏វិសុទ្ធ​របស់​ព្រះអង្គ ក៏​ព្រះអង្គ​ទុក​ចិត្ត​ពុំ​បាន ហើយ​សូម្បី​តែ​ផ្ទៃ​មេឃ​ក៏​ពុំ​បរិសុទ្ធ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ទៅ​ហើយ ចំណង់​បើ​មនុស្ស​ដ៏​អាក្រក់ គួរ​ស្អប់​ខ្ពើម ដែល​ចូល​ចិត្ត​អំពើ​ទុច្ចរិត​ដូច​គេ​ផឹក​ទឹក នោះ​ព្រះអង្គ​រឹត​តែ​មិន​ទុក​ចិត្ត​ទៅ​ទៀត! ឥឡូវ​នេះ សូម​ស្ដាប់​ខ្ញុំ ខ្ញុំ​នឹង​ពន្យល់​លោក ខ្ញុំ​នឹង​ប្រាប់​លោក​ពី​ការ​ដែល​ខ្ញុំ​បាន​ឃើញ គឺ​សេចក្ដី​ដែល​អ្នក​ប្រាជ្ញ​បាន​ទទួល ពី​ដូនតា​របស់​ពួក​គេ ហើយ​យក​មក​ថ្លែង​ប្រាប់ ដោយ​ឥត​លាក់‌លៀម។ ព្រះ‌ជាម្ចាស់​ប្រទាន​ទឹក​ដី​ឲ្យ ដូនតា​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ គ្មាន​អ្នក​ដទៃ​ទៀត​មក​ឡូក‌ឡំ ក្នុង​ទឹក​ដី​នោះ​ឡើយ។ មនុស្ស​អាក្រក់​នឹង​រង​ទុក្ខ​លំបាក​ជា​រៀង​រាល់​ថ្ងៃ មនុស្ស​ឃោរ‌ឃៅ​នឹង​រង​ទុក្ខ​អស់​មួយ​ជីវិត។ មាន​សំឡេង​ដ៏​ព្រឺ‌ព្រួច​លាន់​ឮ​ក្នុង ត្រចៀក​របស់​គេ មេ​បំផ្លាញ​នឹង​មក​ប្រហារ​គេ ក្នុង​គ្រា​ដែល​គេ​កំពុង​រស់​យ៉ាង​សុខ‌សាន្ត។ គេ​គ្មាន​សង្ឃឹម​ថា​អាច​គេច​ផុត​ពី​សេចក្ដី​ងងឹត និង​គេច​ផុត​ពី​មុខ​ដាវ​បាន​ឡើយ។ គេ​ត្រេច‌ចរ​ស្វែង​រក​អាហារ គេ​ដឹង​ថា អនាគត​របស់​គេ មាន​តែ​ភាព​ងងឹត​សូន្យ‌សុង។ ភាព​អាសន្ន និង​ការ​ឈឺ​ចាប់​អន្ទះ‌សា ប្រៀប​ដូច​ស្ដេច​មួយ​អង្គ​លើក​ទ័ព​មក​ប្រហារ ធ្វើ​ឲ្យ​គេ​ភ័យ​ញាប់‌ញ័រ​ក្រៃ‌លែង ព្រោះ​គេ​បាន​លើក​ដៃ​ប្រហារ​ព្រះ‌ជាម្ចាស់ ហើយ​លើក​ខ្លួន​ប្រឆាំង​នឹង ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត។ គេ​ហ៊ាន​រត់​ទៅ​វាយ​ប្រហារ​ព្រះអង្គ ទាំង​កាន់​ខែល​ដ៏​ក្រាស់​ទៅ​ជា​មួយ​ផង។ មុខ​គេ​ឡើង​ខ្លាញ់ ហើយ​បាន​ចម្រុង‌ចម្រើន។ គេ​នឹង​កាន់​កាប់​ទីក្រុង​បាក់​បែក រស់​នៅ​ក្នុង​ផ្ទះ​ដែល​គេ​បោះ​បង់​ចោល ជា​ផ្ទះ​ដែល​ជិត​រលំ។ ប៉ុន្តែ គេ​មិន​អាច​ធ្វើ​ជា​អ្នក​មាន​ត​ទៅ​ទៀត ទ្រព្យ‌សម្បត្តិ​របស់​គេ​មិន​នៅ​ស្ថិត‌ស្ថេរ គេ​នឹង​មិន​ចម្រុង‌ចម្រើន​នៅ​លើ​ផែនដី​ឡើយ។ គេ​មិន​អាច​គេច​ផុត​ពី​ភាព​ងងឹត​នៃ​សេចក្ដី​ស្លាប់ ភ្លើង​នឹង​ឆាប‌ឆេះ​ពូជ‌ពង្ស​របស់​គេ ហើយ​គេ​នឹង​ខ្ចាត់​បាត់​ទៅ ដោយ‌សារ​ព្រះ‌ពិរោធ​របស់​ព្រះ‌ជាម្ចាស់។ កុំ​ឲ្យ​គេ​ទុក​ចិត្ត​លើ​អ្វីៗ​ដែល​ឥត​ប្រយោជន៍ បណ្ដាល​ឲ្យ​ខក​ចិត្ត​នោះ​ឡើយ ដ្បិត​គេ​នឹង​ទទួល​ការ​ឥត​ប្រយោជន៍ ទុក​ជា​រង្វាន់។ ហេតុ‌ការណ៍​នេះ​នឹង​កើត​មាន​ដល់​គេ មុន​ពេល​ស្លាប់ គឺ​ប្រៀប​ដូច​ជា​ដើម​ឈើ ដែល​លែង​មាន​ស្លឹក​ខៀវ​ខ្ចី​ទៀត​ហើយ។ គេ​ប្រៀប​ដូច​ជា​ដើម​ទំពាំង‌បាយជូរ ពេល​ផ្លែ​នៅ​ខ្ចី ស្រាប់​តែ​ជ្រុះ​ផ្លែ​អស់ ហើយ​ក៏​ដូច​ដើម​អូលីវ ដែល​ជ្រុះ​ផ្កា​អស់​ដែរ។ ពូជ​របស់​មនុស្ស​ទមិឡ​នឹង​គ្មាន​កូន ហើយ​ភ្លើង​នឹង​ឆាប‌ឆេះ​ទី​លំ‌នៅ របស់​ជន​ពុក​រលួយ។ អ្នក​បង្ក​គម្រោង‌ការ​អាក្រក់ តែងតែ​បង្កើត​ឲ្យ​មាន​ទុក្ខ​វេទនា អ្វីៗ​ដែល​កើត​ចេញ​ពី​គេ ធ្វើ​ឲ្យ​គេ​ខក​ចិត្ត»។