យ៉ូប 15:1-35

យ៉ូប 15:1-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អេលី‌ផាស សាសន៍​ថេម៉ាន ឆ្លើយ​ឡើង​ថា៖ «តើ​គួរ​ឲ្យ​អ្នក​ប្រាជ្ញ​ឆ្លើយ ដោយ​សេចក្ដី​ចេះ​ដឹង​អសារ​ឥត​ការ ឬ​បំពេញ​ចិត្ត​ដោយ​ខ្យល់​ពី​ខាង​កើត​ឬ? តើ​គួរ​នឹង​ជជែក​ដោយ​សម្ដី​ឥត​ប្រយោជន៍ ឬ​ដោយ​ពាក្យ​អធិប្បាយ ដែល​បង្កើត​សេចក្ដី​ល្អ​មិន​បាន​ឬ? អើ អ្នក​បំផ្លាញ​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ ហើយ​ឃាត់‌ឃាំង​សេចក្ដី​នឹក​ជញ្ជឹង នៅ​ចំពោះ​ព្រះ​ផង។ ដ្បិត​សេចក្ដី​អាក្រក់​របស់​អ្នក​បញ្ចេះ ឲ្យ​មាត់​អ្នក​និយាយ​ចេញ​មក ហើយ​អ្នក​ប្រើ​ពាក្យ​សម្ដី របស់​មនុស្ស​ឧបាយ​អាក្រក់។ គឺ​មាត់​របស់​អ្នក​កាត់​ទោស​ដល់​ខ្លួន​ហើយ មិន​មែន​ជា​ខ្ញុំ​ទេ អើ បបូរ​មាត់​របស់​អ្នក ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្លួន​អ្នក។ តើ​អ្នក​ជា​មនុស្ស​ដំបូង​ដែល​កើត​មក​ឬ? តើ​អ្នក​បាន​លេច​មក​មុន​អស់​ទាំង​ភ្នំ​ដែរ​ឬ? តើ​អ្នក​បាន​ឮ​សេចក្ដី​ប្រឹក្សា​ដ៏​កំបាំង​របស់​ព្រះ​ឬ? តើ​អ្នក​ស្មាន​ថា មាន​តែ​ខ្លួន​អ្នក​មួយ​ទេ ដែល​មាន​ប្រាជ្ញា? តើ​អ្នក​ចេះ​អ្វី​ដែល​ពួក​យើង​មិន​ចេះ? ឬ​យល់​អ្វី​ដែល​ពួក​យើង​មិន​បាន​យល់​នោះ? ខាង​យើង​មាន​ទាំង​មនុស្ស​ក្បាល​សក់​ស្កូវ និង​មនុស្ស​អាយុ​ច្រើន ដែល​ចាស់​ជាង​ឪពុក​អ្នក​ទៅ​ទៀត។ តើ​អ្នក​រាប់​ការ​កម្សាន្ត​របស់​ព្រះ​ថា​តូច​តាច​ពេក ឬ​ជា​ពាក្យ​ផ្អែម​ពី​រោះ​សម្រាប់​អ្នក? ហេតុ​អ្វី​បាន​ជា​អ្នក​បណ្តោយ​ទៅ​តាម​ចិត្ត ហើយ​មិច​ភ្នែក​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​អ្នក​បំបែរ​ចិត្ត​ទៅ​ទាស់​នឹង​ព្រះ ហើយបញ្ចេញ​ពាក្យ​យ៉ាង​នេះ ពី​មាត់​របស់​អ្នក​មក? តើ​មនុស្ស​ជា​អ្វី​ដែល​អាច​បាន​បរិសុទ្ធ? តើ​មនុស្ស​កើត​មក​ពី​មនុស្ស​ស្រី អាច​សុចរិត​ម្ដេច​បាន? មើល៍ ព្រះ‌អង្គ​មិន​ទុក​ចិត្ត នឹង​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​ផ្ទៃ​មេឃ​ក៏​មិន​បរិសុទ្ធ នៅ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ដែរ ចំណង់​បើ​ម្នាក់​ដែល​គួរ​តែ​ខ្ពើម ហើយ​ស្មោក‌គ្រោក ជា​អ្នក​ដែល​ផឹក​សេចក្ដី​អាក្រក់​ដូច​ជា​ទឹក តើ​នឹង​ជា​យ៉ាង​ណា​ទៅ។ ខ្ញុំ​នឹង​សម្ដែង​ឲ្យ​អ្នក​ដឹង ចូរ​ស្តាប់​ចុះ ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី ដែល​ខ្ញុំ​បាន​ឃើញ​ហើយ គឺ​ជា​សេចក្ដី​ដែល​ពួក​អ្នក​ប្រាជ្ញ​បាន​ពោល​ត​មក តាំង​តែ​ពី​បុព្វ‌បុរស​គេ ឥត​លាក់​ទុក​ឡើយ ជា​ពួក​តែ​មួយ​ដែល​បានគ្រង​គ្រង​ស្រុក ឥត​មាន​សាសន៍​ដទៃ​ណា ចូល​មក​ក្នុង​ពួក​គេ​ឡើយ។ គឺ​ថា មនុស្ស​អាក្រក់​រមែង​រង​ទុក្ខ ដោយ​ឈឺ​ចាប់​គ្រប់​មួយ​ជីវិត​របស់​គេ ឯ​អស់​ចំនួន​ឆ្នាំ​គេ​បាន​លាក់​ទុក សម្រាប់​មនុស្ស​គំហក‌កំហែង។ មាន​សូរ​គួរ​ស្ញែង​ខ្លាច​ឮ​ដល់​ត្រចៀក​គេ ក្នុង​ពេល​ដែល​កំពុង​តែ​ចម្រើន នោះ​មេ​បំផ្លាញ​នឹង​មក​លើ​គេ។ គេ​គ្មាន​សង្ឃឹម​នឹង​ត្រឡប់​ពី​ទី​ងងឹត​មក​វិញ​ទេ ហើយ​ក៏​ស្មាន​ថា មាន​ដាវ​នៅ​រង់‌ចាំ​គេ​ដែរ។ គេ​ដើរ​ចេញ​ទៅ​ទី​នេះ​ផង ទៅ​ទី​នោះ​ផង រក​អាហារ​បរិ‌ភោគ​ទាំង​សួរ​ថា "តើ​នៅ​ឯ​ណា"? គេ​ស្មាន​ប្រាកដ​ថា វេលា​លំបាក​ជិត​មក​ដល់​គេ​ហើយ មាន​ទុក្ខ​លំបាក និង​សេចក្ដី​ចង្អៀត​ចិត្ត​មក​បំភ័យ​គេ ក៏​ឈ្នះ​គេ​ដូច​ជា​ស្តេច​ណា ដែល​រៀប​ជា​ស្រេច​នឹង​ទៅ​ច្បាំង។ ព្រោះ​គេ​បាន​លូក​ដៃ​ទៅ​ទាស់​នឹង​ព្រះ ហើយ​ក៏​ប្រព្រឹត្ត​ដោយ​ឆ្មើង‌ឆ្មៃ នៅ​ចំពោះ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា គេ​រត់​ឆ្ពោះ​ទៅ​ទាស់​នឹង​ព្រះ‌អង្គ ហើយ​មាន​ខែល​បាំង​យ៉ាង​ក្រាស់ ព្រោះ​គេ​មាន​សាច់​មុខ​ធាត់​ពេញ ហើយ​បាន​ឡើង​សាច់​ខ្នន់ៗ​នៅ​ចង្កេះ​ផង គេ​អាស្រ័យ​នៅ​ក្នុង​ទី​ក្រុង​ស្ងាត់​ឈឹង ក្នុង​ផ្ទះ​ឥត​មាន​មនុស្ស​នៅ ដែល​ហៀប​នឹង​រលំ​ហើយ គេ​នឹង​មិន​ដែល​បាន​ជា​អ្នក​មាន ហើយ​ទ្រព្យ‌សម្បត្តិ​គេ​ក៏​មិន​គង់​នៅ​ដែរ ឯ​ធន‌ធាន​របស់​គេ ក៏​មិន​បាន​ដុះ‌ដាល នៅ​ផែនដី​ឡើយ គេ​នឹង​ចេញ​ពី​សេចក្ដី​ងងឹត​មិន​រួច អណ្ដាត​ភ្លើង​នឹង​ធ្វើ​ឲ្យ​មែក​គេ​ស្វិត​ក្រៀម​ទៅ ហើយ​គេ​នឹង​ត្រូវ​ផាត់​បាត់​ទៅ​ដោយ​សារ​ខ្យល់។ កុំ​ឲ្យ​គេ​បញ្ឆោត​ខ្លួន ដោយ​ទុក​ចិត្ត​នឹង​សេចក្ដី​អសារ​ឥត​ការ​ឡើយ ដ្បិត​យ៉ាង​នោះ សេចក្ដី​អសារ​ឥត​ការ នឹង​បាន​ជា​រង្វាន់​ដល់​គេ។ ការ​នោះ​នឹង​បាន​សម្រេច មុន​ពេល​កំណត់​របស់​គេ ហើយ​មែករបស់​គេ​នឹង​មិន​បាន ខៀវ​ស្រស់​ទៀត​ទេ។ គេ​នឹង​រលាស់​ជម្រុះ​ផ្លែ​ខ្ចី​របស់​ខ្លួន​អស់​ទៅ ដូច​ជា​ដើម​ទំពាំង‌បាយ‌ជូរ ហើយ​នឹង​ឲ្យ​ផ្កា​ខ្លួន​ជ្រុះ​ចុះ ដូច​ជា​ដើម​អូលីវ​ដែរ។ ដ្បិត​ពួក​មនុស្ស​ទមិឡ​ល្មើស នឹង​កើត​ផល​មិន​បាន ហើយ​ភ្លើង​នឹង​ឆេះ​បន្សុស​ទី​លំនៅ របស់​ពួក​ដែល​ស៊ី​សំណូក​ផង។ គេ​មាន​គភ៌​បង្កើត​ជា​សេចក្ដី​អាក្រក់ ហើយ​ក៏​សម្រាល​ចេញ​មក​ជា​អំពើ​ទុច្ចរិត ហើយ​ចិត្ត​គេ​តែង‌តែ​រៀបចំ គម្រោង​ការអាក្រក់»។

ចែក​រំលែក
អាន យ៉ូប 15

យ៉ូប 15:1-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​អេលី‌ផាស ជា​អ្នក​ស្រុក​ថេម៉ាន​ពោល​ឡើង​ថា៖ «តើ​អ្នក​ប្រាជ្ញ ដែល​យក​ចំណេះ​ដឹង​ឥត​ខ្លឹម‌សារ មក​ឆ្លើយ​ដែរ​ឬ? តើ​គេ​យក​សេចក្ដី​ឥត​បាន​ការ ដូច​ខ្យល់​ក្ដៅ​បក់​ពី​ទិស​បូព៌ា មក​ដាក់​ពេញ​ខ្លួន​កើត​ឬ? តើ​គេ​យក​ពាក្យ​ឥត​ន័យ ឥត​ផល​ប្រយោជន៍ មក​និយាយ​ការពារ​ខ្លួន​ដែរ​ឬ? ចំណែក​ឯ​លោក​វិញ លោក​ធ្វើ​ឲ្យ​គេ​ឯង លែង​គោរព​កោតខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​លែង​ឲ្យ​នរណា​អាច​ស្មឹង‌ស្មាធិ៍ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​បាន​ទៀត! សេចក្ដី​ទុច្ចរិត​ជំរុញ​ឲ្យ​លោក​ស្រដី​ចេញ​មក លោក​ប្រើ​ពាក្យ‌ពេចន៍​របស់​មនុស្ស​មាន​ល្បិច។ មិន​មែន​ខ្ញុំ​ទេ ដែល​ថ្កោល​ទោស​លោក គឺ​មាត់​របស់​លោក​ផ្ទាល់​ថ្កោល​ទោស​លោក ហើយ​ពាក្យ​សម្ដី​របស់​លោក ចោទ​ប្រកាន់​ខ្លួន​ឯង។ ក្នុង​ចំណោម​មនុស្ស​ទាំង​អស់ តើ​លោក​កើត​មក​មុន​គេ​ឬ តើ​លោក​កើត​មក មុន​ភ្នំ​ទាំង‌ឡាយ​ឬ? តើ​លោក​បាន​ឮ​គម្រោង‌ការ​របស់​ព្រះ‌ជាម្ចាស់ ហើយ​មាន​តែ​លោក​ម្នាក់​ឬ​ដែល​មាន​ប្រាជ្ញា? តើ​មាន​ការ​អ្វី​ដែល​លោក​ដឹង តែ​យើង​ខ្ញុំ​មិន​ដឹង? តើ​មាន​ការ​អ្វី​ដែល​លោក​យល់ តែ​យើង​ខ្ញុំ​មិន​យល់? ក្នុង​ចំណោម​យើង​ខ្ញុំ ក៏​មាន​ចាស់​ព្រឹទ្ធា‌ចារ្យ ដែល​មាន​វ័យ​ចំណាស់ៗ មាន​អាយុ​វែង​ជាង​ឪពុក​របស់​លោក​ទៅ​ទៀត! ព្រះ‌ជាម្ចាស់​ឲ្យ​យើង​ខ្ញុំ​មក សម្រាល​ទុក្ខ​លោក ដោយ​ពាក្យ​សម្ដី​ទន់‌ភ្លន់ តើ​ប៉ុន​ហ្នឹង​ហើយ លោក​យល់​ថា​មិន​ល្មម​ឬ? ហេតុ​អ្វី​បាន​ជា​លោក​មាន​ចិត្ត​ពុះ​កញ្ជ្រោល និង​មើល​មក​យើង​ខ្ញុំ​ដោយ​កំហឹង​បែប​នេះ? ធ្វើ​ដូច្នេះ លោក​ដូច​ជា​ខឹង​នឹង​ព្រះ‌ជាម្ចាស់ ហើយ​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះអង្គ​ដែរ។ តើ​មនុស្ស​លោក​អាច​បរិសុទ្ធ​ដូច​ម្ដេច​កើត តើ​មនុស្ស​ដែល​កើត​ចេញ​មក​ពី​ស្ត្រី អាច​សុចរិត​ដូច​ម្ដេច​កើត? សូម្បី​តែ​ពួក​ទេវតា​ដ៏វិសុទ្ធ​របស់​ព្រះអង្គ ក៏​ព្រះអង្គ​ទុក​ចិត្ត​ពុំ​បាន ហើយ​សូម្បី​តែ​ផ្ទៃ​មេឃ​ក៏​ពុំ​បរិសុទ្ធ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ទៅ​ហើយ ចំណង់​បើ​មនុស្ស​ដ៏​អាក្រក់ គួរ​ស្អប់​ខ្ពើម ដែល​ចូល​ចិត្ត​អំពើ​ទុច្ចរិត​ដូច​គេ​ផឹក​ទឹក នោះ​ព្រះអង្គ​រឹត​តែ​មិន​ទុក​ចិត្ត​ទៅ​ទៀត! ឥឡូវ​នេះ សូម​ស្ដាប់​ខ្ញុំ ខ្ញុំ​នឹង​ពន្យល់​លោក ខ្ញុំ​នឹង​ប្រាប់​លោក​ពី​ការ​ដែល​ខ្ញុំ​បាន​ឃើញ គឺ​សេចក្ដី​ដែល​អ្នក​ប្រាជ្ញ​បាន​ទទួល ពី​ដូនតា​របស់​ពួក​គេ ហើយ​យក​មក​ថ្លែង​ប្រាប់ ដោយ​ឥត​លាក់‌លៀម។ ព្រះ‌ជាម្ចាស់​ប្រទាន​ទឹក​ដី​ឲ្យ ដូនតា​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ គ្មាន​អ្នក​ដទៃ​ទៀត​មក​ឡូក‌ឡំ ក្នុង​ទឹក​ដី​នោះ​ឡើយ។ មនុស្ស​អាក្រក់​នឹង​រង​ទុក្ខ​លំបាក​ជា​រៀង​រាល់​ថ្ងៃ មនុស្ស​ឃោរ‌ឃៅ​នឹង​រង​ទុក្ខ​អស់​មួយ​ជីវិត។ មាន​សំឡេង​ដ៏​ព្រឺ‌ព្រួច​លាន់​ឮ​ក្នុង ត្រចៀក​របស់​គេ មេ​បំផ្លាញ​នឹង​មក​ប្រហារ​គេ ក្នុង​គ្រា​ដែល​គេ​កំពុង​រស់​យ៉ាង​សុខ‌សាន្ត។ គេ​គ្មាន​សង្ឃឹម​ថា​អាច​គេច​ផុត​ពី​សេចក្ដី​ងងឹត និង​គេច​ផុត​ពី​មុខ​ដាវ​បាន​ឡើយ។ គេ​ត្រេច‌ចរ​ស្វែង​រក​អាហារ គេ​ដឹង​ថា អនាគត​របស់​គេ មាន​តែ​ភាព​ងងឹត​សូន្យ‌សុង។ ភាព​អាសន្ន និង​ការ​ឈឺ​ចាប់​អន្ទះ‌សា ប្រៀប​ដូច​ស្ដេច​មួយ​អង្គ​លើក​ទ័ព​មក​ប្រហារ ធ្វើ​ឲ្យ​គេ​ភ័យ​ញាប់‌ញ័រ​ក្រៃ‌លែង ព្រោះ​គេ​បាន​លើក​ដៃ​ប្រហារ​ព្រះ‌ជាម្ចាស់ ហើយ​លើក​ខ្លួន​ប្រឆាំង​នឹង ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត។ គេ​ហ៊ាន​រត់​ទៅ​វាយ​ប្រហារ​ព្រះអង្គ ទាំង​កាន់​ខែល​ដ៏​ក្រាស់​ទៅ​ជា​មួយ​ផង។ មុខ​គេ​ឡើង​ខ្លាញ់ ហើយ​បាន​ចម្រុង‌ចម្រើន។ គេ​នឹង​កាន់​កាប់​ទីក្រុង​បាក់​បែក រស់​នៅ​ក្នុង​ផ្ទះ​ដែល​គេ​បោះ​បង់​ចោល ជា​ផ្ទះ​ដែល​ជិត​រលំ។ ប៉ុន្តែ គេ​មិន​អាច​ធ្វើ​ជា​អ្នក​មាន​ត​ទៅ​ទៀត ទ្រព្យ‌សម្បត្តិ​របស់​គេ​មិន​នៅ​ស្ថិត‌ស្ថេរ គេ​នឹង​មិន​ចម្រុង‌ចម្រើន​នៅ​លើ​ផែនដី​ឡើយ។ គេ​មិន​អាច​គេច​ផុត​ពី​ភាព​ងងឹត​នៃ​សេចក្ដី​ស្លាប់ ភ្លើង​នឹង​ឆាប‌ឆេះ​ពូជ‌ពង្ស​របស់​គេ ហើយ​គេ​នឹង​ខ្ចាត់​បាត់​ទៅ ដោយ‌សារ​ព្រះ‌ពិរោធ​របស់​ព្រះ‌ជាម្ចាស់។ កុំ​ឲ្យ​គេ​ទុក​ចិត្ត​លើ​អ្វីៗ​ដែល​ឥត​ប្រយោជន៍ បណ្ដាល​ឲ្យ​ខក​ចិត្ត​នោះ​ឡើយ ដ្បិត​គេ​នឹង​ទទួល​ការ​ឥត​ប្រយោជន៍ ទុក​ជា​រង្វាន់។ ហេតុ‌ការណ៍​នេះ​នឹង​កើត​មាន​ដល់​គេ មុន​ពេល​ស្លាប់ គឺ​ប្រៀប​ដូច​ជា​ដើម​ឈើ ដែល​លែង​មាន​ស្លឹក​ខៀវ​ខ្ចី​ទៀត​ហើយ។ គេ​ប្រៀប​ដូច​ជា​ដើម​ទំពាំង‌បាយជូរ ពេល​ផ្លែ​នៅ​ខ្ចី ស្រាប់​តែ​ជ្រុះ​ផ្លែ​អស់ ហើយ​ក៏​ដូច​ដើម​អូលីវ ដែល​ជ្រុះ​ផ្កា​អស់​ដែរ។ ពូជ​របស់​មនុស្ស​ទមិឡ​នឹង​គ្មាន​កូន ហើយ​ភ្លើង​នឹង​ឆាប‌ឆេះ​ទី​លំ‌នៅ របស់​ជន​ពុក​រលួយ។ អ្នក​បង្ក​គម្រោង‌ការ​អាក្រក់ តែងតែ​បង្កើត​ឲ្យ​មាន​ទុក្ខ​វេទនា អ្វីៗ​ដែល​កើត​ចេញ​ពី​គេ ធ្វើ​ឲ្យ​គេ​ខក​ចិត្ត»។

ចែក​រំលែក
អាន យ៉ូប 15

យ៉ូប 15:1-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​អេលី‌ផាស សាសន៍​ថេម៉ាន ក៏​ឆ្លើយ​ឡើង​ថា តើ​គួរ​ឲ្យ​អ្នក​ប្រាជ្ញ​ឆ្លើយ ដោយ​សេចក្ដី​ចេះ​ដឹង​អសារ​ឥត​ការ ឬ​បំពេញ​ចិត្ត​ដោយ​ខ្យល់​ពី​ខាង​កើត​ឬ​ទេ តើ​គួរ​នឹង​ជជែក​ដោយ​សំដី​ឥត​ប្រយោជន៍ ឬ​ដោយ​ពាក្យ​អធិប្បាយ​ដែល​បង្កើត​សេចក្ដី​ល្អ​មិន​បាន​ឬ​អី អើ អ្នក​បំផ្លាញ​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ ហើយ​ឃាត់‌ឃាំង​សេចក្ដី​នឹក‌ជញ្ជឹង នៅ​ចំពោះ​ព្រះ​ផង ដ្បិត​សេចក្ដី​អាក្រក់​របស់​អ្នក​បញ្ចេះ​ឲ្យ​មាត់​អ្នក​និយាយ​ចេញ​មក ហើយ​អ្នក​ប្រើ​ពាក្យ​សំដី​របស់​មនុស្ស​ឧបាយ​អាក្រក់ គឺ​មាត់​របស់​អ្នក​ដែល​កាត់​ទោស​ដល់​ខ្លួន​ហើយ មិន​មែន​ជា​ខ្ញុំ​ទេ អើ បបូរ​មាត់​របស់​អ្នក​ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្លួន​អ្នក។ តើ​អ្នក​ជា​មនុស្ស​ដំបូង​ដែល​កើត​មក​ឬ តើ​អ្នក​បាន​លេច​មក​មុន​អស់​ទាំង​ភ្នំ​ដែរ​ឬ តើ​អ្នក​បាន​ឮ​សេចក្ដី​ប្រឹក្សា​ដ៏​កំបាំង​របស់​ព្រះ​ឬ តើ​អ្នក​ស្មាន​ថា មាន​តែ​ខ្លួន​អ្នក​១​ទេ ដែល​មាន​ប្រាជ្ញា​ឬ​អី តើ​អ្នក​ចេះ​អ្វី​ដែល​ពួក​យើង​មិន​ចេះ​ដែរ ឬ​យល់​អ្វី​ដែល​ពួក​យើង​មិន​បាន​យល់​ផង​នោះ ខាង​យើង​មាន​ទាំង​មនុស្ស​ក្បាល​ស្កូវ នឹង​មនុស្ស​អាយុ​ច្រើន ដែល​ចាស់​ជាង​ឪពុក​អ្នក​ទៅ​ទៀត តើ​អ្នក​រាប់​សេចក្ដី​កំសាន្ត​របស់​ព្រះ​ថា មិន​គ្រាន់​ដល់​អ្នក ព្រម​ទាំង​សេចក្ដី​ដែល​ទ្រង់​មាន​បន្ទូល​មក​អ្នក ដោយ​ផ្អែម​ពីរោះ​ផង​ឬ​អី ហេតុ​អ្វី​បាន​ជា​អ្នក​បណ្តោយ​ទៅ​តាម​ចិត្ត ហើយ​មិច​ភ្នែក​ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​បំបែរ​ចិត្ត​ទៅ​ទាស់​នឹង​ព្រះ ហើយ​បណ្តោយ​ឲ្យ​មាត់​ពោល​សេចក្ដី​យ៉ាង​នេះ​ចេញ​មក តើ​មនុស្ស​ជា​អ្វី​ដែល​នឹង​ត្រូវ​បាន​បរិសុទ្ធ ជា​មនុស្ស​កើត​មក​ពី​មនុស្ស​ស្រី ដែល​នឹង​ត្រូវ​បាន​សុចរិត​នោះ មើល ទ្រង់​មិន​ទុក​ចិត្ត​នឹង​ពួក​បរិសុទ្ធ​របស់​ទ្រង់ ហើយ​ផ្ទៃ​មេឃ​ក៏​មិន​បរិសុទ្ធ នៅ​ព្រះ‌នេត្រ​ទ្រង់​ដែរ ចំណង់​បើ​ម្នាក់​ដែល​គួរ​តែ​ខ្ពើម ហើយ​ស្មោក‌គ្រោក ជា​អ្នក​ដែល​ផឹក​សេចក្ដី​អាក្រក់​ដូច​ជា​ទឹក តើ​នឹង​ជា​យ៉ាង​ណា​ទៅ។ ខ្ញុំ​នឹង​សំដែង​ឲ្យ​អ្នក​ដឹង ចូរ​ស្តាប់​ចុះ ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី​ដែល​ខ្ញុំ​បាន​ឃើញ​ហើយ គឺ​ជា​សេចក្ដី​ដែល​ពួក​អ្នក​ប្រាជ្ញ​បាន​ពោល​ត​មក តាំង​តែ​ពី​ពួក​ឰយុកោ​គេ ឥត​លាក់​ទុក​ឡើយ ជា​ពួក​តែ​១​ដែល​បាន​ទទួល​គ្រង​ស្រុក ឥត​មាន​សាសន៍​ដទៃ​ណា​ចូល​មក​ក្នុង​ពួក​គេ​ឡើយ គឺ​ថា មនុស្ស​អាក្រក់​រមែង​រង​ទុក្ខ ដោយ​ឈឺ‌ចាប់​គ្រប់​១​ជីវិត​របស់​គេ ឯ​អស់​ចំនួន​ឆ្នាំ​គេ​បាន​លាក់​ទុក​សំរាប់​មនុស្ស​គំហក‌កំហែង មាន​សូរ​គួរ​ស្ញែង​ខ្លាច​ឮ​ដល់​ត្រចៀក​គេ ក្នុង​ពេល​ដែល​កំពុង​តែ​ចំរើន នោះ​មេ​បំផ្លាញ​នឹង​មក​លើ​គេ គេ​គ្មាន​សង្ឃឹម​នឹង​ត្រឡប់​ពី​ទី​ងងឹត​មក​វិញ​ទេ ហើយ​ក៏​ស្មាន​ថា មាន​ដាវ​នៅ​រង់‌ចាំ​គេ​ដែរ គេ​ដើរ​ចេញ​ទៅ​ឯ​ទី​នេះ​ផង​នោះ​ផង រក​អាហារ​បរិភោគ​ទាំង​សួរ​ថា តើ​នៅ​ឯ​ណា គេ​ស្មាន​ប្រាកដ​ថា វេលា​លំបាក​ជិត​មក​ដល់​គេ​ហើយ មាន​ទុក្ខ​លំបាក នឹង​សេចក្ដី​ចង្អៀត​ចិត្ត​មក​បំភ័យ​គេ ក៏​បង្គ្រប​ឈ្នះ​គេ​ដូច​ជា​ស្តេច​ណា​ដែល​រៀប​ជា​ស្រេច​នឹង​ទៅ​ច្បាំង ពី​ព្រោះ​គេ​បាន​លូក​ដៃ​ទៅ​ទាស់​នឹង​ព្រះ ហើយ​ក៏​ប្រព្រឹត្ត​ដោយ​ឆ្មើង‌ឆ្មៃ នៅ​ចំពោះ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា គេ​រត់​ទៅ​លើ​ទ្រង់​ដោយ​ក​ត្រង់ ហើយ​បាំង​ខ្លួន​នឹង​ពក​ខែល​យ៉ាង​ក្រាស់ ព្រោះ​គេ​មាន​សាច់​មុខ​ធាត់​ពេញ ហើយ​បាន​ឡើង​សាច់​ខ្នន់ៗ​នៅ​ចង្កេះ​ផង គេ​អាស្រ័យ​នៅ​ក្នុង​ទី​ក្រុង​ស្ងាត់​ឈឹង ក្នុង​ផ្ទះ​ឥត​មាន​មនុស្ស​នៅ ដែល​ហៀប​នឹង​រលំ​ហើយ គេ​នឹង​មិន​ដែល​បាន​ជា​អ្នក​មាន ហើយ​ទ្រព្យ​សម្បត្តិ​គេ​ក៏​មិន​គង់​នៅ​ដែរ ឯ​ធន‌ធាន​របស់​គេ ក៏​មិន​បាន​ដុះ‌ដាល​នៅ​ផែនដី​ឡើយ គេ​នឹង​ចេញ​ពី​សេចក្ដី​ងងឹត​មិន​រួច អណ្តាត​ភ្លើង​នឹង​ធ្វើ​ឲ្យ​មែក​គេ​ស្វិត​ក្រៀម​ទៅ ហើយ​គេ​នឹង​ត្រូវ​ផាត់​បាត់​ទៅ ដោយ​ខ្យល់​ពី​ព្រះ‌ឱស្ឋ​នៃ​ទ្រង់ កុំ​បី​ឲ្យ​គេ​បញ្ឆោត​ខ្លួន ដោយ​ទុក​ចិត្ត​នឹង​សេចក្ដី​អសារ​ឥត​ការ​ឡើយ ដ្បិត​យ៉ាង​នោះ សេចក្ដី​អសារ​ឥត​ការ​នឹង​បាន​ជា​រង្វាន់​ដល់​គេ ការ​នោះ​នឹង​បាន​សំរេច​មុន​ពេល​កំណត់​របស់​គេ​ផង ឯ​មែក គេ​នឹង​មិន​បាន​ខៀវ​ស្រស់​ទៀត​ទេ គេ​នឹង​រលាស់​ជំរុះ​ផ្លែ​ខ្ចី​របស់​ខ្លួន​អស់​ទៅ ដូច​ជា​ដើម​ទំពាំង‌បាយ‌ជូរ ហើយ​នឹង​ឲ្យ​ផ្កា​ខ្លួន​ជ្រុះ​ចុះ ដូច​ជា​ដើម​អូលីវ​ដែរ ដ្បិត​ពួក​មនុស្ស​ទមិល​ល្មើស​នឹង​កើត​ផល​មិន​បាន ហើយ​ភ្លើង​នឹង​ឆេះ​បន្សុស​ទី​លំនៅ​របស់​ពួក​ដែល​ស៊ី​សំណូក​ផង គេ​មាន​គភ៌​បង្កើត​ជា​សេចក្ដី​អាក្រក់ ហើយ​ក៏​សំរាល​ចេញ​មក​ជា​សេចក្ដី​ទុច្ចរិត ឯ​ចិត្ត​គេ តែង‌តែ​រៀប​ឧបាយ​ទុក។

ចែក​រំលែក
អាន យ៉ូប 15