មនុស្សដែលកើតពីស្ត្រី រមែងមានអាយុខ្លី ហើយមានពោរពេញដោយទុក្ខកង្វល់។ គេលូតឡើងដូចផ្កា ហើយត្រូវកាត់ចោល គេវិនាសបាត់ទៅដូចស្រមោល គឺមិននៅស្ថិតស្ថេរឡើយ។ ក៏ប៉ុន្តែ ព្រះអង្គទតមើលមក មនុស្សលោកដូចទូលបង្គំនេះ ហើយព្រះអង្គនាំទូលបង្គំយកទៅកាត់ក្ដី! គ្មាននរណាម្នាក់អាចយកអ្វីដ៏បរិសុទ្ធ ចេញពីមនុស្សមិនបរិសុទ្ធបានឡើយ។ ព្រះអង្គកំណត់ចំនួនថ្ងៃនៃអាយុជីវិតរបស់គេ និងចំនួនខែដែលគេត្រូវរស់ ព្រះអង្គកំណត់ចុងបញ្ចប់ឲ្យគេ ដែលគេពុំអាចឆ្លងផុតជាដាច់ខាត។ សូមព្រះអង្គងាកព្រះភ័ក្ត្រចេញពីមនុស្សទៅ ដើម្បីឲ្យគេបានសម្រាក ហើយឲ្យគេបានសប្បាយដូចកម្មករ ទទួលប្រាក់ឈ្នួលប្រចាំថ្ងៃរបស់ខ្លួន។ ដើមឈើតែងតែមានសង្ឃឹមជានិច្ច ទោះបីគេកាប់វាចោល ក៏វានៅតែដុះឡើងវិញ គឺវាមិនខ្វះពន្លកចេញពីគល់ទេ។ ទោះបីឫសរបស់វាកាន់តែចាស់នៅក្នុងដី ទោះបីគល់របស់វាងាប់នៅក្នុងធូលីដីក្ដី នៅពេលមានទឹក វាក៏លូតលាស់ឡើងវិញ ហើយបែកមែកដូចកូនឈើមួយដែរ។ រីឯមនុស្សវិញគេបាត់បង់កម្លាំង ហើយស្លាប់ គេរលត់វិញ្ញាណ មិនដឹងជាទៅទីណាឡើយ។ ទឹកសមុទ្រអាចស្រកចុះ ហើយស្ទឹងក៏អាចរីងស្ងួតដែរ រីឯមនុស្សលោកវិញ កាលណាគេស្លាប់ហើយ គេមិនអាចក្រោកឡើងវិញបានទេ សូម្បីតែផ្ទៃមេឃរលាយ ក៏គេមិនភ្ញាក់ដែរ គឺគេនឹងដេកលក់ ឥតក្រោកឡើងវិញឡើយ។ សូមព្រះអង្គមេត្តាឲ្យទូលបង្គំជ្រក នៅក្នុងស្ថានមនុស្សស្លាប់ សូមលាក់ទូលបង្គំនៅទីនោះ រហូតដល់ព្រះអង្គស្ងប់ព្រះពិរោធ ហើយសូមកំណត់ពេលមួយ ដែលព្រះអង្គនឹកចាំពីទូលបង្គំឡើងវិញ។ ប្រសិនបើមនុស្សដែលស្លាប់ទៅហើយ អាចរស់ឡើងវិញបាន នោះទូលបង្គំនឹងនៅរង់ចាំគ្រប់ពេលវេលា រហូតដល់ចុងបញ្ចប់នៃជីវិតដ៏វេទនានេះ។
អាន យ៉ូប 14
ស្ដាប់នូវ យ៉ូប 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូប 14:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ