យ៉ូប 14:1-14
យ៉ូប 14:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មនុស្សដែលកើតពីស្រីមក សុទ្ធតែមានអាយុខ្លីទាំងអស់ ហើយក៏មានសេចក្ដីលំបាកជានិច្ច គេចេញមកដូចជាផ្កា រួចត្រូវកាត់ដាច់ទៅ គេរួញថយបាត់ទៅ ដូចជាស្រមោល ឥតនៅស្ថិតស្ថេរឡើយ។ តើព្រះអង្គបើកព្រះនេត្រទតមកលើមនុស្ស បែបយ៉ាងទូលបង្គំនេះ និងកោះនាំទូលបង្គំទៅជាគូក្តីនឹងព្រះអង្គឬ? តើអ្នកណាអាចនឹងដកយករបស់ស្អាត ចេញពីរបស់ស្មោកគ្រោកបាន? គ្មានអ្នកណាធ្វើបានឡើយ។ បើថ្ងៃអាយុរបស់មនុស្សនោះបានកំណត់ស្រេច ហើយចំនួនខែនៃជីវិតរបស់គេ បានកត់នៅនឹងព្រះអង្គ បើព្រះអង្គបានតម្រូវព្រំខណ្ខរបស់គេ មិនឲ្យគេរំលងហួសឡើយ សូមបែរព្រះភក្ត្រចេញពីគេទៅ ដើម្បីឲ្យគេបានរីករាយនឹងថ្ងៃរបស់ខ្លួន ដូចជាកូនឈ្នួលផង។ ដ្បិតបើដើមឈើត្រូវកាប់រំលំទៅ នោះមានសង្ឃឹមថានឹងពន្លកឡើងទៀត ហើយថានឹងមិនខានមានមែកខ្ចីទៀតឡើយ។ ហើយទោះបើឫសក្រៀមទៅ ហើយគល់ងាប់នៅក្នុងដី គង់តែនឹងប៉ិចឡើង ដោយធុំក្លិនទឹក ព្រមទាំងបែកមែកដូចជាដើមថ្មីវិញ។ ឯមនុស្សវិញ គេស្លាប់ ហើយក៏ពុករលួយទៅ មនុស្សប្រគល់វិញ្ញាណទៅ តើគេនៅឯណា? ដូចជាទឹកបឹងដែលស្រក ហើយទឹកទន្លេក៏ហូរទៅ ហើយរីងស្ងួតយ៉ាងណា មនុស្សក៏ដេក ហើយមិនក្រោកឡើងយ៉ាងនោះដែរ រហូតដល់ផ្ទៃមេឃសូន្យបាត់ទៅ គេដេកលក់មិនភ្ញាក់ឡើងវិញឡើយ។ ឱបើព្រះអង្គលាក់ទូលបង្គំ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ទុកទូលបង្គំនៅទីស្ងាត់កំបាំងដរាបដល់ សេចក្ដីក្រោធរបស់ព្រះអង្គកន្លងបាត់ទៅ ហើយតម្រូវឲ្យមានពេលកំណត់ដល់ទូលបង្គំ ហើយនឹកចាំពីទូលបង្គំផង។ បើមនុស្សស្លាប់ទៅ តើនឹងមានជីវិត រស់ឡើងវិញម្ដងទៀតឬ? បើមាន ទូលបង្គំនឹងរង់ចាំអស់រវាង សង្គ្រាមវេទនារបស់ទូលបង្គំ ដរាបដល់កំណត់ដែលទូលបង្គំ បានរអិលចេញទៅ។
យ៉ូប 14:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មនុស្សដែលកើតពីស្ត្រី រមែងមានអាយុខ្លី ហើយមានពោរពេញដោយទុក្ខកង្វល់។ គេលូតឡើងដូចផ្កា ហើយត្រូវកាត់ចោល គេវិនាសបាត់ទៅដូចស្រមោល គឺមិននៅស្ថិតស្ថេរឡើយ។ ក៏ប៉ុន្តែ ព្រះអង្គទតមើលមក មនុស្សលោកដូចទូលបង្គំនេះ ហើយព្រះអង្គនាំទូលបង្គំយកទៅកាត់ក្ដី! គ្មាននរណាម្នាក់អាចយកអ្វីដ៏បរិសុទ្ធ ចេញពីមនុស្សមិនបរិសុទ្ធបានឡើយ។ ព្រះអង្គកំណត់ចំនួនថ្ងៃនៃអាយុជីវិតរបស់គេ និងចំនួនខែដែលគេត្រូវរស់ ព្រះអង្គកំណត់ចុងបញ្ចប់ឲ្យគេ ដែលគេពុំអាចឆ្លងផុតជាដាច់ខាត។ សូមព្រះអង្គងាកព្រះភ័ក្ត្រចេញពីមនុស្សទៅ ដើម្បីឲ្យគេបានសម្រាក ហើយឲ្យគេបានសប្បាយដូចកម្មករ ទទួលប្រាក់ឈ្នួលប្រចាំថ្ងៃរបស់ខ្លួន។ ដើមឈើតែងតែមានសង្ឃឹមជានិច្ច ទោះបីគេកាប់វាចោល ក៏វានៅតែដុះឡើងវិញ គឺវាមិនខ្វះពន្លកចេញពីគល់ទេ។ ទោះបីឫសរបស់វាកាន់តែចាស់នៅក្នុងដី ទោះបីគល់របស់វាងាប់នៅក្នុងធូលីដីក្ដី នៅពេលមានទឹក វាក៏លូតលាស់ឡើងវិញ ហើយបែកមែកដូចកូនឈើមួយដែរ។ រីឯមនុស្សវិញគេបាត់បង់កម្លាំង ហើយស្លាប់ គេរលត់វិញ្ញាណ មិនដឹងជាទៅទីណាឡើយ។ ទឹកសមុទ្រអាចស្រកចុះ ហើយស្ទឹងក៏អាចរីងស្ងួតដែរ រីឯមនុស្សលោកវិញ កាលណាគេស្លាប់ហើយ គេមិនអាចក្រោកឡើងវិញបានទេ សូម្បីតែផ្ទៃមេឃរលាយ ក៏គេមិនភ្ញាក់ដែរ គឺគេនឹងដេកលក់ ឥតក្រោកឡើងវិញឡើយ។ សូមព្រះអង្គមេត្តាឲ្យទូលបង្គំជ្រក នៅក្នុងស្ថានមនុស្សស្លាប់ សូមលាក់ទូលបង្គំនៅទីនោះ រហូតដល់ព្រះអង្គស្ងប់ព្រះពិរោធ ហើយសូមកំណត់ពេលមួយ ដែលព្រះអង្គនឹកចាំពីទូលបង្គំឡើងវិញ។ ប្រសិនបើមនុស្សដែលស្លាប់ទៅហើយ អាចរស់ឡើងវិញបាន នោះទូលបង្គំនឹងនៅរង់ចាំគ្រប់ពេលវេលា រហូតដល់ចុងបញ្ចប់នៃជីវិតដ៏វេទនានេះ។
យ៉ូប 14:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មនុស្សដែលកើតពីស្រីមក សុទ្ធតែមានអាយុខ្លីទាំងអស់ ហើយក៏មានសេចក្ដីលំបាកជានិច្ចផង គេចេញមកដូចជាផ្កា រួចត្រូវកាត់ដាច់ទៅ គេរួញថយបាត់ទៅ ដូចជាស្រមោល ឥតនៅស្ថិតស្ថេរឡើយ តើទ្រង់បើកព្រះនេត្រទតមកលើមនុស្សបែបយ៉ាងទូលបង្គំនេះ នឹងកោះនាំទូលបង្គំទៅជាគូក្តីនឹងទ្រង់ឬ តើអ្នកណាអាចនឹងដកយករបស់ស្អាតចេញពីរបស់ស្មោកគ្រោកបាន គ្មានអ្នកណាធ្វើបានឡើយ បើថ្ងៃអាយុរបស់មនុស្សនោះបានកំណត់ស្រេច ហើយចំនួនអស់ទាំងខែនៃជីវិតរបស់គេបានកត់នៅនឹងទ្រង់ បើទ្រង់បានដំរូវព្រំខណ្ឌរបស់គេ មិនឲ្យគេរំលងហួសឡើយ នោះសូមទ្រង់បែរព្រះភក្ត្រចេញពីគេទៅ ដើម្បីឲ្យគេបានឈប់សំរាកចុះ គឺបែរចេញដរាបដល់គេបានសំរេចពេលកំណត់ ដូចជាជើងឈ្នួល ដ្បិតបើដើមឈើត្រូវកាប់រំលំទៅ នោះមានសង្ឃឹមថា នឹងពន្លកឡើងទៀត ហើយថា នឹងមិនខានមានមែកខ្ចីទៀតឡើយ ហើយទោះបើឫសក្រៀមទៅ ហើយគល់ងាប់នៅក្នុងដី គង់តែនឹងប៉ិចឡើង ដោយធុំក្លិនទឹក ព្រមទាំងបែកមែកដូចជាដើមថ្មីវិញ ឯមនុស្សវិញ គេស្លាប់ ហើយក៏ពុករលួយទៅ អើ មនុស្សប្រគល់វិញ្ញាណទៅ នោះតើគេនៅឯណា ឯទឹកភ្លៀងខានមកពីសមុទ្រ រួចស្ទឹងរីងស្ងួតទៅយ៉ាងណា នោះមនុស្សក៏ដេកទៅឥតក្រោកឡើងទៀតយ៉ាងនោះដែរ គេនឹងមិនភ្ញាក់ឡើងវិញ ឬអ្នកណាដាស់ឲ្យគេភ្ញាក់ពីដេកឡើងឡើយ ដរាបដល់ផ្ទៃមេឃសូន្យបាត់ទៅ។ ឱបើទ្រង់នឹងលាក់ទូលបង្គំ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ទៅអេះ ហើយទុកទូលបង្គំនៅទីស្ងាត់កំបាំងដរាបដល់សេចក្ដីក្រោធរបស់ទ្រង់ កន្លងបាត់ទៅ ហើយដំរូវឲ្យមានពេលកំណត់ដល់ទូលបង្គំ រួចនឹកចាំពីទូលបង្គំផង បើមនុស្សស្លាប់ទៅ តើនឹងមានជីវិតរស់ឡើងទៀតឬ បើមាន នោះទូលបង្គំនឹងរង់ចាំអស់រវាងសង្គ្រាមវេទនារបស់ទូលបង្គំ ដរាបដល់កំណត់ដែលទូលបង្គំបានរឥលចេញទៅ