យ៉ូហាន 5:1-9

យ៉ូហាន 5:1-9 គខប

ក្រោយ​មក​ទៀត មាន​ពិធី​បុណ្យ​មួយ​របស់​ជន‌ជាតិ​យូដា ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម។ នៅ​ក្រុង​យេរូ‌សាឡឹម ជិត​ខ្លោង​ទ្វារ​ឈ្មោះ «ទ្វារ​ចៀម» មាន​ស្រះ​មួយ​ដែល​គេ​ហៅ​ជា​ភាសា​ហេប្រឺ​ថា «ស្រះ​បេថែស‌ដា» ក្បែរ​ស្រះ​នោះ មាន​ថែវ​ប្រាំ។ មាន​អ្នក​ជំងឺ មនុស្ស​ខ្វាក់ មនុស្ស​ខ្វិន មនុស្ស​ខូច​ជើង និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ជា​ច្រើន ដេក​នៅ​តាម​ថែវ​ទាំង​នោះ [រង់‌ចាំ​ទឹក​កម្រើក ដ្បិត​យូរៗ​ម្ដង មាន​ទេវតា*​មួយ​រូប​ចុះ​មក​ធ្វើ​ឲ្យ​ទឹក​ស្រះ​កម្រើក អ្នក​ណា​ចុះ​ទៅ​ក្នុង​ទឹក​កម្រើក​បាន​មុន​គេ អ្នក​នោះ​នឹង​បាន​ជា ទោះ​បី​មាន​ជំងឺ​អ្វី​ក៏​ដោយ]។ នៅ​ទី​នោះ មាន​បុរស​ម្នាក់​ពិការ​តាំង​ពី​សាម‌សិប​ប្រាំ​បី​ឆ្នាំ​មក​ហើយ។ ព្រះ‌យេស៊ូ​ទត​ឃើញ​គាត់​ដេក​ដូច្នេះ ព្រះអង្គ​ជ្រាប​ថា គាត់​នៅ​ទី​នោះ​ជា​យូរ​មក​ហើយ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា៖ «តើ​អ្នក​ចង់​ជា​ឬ​ទេ?»។ អ្នក​នោះ​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់​អើយ ពេល​ទឹក​កម្រើក គ្មាន​នរណា​យក​ខ្ញុំ​ទៅ​ដាក់​ក្នុង​ស្រះ​សោះ ហើយ​ពេល​ណា​ខ្ញុំ​ទៅ​ដល់ មាន​ម្នាក់​ចុះ​ទៅ​មុន​ខ្ញុំ​ស្រេច​ទៅ​ហើយ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ដើរ​ទៅ​ចុះ»។ ពេល​នោះ ស្រាប់​តែ​បុរស​នោះ​បាន​ជា​ភ្លាម គាត់​ក៏​យក​គ្រែ​ស្នែង​របស់​គាត់​ដើរ​ទៅ រីឯ​ថ្ងៃ​នោះ​ជា​ថ្ងៃ​សប្ប័ទ*។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ