យ៉ូហាន 5:1-9
យ៉ូហាន 5:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយមក មានបុណ្យមួយរបស់សាសន៍យូដា ហើយព្រះយេស៊ូវយាងឡើងទៅក្រុងយេរូសាឡិម។ នៅក្រុងយេរូសាឡិម ជិតទ្វារចៀម មានស្រះមួយ ដែលភាសាហេព្រើរហៅថា បេថែសដា ស្រះនោះមានថែវប្រាំ។ មានមនុស្សដេកនៅក្នុងសាលាទាំងនោះជាច្រើន ខ្លះឈឺ ខ្លះខ្វាក់ ខ្លះខ្វិន ខ្លះស្វិត [គេរង់ចាំទឹកកម្រើកឡើង ដ្បិតមានពេលមួយ ទេវតានៃព្រះអម្ចាស់ចុះមកកូរទឹកក្នុងស្រះនោះ ហើយអ្នកណាដែលចុះទៅបានមុនគេនឹងជាស្អាត ទោះបើមានជំងឺអ្វីក៏ដោយ។] នៅទីនោះមានបុរសម្នាក់ ដែលឈឺសាមសិបប្រាំបីឆ្នាំមកហើយ កាលព្រះយេស៊ូវទតឃើញគាត់ដេកនៅទីនោះ ហើយជ្រាបថា គាត់ឈឺដូច្នោះយូរមកហើយ ទ្រង់ក៏មានព្រះបន្ទូលសួរគាត់ថា៖ «តើអ្នកចង់ជាឬទេ?» អ្នកជំងឺនោះទូលព្រះអង្គថា៖ «លោកម្ចាស់អើយ ពេលណាដែលទឹកកម្រើកឡើង គ្មានអ្នកណាដាក់ខ្ញុំទៅក្នុងស្រះទេ ហើយពេលខ្ញុំកំពុងចុះ នោះមានម្នាក់ចុះទៅមុនខ្ញុំរហូត»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរក្រោកឡើង យកកន្ទេលរបស់អ្នក ហើយដើរទៅ»។ ស្រាប់តែអ្នកនោះបានជាភ្លាម ហើយយកកន្ទេលរបស់ខ្លួនដើរទៅ។ ថ្ងៃនោះជាថ្ងៃសប្ប័ទ។
យ៉ូហាន 5:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយមកទៀត មានពិធីបុណ្យមួយរបស់ជនជាតិយូដា ព្រះយេស៊ូយាងឡើងទៅក្រុងយេរូសាឡឹម។ នៅក្រុងយេរូសាឡឹម ជិតខ្លោងទ្វារឈ្មោះ «ទ្វារចៀម» មានស្រះមួយដែលគេហៅជាភាសាហេប្រឺថា «ស្រះបេថែសដា» ក្បែរស្រះនោះ មានថែវប្រាំ។ មានអ្នកជំងឺ មនុស្សខ្វាក់ មនុស្សខ្វិន មនុស្សខូចជើង និងមនុស្សស្លាប់ដៃស្លាប់ជើងជាច្រើន ដេកនៅតាមថែវទាំងនោះ [រង់ចាំទឹកកម្រើក ដ្បិតយូរៗម្ដង មានទេវតា*មួយរូបចុះមកធ្វើឲ្យទឹកស្រះកម្រើក អ្នកណាចុះទៅក្នុងទឹកកម្រើកបានមុនគេ អ្នកនោះនឹងបានជា ទោះបីមានជំងឺអ្វីក៏ដោយ]។ នៅទីនោះ មានបុរសម្នាក់ពិការតាំងពីសាមសិបប្រាំបីឆ្នាំមកហើយ។ ព្រះយេស៊ូទតឃើញគាត់ដេកដូច្នេះ ព្រះអង្គជ្រាបថា គាត់នៅទីនោះជាយូរមកហើយ ព្រះអង្គមានព្រះបន្ទូលសួរគាត់ថា៖ «តើអ្នកចង់ជាឬទេ?»។ អ្នកនោះទូលព្រះអង្គថា៖ «លោកម្ចាស់អើយ ពេលទឹកកម្រើក គ្មាននរណាយកខ្ញុំទៅដាក់ក្នុងស្រះសោះ ហើយពេលណាខ្ញុំទៅដល់ មានម្នាក់ចុះទៅមុនខ្ញុំស្រេចទៅហើយ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នក ហើយដើរទៅចុះ»។ ពេលនោះ ស្រាប់តែបុរសនោះបានជាភ្លាម គាត់ក៏យកគ្រែស្នែងរបស់គាត់ដើរទៅ រីឯថ្ងៃនោះជាថ្ងៃសប្ប័ទ*។
យ៉ូហាន 5:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្រោយនោះមក មានបុណ្យ១របស់សាសន៍យូដា ហើយព្រះយេស៊ូវ ទ្រង់យាងឡើងទៅឯក្រុងយេរូសាឡិម រីឯនៅក្រុងយេរូសាឡិម ជិតទ្វារចៀម នោះមានស្រះ១ ដែលភាសាហេព្រើរហៅថា បេថែសដា មានសាលាសំណាក់៥ មានមនុស្សសន្ធឹកដេកនៅក្នុងសាលាទាំងនោះ ខ្លះឈឺ ខ្លះខ្វាក់ ខ្លះខ្វិន ខ្លះស្វិត គេរង់ចាំទឹកកំរើកឡើង ដ្បិតចួនណាមានទេវតាចុះមកកូរទឹកក្នុងស្រះនោះ លុះក្រោយដែលបានកូរស្រេចហើយ នោះអ្នកណាដែលចុះទៅមុនគេ ក៏បានជាស្អាត ទោះបើឈឺរោគអ្វីក៏ដោយ នៅទីនោះ មានមនុស្សម្នាក់ដែលឈឺ៣៨ឆ្នាំមកហើយ កាលព្រះយេស៊ូវឃើញគាត់ដេកនៅ ហើយបានជ្រាបថា គាត់នៅយ៉ាងនោះជាយូរមកហើយ នោះទ្រង់មានបន្ទូលថា តើអ្នកចង់បានជាឬទេ អ្នកជំងឺនោះទូលឆ្លើយថា លោកម្ចាស់អើយ ខ្ញុំគ្មានអ្នកណានឹងដាក់ខ្ញុំទៅក្នុងស្រះ ក្នុងកាលដែលទឹកបានកំរើកឡើងនោះទេ ហើយកំពុងដែលខ្ញុំចុះទៅ នោះក៏មានម្នាក់ទៀតចុះទៅមុនខ្ញុំ ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ចូរក្រោកឡើង យកគ្រែអ្នកដើរទៅ ស្រាប់តែអ្នកនោះបានជាភ្លាម ក៏យកគ្រែដើរទៅ ឯថ្ងៃនោះ ជាថ្ងៃឈប់សំរាក