យ៉ូហាន 4:5-10

យ៉ូហាន 4:5-10 គខប

ព្រះអង្គ​បាន​យាង​មក​ដល់​ភូមិ​មួយ​របស់​ជន‌ជាតិ​សាម៉ារី​ឈ្មោះ ភូមិ​ស៊ូខារ នៅ​ជិត​ចម្ការ​ដែល​លោក​យ៉ាកុប​បាន​ចែក​ឲ្យ​លោក​យ៉ូសែប​ជា​កូន។ នៅ​ទី​នោះ មាន​អណ្ដូង​ទឹក​មួយ​ឈ្មោះ “អណ្ដូង​លោក​យ៉ាកុប”។ ព្រះ‌យេស៊ូ​អស់​កម្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ ក៏​គង់​នៅ​មាត់​អណ្ដូង ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់។ មាន​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់​មក​ដង​ទឹក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​បន្តិច»។ (សិស្ស​នាំ​គ្នា​ទៅ​រក​ទិញ​ស្បៀង​អាហារ​នៅ​ឯ​ភូមិ)។ ស្ត្រី​សាម៉ារី​ទូល​ព្រះអង្គ​ថា៖ «លោក​ជា​សាសន៍​យូដា ម្ដេច​ក៏​លោក​មក​សុំ​ទឹក​នាង​ខ្ញុំ​ជា​ស្ត្រី​សាសន៍​សាម៉ារី​ពិសា​ដូច្នេះ?» (ដ្បិត​សាសន៍​យូដា និង​សាសន៍​សាម៉ារី​មិន​ត្រូវ​គ្នា​ទេ)។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​នាង​ថា៖ «ប្រសិន​បើ​នាង​ស្គាល់​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់ និង​ស្គាល់​អ្នក​ដែល​និយាយ​ទៅ​កាន់​នាង​ថា “ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​បន្តិច” នោះ​នាង​មុខ​ជា​សុំ​ទឹក​ពី​លោក​វិញ​ពុំ‌ខាន ហើយ​លោក​នឹង​ឲ្យ​ទឹក​ដល់​នាង គឺ​ជា​ទឹក​ដែល​ផ្ដល់​ជីវិត»។