យ៉ូហាន 4:5-10
យ៉ូហាន 4:5-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ព្រះអង្គបានយាងមកដល់ក្រុងមួយក្នុងស្រុកសាម៉ារី ឈ្មោះ ស៊ូខារ ជិតដីដែលលោកយ៉ាកុបបានចែកឲ្យយ៉ូសែប ជាកូន។ នៅទីនោះ មានអណ្តូងរបស់លោកយ៉ាកុប ហើយដោយព្រះយេស៊ូវធ្វើដំណើរអស់កម្លាំង ទ្រង់ក៏គង់នៅមាត់អណ្តូង ពេលនោះ ប្រហែលជាថ្ងៃត្រង់។ មានស្ត្រីសាសន៍សាម៉ារីម្នាក់មកដងទឹក ហើយព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំសុំទឹកទទួលទានផង»។ (ដ្បិតពួកសិស្សរបស់ព្រះអង្គបានចូលទៅក្នុងក្រុងដើម្បីទិញអាហារ)។ ស្ត្រីសាសន៍សាម៉ារីនោះទូលព្រះអង្គថា៖ «ម្តេចលោកជាសាសន៍យូដាមកសុំទឹកនាងខ្ញុំ ដែលជាស្រីសាសន៍សាម៉ារីដូច្នេះ?» (សាសន៍យូដាមិនដែលប្រកបនឹងសាសន៍សាម៉ារីទេ)។ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅនាងថា៖ «ប្រសិនបើនាងស្គាល់អំណោយទានរបស់ព្រះ និងអ្នកដែលនិយាយនឹងនាងថា "ខ្ញុំសុំទឹកទទួលទានផង" នោះនាងនឹងសុំពីអ្នកនោះវិញ ហើយអ្នកនោះនឹងឲ្យទឹករស់ដល់នាង»។
យ៉ូហាន 4:5-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គបានយាងមកដល់ភូមិមួយរបស់ជនជាតិសាម៉ារីឈ្មោះ ភូមិស៊ូខារ នៅជិតចម្ការដែលលោកយ៉ាកុបបានចែកឲ្យលោកយ៉ូសែបជាកូន។ នៅទីនោះ មានអណ្ដូងទឹកមួយឈ្មោះ “អណ្ដូងលោកយ៉ាកុប”។ ព្រះយេស៊ូអស់កម្លាំងក្នុងការធ្វើដំណើរ ក៏គង់នៅមាត់អណ្ដូង ពេលនោះ ប្រហែលជាថ្ងៃត្រង់។ មានស្ត្រីសាសន៍សាម៉ារីម្នាក់មកដងទឹក ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំសុំទឹកទទួលទានបន្តិច»។ (សិស្សនាំគ្នាទៅរកទិញស្បៀងអាហារនៅឯភូមិ)។ ស្ត្រីសាម៉ារីទូលព្រះអង្គថា៖ «លោកជាសាសន៍យូដា ម្ដេចក៏លោកមកសុំទឹកនាងខ្ញុំជាស្ត្រីសាសន៍សាម៉ារីពិសាដូច្នេះ?» (ដ្បិតសាសន៍យូដា និងសាសន៍សាម៉ារីមិនត្រូវគ្នាទេ)។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅនាងថា៖ «ប្រសិនបើនាងស្គាល់ព្រះអំណោយទានរបស់ព្រះជាម្ចាស់ និងស្គាល់អ្នកដែលនិយាយទៅកាន់នាងថា “ខ្ញុំសុំទឹកទទួលទានបន្តិច” នោះនាងមុខជាសុំទឹកពីលោកវិញពុំខាន ហើយលោកនឹងឲ្យទឹកដល់នាង គឺជាទឹកដែលផ្ដល់ជីវិត»។
យ៉ូហាន 4:5-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ទ្រង់យាងទៅដល់ក្រុង១ នៅស្រុកសាម៉ារី ហៅថា ស៊ូខារ ជិតដីដែលលោកយ៉ាកុបបានឲ្យដល់យ៉ូសែប ជាកូន នៅទីនោះ ក៏មានអណ្តូងយ៉ាកុប ដូច្នេះ ព្រះយេស៊ូវទ្រង់អស់កំឡាំងដោយយាងមក ក៏គង់នៅមាត់អណ្តូងនោះ ពេលនោះប្រហែលជាថ្ងៃត្រង់ហើយ មានស្ត្រីសាសន៍សាម៉ារីម្នាក់មកដងទឹក ហើយព្រះយេស៊ូវមានបន្ទូលទៅនាងថា សូមឲ្យខ្ញុំផឹកផង ព្រោះពួកសិស្សទ្រង់បានទៅផ្សារអស់ ដើម្បីនឹងរកទិញស្បៀងអាហារ ស្ត្រីសាសន៍សាម៉ារីនោះក៏ទូលថា លោកជាសាសន៍យូដា ម្តេចឡើយក៏លោកសូមទឹកខ្ញុំពិសា ដែលខ្ញុំជាស្រីសាសន៍សាម៉ារីដូច្នេះ (នេះដ្បិតសាសន៍យូដាមិនដែលប្រកបនឹងសាសន៍សាម៉ារីទេ) ព្រះយេស៊ូវមានបន្ទូលឆ្លើយថា បើសិនជានាងបានស្គាល់អំណោយទាននៃព្រះ នឹងអ្នកដែលនិយាយនឹងនាងថា សូមឲ្យខ្ញុំផឹកផង នោះនាងនឹងបានសូមពីអ្នកនោះវិញ រួចអ្នកនោះនឹងឲ្យទឹករស់ដល់នាង