យេរេមា 9:1-6

យេរេមា 9:1-6 គខប

ប្រសិន​បើ​ខ្ញុំ​សម្បូណ៌​ទឹក​ភ្នែក ហើយ​ទឹក​ភ្នែក​ខ្ញុំ​អាច​ហូរ​ដូច​ទឹក​ទន្លេ ម៉្លេះ​សម​ខ្ញុំ​យំ​ទាំង​ថ្ងៃ​ទាំង​យប់ ស្រណោះ​សាក‌សព​ប្រជា‌ជន​របស់​ខ្ញុំ។ ប្រសិន​បើ​មាន​នរណា​ឲ្យ​ខ្ទម​មួយ ដែល​ជា​ជម្រក​សម្រាប់​អ្នក​ដំណើរ នៅ​វាល​រហោ‌ស្ថាន​មក​ខ្ញុំ នោះ​ខ្ញុំ​នឹង​បោះ​បង់​ចោល​ប្រជា‌ជន​របស់​ខ្ញុំ ខ្ញុំ​នឹង​ទៅ​នៅ​យ៉ាង​ឆ្ងាយ​ពី​ពួក​គេ ដ្បិត​ប្រជា‌ជន​នេះ​សុទ្ធ​តែ​ជា​មនុស្ស​ផិត​ក្បត់ ពួក​គេ​ក្បត់​ព្រះ‌ជាម្ចាស់​ទាំង​អស់​គ្នា។ «អណ្ដាត​របស់​គេ​ប្រៀប​បាន​នឹង​ធ្នូ ដែល​គេ​យឹត​បម្រុង​នឹង​បាញ់។ គេ​មាន​អំណាច​នៅ​ក្នុង​ស្រុក មិន​មែន​ដោយ‌សារ​សេចក្ដី​ពិត​ទេ តែ​មក​ពី​ការ​កុហក ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ផ្ទួនៗ​គ្នា ហើយ​ពួក​គេ​ពុំ​ស្គាល់​យើង​ឡើយ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ «ម្នាក់ៗ​ត្រូវ​ប្រយ័ត្ន​នឹង​មិត្ត​សម្លាញ់ ហើយ​មិន​ត្រូវ​ទុក​ចិត្ត​បងប្អូន​របស់​ខ្លួន​ឡើយ ដ្បិត​បងប្អូន​ពូកែ​បោក​ប្រាស់​គ្នា​ឯង ហើយ​មិត្ត​សម្លាញ់​ក៏​ពូកែ​មួល​បង្កាច់​គ្នា​ដែរ។ ពួក​គេ​បោក​បញ្ឆោត​គ្នា​ទៅ​វិញ​ទៅ​មក គ្មាន​នរណា​និយាយ​ការ​ពិត​ទេ ពួក​គេ​បង្ហាត់​អណ្ដាត​របស់​ខ្លួន​ឲ្យ ពោល​ពាក្យ​ភូត‌ភរ ហើយ​ពួក​គេ​លះ‌បង់​អំពើ​បាប​ពុំ​បាន​ឡើយ។ ពួក​គេ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ផ្ទួនៗ​គ្នា ហើយ​បោក​បញ្ឆោត​មិន​ឈប់​ឈរ ពួក​គេ​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​យើង» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។