យេរេមា 9:1-6
យេរេមា 9:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱប្រសិនបើក្បាលខ្ញុំពេញដោយទឹក ហើយភ្នែកខ្ញុំជារន្ធចេញទឹកជានិច្ច ដើម្បីឲ្យខ្ញុំបានយំទាំងយប់ទាំងថ្ងៃ ពីដំណើរពួកអ្នកដែលត្រូវគេសម្លាប់ ក្នុងកូនស្រីនៃសាសន៍ខ្ញុំ ឱបើខ្ញុំមានទីស្នាក់អាស្រ័យនៅទីរហោស្ថាន ជាទីសំណាក់របស់អ្នកដំណើរ ដើម្បីឲ្យខ្ញុំបានលះបង់សាសន៍របស់ខ្ញុំ ហើយឃ្លាតចេញពីគេទៅ ដ្បិតគេសុទ្ធតែជាពួកកំផិត គឺជាជំនុំមនុស្សក្បត់។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ គេដំឡើងអណ្ដាតដូចជាធ្នូ សម្រាប់ពាក្យភូតភរ ហើយគេបានចម្រើនកម្លាំងនៅក្នុងស្រុកផង តែមិនមែនសម្រាប់សេចក្ដីពិតត្រង់ទេ ដ្បិតគេចេះតែប្រព្រឹត្តអំពើអាក្រក់មួយហើយមួយទៀត ហើយគេមិនស្គាល់យើងទេ។ ចូរឲ្យគ្រប់គ្នាប្រុងប្រយ័ត្នចំពោះអ្នកជិតខាងខ្លួន កុំទុកចិត្តនឹងបងប្អូនណាមួយឡើយ ដ្បិតគ្រប់ទាំងបងប្អូននឹងដណ្ដើមយក ប្រយោជន៍អស់រលីង ហើយគ្រប់ទាំងអ្នកជិតខាង នឹងដើរទៅមកនិយាយមួលបង្កាច់គេ។ គ្រប់គ្នានឹងបព្ឆោាតអ្នកជិតខាងខ្លួន ហើយមិនព្រមពោលសេចក្ដីពិតទេ គេបានបង្វឹកអណ្ដាតឲ្យកុហក គេខំអស់ពីចិត្តនឹងប្រព្រឹត្តអាក្រក់។ គេសង្កត់សង្កិន និងបោកបព្ឆោាតម្ដងហើយម្ដងទៀត គេមិនព្រមស្គាល់យើងឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
យេរេមា 9:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើខ្ញុំសម្បូណ៌ទឹកភ្នែក ហើយទឹកភ្នែកខ្ញុំអាចហូរដូចទឹកទន្លេ ម៉្លេះសមខ្ញុំយំទាំងថ្ងៃទាំងយប់ ស្រណោះសាកសពប្រជាជនរបស់ខ្ញុំ។ ប្រសិនបើមាននរណាឲ្យខ្ទមមួយ ដែលជាជម្រកសម្រាប់អ្នកដំណើរ នៅវាលរហោស្ថានមកខ្ញុំ នោះខ្ញុំនឹងបោះបង់ចោលប្រជាជនរបស់ខ្ញុំ ខ្ញុំនឹងទៅនៅយ៉ាងឆ្ងាយពីពួកគេ ដ្បិតប្រជាជននេះសុទ្ធតែជាមនុស្សផិតក្បត់ ពួកគេក្បត់ព្រះជាម្ចាស់ទាំងអស់គ្នា។ «អណ្ដាតរបស់គេប្រៀបបាននឹងធ្នូ ដែលគេយឹតបម្រុងនឹងបាញ់។ គេមានអំណាចនៅក្នុងស្រុក មិនមែនដោយសារសេចក្ដីពិតទេ តែមកពីការកុហក ពួកគេប្រព្រឹត្តអំពើអាក្រក់ផ្ទួនៗគ្នា ហើយពួកគេពុំស្គាល់យើងឡើយ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ «ម្នាក់ៗត្រូវប្រយ័ត្ននឹងមិត្តសម្លាញ់ ហើយមិនត្រូវទុកចិត្តបងប្អូនរបស់ខ្លួនឡើយ ដ្បិតបងប្អូនពូកែបោកប្រាស់គ្នាឯង ហើយមិត្តសម្លាញ់ក៏ពូកែមួលបង្កាច់គ្នាដែរ។ ពួកគេបោកបញ្ឆោតគ្នាទៅវិញទៅមក គ្មាននរណានិយាយការពិតទេ ពួកគេបង្ហាត់អណ្ដាតរបស់ខ្លួនឲ្យ ពោលពាក្យភូតភរ ហើយពួកគេលះបង់អំពើបាបពុំបានឡើយ។ ពួកគេប្រព្រឹត្តអំពើឃោរឃៅផ្ទួនៗគ្នា ហើយបោកបញ្ឆោតមិនឈប់ឈរ ពួកគេបដិសេធមិនព្រមទទួលស្គាល់យើង» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
យេរេមា 9:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱបើសិនជាក្បាលខ្ញុំពេញដោយទឹក ហើយភ្នែកខ្ញុំជារន្ធចេញទឹកជានិច្ចទៅអេះ ដើម្បីឲ្យខ្ញុំបានយំទាំងយប់ទាំងថ្ងៃ ពីដំណើរពួកអ្នកដែលត្រូវគេសំឡាប់ ក្នុងកូនស្រីនៃសាសន៍ខ្ញុំ ឱបើខ្ញុំមានទីស្នាក់អាស្រ័យនៅទីរហោស្ថាន ជាទីសំណាក់របស់អ្នកដំណើរទៅអេះ ដើម្បីឲ្យខ្ញុំបានលះបង់សាសន៍របស់ខ្ញុំ ហើយឃ្លាតចេញពីគេទៅ ដ្បិតគេសុទ្ធតែជាពួកកំផិត គឺជាជំនុំមនុស្សក្បត់ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គេដំឡើងអណ្តាតដូចជាធ្នូ សំរាប់ពាក្យភូតភរ ហើយគេបានចំរើនកំឡាំងនៅក្នុងស្រុកផង តែមិនមែនសំរាប់សេចក្ដីពិតត្រង់ទេ ដ្បិតគេចេះតែជឿនពីអំពើអាក្រក់១ ទៅដល់អំពើអាក្រក់១ទៀត ហើយគេមិនស្គាល់អញទេ ចូរឲ្យគ្រប់គ្នាប្រុងប្រយ័តចំពោះអ្នកជិតខាងខ្លួន កុំឲ្យទុកចិត្តនឹងបងប្អូនណាមួយឡើយ ដ្បិតគ្រប់ទាំងបងប្អូននឹងដណ្តើមយកប្រយោជន៍អស់រលីង ហើយគ្រប់ទាំងអ្នកជិតខាងនឹងដើរទៅមកនិយាយបង្កាច់បង្កិនគេ គ្រប់គ្នានឹងបញ្ឆោតអ្នកជិតខាងខ្លួន ហើយមិនព្រមពោលសេចក្ដីពិតទេ គេបានបង្វឹកអណ្តាតឲ្យកុហក គេខំអស់ពីចិត្តនឹងប្រព្រឹត្តអាក្រក់ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ទីលំនៅរបស់ឯង នោះនៅកណ្តាលសេចក្ដីប្រវ័ញ្ចបញ្ឆោត ដោយព្រោះសេចក្ដីប្រវ័ញ្ចបញ្ឆោតនោះ បានជាគេមិនព្រមស្គាល់អញឡើយ។