«ចូរយកដំណឹងនេះទៅប្រកាសនៅស្រុកយូដា ចូរនាំដំណឹងនេះទៅប្រាប់ក្រុងយេរូសាឡឹម ចូរស្រែកប្រកាស ចូរផ្លុំស្នែងនៅក្នុងស្រុក ហើយស្រែកឲ្យអស់ទំហឹងថា: “ចូរប្រមែប្រមូលគ្នាមក យើងនឹងចូលទៅក្នុង ក្រុងទាំងឡាយដែលមានកំពែងរឹងមាំ!” ចូរលើកទង់សញ្ញាប្រាប់អ្នកក្រុងស៊ីយ៉ូន ចូរនាំគ្នារត់ទៅរកកន្លែងពួន កុំបង្អែបង្អង់ឲ្យសោះ! ដ្បិតយើងនឹងធ្វើឲ្យគ្រោះកាច ចេញមកពីទិសខាងជើង បណ្ដាលឲ្យមានមហន្តរាយយ៉ាងធ្ងន់ធ្ងរ។ សត្វតោលោតចេញពីរូងរបស់វាហើយ មេបំផ្លាញប្រជាជាតិនានាកំពុងតែចាកចេញ ពីកន្លែងរបស់ខ្លួន ដើម្បីកម្ទេចស្រុករបស់អ្នក ក្រុងទាំងឡាយរបស់អ្នកនឹងត្រូវវិនាសអន្តរាយ លែងមានប្រជាជនរស់នៅទៀតហើយ។ ហេតុនេះ ចូរនាំគ្នាស្លៀកបាវកាន់ទុក្ខ ចូរគក់ទ្រូងយំសោកសង្រេង ដ្បិតព្រះអម្ចាស់នឹងមិនបំបែរព្រះពិរោធ ដ៏ខ្លាំងក្លាចេញពីយើងឡើយ។ ព្រះអម្ចាស់មានព្រះបន្ទូលថា នៅថ្ងៃនោះ ស្ដេច និងនាម៉ឺនមុខជាបាក់ទឹកចិត្ត ក្រុមបូជាចារ្យនឹងតក់ស្លុត ក្រុមព្យាការីនឹងស្រឡាំងកាំង។ គេនឹងពោលថា “ឱព្រះជាអម្ចាស់អើយ! ព្រះអង្គបានបញ្ឆោតទាំងប្រជាជន ទាំងក្រុងយេរូសាឡឹម គឺព្រះអង្គសន្យាថាក្រុងនេះនឹងបានសុខសាន្ត ប៉ុន្តែ ឥឡូវនេះ បែរជាមានខ្មាំងយកដាវ ភ្ជង់ករបស់យើងទៅវិញ!”»។ នៅគ្រានោះ ព្រះអម្ចាស់នឹងមានព្រះបន្ទូល មកកាន់ប្រជាជននៅក្រុងយេរូសាឡឹមថា: «មានខ្យល់ក្ដៅបក់ពីទីខ្ពស់ៗនៃវាលរហោស្ថាន មកលើប្រជាជនរបស់យើង។ ខ្យល់នោះមិនមែនបក់សម្រាប់រោយស្រូវទេ គឺជាខ្យល់កំបុតត្បូងដែលបក់បោក តាមបញ្ជារបស់យើង។ ឥឡូវនេះ ដល់ពេលយើងប្រកាសកាត់ទោស ពួកគេហើយ»។ មើល៍! ខ្មាំងសត្រូវនាំគ្នាមកដូចពពកខ្មៅងងឹត រទេះចម្បាំងរបស់គេប្រៀបបាននឹងព្យុះសង្ឃរា ទ័ពសេះរបស់គេបោលលឿនជាងសត្វឥន្ទ្រី។ យើងខ្ញុំត្រូវវេទនាហើយ យើងខ្ញុំនឹងវិនាសអន្តរាយជាមិនខាន! ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យេរូសាឡឹមអើយ! ចូរជម្រះអំពើអាក្រក់ចេញពីចិត្តរបស់អ្នក ដើម្បីទទួលការសង្គ្រោះ! តើអ្នកទុកឲ្យគំនិតអាស្រូវនេះ នៅក្នុងខ្លួនអ្នកដល់កាលណាទៀត? ដ្បិតមានដំណឹងមួយលេចឮពីក្រុងដាន់ និងតំបន់ភ្នំអេប្រាអ៊ីម ស្ដីអំពីមហន្តរាយដែលនឹងកើតមាន។ ចូរប្រកាសប្រាប់ប្រជាជាតិទាំងឡាយ ចូរប្រាប់ឲ្យអ្នកក្រុងយេរូសាឡឹមដឹងថា ខ្មាំងសត្រូវពីស្រុកឆ្ងាយកំពុងតែមកដល់ ពួកគេស្រែកហ៊ោ ប្រកាសសង្គ្រាមនឹងក្រុងនានានៅស្រុកយូដា។ ពួកគេឡោមព័ទ្ធក្រុងយេរូសាឡឹម ដូចអ្នកយាមនៅជុំវិញចម្ការមួយ ព្រោះអ្នកក្រុងបានបះបោរប្រឆាំងនឹងយើង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ហេតុការណ៍ដែលកើតមានដល់អ្នក ជាលទ្ធផលនៃគំនិត និងអំពើអាក្រក់របស់អ្នក ទុក្ខវេទនានេះធ្វើឲ្យអ្នកឈឺចាប់ រហូតដល់ជម្រៅចិត្ត»។ ខ្ញុំឈឺចុកចាប់ក្នុងឱរា ចិត្តខ្ញុំប្រេះឆាពន់ប្រមាណ ចិត្តខ្ញុំអន្ទះសា ពុំអាចនៅស្ងៀមបានឡើយ ដ្បិតខ្ញុំឮសំឡេងត្រែ និងសម្រែកប្រកាសប្រយុទ្ធ។ ខ្មាំងបំផ្លាញក្រុងទាំងឡាយបន្តបន្ទាប់គ្នា ស្រុកទេសទាំងមូលត្រូវវិនាសអន្តរាយ ផ្ទះសំបែង និងទីជម្រករបស់ខ្ញុំ ត្រូវវិនាសបាត់បង់តែក្នុងមួយប៉ប្រិចភ្នែក។ តើខ្ញុំត្រូវឃើញទង់សង្គ្រាមនេះដល់កាលណា? តើខ្ញុំត្រូវឮសំឡេងត្រែដល់កាលណាទៀត? ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ប្រជាជនរបស់យើងល្ងីល្ងើណាស់ គេមិនស្គាល់យើងទេ ពួកគេសុទ្ធតែជាក្មេងឆោតល្ងង់ ឥតប្រាជ្ញា គឺពួកគេឆ្លាតតែខាងប្រព្រឹត្តអំពើអាក្រក់ តែមិនចេះធ្វើអំពើល្អឡើយ»។ ខ្ញុំមើលទៅផែនដី ឃើញផែនដីគ្មានរូបរាង និងនៅទទេ ខ្ញុំមើលទៅលើមេឃ តែពុំឃើញមានពន្លឺអ្វីសោះ។ ខ្ញុំមើលទៅភ្នំទាំងឡាយ ឃើញភ្នំទាំងនោះកក្រើករំពើក រីឯភ្នំតូចៗទាំងប៉ុន្មានក៏រញ្ជួយដែរ។ ខ្ញុំសម្លឹងមើលទៅ ពុំឃើញមានមនុស្សទេ សូម្បីតែសត្វស្លាបដែលហើរនៅលើមេឃ ក៏ចាកចេញបាត់អស់ទៅដែរ។ ខ្ញុំសម្លឹងមើលឃើញទឹកដីដែលធ្លាប់តែមាន ដំណាំដាំដុះ ក្លាយជាវាលរហោស្ថាន ក្រុងទាំងប៉ុន្មានត្រូវឆេះខ្ទេចខ្ទីអស់ ព្រោះតែព្រះពិរោធដ៏ខ្លាំងរបស់ព្រះអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ស្រុកនេះទាំងមូលនឹងត្រូវអន្តរាយ ប៉ុន្តែ យើងមិនកម្ទេចឲ្យវិនាសសូន្យ ទាំងស្រុងទេ។ ហេតុនេះហើយបានជាផែនដីកាន់ទុក្ខ ផ្ទៃមេឃដែលនៅខាងលើក៏ងងឹតសូន្យសុងដែរ ដ្បិតយើងបានសម្រេចតាមគម្រោងការរបស់យើង យើងមិនសោកស្ដាយ ឬដូរគំនិតឡើយ»។ «ពេលឮសន្ធឹកទ័ពសេះ និងទ័ពបាញ់ព្រួញ ប្រជាជនក្នុងទីក្រុងទាំងមូលនាំគ្នារត់ភៀសខ្លួន គេចូលទៅពួននៅតាមគុម្ពោតព្រៃ គេឡើងទៅពួននៅតាមថ្មភ្នំ ទីក្រុងទាំងមូលត្រូវគេបោះបង់ចោល ឥតមាននៅសល់នរណាម្នាក់សោះ។ យេរូសាឡឹមអើយ ហេតុអ្វីបានជានាងនៅតែតុបតែងខ្លួន ពាក់គ្រឿងអលង្ការធ្វើពីមាស និងលាបត្របកភ្នែក? នាងខំតែងខ្លួនដូច្នេះ ឥតប្រយោជន៍ទេ អស់អ្នកដែលចង់រួមរ័កជាមួយនាងកាលពីមុន បែរជាមើលងាយ និងរកសម្លាប់នាងទៅវិញ។ យើងឮសំឡេងថ្ងូរដូចសំឡេងរបស់ស្ត្រី ដែលហៀបនឹងសម្រាលកូន ជាសំឡេងឈឺចុកចាប់ដូចស្ត្រីកូនដំបូង គឺសំឡេងថ្ងូររបស់ប្រជាជនក្រុងស៊ីយ៉ូន ដែលលើកដៃប្រណម្យរកគេជួយ ដោយពោលថា “ខ្ញុំវេទនាណាស់! ខ្ញុំមុខជាស្លាប់ក្នុងកណ្ដាប់ដៃពេជ្ឈឃាត!”»។
អាន យេរេមា 4
ស្ដាប់នូវ យេរេមា 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យេរេមា 4:5-31
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ