យេរេមា 4:5-31

យេរេមា 4:5-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ថ្លែង​ប្រាប់​នៅ​ស្រុក​យូដា ហើយ​ប្រកាស​ប្រាប់​នៅ​ក្រុង​យេរូ‌សាឡិម ដោយ​ពាក្យ​ថា ចូរ​ផ្លុំ​ត្រែ​នៅ​ក្នុង​ស្រុក ចូរ​ស្រែក​ឡើង​ជា​ខ្លាំង​ថា ចូរ​មូល​គ្នា​មក យើង​ចូល​ទៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​មាន​បន្ទាយ។ ចូរ​លើក​ទង់​ឡើង​នៅ​ខាង​ក្រុង​ស៊ីយ៉ូន ត្រូវ​រត់​ទៅ កុំ​បង្អង់​ឡើយ ព្រោះ​យើង​នឹង​នាំ​សេចក្ដី​អាក្រក់​មក​ពី​ទិស​ខាង​ជើង ព្រម​ទាំង​ការ​បំផ្លាញ​យ៉ាង​ធំ​ផង។ មាន​សត្វ​សិង្ហ​មួយ​បាន​ឡើង​ចេញ​ពី​ព្រៃ​ស្តុក​របស់​វា​មក ជា​មេ​បំផ្លាញ​នគរ​ផ្សេងៗ វា​កំពុង​តែ​មក​តាម​ផ្លូវ វា​បាន​ចេញ​ពី​កន្លែង​របស់​វា​មក​ហើយ ដើម្បី​នឹង​បំផ្លាញ​ស្រុក​អ្នក ហើយ​ឲ្យ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក ត្រូវ​បែក​បាក់ ចោល​ឥត​មាន​អ្នក​ណា​នៅ។ ហេតុ​នេះ ចូរ​អ្នក​រាល់​គ្នា​ស្លៀក​សំពត់​ធ្មៃ ព្រម​ទាំង​ទួញ​ទំនួញ ហើយ​ទ្រហោ​យំ​ចុះ ដ្បិត​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា មិន​បាន​បែរ​ចេញ​ពី​យើង​រាល់​គ្នា​ទេ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​នោះ ព្រះ‌ហឫ‌ទ័យ​នៃ​ស្តេច និង​ចិត្ត​របស់​ពួក​ចៅ‌ហ្វាយ នឹង​រលត់​សូន្យ​ទៅ ឯ​ពួក​សង្ឃ​នឹង​ស្រឡាំង‌កាំង ហើយ​ពួក​ហោរា​នឹក​ប្លែក​ដែរ។ ខ្ញុំ​បាន​ទូល​ថា "ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ ពិត​ប្រាកដ​ជា​ព្រះ‌អង្គ​បាន​បព្ឆោត​ជន​ជាតិ​នេះ ព្រម​ទាំង​ក្រុង​យេរូ‌សាឡិម​ជា​ខ្លាំង​ហើយ ដោយ​ព្រះ‌បន្ទូល​ថា នឹង​មាន​សេចក្ដី​សុខ​ដល់​អ្នក​រាល់​គ្នា តែ​មាន​ដាវ​លូក​មក​រក​ជីវិត​គេ​វិញ"។ នៅ​គ្រា​នោះ​នឹង​មាន​សេចក្ដី​ប្រាប់​ដល់​ជន​ជាតិ​នេះ ហើយ​ដល់​ក្រុង​យេរូ‌សាឡិម​ថា មាន​ខ្យល់​ក្តៅ​បក់​មក​ពី​ទី​ខ្ពស់​ត្រងិល​នៅ​ទី​រហោ‌ស្ថាន ទៅ​ខាង​កូន​ស្រី​របស់​ប្រជា‌រាស្ត្រ​យើង មិន​មែន​សម្រាប់​រោយ​ស្រូវ​ទេ ក៏​មិន​មែន​សម្រាប់​សម្អាត​ដែរ។ គឺ​ជា​ខ្យល់​ពេញ​កម្លាំង​នឹង​មក​ជំនួស​យើង ឥឡូវ​នេះ យើង​នឹង​សម្រេច​ទោស​ដល់​គេ។ មើល៍! អ្នក​នោះ​នឹង​ឡើង​មក​ដូច​ជា​ពពក ហើយ​រទេះ​ចម្បាំង​របស់​គេ នឹង​ដូច​ជា​ខ្យល់​កួច ឯ​សេះ​របស់​គេ​ក៏​លឿន​ជាង​សត្វ​ឥន្ទ្រី វរ​ហើយ​យើង ដ្បិត​យើង​ត្រូវ​វិនាស​ហើយ។ ឱ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​លាង​ចិត្ត​អ្នក​ឲ្យ​ជ្រះ​ចេញ​ពី​អំពើ​ទុច្ចរិត ដើម្បី​ឲ្យ​អ្នក​បាន​សង្គ្រោះ តើ​គំនិត​អាក្រក់​នឹង​ចេះ​តែ​នៅ​ជាប់​ក្នុង​ចិត្ត​ខ្លួន ដល់​កាល​ណា​ទៀត។ ដ្បិត​មាន​សំឡេង​មួយ​បន្លឺ​ចេញ​ពី​ស្រុក​ដាន់ ក៏​ចេញ​ពី​ស្រុក​ភ្នំ​អេប្រាអិម មក​ប្រកាស​ពី​ការ​អាក្រក់។ ចូរ​ដំណាល​ប្រាប់​ដល់​អស់​ទាំង​សាសន៍​ឲ្យ​ដឹង។ ចូរ​ប្រកាស​ប្រាប់​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម​ថា មាន​ពួក​ទ័ព​កំពុង​តែ​មក​ពី​ស្រុក​ឆ្ងាយ ដើម្បី​ឡោម‌ព័ទ្ធ​អ្នក គេ​ស្រែក​ទាស់​នឹង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន គេ​នៅ​ព័ទ្ធ​ជុំ‌វិញ​ទី​ក្រុង ដូច​ជា​ពួក​រក្សា​ចម្ការ ពី​ព្រោះ​ពួក​ក្រុង​បាន​បះ‌បោរ​នឹង​យើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ គឺ​ជា​ផ្លូវ​ដែល​អ្នក​ប្រព្រឹត្ត និង​អំពើ​របស់​អ្នក ដែល​បាន​នាំ​ការ​ទាំង​នេះ​មក​លើ​អ្នក នេះ​គឺ​ជា​សំណង​នៃ​អំពើ​ទុច្ចរិត​របស់​អ្នក ពិត​ប្រាកដ​ជា​ជូរ​ចត់​ណាស់ ព្រោះ​ការ​នេះ​លូក​មក​ប៉ះ‌ពាល់​ដល់​ចិត្ត​អ្នក​ហើយ។ ឱ​ពោះ​ខ្ញុំ ពោះ​ខ្ញុំ​អើយ ខ្ញុំ​មាន​ការ​ឈឺ​ចាប់​នៅ​ក្នុង​ចិត្ត បេះ‌ដូង​ខ្ញុំ​ប្រដំ​នៅ​ក្នុង​ខ្លួន ខ្ញុំ​នៅ​ស្ងៀម​មិន​បាន​ទេ ដ្បិត​ខ្ញុំ បាន​ឮ​សូរ​ត្រែ ជា​សូរ​អឺង‌កង​នៃ​ចម្បាំង​ហើយ។ គេ​ស្រែក​តឿន​គ្នា​ឲ្យ​បំផ្លាញ​ខ្ជាន់​លើការ​បំផ្លាញ ព្រោះ​ស្រុក​ទាំង​មូល​ត្រូវ​ខូច​អស់​ហើយ ទី​ស្នាក់​អាស្រ័យ​របស់​ខ្ញុំ​ក៏​ខូច និង​ជម្រក​របស់​ខ្ញុំ​ក៏​ត្រូវបំផ្លាញអស់​ភ្លាម​ៗដែរ។ តើ​ត្រូវ​ឲ្យ​ខ្ញុំ​មើល​ឃើញ​ទង់​ជ័យ ហើយ​ឮ​សូរ​ត្រែ​ដល់​កាល​ណា​ទៀត? ពិត​ប្រាកដ​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ល្ងី‌ល្ងើ គេ​មិន​ស្គាល់​យើង​សោះ គេ​សុទ្ធ​តែ​ជា​កូន​វង្វេង‌វង្វាន់ ឥត​មាន​យោបល់​ឡើយ គេ​មាន​ប្រាជ្ញា​ខាង​ឯ​ផ្លូវ​ប្រព្រឹត្ត​អាក្រក់ តែ​គ្មាន​ចំណេះ​ខាង​ឯ​ការ​ល្អ​សោះ។ ខ្ញុំ​បាន​ពិចារណា​មើល​ផែនដី ឃើញ​ថា​ខូច ហើយ​នៅ​ទទេ រួច​មើល​ទៅ​លើ​មេឃ ក៏​ឥត​មាន​ពន្លឺ​ដែរ។ ខ្ញុំ​ក្រឡេក​មើល​ទៅ​ភ្នំ​ធំ ឃើញ​ថា​ញ័រ​ទាំង​អស់ ហើយ​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ក៏​កក្រើក​រញ្ជួយ។ ខ្ញុំ​ពិចារណា​មើល​ឃើញ​ថា គ្មាន​មនុស្ស​ណា​ទៀត​សោះ អស់​ទាំង​សត្វ​ហើរ​លើ​អាកាស​បាន​ហើរ​ទៅ​បាត់​ហើយ រួច​ខ្ញុំ​ក៏​មើល​ទៅ​ឃើញ​ដី​ដុះ‌ដាល បាន​ត្រឡប់​ជា​វាល​ស្ងាត់ ហើយ​អស់​ទាំង​ទី​ក្រុង​ក៏​ត្រូវ​រលំ​ចុះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ចំពោះ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ។ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ស្រុក​ទាំង​មូល​នឹង​ត្រូវ​ខូច‌បង់ ប៉ុន្តែ យើង​មិន​បំផ្លាញ​អស់​រលីង​ទេ ដោយ​ហេតុ​ការ​ទាំង​នេះ ផែនដី​នឹង​យំ​សោក ហើយ​មេឃ​ខាង​លើ​នឹង​ទៅ​ជា​ខ្មៅ ពី​ព្រោះ​យើង​បាន​ចេញ​វាចា យើង​បាន​គិត​សម្រេច​ការ​នេះ​ហើយ យើង​នឹង​មិន​ប្រែ​ចិត្ត ឬ​បែរ​ចេញ​ពី​ការ​នេះ​ឡើយ បណ្ដា​មនុស្ស​នៅ​ទី​ក្រុង​ទាំង​ប៉ុន្មាន​រត់​ទៅ ដោយ​ព្រោះ​សូរ​ពល​សេះ និង​ពល​ធ្នូ គេ​ចូល​ទៅ​ក្នុងព្រៃ​ស្តុក ហើយ​ឡើង​ទៅ​លើ​ថ្ម​ដា ទី​ក្រុង​ទាំង‌ឡាយ​ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​នៅ​ឡើយ ឯ​អ្នក កាល​ណា​អ្នក​ត្រូវ​ខូច‌បង់​ហើយ តើ​អ្នក​នឹង​ធ្វើ​ដូច​ម្តេច? ទោះ​បើ​អ្នក​ស្លៀក​ពាក់​ពណ៌​ក្រហម ហើយ​តែង​ខ្លួន​ដោយ​គ្រឿង​មាស ទាំង​ផាត់​រង្វង់​ភ្នែក​អ្នក​ដោយ​ថ្នាំ​ក៏​ដោយ តែ​អ្នក​ខំ​ធ្វើ​ខ្លួន​ឲ្យ​ល្អ​មើល​នោះ​ជា​ឥត​ប្រយោជន៍​ទេ។ ពួក​សហាយ​របស់​អ្នក គេ​ស្អប់​ខ្ពើម​អ្នក​ហើយ ក៏​រក​សម្លាប់​អ្នក​ទៀត។ ដ្បិត​ខ្ញុំ​បាន​ឮ​សំឡេង​មួយ ដូច​ជា​សំឡេង​របស់​ស្រី ដែល​ឈឺ​ហៀប​សម្រាល​កូន ជា​សេចក្ដី​ព្រួយ​បារម្ភ​របស់​ស្រី ដែល​សម្រាល​កូន​ជា​ដំបូង គឺ​ជា​សំឡេង​កូន​ស្រី​ស៊ីយ៉ូន ដែល​ដក​ដង្ហើម​ថ្ងូរ ហើយ​ស្រងាក​ដៃ ដោយ​ថា "វរ​ហើយ​ខ្ញុំ ដ្បិត​ព្រលឹង​ខ្ញុំ​ល្វើយ​ណាស់ នៅ​ចំពោះ​ពួក​កាប់​សម្លាប់​នេះ"»។

ចែក​រំលែក
អាន យេរេមា 4

យេរេមា 4:5-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ចូរ​យក​ដំណឹង​នេះ​ទៅ​ប្រកាស​នៅ​ស្រុក​យូដា ចូរ​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​ក្រុង​យេរូ‌សាឡឹម ចូរ​ស្រែក​ប្រកាស ចូរ​ផ្លុំ​ស្នែង​នៅ​ក្នុង​ស្រុក ហើយ​ស្រែក​ឲ្យ​អស់​ទំហឹង​ថា: “ចូរ​ប្រមែ‌ប្រមូល​គ្នា​មក យើង​នឹង​ចូល​ទៅ​ក្នុង ក្រុង​ទាំង‌ឡាយ​ដែល​មាន​កំពែង​រឹង‌មាំ!” ចូរ​លើក​ទង់​សញ្ញា​ប្រាប់​អ្នក​ក្រុង​ស៊ីយ៉ូន ចូរ​នាំ​គ្នា​រត់​ទៅ​រក​កន្លែង​ពួន កុំ​បង្អែ‌បង្អង់​ឲ្យ​សោះ! ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច ចេញ​មក​ពី​ទិស​ខាង​ជើង បណ្ដាល​ឲ្យ​មាន​មហន្ត‌រាយ​យ៉ាង​ធ្ងន់‌ធ្ងរ។ សត្វ​តោ​លោត​ចេញ​ពី​រូង​របស់​វា​ហើយ មេ​បំផ្លាញ​ប្រជា‌ជាតិ​នានា​កំពុង​តែ​ចាក​ចេញ ពី​កន្លែង​របស់​ខ្លួន ដើម្បី​កម្ទេច​ស្រុក​របស់​អ្នក ក្រុង​ទាំង‌ឡាយ​របស់​អ្នក​នឹង​ត្រូវ​វិនាស​អន្តរាយ លែង​មាន​ប្រជា‌ជន​រស់​នៅ​ទៀត​ហើយ។ ហេតុ​នេះ ចូរ​នាំ​គ្នា​ស្លៀក​បាវ​កាន់​ទុក្ខ ចូរ​គក់​ទ្រូង​យំ​សោក​សង្រេង ដ្បិត​ព្រះ‌អម្ចាស់​នឹង​មិន​បំបែរ​ព្រះ‌ពិរោធ ដ៏​ខ្លាំង​ក្លា​ចេញ​ពី​យើង​ឡើយ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ ស្ដេច និង​នាម៉ឺន​មុខ​ជា​បាក់​ទឹក​ចិត្ត ក្រុម​បូជា‌ចារ្យ​នឹង​តក់‌ស្លុត ក្រុម​ព្យាការី​នឹង​ស្រឡាំង‌កាំង។ គេ​នឹង​ពោល​ថា “ឱ​ព្រះជា‌អម្ចាស់​អើយ! ព្រះ‌អង្គ​បាន​បញ្ឆោត​ទាំង​ប្រជា‌ជន ទាំង​ក្រុង​យេរូ‌សាឡឹម គឺ​ព្រះអង្គ​សន្យា​ថា​ក្រុង​នេះ​នឹង​បាន​សុខ‌សាន្ត ប៉ុន្តែ ឥឡូវ​នេះ បែរ​ជា​មាន​ខ្មាំង​យក​ដាវ ភ្ជង់​ក​របស់​យើង​ទៅ​វិញ!”»។ នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​មាន​ព្រះ‌បន្ទូល មក​កាន់​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​ថា: «មាន​ខ្យល់​ក្ដៅ​បក់​ពី​ទី​ខ្ពស់ៗ​នៃ​វាល​រហោ‌ស្ថាន មក​លើ​ប្រជា‌ជន​របស់​យើង។ ខ្យល់​នោះ​មិន​មែន​បក់​សម្រាប់​រោយ​ស្រូវ​ទេ គឺ​ជា​ខ្យល់​កំបុត‌ត្បូង​ដែល​បក់​បោក តាម​បញ្ជា​របស់​យើង។ ឥឡូវ​នេះ ដល់​ពេល​យើង​ប្រកាស​កាត់​ទោស ពួក​គេ​ហើយ»។ មើល៍! ខ្មាំង​សត្រូវ​នាំ​គ្នា​មក​ដូច​ពពក​ខ្មៅ​ងងឹត រទេះ​ចម្បាំង​របស់​គេ​ប្រៀប​បាន​នឹង​ព្យុះ​សង្ឃរា ទ័ព​សេះ​របស់​គេ​បោល​លឿន​ជាង​សត្វ​ឥន្ទ្រី។ យើង​ខ្ញុំ​ត្រូវ​វេទនា​ហើយ យើង​ខ្ញុំ​នឹង​វិនាស​អន្តរាយ​ជា​មិន​ខាន! ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យេរូ‌សាឡឹម​អើយ! ចូរ​ជម្រះ​អំពើ​អាក្រក់​ចេញ​ពី​ចិត្ត​របស់​អ្នក ដើម្បី​ទទួល​ការ​សង្គ្រោះ! តើ​អ្នក​ទុក​ឲ្យ​គំនិត​អាស្រូវ​នេះ នៅ​ក្នុង​ខ្លួន​អ្នក​ដល់​កាល​ណា​ទៀត? ដ្បិត​មាន​ដំណឹង​មួយ​លេច​ឮ​ពី​ក្រុង​ដាន់ និង​តំបន់​ភ្នំ​អេប្រាអ៊ីម ស្ដី​អំពី​មហន្ត‌រាយ​ដែល​នឹង​កើត​មាន។ ចូរ​ប្រកាស​ប្រាប់​ប្រជា‌ជាតិ​ទាំង‌ឡាយ ចូរ​ប្រាប់​ឲ្យ​អ្នក​ក្រុង​យេរូ‌សាឡឹម​ដឹង​ថា ខ្មាំង​សត្រូវ​ពី​ស្រុក​ឆ្ងាយ​កំពុង​តែ​មក​ដល់ ពួក​គេ​ស្រែក​ហ៊ោ ប្រកាស​សង្គ្រាម​នឹង​ក្រុង​នានា​នៅ​ស្រុក​យូដា។ ពួក​គេ​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម ដូច​អ្នក​យាម​នៅ​ជុំ‌វិញ​ចម្ការ​មួយ ព្រោះ​អ្នក​ក្រុង​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ហេតុ‌ការណ៍​ដែល​កើត​មាន​ដល់​អ្នក ជា​លទ្ធ‌ផល​នៃ​គំនិត និង​អំពើ​អាក្រក់​របស់​អ្នក ទុក្ខ​វេទនា​នេះ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់ រហូត​ដល់​ជម្រៅ​ចិត្ត»។ ខ្ញុំ​ឈឺ​ចុក​ចាប់​ក្នុង​ឱរា ចិត្ត​ខ្ញុំ​ប្រេះ‌ឆា​ពន់​ប្រមាណ ចិត្ត​ខ្ញុំ​អន្ទះ‌សា ពុំ​អាច​នៅ​ស្ងៀម​បាន​ឡើយ ដ្បិត​ខ្ញុំ​ឮ​សំឡេង​ត្រែ និង​សម្រែក​ប្រកាស​ប្រយុទ្ធ។ ខ្មាំង​បំផ្លាញ​ក្រុង​ទាំង‌ឡាយ​បន្ត​បន្ទាប់​គ្នា ស្រុក​ទេស​ទាំង​មូល​ត្រូវ​វិនាស​អន្តរាយ ផ្ទះ​សំបែង និង​ទី​ជម្រក​របស់​ខ្ញុំ ត្រូវ​វិនាស​បាត់​បង់​តែ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក។ តើ​ខ្ញុំ​ត្រូវ​ឃើញ​ទង់​សង្គ្រាម​នេះ​ដល់​កាល​ណា? តើ​ខ្ញុំ​ត្រូវ​ឮ​សំឡេង​ត្រែ​ដល់​កាល​ណា​ទៀត? ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រជា‌ជន​របស់​យើង​ល្ងី‌ល្ងើ​ណាស់ គេ​មិន​ស្គាល់​យើង​ទេ ពួក​គេ​សុទ្ធ​តែ​ជា​ក្មេង​ឆោត​ល្ងង់ ឥត​ប្រាជ្ញា គឺ​ពួក​គេ​ឆ្លាត​តែ​ខាង​ប្រព្រឹត្ត​អំពើ​អាក្រក់ តែ​មិន​ចេះ​ធ្វើ​អំពើ​ល្អ​ឡើយ»។ ខ្ញុំ​មើល​ទៅ​ផែនដី ឃើញ​ផែនដី​គ្មាន​រូប​រាង និង​នៅ​ទទេ ខ្ញុំ​មើល​ទៅ​លើ​មេឃ តែ​ពុំ​ឃើញ​មាន​ពន្លឺ​អ្វី​សោះ។ ខ្ញុំ​មើល​ទៅ​ភ្នំ​ទាំង‌ឡាយ ឃើញ​ភ្នំ​ទាំង​នោះ​កក្រើក​រំពើក រីឯ​ភ្នំ​តូចៗ​ទាំង​ប៉ុន្មាន​ក៏​រញ្ជួយ​ដែរ។ ខ្ញុំ​សម្លឹង​មើល​ទៅ ពុំ​ឃើញ​មាន​មនុស្ស​ទេ សូម្បី​តែ​សត្វ​ស្លាប​ដែល​ហើរ​នៅ​លើ​មេឃ ក៏​ចាក​ចេញ​បាត់​អស់​ទៅ​ដែរ។ ខ្ញុំ​សម្លឹង​មើល​ឃើញ​ទឹក​ដី​ដែល​ធ្លាប់​តែ​មាន ដំណាំ​ដាំ​ដុះ ក្លាយ​ជា​វាល​រហោ‌ស្ថាន ក្រុង​ទាំង​ប៉ុន្មាន​ត្រូវ​ឆេះ​ខ្ទេច‌ខ្ទី​អស់ ព្រោះ​តែ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​របស់​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ស្រុក​នេះ​ទាំង​មូល​នឹង​ត្រូវ​អន្តរាយ ប៉ុន្តែ យើង​មិន​កម្ទេច​ឲ្យ​វិនាស​សូន្យ ទាំង​ស្រុង​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ផែនដី​កាន់​ទុក្ខ ផ្ទៃ​មេឃ​ដែល​នៅ​ខាង​លើ​ក៏​ងងឹត​សូន្យ‌សុង​ដែរ ដ្បិត​យើង​បាន​សម្រេច​តាម​គម្រោង‌ការ​របស់​យើង យើង​មិន​សោក​ស្ដាយ ឬ​ដូរ​គំនិត​ឡើយ»។ «ពេល​ឮ​សន្ធឹក​ទ័ព​សេះ និង​ទ័ព​បាញ់​ព្រួញ ប្រជា‌ជន​ក្នុង​ទីក្រុង​ទាំង​មូល​នាំ​គ្នា​រត់​ភៀស​ខ្លួន គេ​ចូល​ទៅ​ពួន​នៅ​តាម​គុម្ពោត​ព្រៃ គេ​ឡើង​ទៅ​ពួន​នៅ​តាម​ថ្ម​ភ្នំ ទីក្រុង​ទាំង​មូល​ត្រូវ​គេ​បោះ​បង់​ចោល ឥត​មាន​នៅ​សល់​នរណា​ម្នាក់​សោះ។ យេរូ‌សាឡឹម​អើយ ហេតុ​អ្វី​បាន​ជា​នាង​នៅ​តែ​តុប‌តែង​ខ្លួន ពាក់​គ្រឿង​អលង្ការ​ធ្វើ​ពី​មាស និង​លាប​ត្របក​ភ្នែក? នាង​ខំ​តែង​ខ្លួន​ដូច្នេះ ឥត​ប្រយោជន៍​ទេ អស់​អ្នក​ដែល​ចង់​រួមរ័ក​ជា​មួយ​នាង​កាល​ពី​មុន បែរ​ជា​មើល‌ងាយ និង​រក​សម្លាប់​នាង​ទៅ​វិញ។ យើង​ឮ​សំឡេង​ថ្ងូរ​ដូច​សំឡេង​របស់​ស្ត្រី ដែល​ហៀប​នឹង​សម្រាល​កូន ជា​សំឡេង​ឈឺ​ចុក​ចាប់​ដូច​ស្ត្រី​កូន​ដំបូង គឺ​សំឡេង​ថ្ងូរ​របស់​ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន ដែល​លើក​ដៃ​ប្រណម្យ​រក​គេ​ជួយ ដោយ​ពោល​ថា “ខ្ញុំ​វេទនា​ណាស់! ខ្ញុំ​មុខ​ជា​ស្លាប់​ក្នុង​កណ្ដាប់​ដៃ​ពេជ្ឈ‌ឃាត!”»។

ចែក​រំលែក
អាន យេរេមា 4

យេរេមា 4:5-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ថ្លែង​ប្រាប់​នៅ​ស្រុក​យូដា ហើយ​ប្រកាស​ប្រាប់​នៅ​ក្រុង​យេរូ‌សាឡិម ដោយ​ពាក្យ​ថា ចូរ​ផ្លុំ​ត្រែ​នៅ​ក្នុង​ស្រុក ចូរ​ស្រែក​ឡើង​ជា​ខ្លាំង​ថា ចូរ​មូល​គ្នា​មក យើង​ចូល​ទៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​មាន​បន្ទាយ​ចុះ ចូរ​លើក​ទង់​ឡើង​នៅ​ខាង​ក្រុង​ស៊ីយ៉ូន ត្រូវ​ឲ្យ​រត់​ទៅ កុំ​បង្អង់​ឡើយ ពី​ព្រោះ​អញ​នឹង​នាំ​សេចក្ដី​អាក្រក់​មក​ពី​ទិស​ខាង​ជើង ព្រម​ទាំង​ការ​បំផ្លាញ​យ៉ាង​ធំ​ផង មាន​សត្វ​សិង្ហ​១​បាន​ឡើង​ចេញ​ពី​ព្រៃ​ស្តុក​របស់​វា​មក ជា​មេ​បំផ្លាញ​នគរ​ផ្សេងៗ វា​កំពុង​តែ​មក​តាម​ផ្លូវ វា​បាន​ចេញ​ពី​កន្លែង​របស់​វា​មក​ហើយ ដើម្បី​នឹង​បំផ្លាញ​ស្រុក​ឯង ហើយ​ឲ្យ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង ត្រូវ​បែក​បាក់​ចោល ឥត​មាន​អ្នក​ណា​នៅ ហេតុ​នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ស្លៀក​សំពត់​ធ្មៃ ព្រម​ទាំង​ទួញ​ទំនួញ ហើយ​ទ្រហោ​យំ​ចុះ ដ្បិត​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា មិន​បាន​បែរ​ចេញ​ពី​យើង​រាល់​គ្នា​ទេ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នៅ​គ្រា​នោះ​ព្រះ‌ទ័យ​នៃ​ស្តេច នឹង​ចិត្ត​របស់​ពួក​ចៅហ្វាយ នឹង​រលត់​សូន្យ​ទៅ ឯ​ពួក​សង្ឃ​នឹង​ស្រឡាំង‌កាំង​នៅ ហើយ​ពួក​ហោរា​នឹង​នឹក​ប្លែក​ដែរ។ នោះ​ខ្ញុំ​បាន​ទូល​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ពិត​ប្រាកដ​ជា​ទ្រង់​បាន​បញ្ឆោត​ជន‌ជាតិ​នេះ ព្រម​ទាំង​ក្រុង​យេរូ‌សាឡិម​ជា​ខ្លាំង​ហើយ ដោយ​បន្ទូល​ថា នឹង​មាន​សេចក្ដី​សុខ​ដល់​ឯង​រាល់​គ្នា តែ​មាន​ដាវ​លូក​មក​រក​ជីវិត​គេ​វិញ។ នៅ​គ្រា​នោះ នឹង​មាន​សេចក្ដី​ប្រាប់​ដល់​ជន‌ជាតិ​នេះ ហើយ​ដល់​ក្រុង​យេរូ‌សាឡិម​ថា មាន​ខ្យល់​ក្តៅ​បក់​មក​ពី​ទី​ខ្ពស់​ត្រងិល​នៅ​ទី​រហោ‌ស្ថាន ទៅ​ខាង​កូន​ស្រី​របស់​រាស្ត្រ​អញ មិន​មែន​សំរាប់​រោយ​ស្រូវ​ទេ ក៏​មិន​មែន​សំរាប់​សំអាត​ដែរ គឺ​ជា​ខ្យល់​ពេញ​កំឡាំង​នឹង​មក​ជំនួស​អញ ឥឡូវ​នេះ អញ​នឹង​សំរេច​ទោស​ដល់​គេ មើល អ្នក​នោះ​នឹង​ឡើង​មក​ដូច​ជា​ពពក ហើយ​រទេះ​ចំបាំង​របស់​គេ នឹង​ដូច​ជា​ខ្យល់​កួច ឯ​សេះ​របស់​គេ​ក៏​លឿន​ជាង​សត្វ​ឥន្ទ្រី វរ‌ហើយ​យើង ដ្បិត​យើង​ត្រូវ​វិនាស​ហើយ ឱ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​លាង​ចិត្ត​ឯង​ឲ្យ​ជ្រះ​ចេញ​ពី​សេចក្ដី​ទុច្ចរិត​ចុះ ដើម្បី​ឲ្យ​ឯង​បាន​សង្គ្រោះ តើ​គំនិត​អាក្រក់​នឹង​ចេះ​តែ​នៅ​ជាប់​ក្នុង​ចិត្ត​ខ្លួន​ដល់​កាល​ណា​ទៀត ដ្បិត​មាន​សំឡេង​១​បន្លឺ​ចេញ​ពី​ស្រុក​ដាន់ ក៏​ចេញ​ពី​ស្រុក​ភ្នំ​អេប្រា‌អិម​មក​ប្រកាស​ពី​ការ​អាក្រក់ ចូរ​ដំណាល​ប្រាប់​ដល់​អស់​ទាំង​សាសន៍​ឲ្យ​ដឹង នែ ចូរ​ប្រកាស​ប្រាប់​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម​ថា មាន​ពួក​ទ័ព​កំពុង​តែ​មក​ពី​ស្រុក​ឆ្ងាយ ដើម្បី​ឡោម‌ព័ទ្ធ​ឯង គេ​ស្រែក​ទាស់​នឹង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន គេ​នៅ​ព័ទ្ធ​ជុំវិញ​ទី​ក្រុង ដូច​ជា​ពួក​រក្សា​ចំការ ពី​ព្រោះ​ពួក​ក្រុង​បាន​បះ‌បោរ​នឹង​អញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា គឺ​ជា​ផ្លូវ​ដែល​ឯង​ប្រព្រឹត្ត នឹង​អំពើ​របស់​ឯង ដែល​បាន​នាំ​ការ​ទាំង​នេះ​មក​លើ​ឯង នេះ​គឺ​ជា​សំណង​នៃ​អំពើ​ទុច្ចរិត​របស់​ឯង ពិត​ប្រាកដ​ជា​ជូរ​ចត់​ណាស់ ពី​ព្រោះ​ការ​នេះ​លូក​មក​ប៉ះ‌ពាល់​ដល់​ចិត្ត​ឯង​ហើយ។ ឱ​ពោះ​ខ្ញុំ ពោះ​ខ្ញុំ​អើយ ខ្ញុំ​មាន​សេចក្ដី​ឈឺ‌ចាប់​នៅ​ក្នុង​ចិត្ត បេះ‌ដូង​ខ្ញុំ​ប្រដំ​នៅ​ក្នុង​ខ្លួន ខ្ញុំ​នៅ​ស្ងៀម​មិន​បាន​ទេ ដ្បិត​ឱ​ព្រលឹង​អញ​អើយ ឯង​បាន​ឮ​សូរ​ត្រែ ជា​សូរ​អឺង‌កង​នៃ​ចំបាំង​ហើយ គេ​ស្រែក​តឿន​គ្នា​ឲ្យ​បំផ្លាញ​ខ្ជាន់​លើ​ការ​បំផ្លាញ ពី​ព្រោះ​ស្រុក​ទាំង​មូល​ត្រូវ​ខូច​អស់​ហើយ ទី​អាស្រ័យ​នៅ​របស់​ខ្ញុំ​ស្រាប់​តែ​ខូច​បង់​ភ្លាម ហើយ​ត្រសាល​របស់​ខ្ញុំ​ជា​១​រំពេច​ដែរ តើ​ត្រូវ​ឲ្យ​ខ្ញុំ​មើល​ឃើញ​ទង់‌ជ័យ ហើយ​ឮ​សូរ​ត្រែ​ដល់​កាល​ណា​ទៀត ពិត​ប្រាកដ​ជា​រាស្ត្រ​របស់​អញ​គេ​ល្ងី‌ល្ងើ គេ​មិន​ស្គាល់​អញ​សោះ គេ​សុទ្ធ​តែ​ជា​កូន​វង្វេង‌វង្វាន់ ឥត​មាន​យោបល់​ឡើយ គេ​មាន​ប្រាជ្ញា​ខាង​ឯ​ផ្លូវ​ប្រព្រឹត្ត​អាក្រក់ តែ​គ្មាន​ចំណេះ​ខាង​ឯ​ការ​ល្អ​សោះ។ ខ្ញុំ​បាន​ពិចារណា​មើល​ផែនដី ឃើញ​ថា​ខូច ហើយ​នៅ​ទទេ រួច​មើល​ទៅ​លើ​មេឃ នោះ​ក៏​ឥត​មាន​ពន្លឺ​ដែរ ខ្ញុំ​ក្រឡេក​មើល​ទៅ​ភ្នំ​ធំ ឃើញ​ថា​ញ័រ​ទាំង​អស់ ហើយ​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ក៏​កក្រើក​រញ្ជួយ ខ្ញុំ​ក៏​ពិចារណា​មើល​ឃើញ​ថា គ្មាន​មនុស្ស​ណា​ទៀត​សោះ អស់​ទាំង​សត្វ​ហើរ​លើ​អាកាស​បាន​ហើរ​ទៅ​បាត់​ហើយ រួច​ខ្ញុំ​ក៏​មើល​ទៅ​ឃើញ​ដី​ដុះ‌ដាល បាន​ត្រឡប់​ជា​វាល​ស្ងាត់ ហើយ​អស់​ទាំង​ទី​ក្រុង​ក៏​ត្រូវ​រលំ​ចុះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ចំពោះ​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់។ ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ស្រុក​ទាំង​មូល​នឹង​ត្រូវ​ខូច​បង់ ប៉ុន្តែអញ​មិន​បំផ្លាញ​អស់​រលីង​ទេ ដោយ​ហេតុ​ការ​ទាំង​នេះ ផែនដី​នឹង​យំ​សោក ហើយ​មេឃ​ខាង​លើ​នឹង​ទៅ​ជា​ខ្មៅ ពី​ព្រោះ​អញ​បាន​ចេញ​វាចា អញ​បាន​គិត​សំរេច​ការ​នេះ​ហើយ អញ​នឹង​មិន​ប្រែ​ចិត្ត ឬ​បែរ​ចេញ​ពី​ការ​នេះ​ឡើយ។ បណ្តា​មនុស្ស​នៅ​ទី​ក្រុង​ទាំង​ប៉ុន្មាន​រត់​ទៅ​ដោយ​ព្រោះ​សូរ​ពល​សេះ នឹង​ពល​ធ្នូ គេ​ចូល​ទៅ​ក្នុង​ទី​ស្តុក​នៅ​ព្រៃ ហើយ​ឡើង​ទៅ​លើ​ថ្ម​ដា ទី​ក្រុង​ទាំង‌ឡាយ​ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​នៅ​ឡើយ ឯ​ឯង កាល​ណា​ឯង​បាន​ត្រូវ​ខូច​បង់​ហើយ នោះ​តើ​ឯង​នឹង​ធ្វើ​ដូច​ម្តេច ទោះ​បើ​ឯង​ស្លៀក‌ពាក់​ពណ៌​ក្រហម ហើយ​តែង​ខ្លួន​ដោយ​គ្រឿង​មាស ព្រម​ទាំង​ផាត់​រង្វង់​ភ្នែក​ឯង ដោយ​ថ្នាំ​ផង​ក៏​ដោយ គង់​តែ​ឯង​នឹង​ខំ​ធ្វើ​ខ្លួន​ឲ្យ​ល្អ​មើល​ជា​ឥត​ប្រយោជន៍​ទទេ ពួក​សហាយ​របស់​ឯង គេ​ស្អប់​ខ្ពើម​ឯង​ហើយ ក៏​រក​ជីវិត​ឯង​ផង ពី​ព្រោះ​ខ្ញុំ​បាន​ឮ​សំឡេង​១ ដូច​ជា​សំឡេង​របស់​ស្រី ដែល​ឈឺ​នឹង​សំរាល​កូន ជា​សេចក្ដី​ព្រួយ​បារម្ភ​របស់​ស្រី ដែល​សំរាល​កូន​ជា​ដំបូង គឺ​ជា​សំឡេង​នៃ​កូន​ស្រី​ស៊ីយ៉ូន ដែល​ដក​ដង្ហើម​ថ្ងូរ ហើយ​ស្រងាក​ដៃ ដោយ​ថា វរ‌ហើយ​ខ្ញុំ ដ្បិត​ព្រលឹង​ខ្ញុំ​ល្វើយ​ណាស់ នៅ​ចំពោះ​ពួក​កាប់​សំឡាប់​នេះ។

ចែក​រំលែក
អាន យេរេមា 4