យេរេមា 31:7-14

យេរេមា 31:7-14 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ហ៊ោ​កញ្ជ្រៀវ​អបអរ‌សាទរ​កូន​ចៅ​យ៉ាកុប! ចូរ​ទទួល​ប្រជា‌ជន​ដែល​ជា​មេ​ដឹក​នាំ នៃ​ប្រជា‌ជាតិ​ទាំង‌ឡាយ ឲ្យ​បាន​គគ្រឹក‌គគ្រេង​ឡើង! ចូរ​បន្លឺ​សំឡេង ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់! ហើយ​ពោល​ថា: “ព្រះ‌អម្ចាស់​អើយ! សូម​សង្គ្រោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ គឺ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់”។ យើង​នឹង​នាំ​ពួក​គេ​មក​ពី​ស្រុក​ខាង​ជើង ហើយ​ក៏​ប្រមូល​ពួក​គេ​ពី​ទី​ដាច់​ស្រយាល នៃ​ផែនដី​មក​វិញ​ដែរ។ ពួក​គេ​មក​ទាំង​អស់​គ្នា គឺ​មាន​ទាំង​មនុស្ស​ខ្វាក់​មនុស្ស​ខ្វិន ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​ទើប​សម្រាល​កូន។ ពួក​គេ​វិល​ត្រឡប់​មក​វិញ​យ៉ាង​ច្រើន​ឥត​គណនា។ ពួក​គេ​មក​ដល់ ទាំង​យំ​ផង ទាំង​ទូល‌អង្វរ​ផង យើង​នឹង​ដឹក​នាំ​ពួក​គេ​ដើរ​តាម​ផ្លូវ​រាប​ស្មើ គ្មាន​អ្វី​ជំពប់​ជើង តម្រង់​ទៅ​កន្លែង ដែល​មាន​ទឹក​ហូរ ដ្បិត​យើង​ជា​ឪពុក​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​អេប្រាអ៊ីម​ជា​កូន​ច្បង​របស់​យើង»។ ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ហើយ​ផ្សព្វ‌ផ្សាយ​រហូត​ដល់​កោះ​ឆ្ងាយៗ! ចូរ​ប្រកាស​ថា: «ព្រះ​ដែល​កម្ចាត់‌កម្ចាយ​ជន‌ជាតិ​អ៊ីស្រា‌អែល ទ្រង់​ប្រមូល​ពួក​គេ​មក​វិញ​ហើយ ព្រះអង្គ​ថែរក្សា​អ៊ីស្រា‌អែល ដូច​គង្វាល​រក្សា​ហ្វូង​ចៀម​របស់​ខ្លួន។ ព្រះ‌អម្ចាស់​រំដោះ​កូន​ចៅ​របស់​លោក​យ៉ាកុប ព្រះអង្គ​លោះ​ពួក​គេ​ឲ្យ​រួច​ពី​ខ្មាំង ដែល​មាន​កម្លាំង​ខ្លាំង​ជាង​ពួក​គេ។ ពួក​គេ​ត្រឡប់​មក​វិញ ទាំង​ស្រែក​ហ៊ោ​ដោយ​អំណរ នៅ​លើ​ភ្នំ​ស៊ីយ៉ូន ពួក​គេ​នាំ​គ្នា​រត់​ទៅ​ទទួល​ទ្រព្យ​សម្បត្តិ ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ គឺ​មាន​ស្រូវ ស្រា​ទំពាំង‌បាយជូរ​ថ្មី ប្រេង ហ្វូង​ចៀម និង​ហ្វូង​គោ។ ចិត្ត​របស់​ពួក​គេ​ប្រៀប​ដូច​សួន​ឧទ្យាន ដែល​មាន​ទឹក​ស្រោច​ស្រព ពួក​គេ​នឹង​លែង​ខ្សោះ​ល្វើយ​ទៀត​ហើយ។ ពេល​នោះ ស្ត្រី​ក្រមុំ​នឹង​នាំ​គ្នា​រាំ​យ៉ាង​សប្បាយ ហើយ​ពួក​យុវជន និង​ពួក​ចាស់​ទុំ ក៏​នឹង​រាំ​យ៉ាង​សប្បាយ​ដែរ។ យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​ព្រួយ​របស់​ពួក​គេ ប្រែ​ទៅ​ជា​អំណរ​រីក‌រាយ យើង​នឹង​សម្រាល​ទុក្ខ​ពួក​គេ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អំណរ​សប្បាយ ឡើង​វិញ។ យើង​នឹង​ឲ្យ​សាច់​ដ៏​ល្អៗ​ដល់ ពួក​បូជា‌ចារ្យ​បរិភោគ​យ៉ាង​ស្កប់‌ស្កល់ ហើយ​យើង​នឹង​ផ្ដល់​សម្បត្តិ​ដ៏​បរិបូណ៌ ដល់​ប្រជា‌រាស្ត្រ​របស់​យើង» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។