យេរេមា 3:6-25

យេរេមា 3:6-25 គខប

នៅ​រជ្ជកាល​ព្រះ‌បាទ​យ៉ូសៀស ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «អ្នក​ឃើញ​ទេ តើ​អ៊ីស្រា‌អែល​ចិត្ត​សាវា​នោះ​បាន​ធ្វើ​អ្វី​ខ្លះ? គឺ​នាង​ឡើង​ទៅ​គ្រប់​ទី​កន្លែង​នៅ​លើ​ភ្នំ​ខ្ពស់ៗ និង​ចូល​ទៅ​ក្រោម​ម្លប់​ដើម​ឈើ​ដ៏​ធំៗ ដើម្បី​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ យើង​គិត​ថា ពេល​ណា​នាង​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​រួច​ហើយ នាង​មុខ​ជា​វិល​មក​រក​យើង​វិញ​មិន​ខាន។ ប៉ុន្តែ អ៊ីស្រា‌អែល​ពុំ​បាន​វិល​ត្រឡប់​មក​វិញ​ទេ យូដា​ជា​ប្អូន​ដែល​ផិត​ក្បត់ ក៏​បាន​ឃើញ​ដែរ។ យើង​បាន​លែង‌លះ​អ៊ីស្រា‌អែល​ដែល​មាន​ចិត្ត​សាវា ព្រោះ​តែ​អំពើ​ប្រាស​ចាក​សីលធម៌​របស់​នាង។ យើង​ក៏​បាន​ចេញ​លិខិត​លែង‌លះ​ឲ្យ​ដែរ។ ប៉ុន្តែ យើង​ឃើញ​ថា យូដា​ជា​ប្អូន​ដែល​ផិត​ក្បត់ មិន​ញញើត​កោតខ្លាច​ឡើយ នាង​ក៏​ទៅ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ដែរ។ ដោយ‌សារ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌ គឺ​ផិត​ក្បត់​ជា​មួយ​ព្រះ​ដែល​ធ្វើ​ពី​ថ្ម និង​ពី​ឈើ ស្រុក​របស់​គេ​បាន​ក្លាយ​ទៅ​ជា​សៅហ្មង។ ទោះ​បី​យ៉ាង​នេះ​ក្ដី យូដា ជា​ប្អូន​ដែល​ផិត​ក្បត់ មិន​បាន​វិល​មក​រក​យើង​ដោយ​ចិត្ត​ស្មោះ​ឡើយ គឺ​គេ​គ្រាន់​តែ​និយាយ​ប៉ុណ្ណោះ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «អ៊ីស្រា‌អែល​សាវា​គ្រាន់​បើ​ជាង​យូដា​ដែល​ផិត​ក្បត់។ ដូច្នេះ ចូរ​នាំ​ពាក្យ​នេះ​ទៅ​ប្រកាស​នៅ​ទិស​ខាង​ជើង​ថា៖ អ៊ីស្រា‌អែល​សាវា​អើយ ចូរ​វិល​មក​វិញ យើង​នឹង​មិន​ប្រកាន់​ទោស​នាង​ទៀត​ទេ ដ្បិត​យើង​មាន​មេត្តា​ករុណា យើង​មិន​ចង​កំហឹង​រហូត​ត​ទៅ​ឡើយ។ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ចូរ​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន តែ​ប៉ុណ្ណោះ​បាន​ហើយ គឺ​នាង​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​នាង នាង​បាន​រត់​ទៅ​រក​ព្រះ​ដទៃ​គ្រប់​ទី​កន្លែង គឺ​នៅ​ក្រោម​ដើម​ឈើ​ណា​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី ហើយ​នាង​ពុំ​បាន​ស្ដាប់​សំឡេង​យើង​ទេ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «កូន​ចៅ​ដែល​ក្បត់​ចិត្ត​យើង​អើយ! ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ ដ្បិត​យើង​នៅ​តែ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។ យើង​នឹង​យក​ម្នាក់​ពី​ក្រុង​មួយ ហើយ​យក​ពីរ​នាក់​ទៀត​ពី​កុល‌សម្ព័ន្ធ​មួយ ដើម្បី​នាំ​អ្នក​រាល់​គ្នា​មក​ក្រុង​ស៊ីយ៉ូន​វិញ។ យើង​នឹង​តែង‌តាំង​មេ​ដឹក​នាំ​ដែល​គាប់​ចិត្ត​យើង ឲ្យ​មក​ថែ​ទាំ​អ្នក​រាល់​គ្នា​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​ប្រកប​ដោយ​ប្រាជ្ញា។ នៅ​គ្រា​នោះ កាល​ណា​អ្នក​រាល់​គ្នា​កើន​ចំនួន​ឡើង​បាន​ច្រើន​នៅ​ក្នុង​ស្រុក​ហើយ នឹង​លែង​មាន​គេ​និយាយ​អំពី​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​ទៀត ហើយ​ក៏​គ្មាន​នរណា​នឹក​នា រវី‌រវល់​ចាប់​អារម្មណ៍​អំពី​ហិប​ដែល​បាត់​ទៅ​នោះ​ដែរ។ គេ​មិន​ធ្វើ​ហិប​នោះ​ឡើង​វិញ​ទេ។ នៅ​គ្រា​នោះ គេ​នឹង​ហៅ​ក្រុង​យេរូ‌សាឡឹម​ថា “បល្ល័ង្ក​របស់​ព្រះ‌អម្ចាស់” ប្រជា‌ជាតិ​ទាំង​អស់​នឹង​មក​មូល​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម​នេះ ដើម្បី​ជួប​ព្រះ‌អម្ចាស់។ ពួក​គេ​ឈប់​ចចេស​រឹង‌រូស ប្រព្រឹត្ត​តាម​ចិត្ត​អាក្រក់​របស់​ខ្លួន​ទៀត​ហើយ។ នៅ​គ្រា​នោះ ជន‌ជាតិ​យូដា​នឹង​រួប‌រួម​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ពួក​គេ​នឹង​ធ្វើ​ដំណើរ​ជា​មួយ​គ្នា ពី​ស្រុក​ខាង​ជើង​មក​ដល់​ទឹក​ដី ដែល​យើង​បាន​ប្រគល់​ឲ្យ​បុព្វបុរស​របស់​គេ​ទុក​ជា​មត៌ក។ យើង​គិត​ថា យើង​សប្បាយ​ចិត្ត នឹង​ចាត់​ទុក​អ្នក​ជា​កូន​ប្រុស​ប្រសើរ​ជាង​គេ ព្រម​ទាំង​ប្រគល់​ស្រុក​ដ៏​ល្អ​ប្រណីត​ជាង​គេ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ​ឲ្យ​អ្នក។ យើង​គិត​ថា អ្នក​នឹង​ហៅ​យើង​ថា “ព្រះ‌បិតា” ហើយ​អ្នក​នឹង​មិន​ងាក​ចេញ​ពី​យើង​ទៀត​ទេ។ ប៉ុន្តែ ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​បាន​ក្បត់​ចិត្ត​យើង ដូច​ស្ត្រី​ក្បត់​ចិត្ត​ប្ដី​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ មាន​សំឡេង​លាន់​ឮ​ឡើង នៅ​តាម​កំពូល​ភ្នំ គឺ​ជា​សម្រែក​យំ​សោក និង​សម្រែក​អង្វរ​ករ របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដ្បិត​ពួក​គេ​បាន​វង្វេង​ចេញ​ពី​មាគ៌ា គេ​បាន​បំភ្លេច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​គេ។ កូន​ចៅ​ដែល​ក្បត់​ចិត្ត​យើង​អើយ! ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ យើង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា លែង​មាន​ចិត្ត​សាវា​ទៀត។ “យើង​ខ្ញុំ​មក​រក​ព្រះអង្គ​ហើយ ដ្បិត​ព្រះអង្គ​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ។ យើង​ខ្ញុំ​បាន​វង្វេង​ទៅ​គោរព​ព្រះ​ក្លែងក្លាយ នៅ​លើ​កំពូល​ភ្នំ យើង​ខ្ញុំ​ទៅ​តាម​សំឡេង​ហ៊ោ​កញ្ជ្រៀវ​លើ​ភ្នំ​ខ្ពស់ៗ។ មាន​តែ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ប៉ុណ្ណោះ ដែល​អាច​សង្គ្រោះ​អ៊ីស្រា‌អែល​បាន។ តាំង​ពី​យើង​ខ្ញុំ​នៅ​ក្មេង ព្រះ​គម្រក់​បាន​ធ្វើ​ឲ្យ​អ្វីៗ ដែល​ដូនតា​របស់​យើង​ខ្ញុំ​បាន​សន្សំ វិនាស​ហិន‌ហោច​អស់ គឺ​ទាំង​ហ្វូង​ចៀម និង​ហ្វូង​គោ ទាំង​កូន​ប្រុស និង​កូន​ស្រី។ សេចក្ដី​អាម៉ាស់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ងើប​មុខ​មិន​រួច ការ​បាក់​មុខ​គ្រប​សង្កត់​លើ​យើង​ខ្ញុំ។ តាំង​ពី​ក្មេង​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ និង​ដូនតា​របស់​យើង​ខ្ញុំ បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ យើង​ខ្ញុំ​ពុំ​បាន​ស្ដាប់​ព្រះ‌សូរសៀង របស់​ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​យើង​ខ្ញុំ​ឡើយ”»។