យេរេមា 14:1-22

យេរេមា 14:1-22 គខប

នេះ​ជា​សេចក្ដី​ដែល​ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​មក​កាន់​លោក យេរេមា​នៅ​គ្រារាំង​ស្ងួត។ ប្រជា‌ជន​នៅ​ស្រុក​យូដា​នាំ​គ្នា​កាន់​ទុក្ខ ទីក្រុង​របស់​គេ​ធ្លាក់​ដុន‌ដាប ហើយ​កាន់​តែ​ទ្រុឌ‌ទ្រោម​ទៅៗ។ សម្រែក​ថ្ងូរ​របស់​អ្នក​ក្រុង​យេរូ‌សាឡឹម លាន់​ឮ​ឡើង។ ពួក​អ្នក​ធំ​ប្រើ​អ្នក​តូច‌តាច​ឲ្យ​ទៅ​រក​ទឹក ពេល​អ្នក​ទាំង​នោះ​ទៅ​ដល់​ស្រះ ពុំ​ឃើញ​មាន​ទឹក​សោះ។ គេ​ត្រឡប់​មក​វិញ ក្អម​ទទេ ហើយ​ខក​ចិត្ត អាម៉ាស់ និង​អស់​សង្ឃឹម​ទៀត​ផង។ អ្នក​ស្រែ​ចម្ការ​ខក​ចិត្ត​ជា​ខ្លាំង ហើយ​អស់​សង្ឃឹម ដោយ​ឃើញ​ដី​បែក​ក្រហែង ព្រោះ​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​ស្រុក​នោះ​ទេ។ សូម្បី​តែ​ប្រើស​នៅ​តាម​ព្រៃ​ក៏​បោះ​បង់​ចោល កូន​របស់​វា​ដែល​ទើប​នឹង​កើត​មក​នោះ​ដែរ ព្រោះ​គ្មាន​ស្មៅ​សម្រាប់​ជា​ចំណី​ឡើយ។ សត្វ​លា​ព្រៃ​នាំ​គ្នា​ឈរ​នៅ​តាម​កំពូល​ភ្នំ ហើយ​ហិត​ខ្យល់​ដូច​ឆ្កែ​ព្រៃ ភ្នែក​វា​ស្លក់​អស់ ព្រោះ​គ្មាន​ស្មៅ​ស៊ី។ ឱ​ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​មាន​កំហុស​ធ្ងន់​ណាស់ សូម​អាណិត​មេត្តា​ដល់​យើង​ខ្ញុំ​ផង ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះអង្គ! យើង​ខ្ញុំ​បាន​ក្បត់​ព្រះអង្គ​ជា​ច្រើន​ដង យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។ ព្រះអង្គ​ជា​ទី​សង្ឃឹម​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រះអង្គ​តែងតែ​សង្គ្រោះ​យើង​ខ្ញុំ នៅ​ពេល​មាន​អាសន្ន។ ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះអង្គ​នៅ​ព្រងើយ ហាក់​ដូច​ជា​ជន​បរទេស ដែល​ធ្វើ​ដំណើរ​មក ស្នាក់​តែ​មួយ​យប់​ក្នុង​ស្រុក​នេះ​ទៅ​វិញ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ធ្វើ​ហាក់​ដូច​ជា មនុស្ស​គ្មាន​កម្លាំង​កំហែង ឬ​ដូច​វីរ‌បុរស​ដែល​ពុំ​អាច​ជួយ​សង្គ្រោះ អ្នក​ដទៃ​ទៀត​ដូច្នេះ? ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​គង់​នៅ កណ្ដាល​ចំណោម​យើង​ខ្ញុំ​ស្រាប់​ហើយ យើង​ខ្ញុំ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះអង្គ សូម​កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​ឡើយ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​ប្រជា‌ជន​នេះ​ថា ពួក​គេ​មិន​ចេះ​នៅ​ស្ងៀម​ទេ គឺ​គេ​ចូល​ចិត្ត​រត់​ទៅ​រក​ព្រះ​នានា។ ព្រះ‌អម្ចាស់​មិន​គាប់​ព្រះ‌ហឫទ័យ​នឹង​ពួក​គេ​ទេ ព្រះអង្គ​នឹក​ឃើញ​កំហុស​របស់​ពួក​គេ ហើយ​ព្រះអង្គ​ដាក់​ទោស​ពួក​គេ ព្រោះ​តែ​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កុំ​អង្វរ​យើង ឲ្យ​ត្រា​ប្រណី​ប្រជា‌ជន​នេះ​ធ្វើ​អ្វី! ទោះ​បី​ពួក​គេ​តម​អាហារ​ក្ដី ក៏​យើង​មិន​ស្ដាប់​ពាក្យ​អង្វរ​របស់​ពួក​គេ​ដែរ។ ទោះ​បី​ពួក​គេ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​ផ្សេងៗ​ទៀត​ក៏​យើង​មិន​ព្រម​ទទួល​ដែរ ដ្បិត​យើង​នឹង​ប្រហារ​ពួក​គេ​ឲ្យ​វិនាស ដោយ‌សារ​សង្គ្រាម ដោយ‌សារ​ទុរ្ភិក្ស និង​ដោយ‌សារ​អាសន្ន‌រោគ»។ ខ្ញុំ​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់ ពួក​ព្យាការី​ប្រាប់​ពួក​គេ​ថា “អ្នក​រាល់​គ្នា​នឹង​មិន​ជួប​សង្គ្រាម មិន​ជួប​ទុរ្ភិក្ស​ទេ! ផ្ទុយ​ទៅ​វិញ ព្រះ‌អម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត​ដ៏​ពេញ‌លេញ ក្នុង​ស្រុក​នេះ”»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​វិញ​ថា៖ «ព្យាការី​ទាំង​នោះ​ថ្លែង​សេចក្ដី​មិន​ពិត ពួក​គេ​យក​ឈ្មោះ​យើង​មក​ប្រើ ដោយ​យើង​មិន​បាន​ចាត់ ឬ​បង្គាប់​ពួក​គេ​ឲ្យ​ថ្លែង​ពាក្យ​របស់​យើង​ឡើយ។ សេចក្ដី​ដែល​គេ​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា សុទ្ធ​តែ​ជា​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ក្លែងក្លាយ ពាក្យ​ទស្សន៍‌ទាយ​ប្រឌិត និង​ពាក្យ​ឥត​បាន​ការ ដែល​ជា​ការ​បោក​ប្រាស់។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដែល​ជា​ព្រះ‌អម្ចាស់ យើង​សុំ​ប្រកាស​ថា ព្យាការី​ដែល​នាំ​គ្នា​ថ្លែង​សេចក្ដី​ក្នុង​នាម​យើង ដោយ​យើង​មិន​បាន​ប្រើ គឺ​ប្រកាស​ថា គ្មាន​សង្គ្រាម ឬ​ទុរ្ភិក្ស​នៅ​ស្រុក​នេះ មុខ​ជា​ត្រូវ​វិនាស​ដោយ‌សារ​សង្គ្រាម និង​ទុរ្ភិក្ស​មិន​ខាន។ រីឯ​ប្រជា‌ជន​ដែល​បាន​ស្ដាប់​ពាក្យ​របស់​ព្យាការី​ទាំង​នោះ ក៏​ត្រូវ​ស្លាប់​ដោយ‌សារ​ទុរ្ភិក្ស និង​សង្គ្រាម​ដែរ ហើយ​សាក‌សព​របស់​គេ នឹង​ត្រូវ​បោះ​បង់​ចោល​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​ក្រុង​យេរូ‌សាឡឹម ដ្បិត​គ្មាន​នរណា​កប់​ខ្មោច​ពួក​គេ ឬ​ខ្មោច​ប្រពន្ធ និង​ខ្មោច​កូន​ប្រុស​ស្រី​របស់​គេ​ឡើយ។ យើង​នឹង​ដាក់​ទោស​ពួក​គេ តាម​អំពើ​អាក្រក់​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត។ ចូរ​អ្នក​ប្រកាស​ពាក្យ​នេះ​ថា: “ទឹក​ភ្នែក​របស់​យើង​ហូរ​ទាំង​យប់​ទាំង​ថ្ងៃ ឥត​ស្រាក‌ស្រាន្ត​ឡើយ ដ្បិត​នាង​ព្រហ្មចារី គឺ​ក្រុង​នៃ​ប្រជា‌ជន​របស់​យើង ត្រូវ​វិនាស​អន្តរាយ និង​ត្រូវ​របួស​ជា​ទម្ងន់។ ពេល​ចេញ​ទៅ​ស្រុក​ស្រែ យើង​ឃើញ​សុទ្ធ​តែ​សាក‌សព ដែល​ស្លាប់​ដោយ​មុខ​ដាវ ពេល​ចូល​ក្នុង​ទីក្រុង យើង​ឃើញ​សុទ្ធ​តែ​អ្នក​រង​ទុក្ខ​ដោយ​ទុរ្ភិក្ស។ ព្យាការី និង​បូជា‌ចារ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក តែ​ពុំ​យល់​អ្វី​ឡើយ”»។ ឱ​ព្រះ‌អម្ចាស់​អើយ តើ​ព្រះអង្គ​ពិត​ជា​បោះ​បង់​ចោល​យូដា​ឬ? តើ​ព្រះអង្គ​ស្អប់​ក្រុង​ស៊ីយ៉ូន​ឬ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​វាយ​យើង​ខ្ញុំ​ឲ្យ​របួស មើល​មិន​ជា​ដូច្នេះ? យើង​ខ្ញុំ​សង្ឃឹម​ថា​បាន​សុខ តែ​គ្មាន​អ្វី​ល្អ​ប្រសើរ​កើត​ឡើង​សោះ យើង​ខ្ញុំ​សង្ឃឹម​ថា​បាន​ជា​សះ‌ស្បើយ តែ​យើង​ខ្ញុំ​បែរ​ជា​ជួប​ភ័យ​អាសន្ន​ទៅ​វិញ។ ឱ​ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​សូម​សារភាព​ថា យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ដូនតា​របស់​យើង​ខ្ញុំ​ក៏​បាន​ប្រព្រឹត្ត អំពើ​ទុច្ចរិត​ដែរ។ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។ ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះអង្គ សូម​មេត្តា​កុំ​បំបាក់​មុខ​យើង​ខ្ញុំ សូម​កុំ​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម ដែល​ជា​បល្ល័ង្ក​ដ៏​រុងរឿង​របស់​ព្រះអង្គ ត្រូវ​អាម៉ាស់។ សូម​នឹក​ចាំ​ពី​សម្ពន្ធ‌មេត្រី ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​យើង​ខ្ញុំ សូម​កុំ​ផ្ដាច់​សម្ពន្ធ‌មេត្រី​នេះ​ឡើយ។ ក្នុង​ចំណោម​ព្រះ​ដ៏​ឥត​បាន​ការ​របស់ ប្រជា‌ជាតិ​ទាំង‌ឡាយ គ្មាន​ព្រះ​ណា​អាច​ធ្វើ​ឲ្យ​ភ្លៀង​ធ្លាក់​បាន​ទេ! សូម្បី​តែ​មេឃ​ផ្ទាល់ ក៏​មិន​អាច​បង្អុរ​ភ្លៀង​ចុះ​មក​បាន​ដែរ។ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ មាន​តែ​ព្រះអង្គ​ទេ​ដែល​អាច​បង្អុរ​ភ្លៀង​បាន យើង​ខ្ញុំ​សង្ឃឹម​លើ​ព្រះអង្គ​តែ​មួយ​ប៉ុណ្ណោះ ត្បិត​ហេតុ‌ការណ៍​ទាំង​នេះ​កើត​មក​ពី​ព្រះអង្គ។