យេរេមា 14:1-22
យេរេមា 14:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់ហោរាយេរេមា ពីដំណើរគ្រារាំងស្ងួត៖ ពួកយូដាសោយសោក ហើយទ្វារក្រុងក៏ថយកម្លាំង គេអង្គុយនៅដីដោយចិត្តព្រួយ ហើយសម្រែកនៃក្រុងយេរូសាឡិមក៏ឮឡើង។ ពួកអ្នកធំរបស់គេចាត់អ្នកបម្រើឲ្យទៅរកទឹក គេក៏ទៅដល់ស្រះទាំងប៉ុន្មាន តែរកទឹកគ្មានសោះ គេត្រឡប់ទៅវិញដោយក្អមទទេ គេត្រូវខ្មាស ហើយជ្រប់មុខ ក៏ឃ្លុំក្បាល ពីព្រោះដីបែកក្រហែង ដោយគ្មានភ្លៀងធ្លាក់មកលើស្រុកសោះ ពួកអ្នកភ្ជួររាស់ក៏ខ្មាស គេឃ្លុំក្បាលដែរ។ ទាំងក្តាន់ញីនៅវាលក៏ទម្លាក់កូន រួចទុកចោល ព្រោះគ្មានស្មៅ។ លាព្រៃក៏ឈរនៅលើទីទួល វាដង្ហក់ដូចជាចចក ភ្នែកវាស្រវាំង ដោយព្រោះគ្មានស្មៅសោះ។ ឱព្រះយេហូវ៉ាអើយ ទោះបើអំពើទុច្ចរិតរបស់យើងខ្ញុំ ធ្វើបន្ទាល់ទាស់នឹងយើងខ្ញុំក៏ដោយ តែសូមព្រះអង្គប្រោសមេត្តាដោយយល់ដល់ព្រះនាមព្រះអង្គ ដ្បិតការរាថយរបស់យើងខ្ញុំ នោះច្រើនណាស់ យើងខ្ញុំបានធ្វើបាបនឹងទ្រង់។ ឱទីសង្ឃឹមនៃសាសន៍អ៊ីស្រាអែល ជាព្រះដ៏ជួយសង្គ្រោះគេ ក្នុងគ្រាលំបាកអើយ ហេតុអ្វីបានជាព្រះអង្គត្រូវដូចជាអ្នកដទៃនៅក្នុងស្រុក ហើយដូចជាអ្នកដំណើរ ដែលឈប់សំណាក់តែមួយយប់ដូច្នេះ? ហេតុអ្វីបានជាព្រះអង្គត្រូវដូចជាមនុស្សស្រឡាំងកាំង គឺដូចជាមនុស្សខ្លាំងពូកែ ដែលពុំអាចនឹងជួយសង្គ្រោះបាន? ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ព្រះអង្គគង់កណ្ដាលយើងខ្ញុំរាល់គ្នា ហើយយើងខ្ញុំក៏បានហៅតាមព្រះនាមព្រះអង្គដែរ សូមកុំលះចោលយើងខ្ញុំឡើយ។ ព្រះយេហូវ៉ាមានព្រះបន្ទូលពីជនជាតិនេះដូច្នេះថា៖ គេចូលចិត្តដើរសាត់ព្រាត់ គេមិនបានឃាត់ជើងគេឡើយ ហេតុនោះ ព្រះយេហូវ៉ាក៏មិនព្រមទទួលគេដែរ ក្នុងពេលឥឡូវនេះ ព្រះអង្គកំពុងតែនឹកចាំ ពីអំពើទុច្ចរិតរបស់គេ ហើយនឹងធ្វើទោស ដល់គេជាពិតប្រាកដ។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ កុំអធិស្ឋានសូមសេចក្ដីល្អឲ្យជនជាតិនេះឡើយ។ កាលណាគេតមអត់ នោះយើងមិនព្រមស្ដាប់សម្រែករបស់គេទេ កាលណាគេថ្វាយតង្វាយដុត និងតង្វាយម្សៅ នោះយើងមិនព្រមទទួលឡើយ គឺនឹងធ្វើឲ្យគេសូន្យទៅដោយដាវ អំណត់ និងអាសន្នរោគ។ ពេលនោះ ខ្ញុំទូលថា៖ ឱព្រះអម្ចាស់យេហូវ៉ាអើយ មើលពួកហោរាតែងតែប្រាប់គេថា អ្នករាល់គ្នានឹងមិនឃើញដាវទេ ក៏មិនត្រូវអំណត់ដែរ គឺយើងនឹងឲ្យអ្នករាល់គ្នាមានសេចក្ដីសុខនៅទីនេះជាពិត។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ ពួកហោរាគេថ្លែងទំនាយកុហកដោយនូវឈ្មោះយើងទេ យើងមិនបានចាត់ប្រើគេឡើយ ក៏មិនបានបង្គាប់គេ ឬនិយាយនឹងគេដែរ គេថ្លែងទំនាយប្រាប់អ្នករាល់គ្នាពីការជាក់ស្តែងដែលមិនពិត ជាទំនាយតាមរបៀន គឺជាសេចក្ដីឥតប្រយោជន៍ទទេ ហើយជាសេចក្ដីបញ្ឆោតនៃចិត្តខ្លួនគេវិញ។ ដូច្នេះ ឯពួកហោរាដែលថ្លែងទំនាយដោយនូវឈ្មោះយើង ដោយយើងមិនបានចាត់ប្រើឡើយ ជាអ្នកដែលថាដាវ និងអំណត់មិនមកក្នុងស្រុកនេះទេ នោះព្រះយេហូវ៉ាមានព្រះបន្ទូលពីពួកហោរានោះថា៖ គេនឹងត្រូវវិនាស ដោយសារដាវ និងអំណត់នោះឯង ហើយពួកជនដែលគេបានថ្លែងទំនាយប្រាប់នោះនឹងត្រូវបោះចោលទៅក្នុងផ្លូវនៃក្រុងយេរូសាឡិម ដោយព្រោះអំណត់ និងដាវដែរ ឥតមានអ្នកណានឹងបញ្ចុះសពគេឡើយ គឺទាំងខ្លួនគេ ប្រពន្ធគេ និងកូនប្រុសកូនស្រីគេផង ព្រោះយើងនឹងចាក់អំពើលាមកអាក្រក់របស់គេទៅលើគេវិញ។ អ្នកត្រូវប្រាប់ពាក្យនេះដល់គេថា៖ សូមឲ្យខ្ញុំហូរទឹកភ្នែកសស្រាក់ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរឡើយ ពីព្រោះកូនក្រមុំរបស់សាសន៍ខ្ញុំបានត្រូវខ្ទេចខ្ទី ជាការបាក់បែកយ៉ាងធំ ដោយរបួសជាទម្ងន់។ បើខ្ញុំចេញទៅវាល មើល៍ មានសុទ្ធតែសាកសពដែលស្លាប់ដោយដាវ ហើយបើខ្ញុំចូលទៅក្នុងទីក្រុងវិញ មានសុទ្ធតែមនុស្សដែលឈឺដោយអត់ឃ្លាន ដ្បិតពួកហោរា និងពួកសង្ឃ តែងតែចុះឡើងក្នុងស្រុកឥតដឹងអ្វីទេ។ តើព្រះអង្គបោះបង់ពួកយូដាចោលហើយឬ? តើព្រះហឫទ័យព្រះអង្គស្អប់ខ្ពើមក្រុងស៊ីយ៉ូនឬ? ហេតុអ្វីបានជាព្រះអង្គវាយយើងរាល់គ្នា ហើយមិនឲ្យជាឡើងវិញសោះ? យើងខ្ញុំបានរង់ចាំ ថានឹងបានសេចក្ដីសុខ តែឥតមានអ្វីល្អមកឡើយ ក៏សង្ឃឹមនឹងបានជា តែបានតែសេចក្ដីភ័យ។ ឱព្រះយេហូវ៉ាអើយ យើងខ្ញុំទទួលស្គាល់អំពើអាក្រក់របស់យើងខ្ញុំហើយ ព្រមទាំងអំពើទុច្ចរិតរបស់បុព្វបុរសយើងខ្ញុំផង ដ្បិតយើងខ្ញុំបានធ្វើបាបនឹងព្រះអង្គពិត។ សូមកុំស្អប់យើងខ្ញុំឡើយ ដោយយល់ដល់ព្រះនាមព្រះអង្គ សូមកុំបង្អាប់បល្ល័ង្កនៃសិរីល្អរបស់ព្រះអង្គ សូមនឹកចាំឡើងវិញ ហើយកុំផ្តាច់សេចក្ដីសញ្ញា ដែលព្រះអង្គបានតាំងនឹងយើងខ្ញុំឡើយ។ ក្នុងអស់ទាំងព្រះឥតប្រយោជន៍របស់សាសន៍ដទៃ តើមានណាមួយបង្អុរឲ្យមានភ្លៀងធ្លាក់មកបានឬ? តើផ្ទៃមេឃនឹងឲ្យធ្លាក់ភ្លៀងមួយមេបានឬទេ? ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំអើយ តើមិនមែនព្រះអង្គទេឬ? ដូច្នេះ យើងខ្ញុំនឹងទន្ទឹងចាំតែព្រះអង្គ ដ្បិតគឺព្រះអង្គហើយដែលបានធ្វើគ្រប់ការទាំងនេះ។
យេរេមា 14:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាសេចក្ដីដែលព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោក យេរេមានៅគ្រារាំងស្ងួត។ ប្រជាជននៅស្រុកយូដានាំគ្នាកាន់ទុក្ខ ទីក្រុងរបស់គេធ្លាក់ដុនដាប ហើយកាន់តែទ្រុឌទ្រោមទៅៗ។ សម្រែកថ្ងូររបស់អ្នកក្រុងយេរូសាឡឹម លាន់ឮឡើង។ ពួកអ្នកធំប្រើអ្នកតូចតាចឲ្យទៅរកទឹក ពេលអ្នកទាំងនោះទៅដល់ស្រះ ពុំឃើញមានទឹកសោះ។ គេត្រឡប់មកវិញ ក្អមទទេ ហើយខកចិត្ត អាម៉ាស់ និងអស់សង្ឃឹមទៀតផង។ អ្នកស្រែចម្ការខកចិត្តជាខ្លាំង ហើយអស់សង្ឃឹម ដោយឃើញដីបែកក្រហែង ព្រោះគ្មានភ្លៀងធ្លាក់មកលើស្រុកនោះទេ។ សូម្បីតែប្រើសនៅតាមព្រៃក៏បោះបង់ចោល កូនរបស់វាដែលទើបនឹងកើតមកនោះដែរ ព្រោះគ្មានស្មៅសម្រាប់ជាចំណីឡើយ។ សត្វលាព្រៃនាំគ្នាឈរនៅតាមកំពូលភ្នំ ហើយហិតខ្យល់ដូចឆ្កែព្រៃ ភ្នែកវាស្លក់អស់ ព្រោះគ្មានស្មៅស៊ី។ ឱព្រះអម្ចាស់អើយ យើងខ្ញុំមានកំហុសធ្ងន់ណាស់ សូមអាណិតមេត្តាដល់យើងខ្ញុំផង ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ! យើងខ្ញុំបានក្បត់ព្រះអង្គជាច្រើនដង យើងខ្ញុំបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។ ព្រះអង្គជាទីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល ព្រះអង្គតែងតែសង្គ្រោះយើងខ្ញុំ នៅពេលមានអាសន្ន។ ហេតុដូចម្ដេចបានជាព្រះអង្គនៅព្រងើយ ហាក់ដូចជាជនបរទេស ដែលធ្វើដំណើរមក ស្នាក់តែមួយយប់ក្នុងស្រុកនេះទៅវិញ? ហេតុអ្វីបានជាព្រះអង្គធ្វើហាក់ដូចជា មនុស្សគ្មានកម្លាំងកំហែង ឬដូចវីរបុរសដែលពុំអាចជួយសង្គ្រោះ អ្នកដទៃទៀតដូច្នេះ? ឱព្រះអម្ចាស់អើយ ព្រះអង្គគង់នៅ កណ្ដាលចំណោមយើងខ្ញុំស្រាប់ហើយ យើងខ្ញុំជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ សូមកុំបោះបង់ចោលយើងខ្ញុំឡើយ។ ព្រះអម្ចាស់មានព្រះបន្ទូលស្ដីអំពីប្រជាជននេះថា ពួកគេមិនចេះនៅស្ងៀមទេ គឺគេចូលចិត្តរត់ទៅរកព្រះនានា។ ព្រះអម្ចាស់មិនគាប់ព្រះហឫទ័យនឹងពួកគេទេ ព្រះអង្គនឹកឃើញកំហុសរបស់ពួកគេ ហើយព្រះអង្គដាក់ទោសពួកគេ ព្រោះតែអំពើបាបដែលគេបានប្រព្រឹត្ត។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កុំអង្វរយើង ឲ្យត្រាប្រណីប្រជាជននេះធ្វើអ្វី! ទោះបីពួកគេតមអាហារក្ដី ក៏យើងមិនស្ដាប់ពាក្យអង្វររបស់ពួកគេដែរ។ ទោះបីពួកគេថ្វាយតង្វាយដុត និងតង្វាយផ្សេងៗទៀតក៏យើងមិនព្រមទទួលដែរ ដ្បិតយើងនឹងប្រហារពួកគេឲ្យវិនាស ដោយសារសង្គ្រាម ដោយសារទុរ្ភិក្ស និងដោយសារអាសន្នរោគ»។ ខ្ញុំទូលព្រះអង្គថា៖ «បពិត្រព្រះជាអម្ចាស់ ពួកព្យាការីប្រាប់ពួកគេថា “អ្នករាល់គ្នានឹងមិនជួបសង្គ្រាម មិនជួបទុរ្ភិក្សទេ! ផ្ទុយទៅវិញ ព្រះអម្ចាស់នឹងប្រទានឲ្យអ្នករាល់គ្នាប្រកបដោយសេចក្ដីសុខសាន្តដ៏ពេញលេញ ក្នុងស្រុកនេះ”»។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំវិញថា៖ «ព្យាការីទាំងនោះថ្លែងសេចក្ដីមិនពិត ពួកគេយកឈ្មោះយើងមកប្រើ ដោយយើងមិនបានចាត់ ឬបង្គាប់ពួកគេឲ្យថ្លែងពាក្យរបស់យើងឡើយ។ សេចក្ដីដែលគេថ្លែងប្រាប់អ្នករាល់គ្នា សុទ្ធតែជានិមិត្តហេតុដ៏អស្ចារ្យក្លែងក្លាយ ពាក្យទស្សន៍ទាយប្រឌិត និងពាក្យឥតបានការ ដែលជាការបោកប្រាស់។ ហេតុនេះហើយបានជាយើងដែលជាព្រះអម្ចាស់ យើងសុំប្រកាសថា ព្យាការីដែលនាំគ្នាថ្លែងសេចក្ដីក្នុងនាមយើង ដោយយើងមិនបានប្រើ គឺប្រកាសថា គ្មានសង្គ្រាម ឬទុរ្ភិក្សនៅស្រុកនេះ មុខជាត្រូវវិនាសដោយសារសង្គ្រាម និងទុរ្ភិក្សមិនខាន។ រីឯប្រជាជនដែលបានស្ដាប់ពាក្យរបស់ព្យាការីទាំងនោះ ក៏ត្រូវស្លាប់ដោយសារទុរ្ភិក្ស និងសង្គ្រាមដែរ ហើយសាកសពរបស់គេ នឹងត្រូវបោះបង់ចោលនៅតាមដងផ្លូវនានាក្នុងក្រុងយេរូសាឡឹម ដ្បិតគ្មាននរណាកប់ខ្មោចពួកគេ ឬខ្មោចប្រពន្ធ និងខ្មោចកូនប្រុសស្រីរបស់គេឡើយ។ យើងនឹងដាក់ទោសពួកគេ តាមអំពើអាក្រក់ដែលពួកគេបានប្រព្រឹត្ត។ ចូរអ្នកប្រកាសពាក្យនេះថា: “ទឹកភ្នែករបស់យើងហូរទាំងយប់ទាំងថ្ងៃ ឥតស្រាកស្រាន្តឡើយ ដ្បិតនាងព្រហ្មចារី គឺក្រុងនៃប្រជាជនរបស់យើង ត្រូវវិនាសអន្តរាយ និងត្រូវរបួសជាទម្ងន់។ ពេលចេញទៅស្រុកស្រែ យើងឃើញសុទ្ធតែសាកសព ដែលស្លាប់ដោយមុខដាវ ពេលចូលក្នុងទីក្រុង យើងឃើញសុទ្ធតែអ្នករងទុក្ខដោយទុរ្ភិក្ស។ ព្យាការី និងបូជាចារ្យធ្វើដំណើរឆ្លងកាត់ស្រុក តែពុំយល់អ្វីឡើយ”»។ ឱព្រះអម្ចាស់អើយ តើព្រះអង្គពិតជាបោះបង់ចោលយូដាឬ? តើព្រះអង្គស្អប់ក្រុងស៊ីយ៉ូនឬ? ហេតុអ្វីបានជាព្រះអង្គវាយយើងខ្ញុំឲ្យរបួស មើលមិនជាដូច្នេះ? យើងខ្ញុំសង្ឃឹមថាបានសុខ តែគ្មានអ្វីល្អប្រសើរកើតឡើងសោះ យើងខ្ញុំសង្ឃឹមថាបានជាសះស្បើយ តែយើងខ្ញុំបែរជាជួបភ័យអាសន្នទៅវិញ។ ឱព្រះអម្ចាស់អើយ យើងខ្ញុំសូមសារភាពថា យើងខ្ញុំបានប្រព្រឹត្តអំពើអាក្រក់ ហើយដូនតារបស់យើងខ្ញុំក៏បានប្រព្រឹត្ត អំពើទុច្ចរិតដែរ។ យើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹង ព្រះហឫទ័យរបស់ព្រះអង្គ។ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ សូមមេត្តាកុំបំបាក់មុខយើងខ្ញុំ សូមកុំធ្វើឲ្យក្រុងយេរូសាឡឹម ដែលជាបល្ល័ង្កដ៏រុងរឿងរបស់ព្រះអង្គ ត្រូវអាម៉ាស់។ សូមនឹកចាំពីសម្ពន្ធមេត្រី ដែលព្រះអង្គបានចងជាមួយយើងខ្ញុំ សូមកុំផ្ដាច់សម្ពន្ធមេត្រីនេះឡើយ។ ក្នុងចំណោមព្រះដ៏ឥតបានការរបស់ ប្រជាជាតិទាំងឡាយ គ្មានព្រះណាអាចធ្វើឲ្យភ្លៀងធ្លាក់បានទេ! សូម្បីតែមេឃផ្ទាល់ ក៏មិនអាចបង្អុរភ្លៀងចុះមកបានដែរ។ ឱព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ មានតែព្រះអង្គទេដែលអាចបង្អុរភ្លៀងបាន យើងខ្ញុំសង្ឃឹមលើព្រះអង្គតែមួយប៉ុណ្ណោះ ត្បិតហេតុការណ៍ទាំងនេះកើតមកពីព្រះអង្គ។
យេរេមា 14:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់យេរេមា ពីដំណើរគ្រារាំងភ្លៀង ពួកយូដាគេសោយសោក ហើយទ្វារក្រុងក៏ថយកំឡាំងចុះ គេអង្គុយនៅដីដោយចិត្តព្រួយ ហើយសំរែកនៃក្រុងយេរូសាឡិមក៏ឮឡើង ពួកអ្នកធំរបស់គេចាត់អ្នកបំរើឲ្យទៅរកទឹក គេក៏ទៅដល់ស្រះទាំងប៉ុន្មាន តែរកទឹកគ្មានសោះ គេត្រឡប់ទៅវិញដោយក្អមទទេ គេត្រូវខ្មាស ហើយជ្រប់មុខ ក៏គ្រលុំក្បាល ពីព្រោះដីបែកក្រហែង ដោយគ្មានភ្លៀងធ្លាក់មកលើស្រុកសោះ ពួកអ្នកភ្ជួររាស់ក៏ខ្មាស គេគ្រលុំក្បាលដែរ អើទាំងក្តាន់ញីនៅវាលក៏ទំលាក់កូន រួចចោលចេញ ព្រោះគ្មានស្មៅ លាព្រៃក៏ឈរនៅលើទីត្រងិល វាដង្ហាក់ដូចជាចចក ភ្នែកវាស្រវាំងទៅ ដោយព្រោះគ្មានស្មៅសោះ។ ឱព្រះយេហូវ៉ាអើយ ទោះបើអំពើទុច្ចរិតរបស់យើងខ្ញុំធ្វើបន្ទាល់ទាស់នឹងយើងខ្ញុំក៏ដោយ តែសូមទ្រង់ប្រោសមេត្តា ដោយយល់ដល់ព្រះនាមទ្រង់ ដ្បិតការរាថយរបស់យើងខ្ញុំ នោះច្រើនណាស់ យើងខ្ញុំបានធ្វើបាបនឹងទ្រង់ ឱទីសង្ឃឹមនៃសាសន៍អ៊ីស្រាអែល ជាព្រះដ៏ជួយសង្គ្រោះគេ ក្នុងគ្រាលំបាកអើយ ហេតុអ្វីបានជាទ្រង់ត្រូវដូចជាអ្នកដទៃនៅក្នុងស្រុក ហើយដូចជាអ្នកដើរដំណើរ ដែលឈប់សំណាក់តែ១យប់ដូច្នេះ ហេតុអ្វីបានជាទ្រង់ត្រូវដូចជាមនុស្សស្រឡាំងកាំង គឺដូចជាមនុស្សខ្លាំងពូកែដែលពុំអាចនឹងជួយសង្គ្រោះបានឡើយផង ប៉ុន្តែ ឱព្រះយេហូវ៉ាអើយទ្រង់គង់កណ្តាលយើងខ្ញុំរាល់គ្នា ហើយយើងខ្ញុំក៏បានហៅតាមព្រះនាមទ្រង់ដែរ សូមកុំលះចោលយើងខ្ញុំឡើយ។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលពីជនជាតិនេះដូច្នេះថា គេចូលចិត្តដើរសាត់ព្រាត់ គេមិនបានឃាត់ជើងគេឡើយ ហេតុនោះ ព្រះយេហូវ៉ា ទ្រង់ក៏មិនព្រមទទួលគេដែរ ក្នុងពេលឥឡូវនេះ ទ្រង់កំពុងតែនឹកចាំ ពីអំពើទុច្ចរិតរបស់គេ ហើយនឹងធ្វើទោសដល់គេជាពិត ព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថា កុំឲ្យអធិស្ឋានសូមសេចក្ដីល្អឲ្យជនជាតិនេះឡើយ កាលណាគេតមអត់ នោះអញមិនព្រមស្តាប់សំរែករបស់គេទេ កាលណាគេថ្វាយដង្វាយដុត នឹងដង្វាយម្សៅ នោះអញមិនព្រមទទួលឡើយ គឺនឹងធ្វើឲ្យគេសូន្យទៅដោយដាវ អំណត់អត់ នឹងអាសន្នរោគវិញ។ នោះខ្ញុំទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ មើលពួកហោរាតែងតែប្រាប់គេថា ឯងរាល់គ្នានឹងមិនឃើញដាវទេ ក៏មិនត្រូវសេចក្ដីអំណត់អត់ដែរ គឺអញនឹងឲ្យឯងរាល់គ្នាមានសេចក្ដីសុខនៅទីនេះជាពិត រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថា ពួកហោរាគេទាយកុហកដោយនូវឈ្មោះអញទេ អញមិនបានចាត់ប្រើគេឡើយ ក៏មិនបានបង្គាប់គេ ឬនិយាយនឹងគេដែរ គេទាយប្រាប់ឯងរាល់គ្នាពីការជាក់ស្តែងដែលមិនពិត ជាទំនាយតាមរបៀន គឺជាសេចក្ដីឥតប្រយោជន៍ទទេ ហើយជាសេចក្ដីបញ្ឆោតនៃចិត្តខ្លួនគេវិញ ដូច្នេះ ឯពួកហោរាដែលទាយដោយនូវឈ្មោះអញ ឥតមានអញចាត់ប្រើឡើយ ជាអ្នកដែលថាដាវ នឹងសេចក្ដីអំណត់អត់ នឹងមិនមកក្នុងស្រុកនេះទេ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលពីពួកហោរានោះថា គេនឹងត្រូវវិនាសអស់ទៅ ដោយសារដាវ នឹងសេចក្ដីអំណត់នោះឯង ហើយពួកជនដែលគេបានទាយប្រាប់នោះ នឹងត្រូវបោះចោលទៅក្នុងផ្លូវនៃក្រុងយេរូសាឡិម ដោយព្រោះសេចក្ដីអំណត់ហើយនឹងដាវដែរ ឥតមានអ្នកណានឹងកប់ខ្មោចគេឡើយ គឺទាំងខ្លួនគេ ប្រពន្ធគេ នឹងកូនប្រុសកូនស្រីគេផង ពីព្រោះអញនឹងចាក់អំពើលាមកអាក្រក់របស់គេទៅលើគេវិញ ឯងត្រូវប្រាប់ពាក្យនេះដល់គេថា សូមឲ្យខ្ញុំហូរទឹកភ្នែកសស្រាក់ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរឡើយ ពីព្រោះកូនក្រមុំរបស់សាសន៍ខ្ញុំបានត្រូវខ្ទេចខ្ទី ជាការបាក់បែកយ៉ាងធំ ដោយរបួសជាទំងន់ បើខ្ញុំចេញទៅឯវាល នោះមើល មានសុទ្ធតែសាកសពដែលស្លាប់ដោយដាវ ហើយបើខ្ញុំចូលទៅក្នុងទីក្រុងវិញ នោះមើល មានសុទ្ធតែមនុស្សដែលឈឺ ដោយអត់ឃ្លាន ដ្បិតពួកហោរា នឹងពួកសង្ឃ តែងតែចុះឡើងក្នុងស្រុកឥតដឹងអ្វីទេ។ តើទ្រង់បានបោះបង់ចោលពួកយូដាជាដាច់ខាតឬ តើព្រះហឫទ័យទ្រង់ស្អប់ខ្ពើមក្រុងស៊ីយ៉ូនឬអី ហេតុអ្វីបានជាទ្រង់វាយយើងរាល់គ្នា ហើយមិនឲ្យជាឡើងវិញសោះ យើងខ្ញុំបានរង់ចាំ ថានឹងបានសេចក្ដីសុខ តែឥតមានអ្វីល្អមកឡើយ ក៏សង្ឃឹមនឹងបានជា តែមើល បានតែសេចក្ដីភ័យវិញ ឱព្រះយេហូវ៉ាអើយ យើងខ្ញុំទទួលស្គាល់អំពើអាក្រក់របស់យើងខ្ញុំហើយ ព្រមទាំងសេចក្ដីទុច្ចរិតរបស់ពួកព្ធយុកោយើងខ្ញុំផង ដ្បិតយើងខ្ញុំបានធ្វើបាបនឹងទ្រង់ពិត សូមកុំស្អប់យើងខ្ញុំឡើយ ដោយយល់ដល់ព្រះនាមទ្រង់ សូមកុំបង្អាប់បល្ល័ង្កនៃសិរីល្អរបស់ទ្រង់ សូមនឹកចាំឡើងវិញ ហើយកុំផ្តាច់សេចក្ដីសញ្ញា ដែលទ្រង់បានតាំងនឹងយើងខ្ញុំឡើយ ក្នុងអស់ទាំងព្រះឥតប្រយោជន៍របស់សាសន៍ដទៃ តើមានណាមួយបង្អុរឲ្យមានភ្លៀងធ្លាក់មកបានឬ តើផ្ទៃមេឃនឹងឲ្យធ្លាក់ភ្លៀង១មេបានឬទេ ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំអើយ តើមិនមែនជាទ្រង់វិញទេឬអី ដូច្នេះ យើងខ្ញុំនឹងទន្ទឹងចាំតែទ្រង់ ដ្បិតគឺទ្រង់ហើយដែលបានធ្វើគ្រប់ការទាំងនេះ។