ព្រះអម្ចាស់បានប្រាប់ខ្ញុំ ហើយខ្ញុំក៏ដឹងអំពីឧបាយកល ដែលពួកគេបម្រុងនឹងធ្វើចំពោះខ្ញុំ។ ពីមុន ខ្ញុំប្រៀបបាននឹងកូនចៀមដ៏ស្លូត ដែលគេដឹកទៅទីសត្តឃាត។ ខ្ញុំពុំបានដឹងអំពីគម្រោងការ ដែលពួកគេគិតបម្រុងនឹងធ្វើចំពោះខ្ញុំទេ។ ពួកគេនិយាយគ្នាអំពីខ្ញុំថា “យើងនាំគ្នារំលំដើមឈើកំពុងតែមានផ្លែនេះទៅ យើងដកវាចេញពីចំណោមមនុស្សមានជីវិត កុំឲ្យនរណានឹកនាដល់ឈ្មោះវាទៀត!”។ បពិត្រព្រះអម្ចាស់នៃពិភពទាំងមូល ព្រះអង្គជាចៅក្រមដ៏សុចរិត ព្រះអង្គឈ្វេងយល់ចិត្តថ្លើមរបស់មនុស្ស យ៉ាងច្បាស់ ទូលបង្គំនឹងឃើញព្រះអង្គរកយុត្តិធម៌ ដោយដាក់ទោសពួកគេជាមិនខាន ទូលបង្គំប្រគល់រឿងហេតុរបស់ទូលបង្គំ លើព្រះអង្គទាំងស្រុង។ ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលប្រឆាំងនឹងអ្នកភូមិអាណាថោត ដែលចង់ប្រហារជីវិតខ្ញុំ ដោយពោលមកខ្ញុំថា “កុំថ្លែងព្រះបន្ទូលក្នុងនាមព្រះអម្ចាស់ឡើយ បើមិនដូច្នោះទេ អ្នកមុខជាស្លាប់ដោយដៃពួកយើងមិនខាន!”។ ហេតុនេះហើយបានជាព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «យើងនឹងដាក់ទោសពួកគេ គឺពួកយុវជនរបស់គេនឹងស្លាប់ដោយមុខដាវ កូនប្រុសកូនស្រីរបស់ពួកគេនឹងស្លាប់ដោយទុរ្ភិក្ស។ ក្នុងចំណោមពួកគេ គ្មាននៅសេសសល់នរណាម្នាក់សោះ ដ្បិតនៅឆ្នាំដែលយើងដាក់ទោសអ្នកភូមិអាណាថោត យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់ពួកគេ»។
អាន យេរេមា 11
ស្ដាប់នូវ យេរេមា 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យេរេមា 11:18-23
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ