យេរេមា 11:18-23

យេរេមា 11:18-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​បាន​សម្ដែង​ឲ្យ​ខ្ញុំ​ដឹង​ពី​ការ​នេះ ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​កិរិយា​របស់​គេ ឯ​ខ្ញុំ​ដូច​ជា​កូន​ចៀម​ស្លូត ដែល​គេ​នាំ​ទៅ​ឯ​ទី​សម្លាប់ ខ្ញុំ​មិន​បាន​ដឹង​ជា​គេ​គិត​ឧបាយ​ទាស់​នឹង​ខ្ញុំ​សោះ គេ​ថា ចូរ​យើង​បំផ្លាញ​ទាំង​ដើម និង​ផល​ផង ចូរ​យើង​កាត់​វា​ចេញ​ពី​ស្ថាន​របស់​មនុស្ស​រស់​ទៅ ដើម្បី​មិន​ឲ្យ​អ្នក​ណា​នឹក​ចាំ​ពី​ឈ្មោះ​វា​ទៀត​ឡើយ ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​ដែល​ជំនុំ‌ជម្រះ​ដោយ​សុចរិត ហើយ​ក៏​ល្បង​ល​ចិត្ត​គំនិត​អើយ ទូល‌បង្គំ​នឹង​ឃើញ​ព្រះ‌អង្គ​សង‌សឹក​ដល់​គេ​ជា​មិន​ខាន ដ្បិត​ទូល‌បង្គំ​បាន​សម្ដែង​ដើម​ហេតុ​របស់​ទូល‌បង្គំ ថ្វាយ​ព្រះ‌អង្គ​ជ្រាប​ហើយ។ ហេតុ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ពួក​មនុស្ស នៅ​ក្រុង​អាណាថោត ដែល​ចង់​សម្លាប់​ខ្ញុំ ដោយ​ពោល​ថា៖ អ្នក​មិន​ត្រូវ​ថ្លែងទំនាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ទៀត​ឡើយ ក្រែង​អ្នក​ស្លាប់​ដោយ​ដៃ​របស់​យើង។ ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល៍! យើង​នឹង​ធ្វើ​ទោស​គេ ពួក​កំលោះៗ​នឹង​ស្លាប់​ដោយ​ដាវ ពួក​កូន​ប្រុស​កូន​ស្រី​របស់​គេ​នឹង​ស្លាប់​ដោយ​អំណត់ ហើយ​គ្មាន​សំណល់​សល់​សម្រាប់​គេ​ឡើយ ដ្បិត​នៅ​ឆ្នាំ​ដែល​យើង​នឹង​ធ្វើ​ទោស​ដល់​ពួក​ក្រុង​អាណាថោត នោះ​យើង​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គេ​យ៉ាង​ពិត​ប្រាកដ។

ចែក​រំលែក
អាន យេរេមា 11

យេរេមា 11:18-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​បាន​ប្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ដឹង​អំពី​ឧបាយ‌កល ដែល​ពួក​គេ​បម្រុង​នឹង​ធ្វើ​ចំពោះ​ខ្ញុំ។ ពី​មុន ខ្ញុំ​ប្រៀប​បាន​នឹង​កូន​ចៀម​ដ៏​ស្លូត ដែល​គេ​ដឹក​ទៅ​ទី​សត្ត‌ឃាត។ ខ្ញុំ​ពុំ​បាន​ដឹង​អំពី​គម្រោង‌ការ ដែល​ពួក​គេ​គិត​បម្រុង​នឹង​ធ្វើ​ចំពោះ​ខ្ញុំ​ទេ។ ពួក​គេ​និយាយ​គ្នា​អំពី​ខ្ញុំ​ថា “យើង​នាំ​គ្នា​រំលំ​ដើម​ឈើ​កំពុង​តែ​មាន​ផ្លែ​នេះ​ទៅ យើង​ដក​វា​ចេញ​ពី​ចំណោម​មនុស្ស​មាន​ជីវិត កុំ​ឲ្យ​នរណា​នឹក​នា​ដល់​ឈ្មោះ​វា​ទៀត!”។ បពិត្រ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ព្រះអង្គ​ជា​ចៅ‌ក្រម​ដ៏​សុចរិត ព្រះអង្គ​ឈ្វេង​យល់​ចិត្ត​ថ្លើម​របស់​មនុស្ស យ៉ាង​ច្បាស់ ទូលបង្គំ​នឹង​ឃើញ​ព្រះអង្គ​រក​យុត្តិធម៌ ដោយ​ដាក់​ទោស​ពួក​គេ​ជា​មិន​ខាន ទូលបង្គំ​ប្រគល់​រឿង​ហេតុ​របស់​ទូលបង្គំ លើ​ព្រះអង្គ​ទាំង​ស្រុង។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រឆាំង​នឹង​អ្នក​ភូមិ​អាណា‌ថោត ដែល​ចង់​ប្រហារ​ជីវិត​ខ្ញុំ ដោយ​ពោល​មក​ខ្ញុំ​ថា “កុំ​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​នាម​ព្រះ‌អម្ចាស់​ឡើយ បើ​មិន​ដូច្នោះ​ទេ អ្នក​មុខ​ជា​ស្លាប់​ដោយ​ដៃ​ពួក​យើង​មិន​ខាន!”។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ដាក់​ទោស​ពួក​គេ គឺ​ពួក​យុវជន​របស់​គេ​នឹង​ស្លាប់​ដោយ​មុខ​ដាវ កូន​ប្រុស​កូន​ស្រី​របស់​ពួក​គេ​នឹង​ស្លាប់​ដោយ​ទុរ្ភិក្ស។ ក្នុង​ចំណោម​ពួក​គេ គ្មាន​នៅ​សេស‌សល់​នរណា​ម្នាក់​សោះ ដ្បិត​នៅ​ឆ្នាំ​ដែល​យើង​ដាក់​ទោស​អ្នក​ភូមិ​អាណា‌ថោត យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​កើត​មាន​ដល់​ពួក​គេ»។

ចែក​រំលែក
អាន យេរេមា 11

យេរេមា 11:18-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា ទ្រង់​បាន​សំដែង ឲ្យ​ខ្ញុំ​ដឹង​ពី​ការ​នេះ ទ្រង់​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​កិរិយា​របស់​គេ ឯ​ខ្ញុំ បាន​ដូច​ជា​កូន​ចៀម​ស្លូត ដែល​គេ​នាំ​ទៅ​ឯ​ទី​សំឡាប់ ខ្ញុំ​មិន​បាន​ដឹង​ជា​គេ​គិត​ឧបាយ​ទាស់​នឹង​ខ្ញុំ​សោះ គេ​ថា ចូរ​យើង​បំផ្លាញ​ទាំង​ដើមនឹង​ផល​ផង ចូរ​យើង​កាត់​វា​ចេញ​ពី​ស្ថាន​របស់​មនុស្ស​រស់​ទៅ ដើម្បី​មិន​ឲ្យ​អ្នក​ណា​នឹក​ចាំ​ពី​ឈ្មោះ​វា​ទៀត​ឡើយ តែ ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​ដែល​ជំនុំ‌ជំរះ​ដោយ​សុចរិត ហើយ​ក៏​ល្បង​ល​ចិត្តនឹង​គំនិត​អើយ ទូលបង្គំ​នឹង​ឃើញ​ទ្រង់​សង‌សឹក​ដល់​គេ​ជា​មិន​ខាន ដ្បិត​ទូលបង្គំ​បាន​សំដែង​ដើម​ហេតុ​របស់​ទូលបង្គំ ថ្វាយ​ទ្រង់​ជ្រាប​ហើយ ហេតុ​នោះព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ពី​ដំណើរ​ពួក​មនុស្ស នៅ​ក្រុង​អាន៉ាថោត ដែល​រក​ជីវិត​ខ្ញុំ​ដោយ​ពោល​ថា មិន​ត្រូវ​ឲ្យ​ឯង​ទាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ទៀត​ឡើយ ក្រែង​ឯង​ស្លាប់​ដោយ​ដៃ​របស់​យើង គឺ​ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ធ្វើ​ទោស​គេ ពួក​កំឡោះៗ​នឹង​ស្លាប់​ដោយ​ដាវ ពួក​កូន​ប្រុស​កូន​ស្រី​របស់​គេ​នឹង​ស្លាប់​ដោយ​អំណត់‌អត់ ហើយ​នឹង​គ្មាន​សំណល់​សល់​ដល់​គេ​ឡើយ ដ្បិត​នៅ​ឆ្នាំ​ដែល​អញ​នឹង​ធ្វើ​ទោស​ដល់​ពួក​ក្រុង​អាន៉ាថោត នោះ​អញ​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គេ​ជា​ពិត។

ចែក​រំលែក
អាន យេរេមា 11