នៅថ្ងៃនោះ លោកស្រីដេបូរ៉ា និងលោកបារ៉ាក់ ជាកូនរបស់លោកអប៊ីណោម នាំគ្នាច្រៀងថា៖ «នៅស្រុកអ៊ីស្រាអែល ប្រជាជនថ្វាយជីវិតទាំងស្រុងទៅព្រះជាម្ចាស់ ហើយស្ម័គ្រចិត្តចេញទៅប្រយុទ្ធ សូមសរសើរតម្កើងព្រះអម្ចាស់! ស្ដេចទាំងឡាយអើយ សូមស្ដាប់! អ្នកដឹកនាំទាំងឡាយអើយ ចូរផ្ទៀងត្រចៀកស្ដាប់! ខ្ញុំនឹងច្រៀងថ្វាយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។ ខ្ញុំនឹងស្មូត្រទំនុកតម្កើង ថ្វាយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។ ឱព្រះអម្ចាស់អើយ កាលព្រះអង្គយាងចាកចេញពីស្រុកសៀរ កាលព្រះអង្គយាងមកពីស្រុកអេដុម នោះផែនដីបានរញ្ជួយ មេឃក៏ប្រែជាខ្មៅងងឹត ពពកក៏បង្អុរភ្លៀងចុះមកយ៉ាងខ្លាំង។ ភ្នំទាំងឡាយរលាយ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះនៃភ្នំស៊ីណៃ គឺព្រះនៃជនជាតិអ៊ីស្រាអែល។ នៅជំនាន់លោកសាំកើរ ជាកូនលោកអណាត នៅជំនាន់នាងយ៉ាអែល គ្មាននរណាធ្វើដំណើរតាមផ្លូវទេ គឺគេធ្វើដំណើរតែតាមផ្លូវវាង។ ប្រជាជនបានបោះបង់ចោលភូមិទាំងឡាយ នៅស្រុកអ៊ីស្រាអែល គ្មានអ្នកដឹកនាំទេ រហូតទាល់តែព្រះជាម្ចាស់ឲ្យដេបូរ៉ាខ្ញុំនេះ ក្រោកឡើង គឺឲ្យខ្ញុំក្រោកឡើង ធ្វើជាម្ដាយរបស់ជនជាតិអ៊ីស្រាអែល។ ប្រជាជនបានជ្រើសរើសព្រះថ្មីៗទៀត ពេលនោះ សង្គ្រាមក៏ផ្ទុះឡើង។ ក្នុងចំណោមប្រជាជនអ៊ីស្រាអែលបួនម៉ឺននាក់ គេរកតែខែល ឬលំពែងមួយមិនបានផង។ ខ្ញុំពេញចិត្តនឹងមេទ័ពទាំងឡាយរបស់ ជនជាតិអ៊ីស្រាអែល ហើយក្នុងចំណោមប្រជាជន ខ្ញុំពេញចិត្តនឹង អស់អ្នកដែលស្ម័គ្រចិត្តចេញទៅច្បាំង សូមសរសើរតម្កើងព្រះអម្ចាស់! អស់អ្នកដែលជិះមេលាសម្បុរស អស់អ្នកដែលអង្គុយលើកម្រាលព្រំ និងអស់អ្នកដែលដើរតាមផ្លូវអើយ ចូររិះគិតពិចារណាចុះ! ពួកអ្នកដងទឹកនាំគ្នាច្រៀងនៅក្បែរអណ្ដូង រៀបរាប់អំពីព្រះហឫទ័យសុចរិតរបស់ព្រះអម្ចាស់ គឺព្រះអង្គប្រទានឲ្យជនជាតិអ៊ីស្រាអែល មានជ័យជម្នះ! ពេលនោះ ប្រជាជនរបស់ព្រះអម្ចាស់ នាំគ្នាចុះទៅកាន់ទ្វារក្រុង។ ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ដេបូរ៉ាអើយ ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ច្រៀងបទមួយ! បារ៉ាក់ ជាកូនលោកអប៊ីណោមអើយ ចូរក្រោកឡើង នាំប្រជាជនដែលជាប់ជាឈ្លើយ ត្រឡប់មកវិញ។ អស់អ្នកដែលរួចពីស្លាប់ បានទៅជួបជុំនឹងមេដឹកនាំរបស់ខ្លួន ប្រជាជនរបស់ព្រះអម្ចាស់ក៏នាំគ្នាចូលមកជិតខ្ញុំ រួមជាមួយវីរជនឯទៀតៗ។ អ្នកខ្លះមកពីកុលសម្ព័ន្ធអេប្រាអ៊ីម ដែលនៅជាប់នឹងស្រុកអាម៉ាឡេក កុលសម្ព័ន្ធបេនយ៉ាមីនក៏មកតាមដែរ ហើយរួមកម្លាំងជាមួយពលទ័ពរបស់គេផង។ មានមេទ័ពមកពីអំបូរម៉ាកៀរ ហើយនាយទាហានមកពីកុលសម្ព័ន្ធសាប់យូឡូន ពួកប្រមុខនៃកុលសម្ព័ន្ធអ៊ីសាខារ បានទៅជាមួយដេបូរ៉ា។ កុលសម្ព័ន្ធអ៊ីសាខារក៏ទៅជាមួយបារ៉ាក់ដែរ គេរត់តាមក្រោយលោក រហូតដល់ជ្រលងភ្នំ។ រីឯកុលសម្ព័ន្ធរូបេនវិញ គេគិតតែពីជជែកគ្នាមិនចេះចប់។
អាន ចៅហ្វាយ 5
ស្ដាប់នូវ ចៅហ្វាយ 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ចៅហ្វាយ 5:1-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ