ចៅហ្វាយ 5:1-15
ចៅហ្វាយ 5:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃនោះ ដេបូរ៉ា និងបារ៉ាក ជាកូនអ័ប៊ីណោម នាំគ្នាច្រៀងថា៖ «កាលពួកអ្នកដឹកនាំឈរឡើងនៅស្រុកអ៊ីស្រាអែល នោះប្រជាជនបានប្រគល់ខ្លួនដោយស្ម័គ្រពីចិត្ត សូមថ្វាយព្រះពរព្រះយេហូវ៉ា!។ ឱពួកស្តេចអើយ ចូរស្តាប់ ពួកមេគ្រប់គ្រងអើយ ចូរផ្ទៀងត្រចៀកស្តាប់ ខ្ញុំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ខ្ញុំនឹងលើកទំនុកថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល។ ឱព្រះយេហូវ៉ាអើយ កាលព្រះអង្គបានយាងចេញពីភ្នំសៀរ កាលព្រះអង្គបានយាងមកពីស្រុកអេដុម នោះផែនដីញាប់ញ័រ ផ្ទៃមេឃក៏បង្អុរ អើ ពពកបានបង្អុរទឹកចុះមក។ ភ្នំទាំងឡាយរញ្ជួយនៅចំពោះព្រះយេហូវ៉ា ហើយសូម្បីតែភ្នំស៊ីណាយ ក៏រញ្ជួយនៅចំពោះព្រះយេហូវ៉ាដែរ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល។ នៅជំនាន់សាំកើរ ជាកូនអ័ណាត ក្នុងគ្រានាងយ៉ាអែល គេបោះបង់ចោលផ្លូវធំ ហើយធ្វើដំណើរតាមផ្លូវវាង។ ពួកអ្នកភូមិក្នុងស្រុកអ៊ីស្រាអែលនៅស្ងាត់ច្រៀប គឺគេនៅស្ងាត់ច្រៀប រហូតទាល់តែខ្ញុំក្រោកឡើង គឺខ្ញុំដេបូរ៉ានេះ ក្រោកឡើងធ្វើជាម្តាយនៃពួកអ៊ីស្រាអែល។ កាលគេបានជ្រើសរើសព្រះថ្មី នោះក៏កើតមានសង្គ្រាមតាមទ្វារក្រុង។ ក្នុងពួកអ៊ីស្រាអែលបួនម៉ឺននាក់ តើគេឃើញមានខែល ឬលំពែងណាមួយឬទេ? ខ្ញុំពេញចិត្តនឹងមេទ័ពរបស់ពួកអ៊ីស្រាអែល ដែលនៅក្នុងចំណោមប្រជាជន គេបានប្រគល់ខ្លួនដោយស្ម័គ្រពីចិត្ត។ សូមថ្វាយព្រះពរព្រះយេហូវ៉ា។ អ្នករាល់គ្នាដែលជិះលាស អ្នករាល់គ្នាដែលអង្គុយលើកម្រាលព្រំដ៏មានតម្លៃ និងអ្នករាល់គ្នាដែលដើរតាមផ្លូវអើយ ចូរថ្លែងប្រាប់ចុះ។ សូមស្ដាប់សំឡេងពួកអ្នកភ្លេងនៅត្រង់កន្លែងដងទឹក គេថ្លែងប្រាប់អំពីជ័យជម្នះដ៏សុចរិតរបស់ព្រះយេហូវ៉ា គឺអំពីជ័យជម្នះដ៏សុចរិតនៃពួកអ្នកភូមិរបស់ព្រះអង្គ ក្នុងស្រុកអ៊ីស្រាអែល។ ពេលនោះ ប្រជារាស្ត្ររបស់ព្រះយេហូវ៉ា នាំគ្នាយាត្រានៅកាន់ទ្វារក្រុង។ ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ដេបូរ៉ាអើយ! ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ចូរច្រៀងជាទំនុកមួយទៅ! ចូរក្រោកឡើង បារ៉ាកអើយ ឱកូនអ័ប៊ីណោមអើយ ចូរនាំពួកឈ្លើយរបស់អ្នកចេញទៅ។ គ្រានោះ សំណល់នៃពួកអ្នកមានត្រកូលខ្ពស់បានចុះមក គឺប្រជាជនរបស់ព្រះយេហូវ៉ាបានចុះមករកខ្ញុំ ទាស់នឹងពួកខ្លាំងពូកែ។ គេចុះមកពីស្រុកអេប្រាអិម ជាស្រុកដែលពីមុនជារបស់សាសន៍អាម៉ាឡេក គេមកតាមអ្នក បេនយ៉ាមីនអើយ មករួមជាមួយពលទ័ពរបស់អ្នក។ ពួកមេទ័ពចុះមកពីពួកម៉ាគារ ហើយអស់អ្នកដែលកាន់ឈើច្រត់របស់មេទ័ព មកពីពួកសាប់យូឡូន ពួកអ្នកដែលជាកំពូលលើពួកអ៊ីសាខារ មករួមជាមួយដេបូរ៉ា ហើយពួកអ៊ីសាខារស្មោះចំពោះបារ៉ាកដែរ គេប្រញាប់ប្រញាល់ចុះក្នុងជ្រលងភ្នំ តាមដានជើងលោក។ ឯក្នុងចំណោមពួករូបេនវិញ មានការអល់អែកនៅក្នុងចិត្តជាខ្លាំង។
ចៅហ្វាយ 5:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃនោះ លោកស្រីដេបូរ៉ា និងលោកបារ៉ាក់ ជាកូនរបស់លោកអប៊ីណោម នាំគ្នាច្រៀងថា៖ «នៅស្រុកអ៊ីស្រាអែល ប្រជាជនថ្វាយជីវិតទាំងស្រុងទៅព្រះជាម្ចាស់ ហើយស្ម័គ្រចិត្តចេញទៅប្រយុទ្ធ សូមសរសើរតម្កើងព្រះអម្ចាស់! ស្ដេចទាំងឡាយអើយ សូមស្ដាប់! អ្នកដឹកនាំទាំងឡាយអើយ ចូរផ្ទៀងត្រចៀកស្ដាប់! ខ្ញុំនឹងច្រៀងថ្វាយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។ ខ្ញុំនឹងស្មូត្រទំនុកតម្កើង ថ្វាយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។ ឱព្រះអម្ចាស់អើយ កាលព្រះអង្គយាងចាកចេញពីស្រុកសៀរ កាលព្រះអង្គយាងមកពីស្រុកអេដុម នោះផែនដីបានរញ្ជួយ មេឃក៏ប្រែជាខ្មៅងងឹត ពពកក៏បង្អុរភ្លៀងចុះមកយ៉ាងខ្លាំង។ ភ្នំទាំងឡាយរលាយ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះនៃភ្នំស៊ីណៃ គឺព្រះនៃជនជាតិអ៊ីស្រាអែល។ នៅជំនាន់លោកសាំកើរ ជាកូនលោកអណាត នៅជំនាន់នាងយ៉ាអែល គ្មាននរណាធ្វើដំណើរតាមផ្លូវទេ គឺគេធ្វើដំណើរតែតាមផ្លូវវាង។ ប្រជាជនបានបោះបង់ចោលភូមិទាំងឡាយ នៅស្រុកអ៊ីស្រាអែល គ្មានអ្នកដឹកនាំទេ រហូតទាល់តែព្រះជាម្ចាស់ឲ្យដេបូរ៉ាខ្ញុំនេះ ក្រោកឡើង គឺឲ្យខ្ញុំក្រោកឡើង ធ្វើជាម្ដាយរបស់ជនជាតិអ៊ីស្រាអែល។ ប្រជាជនបានជ្រើសរើសព្រះថ្មីៗទៀត ពេលនោះ សង្គ្រាមក៏ផ្ទុះឡើង។ ក្នុងចំណោមប្រជាជនអ៊ីស្រាអែលបួនម៉ឺននាក់ គេរកតែខែល ឬលំពែងមួយមិនបានផង។ ខ្ញុំពេញចិត្តនឹងមេទ័ពទាំងឡាយរបស់ ជនជាតិអ៊ីស្រាអែល ហើយក្នុងចំណោមប្រជាជន ខ្ញុំពេញចិត្តនឹង អស់អ្នកដែលស្ម័គ្រចិត្តចេញទៅច្បាំង សូមសរសើរតម្កើងព្រះអម្ចាស់! អស់អ្នកដែលជិះមេលាសម្បុរស អស់អ្នកដែលអង្គុយលើកម្រាលព្រំ និងអស់អ្នកដែលដើរតាមផ្លូវអើយ ចូររិះគិតពិចារណាចុះ! ពួកអ្នកដងទឹកនាំគ្នាច្រៀងនៅក្បែរអណ្ដូង រៀបរាប់អំពីព្រះហឫទ័យសុចរិតរបស់ព្រះអម្ចាស់ គឺព្រះអង្គប្រទានឲ្យជនជាតិអ៊ីស្រាអែល មានជ័យជម្នះ! ពេលនោះ ប្រជាជនរបស់ព្រះអម្ចាស់ នាំគ្នាចុះទៅកាន់ទ្វារក្រុង។ ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ដេបូរ៉ាអើយ ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ច្រៀងបទមួយ! បារ៉ាក់ ជាកូនលោកអប៊ីណោមអើយ ចូរក្រោកឡើង នាំប្រជាជនដែលជាប់ជាឈ្លើយ ត្រឡប់មកវិញ។ អស់អ្នកដែលរួចពីស្លាប់ បានទៅជួបជុំនឹងមេដឹកនាំរបស់ខ្លួន ប្រជាជនរបស់ព្រះអម្ចាស់ក៏នាំគ្នាចូលមកជិតខ្ញុំ រួមជាមួយវីរជនឯទៀតៗ។ អ្នកខ្លះមកពីកុលសម្ព័ន្ធអេប្រាអ៊ីម ដែលនៅជាប់នឹងស្រុកអាម៉ាឡេក កុលសម្ព័ន្ធបេនយ៉ាមីនក៏មកតាមដែរ ហើយរួមកម្លាំងជាមួយពលទ័ពរបស់គេផង។ មានមេទ័ពមកពីអំបូរម៉ាកៀរ ហើយនាយទាហានមកពីកុលសម្ព័ន្ធសាប់យូឡូន ពួកប្រមុខនៃកុលសម្ព័ន្ធអ៊ីសាខារ បានទៅជាមួយដេបូរ៉ា។ កុលសម្ព័ន្ធអ៊ីសាខារក៏ទៅជាមួយបារ៉ាក់ដែរ គេរត់តាមក្រោយលោក រហូតដល់ជ្រលងភ្នំ។ រីឯកុលសម្ព័ន្ធរូបេនវិញ គេគិតតែពីជជែកគ្នាមិនចេះចប់។
ចៅហ្វាយ 5:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅថ្ងៃនោះ ដេបូរ៉ា នឹងបារ៉ាក ជាកូនអ័ប៊ីណោមក៏ច្រៀងថា ចូរក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ដ្បិតពួកអ្នកនាំមុខបានតាំងខ្លួននាំពួកអ៊ីស្រាអែល ហើយបណ្តាជនបានប្រគល់ខ្លួនដោយស្ម័គ្រពីចិត្ត។ ពួកស្តេចអើយ ចូរស្តាប់ ពួកមេត្រួតត្រាអើយ ចូរផ្ទៀងត្រចៀកស្តាប់ចុះ ខ្ញុំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ខ្ញុំនឹងច្រៀងសរសើរដល់ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ឱព្រះយេហូវ៉ាអើយ កាលទ្រង់បានយាងចេញពីភ្នំសៀរ កាលទ្រង់បានយាងមកពីស្រុកអេដំម នោះផែនដីក៏ញ័រឡើង ផ្ទៃមេឃក៏ទូទឹម ហើយពពកបានបង្អុរទឹកចុះ ភ្នំទាំងប៉ុន្មានក៏រលាយទៅនៅចំពោះព្រះយេហូវ៉ា គឺភ្នំស៊ីណាយបានរលាយពីចំពោះព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល។ នៅជំនាន់សាំកើរ ជាកូនអ័ណាត ក្នុងគ្រាយ៉ាអែលនោះគេទុកចោលថ្នល់ធំ ពួកអ្នកដំណើរទាំងប៉ុន្មានក៏ដើរតាមតែផ្លូវច្រកវិញ ភូមិទាំងប៉ុន្មានក្នុងស្រុកអ៊ីស្រាអែលក៏ចោលនៅស្ងាត់ គឺនៅស្ងាត់ច្រៀប ទាល់តែខ្ញុំដេបូរ៉ានេះបានតាំងឡើង គឺបានឡើងធ្វើជាម្តាយនៃសាសន៍អ៊ីស្រាអែល គេបានជ្រើសរើសព្រះថ្មី បានជាកើតមានចំបាំងនៅមាត់ទ្វារក្រុងទាំងប៉ុន្មាន គ្រានោះ ក្នុងសាសន៍អ៊ីស្រាអែល៤ម៉ឺននាក់ ឥតមានខែល ឬលំពែងណាមួយឡើយ ខ្ញុំមានសេចក្ដីពេញចិត្ត ចំពោះពួកចៅហ្វាយសាសន៍អ៊ីស្រាអែល ដែលនៅក្នុងពួកបណ្តាជន គេបានប្រគល់ខ្លួនដោយស្ម័គ្រពីចិត្ត សូមឲ្យព្រះយេហូវ៉ាបានព្រះពរ ឱអ្នករាល់គ្នាដែលជិះលាស នឹងអ្នករាល់គ្នាដែលអង្គុយលើព្រំវិចិត្រដ៏មានដំឡៃ ហើយអ្នករាល់គ្នាដែលដើរតាមផ្លូវអើយ ចូរថ្លែងប្រាប់ចុះ នៅទីឆ្ងាយពីសូរអឺងអាប់នៃពួកប្រមាញ់ធ្នូ នោះគេនឹងប្រជុំត្រង់កន្លែងដងទឹក ថ្លែងប្រាប់ពីអំពើសុចរិតរបស់ព្រះយេហូវ៉ា គឺពីអស់ទាំងអំពើសុចរិតដែលទ្រង់ប្រោស ក្នុងគ្រាដែលសោយរាជ្យលើសាសន៍អ៊ីស្រាអែល នៅក្នុងគ្រានោះ ពួករាស្ត្រផងព្រះយេហូវ៉ាបានចុះមកដល់អស់ទាំងទ្វារក្រុង។ ចូរភ្ញាក់ ចូរភ្ញាក់ឡើងចុះ ដេបូរ៉ាអើយ ចូរភ្ញាក់ ចូរភ្ញាក់ឡើងច្រៀងជាទំនុកទៅ ចូរក្រោកឡើងបារ៉ាកអើយ ឱកូនអ័ប៊ីណោមអើយ ចូរនាំពួកឈ្លើយរបស់អ្នកទៅចុះ គ្រានោះ ពួកសំណល់នៃបណ្តាជន បានឈ្នះពួកខ្លាំងពូកែ ព្រះយេហូវ៉ាទ្រង់បានយាងចុះមកច្បាំងជំនួសខ្ញុំ ទាស់នឹងពួកស្ទាត់ជំនាញ មានពួកអ្នកចុះពីស្រុកអេប្រាអិមមក ដែលមានជាប់កំណើតក្នុងសាសន៍អាម៉ាលេក គេមកតាមឯង ឱបេនយ៉ាមីនអើយ គឺនៅជាកណ្តាលនៃពួកជនរបស់ឯងផង មានពួកចៅហ្វាយចុះមកពីពួកម៉ាគារ ហើយពីពួកសាប់យូល៉ូន នោះមានអ្នកដែលធ្វើជាមេធំបំផុតចេញមក ពួកអ្នកដែលជាកំពូលលើពួកអ៊ីសាខារ ក៏នៅជាមួយនឹងដេបូរ៉ា ហើយពួកអ៊ីសាខារបានតាមបារ៉ាកដែរ គេបានទទួលបង្គាប់ចុះទៅក្នុងច្រកភ្នំតាមដានជើងលោក រីឯពួករូបេននៅត្រង់ជ្រោះទឹក នោះមានចិត្តនឹកសំរេចការយ៉ាងធំ