អេសាយ 62:1-12

អេសាយ 62:1-12 គខប

យើង​គិត​ដល់​ក្រុង​ស៊ីយ៉ូន យើង​នឹង​មិន​នៅ​ស្ងៀម​ឡើយ ដោយ​យើង​គិត​ដល់​ក្រុង​យេរូ‌សាឡឹម យើង​នឹង​មិន​នៅ​សម្ងំ​ឥត​ធ្វើ​អ្វី​នោះ​ឡើយ ដរាប​ណា​ទាល់​តែ​សេចក្ដី​សុចរិត​ចាំង​ចេញ ពី​ក្រុង​នេះ​ដូច​ថ្ងៃ​រះ ហើយ​ការ​សង្គ្រោះ​កើត​មាន​ដល់​ក្រុង​នេះ យ៉ាង​ច្បាស់​ដូច​ពន្លឺ​ភ្លើង។ ពេល​នោះ ប្រជា‌ជាតិ​នានា​នឹង​ឃើញ សេចក្ដី​សុចរិត​របស់​អ្នក ហើយ​ស្ដេច​ទាំង​ប៉ុន្មាន​នឹង​ឃើញ​សិរី‌រុងរឿង របស់​អ្នក​ដែរ។ គេ​នឹង​ហៅ​អ្នក​តាម​ឈ្មោះ​ថ្មី ជា​ឈ្មោះ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ។ អ្នក​នឹង​ប្រៀប​ដូច​ជា​ភួង​ជ័យ​ដ៏​ល្អ​ប្រណីត នៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់ និង​ជា​មកុដ​រាជ្យ​ក្នុង​ព្រះ‌ហស្ដ​ព្រះ​របស់​អ្នក។ គេ​នឹង​លែង​ហៅ​អ្នក​ថា “ស្ត្រី​ដែល​ស្វាមី​លះ‌បង់​ចោល”​ទៀត​ហើយ គេ​ក៏​នឹង​លែង​ហៅ​ទឹក​ដី​របស់​អ្នក​ថា “ដី​ដែល​គេ​បោះ​បង់​ចោល​ដែរ”។ ផ្ទុយ​ទៅ​វិញ គេ​នឹង​ហៅ​អ្នក​ថា “ព្រលឹង​មាស​បង!” ហើយ​គេ​នឹង​ហៅ​ទឹក​ដី​របស់​អ្នក​ថា “ភរិយា​សម្លាញ់​ចិត្ត” ដ្បិត​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​អ្នក ហើយ​ទឹក​ដី​របស់​អ្នក​នឹង​បាន​ដូច​ជា ស្ត្រី​ដែល​ជា​នា​នឹង​ប្ដី​ឡើង​វិញ។ ព្រះអង្គ​ដែល​បាន​សង់​អ្នក នឹង​រៀបការ​ជា​មួយ​អ្នក ដូច​កំលោះ​ម្នាក់​រៀបការ​នឹង​ស្រី​ក្រមុំ។ ភរិយា​ថ្មោង​ថ្មី​ផ្ដល់​អំណរ​សប្បាយ ឲ្យ​ស្វាមី​យ៉ាង​ណា អ្នក​ក៏​ផ្ដល់​អំណរ​សប្បាយ ដល់​ព្រះ​របស់​អ្នក​យ៉ាង​នោះ​ដែរ។ យេរូ‌សាឡឹម​អើយ យើង​នឹង​ដាក់​អ្នក​យាម នៅ​តាម​កំពែង​របស់​អ្នក ទោះ​បី​ថ្ងៃ​ក្ដី​យប់​ក្ដី អ្នក​ទាំង​នោះ​មិន​ត្រូវ​នៅ​ស្ងៀម​ឡើយ គឺ​ត្រូវ​រំឭក​ព្រះ‌អម្ចាស់​ពី​ក្រុង​យេរូ‌សាឡឹម អ្នក​ទាំង​នោះ​មិន​ត្រូវ​សម្រាក​ឡើយ!។ អ្នក​ត្រូវ​ទទូច​អង្វរ ឥត​ឈប់​ឈរ រហូត​ទាល់​តែ​ព្រះអង្គ​ស្ដារ​ក្រុង​យេរូ‌សាឡឹម ឲ្យ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​លើ​ផែនដី​ឡើង​វិញ ព្រះ‌អម្ចាស់​បាន​សន្យា​យ៉ាង​ម៉ឹង‌ម៉ាត់ ដោយ​យក ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ក្លា​របស់​ព្រះអង្គ​ធ្វើ​ជា​សាក្សី​ថា យើង​មិន​ប្រគល់​ស្រូវ​របស់​អ្នក ទៅ​ឲ្យ​ខ្មាំង​សត្រូវ​ទៀត​ឡើយ កូន​ចៅ​របស់​សាសន៍​ដទៃ​ក៏​លែង​ផឹក ស្រា​ទំពាំង‌បាយជូរ​ថ្មី​ដែល​អ្នក​បាន​នឿយ‌ហត់ នោះ​ទៀត​ដែរ។ ផ្ទុយ​ទៅ​វិញ អស់​អ្នក​ដែល​ច្រូត​កាត់ នឹង​បាន​ស្រូវ​បាន​អង្ករ​បរិភោគ ហើយ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់។ រីឯ​អស់​អ្នក​ដែល​បេះ​ផ្លែ​ទំពាំង‌បាយជូរ នឹង​បាន​ស្រា​ទំពាំង‌បាយជូរ​ផឹក​នៅ ក្នុង​ទីធ្លា​សក្ការៈ​របស់​យើង។ ចូរ​នាំ​គ្នា​ចាក​ចេញ ចូរ​នាំ​គ្នា​ចេញ​តាម​ទ្វារ! ចូរ​រៀបចំ​ផ្លូវ​សម្រាប់​ប្រជា‌រាស្ត្រ​របស់​យើង! ចូរ​ត្រួស‌ត្រាយ ចូរ​ត្រួស‌ត្រាយ​ផ្លូវ ចូរ​យក​ដុំ​ថ្ម​ចេញ ហើយ​លើក​ទង់​សញ្ញា​មួយ​ឲ្យ ប្រជា‌ជន​ទាំង‌ឡាយ​ឃើញ! ព្រះ‌អម្ចាស់​ប្រកាស​ប្រាប់​មនុស្ស‌ម្នា​ដែល នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី ដូច​ត​ទៅ: ចូរ​ប្រាប់​ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន​ថា មើល​ហ្ន៎! ព្រះ‌សង្គ្រោះ​របស់​អ្នក ទ្រង់​យាង​មក​ដល់ ទាំង​នាំ​យក​អស់​អ្នក ដែល​ព្រះអង្គ​បាន​លោះ​មក​ជា​មួយ​ផង ពួក​គេ​នាំ​គ្នា​ដើរ​នៅ​មុខ​ព្រះអង្គ។ គេ​នឹង​ហៅ​អ្នក​ទាំង​នោះ​ថា ប្រជា‌រាស្ត្រ​ដ៏វិសុទ្ធ ប្រជា‌រាស្ត្រ​ដែល​ព្រះ‌អម្ចាស់​បាន​លោះ។ រីឯ​អ្នក​វិញ មនុស្ស‌ម្នា​នឹង​ហៅ​អ្នក​ថា ទីក្រុង​បណ្ដូល​ចិត្ត ក្រុង​ដែល​គេ​មិន​បោះ​បង់​ចោល។