អេសាយ 62:1-12
អេសាយ 62:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដោយយល់ដល់ក្រុងស៊ីយ៉ូន នោះយើងមិនព្រមអត់ធ្មត់ទេ ហើយដោយយល់ដល់ក្រុងយេរូសាឡិម យើងមិនព្រមបង្អង់ឡើយ ទាល់តែសេចក្ដីសុចរិតរបស់ក្រុងនោះបានភ្លឺចេញមក ដូចជារស្មីពន្លឺ ហើយសេចក្ដីសង្គ្រោះរបស់គេបានភ្លឺដូចជាពន្លឺភ្លើង។ នោះអស់ទាំងសាសន៍នឹងឃើញសេចក្ដីសុចរិតរបស់អ្នក ហើយសេចក្ដីទាំងឡាយនឹងឃើញសិរីល្អរបស់អ្នកដែរ អ្នកនឹងមានឈ្មោះថ្មី ជាឈ្មោះដែលព្រះឧស្ឋនៃព្រះយេហូវ៉ាសម្រេចឲ្យ។ អ្នកជាមកុដដ៏រុងរឿងនៅព្រះហស្តនៃព្រះយេហូវ៉ា ហើយជាព្រះមាលារាជ្យនៅព្រះហស្តព្រះរបស់អ្នក។ គេនឹងលែងហៅអ្នកថា «ទីក្រុងដែលគេបោះបង់ចោល » ឬ «ស្រុកស្ងាត់ជ្រងំ » ទៀតឡើយ។ គឺគេនឹងហៅអ្នកថា «យើងពេញចិត្តនឹងអ្នកជាខ្លាំង » ហើយស្រុករបស់អ្នកនឹងបានដូចជា «ស្ត្រីមានប្តី » ដ្បិតព្រះយេហូវ៉ាគាប់ព្រះហឫទ័យនឹងអ្នកជាខ្លាំង ហើយស្រុករបស់អ្នកនឹងបានរៀបការ។ ដ្បិតដែលមនុស្សកំលោះយកស្រីក្រមុំធ្វើជាប្រពន្ធយ៉ាងណា នោះពួកកូនប្រុសៗរបស់អ្នកនឹងមករួមនឹងអ្នកយ៉ាងនោះដែរ ហើយដែលប្តីថ្មោងថ្មីមានចិត្តរីករាយចំពោះប្រពន្ធយ៉ាងណា នោះព្រះរបស់អ្នកនឹងមានសេចក្ដីរីករាយចំពោះអ្នកយ៉ាងនោះដែរ។ ឱក្រុងយេរូសាឡិមអើយ យើងបានដាក់ពួកយាមល្បាតនៅលើកំផែងឯងហើយ គេនឹងមិននៅមាត់ស្ងៀម ទោះយប់ ឬថ្ងៃ អ្នករាល់គ្នាដែលជាអ្នករំឭកព្រះយេហូវ៉ាអើយ កុំនៅស្ងៀមឡើយ ហើយកុំឲ្យព្រះអង្គនៅទំនេរឲ្យសោះ ដរាបដល់ព្រះអង្គបានតាំងក្រុងយេរូសាឡិមឡើង ឲ្យជាទីសរសើរនៅលើផែនដី។ ព្រះយេហូវ៉ាបានស្បថដោយព្រះហស្តស្តាំព្រះអង្គ ហើយដោយព្រះពាហុដ៏មានឥទ្ធិឫទ្ធិរបស់ព្រះអង្គថា ពិតប្រាកដជាយើងនឹងមិនឲ្យស្រូវរបស់អ្នក ទៅធ្វើជាអាហារដល់ពួកខ្មាំងសត្រូវអ្នកទៀត ហើយពួកសាសន៍ដទៃនឹងមិនផឹកទឹកទំពាំងបាយជូរ ដែលអ្នកបានខំធ្វើទៀតឡើយ។ គឺពួកអ្នកដែលបានច្រូតផលនោះនឹងស៊ីវិញ ហើយគេនឹងសរសើរដល់ព្រះយេហូវ៉ា ឯពួកអ្នកដែលបានប្រមូលផ្លែនោះ គេនឹងផឹកនៅក្នុងទីលាននៃទីបរិសុទ្ធរបស់យើង។ ចូរចូលទៅ ចូរចូលទៅតាមទ្វារចុះ ចូររៀបផ្លូវសម្រាប់ប្រជាជន ចូរលើក ចូរលើកថ្នល់ឡើង ចូរប្រមូលយកថ្មចេញ ហើយបង្ហូតទង់ជ័យមួយ សម្រាប់ជនជាតិទាំងឡាយ។ ព្រះយេហូវ៉ាបានប្រកាសប្រាប់រហូតដល់ចុងផែនដីបំផុត ឲ្យប្រាប់ដល់កូនស្រីស៊ីយ៉ូនថា មើល៍ សេចក្ដីសង្គ្រោះរបស់អ្នកបានមកដល់ហើយ ព្រះអង្គយករង្វាន់មកជាមួយ ហើយសំណងរបស់ព្រះអង្គក៏នាំមុខទៅ។ គេនឹងហៅពួកនោះថា ជាជនជាតិបរិសុទ្ធ គឺជាពួកដែលព្រះយេហូវ៉ាប្រោសលោះ នោះអ្នកនឹងបានហៅថា ទីក្រុងដែលគេស្វែងរក ជាទីក្រុងដែលមិនត្រូវចោលឡើយ។
អេសាយ 62:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងគិតដល់ក្រុងស៊ីយ៉ូន យើងនឹងមិននៅស្ងៀមឡើយ ដោយយើងគិតដល់ក្រុងយេរូសាឡឹម យើងនឹងមិននៅសម្ងំឥតធ្វើអ្វីនោះឡើយ ដរាបណាទាល់តែសេចក្ដីសុចរិតចាំងចេញ ពីក្រុងនេះដូចថ្ងៃរះ ហើយការសង្គ្រោះកើតមានដល់ក្រុងនេះ យ៉ាងច្បាស់ដូចពន្លឺភ្លើង។ ពេលនោះ ប្រជាជាតិនានានឹងឃើញ សេចក្ដីសុចរិតរបស់អ្នក ហើយស្ដេចទាំងប៉ុន្មាននឹងឃើញសិរីរុងរឿង របស់អ្នកដែរ។ គេនឹងហៅអ្នកតាមឈ្មោះថ្មី ជាឈ្មោះដែលព្រះអម្ចាស់ប្រទានឲ្យ។ អ្នកនឹងប្រៀបដូចជាភួងជ័យដ៏ល្អប្រណីត នៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ និងជាមកុដរាជ្យក្នុងព្រះហស្ដព្រះរបស់អ្នក។ គេនឹងលែងហៅអ្នកថា “ស្ត្រីដែលស្វាមីលះបង់ចោល”ទៀតហើយ គេក៏នឹងលែងហៅទឹកដីរបស់អ្នកថា “ដីដែលគេបោះបង់ចោលដែរ”។ ផ្ទុយទៅវិញ គេនឹងហៅអ្នកថា “ព្រលឹងមាសបង!” ហើយគេនឹងហៅទឹកដីរបស់អ្នកថា “ភរិយាសម្លាញ់ចិត្ត” ដ្បិតព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងអ្នក ហើយទឹកដីរបស់អ្នកនឹងបានដូចជា ស្ត្រីដែលជានានឹងប្ដីឡើងវិញ។ ព្រះអង្គដែលបានសង់អ្នក នឹងរៀបការជាមួយអ្នក ដូចកំលោះម្នាក់រៀបការនឹងស្រីក្រមុំ។ ភរិយាថ្មោងថ្មីផ្ដល់អំណរសប្បាយ ឲ្យស្វាមីយ៉ាងណា អ្នកក៏ផ្ដល់អំណរសប្បាយ ដល់ព្រះរបស់អ្នកយ៉ាងនោះដែរ។ យេរូសាឡឹមអើយ យើងនឹងដាក់អ្នកយាម នៅតាមកំពែងរបស់អ្នក ទោះបីថ្ងៃក្ដីយប់ក្ដី អ្នកទាំងនោះមិនត្រូវនៅស្ងៀមឡើយ គឺត្រូវរំឭកព្រះអម្ចាស់ពីក្រុងយេរូសាឡឹម អ្នកទាំងនោះមិនត្រូវសម្រាកឡើយ!។ អ្នកត្រូវទទូចអង្វរ ឥតឈប់ឈរ រហូតទាល់តែព្រះអង្គស្ដារក្រុងយេរូសាឡឹម ឲ្យមានកេរ្តិ៍ឈ្មោះល្បីលើផែនដីឡើងវិញ ព្រះអម្ចាស់បានសន្យាយ៉ាងម៉ឹងម៉ាត់ ដោយយក ឫទ្ធិបារមីដ៏ខ្លាំងក្លារបស់ព្រះអង្គធ្វើជាសាក្សីថា យើងមិនប្រគល់ស្រូវរបស់អ្នក ទៅឲ្យខ្មាំងសត្រូវទៀតឡើយ កូនចៅរបស់សាសន៍ដទៃក៏លែងផឹក ស្រាទំពាំងបាយជូរថ្មីដែលអ្នកបាននឿយហត់ នោះទៀតដែរ។ ផ្ទុយទៅវិញ អស់អ្នកដែលច្រូតកាត់ នឹងបានស្រូវបានអង្ករបរិភោគ ហើយនាំគ្នាសរសើរតម្កើងព្រះអម្ចាស់។ រីឯអស់អ្នកដែលបេះផ្លែទំពាំងបាយជូរ នឹងបានស្រាទំពាំងបាយជូរផឹកនៅ ក្នុងទីធ្លាសក្ការៈរបស់យើង។ ចូរនាំគ្នាចាកចេញ ចូរនាំគ្នាចេញតាមទ្វារ! ចូររៀបចំផ្លូវសម្រាប់ប្រជារាស្ត្ររបស់យើង! ចូរត្រួសត្រាយ ចូរត្រួសត្រាយផ្លូវ ចូរយកដុំថ្មចេញ ហើយលើកទង់សញ្ញាមួយឲ្យ ប្រជាជនទាំងឡាយឃើញ! ព្រះអម្ចាស់ប្រកាសប្រាប់មនុស្សម្នាដែល នៅទីដាច់ស្រយាលនៃផែនដី ដូចតទៅ: ចូរប្រាប់ប្រជាជននៅក្រុងស៊ីយ៉ូនថា មើលហ្ន៎! ព្រះសង្គ្រោះរបស់អ្នក ទ្រង់យាងមកដល់ ទាំងនាំយកអស់អ្នក ដែលព្រះអង្គបានលោះមកជាមួយផង ពួកគេនាំគ្នាដើរនៅមុខព្រះអង្គ។ គេនឹងហៅអ្នកទាំងនោះថា ប្រជារាស្ត្រដ៏វិសុទ្ធ ប្រជារាស្ត្រដែលព្រះអម្ចាស់បានលោះ។ រីឯអ្នកវិញ មនុស្សម្នានឹងហៅអ្នកថា ទីក្រុងបណ្ដូលចិត្ត ក្រុងដែលគេមិនបោះបង់ចោល។
អេសាយ 62:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដោយយល់ដល់ក្រុងស៊ីយ៉ូន នោះអញមិនព្រមអត់ធ្មត់ទេ ហើយដោយយល់ដល់ក្រុងយេរូសាឡិម នោះអញមិនព្រមបង្អង់ឡើយ ទាល់តែសេចក្ដីសុចរិតរបស់ក្រុងនោះបានភ្លឺចេញមក ដូចជារស្មីនៃពន្លឺ ហើយសេចក្ដីសង្គ្រោះរបស់គេបានដូចជាចង្កៀងដែលឆេះ នោះអស់ទាំងសាសន៍នឹងឃើញសេចក្ដីសុចរិតរបស់ឯង ហើយស្ដេចទាំងឡាយនឹងឃើញសិរីល្អរបស់ឯងដែរ ឯងនឹងមានឈ្មោះថ្មី ជាឈ្មោះដែលព្រះឱស្ឋនៃព្រះយេហូវ៉ានឹងសំរេចឲ្យ ឯងនឹងជាមកុដដ៏រុងរឿងនៅព្រះហស្តនៃព្រះយេហូវ៉ា ហើយជាព្រះមាលារាជ្យនៅព្រះហស្តរបស់ព្រះនៃឯង ឯងមិនត្រូវគេហៅថា ទីក្រុងចោលបង់ ហើយដីឯងក៏មិនត្រូវហៅថា ទីស្ងាត់ជ្រងំ ទៀតឡើយ គឺឯងនឹងត្រូវហៅថា «ទីស្រឡាញ់» ហើយដីរបស់ឯងថាជាអ្នកមានប្ដីវិញ ពីព្រោះព្រះយេហូវ៉ាទ្រង់មានសេចក្ដីរីករាយចំពោះឯង ហើយដីឯងនឹងបានរៀបការ ដ្បិតដែលមនុស្សកំឡោះយកស្រីក្រមុំធ្វើជាប្រពន្ធយ៉ាងណា នោះពួកកូនប្រុសៗរបស់ឯងនឹងមករួមនឹងឯងយ៉ាងនោះដែរ ហើយដែលប្ដីថ្មោងថ្មីមានចិត្តរីករាយចំពោះប្រពន្ធយ៉ាងណា នោះព្រះនៃឯងនឹងមានសេចក្ដីរីករាយចំពោះឯងយ៉ាងនោះដែរ។ ឱក្រុងយេរូសាឡិមអើយ អញបានដាក់ពួកយាមល្បាតនៅលើកំផែងឯងហើយ គេនឹងមិននៅមាត់ស្ងៀម ទោះយប់ឬថ្ងៃផង ឯងរាល់គ្នាដែលជាអ្នករំឭកព្រះយេហូវ៉ាអើយ កុំឲ្យនៅស្ងៀមឡើយ ហើយកុំឲ្យទ្រង់នៅទំនេរឲ្យសោះ ដរាបដល់ទ្រង់បានតាំងក្រុងយេរូសាឡិមឡើង ឲ្យជាទីសរសើរនៅលើផែនដី ព្រះយេហូវ៉ា ទ្រង់បានស្បថដោយព្រះហស្តស្តាំទ្រង់ ហើយដោយព្រះពាហុដ៏មានឥទ្ធិឫទ្ធិរបស់ទ្រង់ថា ពិតប្រាកដជាអញនឹងមិនឲ្យស្រូវរបស់ឯងទៅធ្វើជាអាហារដល់ពួកខ្មាំងសត្រូវឯងទៀត ហើយពួកសាសន៍ដទៃនឹងមិនផឹកទឹកទំពាំងបាយជូរ ដែលឯងបានខំធ្វើទៀតឡើយ គឺពួកអ្នកដែលបានច្រូតផលនោះនឹងស៊ីវិញ ហើយគេនឹងសរសើរដល់ព្រះយេហូវ៉ា ឯពួកអ្នកដែលបានប្រមូលផ្លែនោះ គេនឹងផឹកនៅក្នុងទីលាននៃទីបរិសុទ្ធរបស់អញ។ ចូរចូលទៅ ចូរចូលទៅតាមទ្វារចុះ ចូររៀបផ្លូវសំរាប់ប្រជាជន ចូរលើក ចូរលើកថ្នល់ឡើង ចូរប្រមូលយកថ្មចេញ ហើយបង្ហូតទង់ជ័យ១សំរាប់ជនជាតិទាំងឡាយ មើល ព្រះយេហូវ៉ាទ្រង់បានប្រកាសប្រាប់រហូតដល់ចុងផែនដីបំផុត ឲ្យប្រាប់ដល់កូនស្រីស៊ីយ៉ូនថា មើល សេចក្ដីសង្គ្រោះរបស់ឯងបានមកដល់ហើយ មើល ទ្រង់យករង្វាន់មកជាមួយ ហើយសំណងរបស់ទ្រង់ក៏នាំមុខទៅ គេនឹងហៅពួកនោះថា ជាជនជាតិបរិសុទ្ធ គឺជាពួកដែលព្រះយេហូវ៉ាទ្រង់ប្រោសលោះ នោះឯងនឹងបានហៅថា ទីក្រុងដែលគេស្វែងរក ជាទីក្រុងដែលមិនត្រូវបង់ចោលឡើយ។