អេសាយ 60:1-6

អេសាយ 60:1-6 គខប

យេរូ‌សាឡឹម​អើយ! ចូរ​ក្រោក​ឡើង បញ្ចាំង​ពន្លឺ ដ្បិត​ពន្លឺ​របស់​អ្នក​មក​ដល់​ហើយ! សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ភ្លឺ​មក​លើ​អ្នក​ដូច​ថ្ងៃ​រះ។ មើល! ផែនដី​ទាំង​មូល​នៅ​ងងឹត​ស្លុង ហើយ​ភាព​អន្ធការ​គ្រប​លើ​ប្រជា‌ជន​ទាំង‌ឡាយ តែ​ពន្លឺ​របស់​ព្រះ‌អម្ចាស់​រះ​ឡើង​បំភ្លឺ​អ្នក សិរី‌រុងរឿង​របស់​ព្រះអង្គ​ក៏​លេច​មក ដូច​ថ្ងៃ​រះ​ចាំង​លើ​អ្នក​ដែរ។ ប្រជា‌ជាតិ​នានា​នាំ​គ្នា​ដើរ​ទៅ​រក​ពន្លឺ​របស់​អ្នក ហើយ​ស្ដេច​ទាំង‌ឡាយ​ក៏​ដើរ​ទៅ​រក​រស្មី​ដែល ចាំង​ចេញ​ពី​អ្នក​ដែរ។ ចូរ​ងើប​មុខ​ឡើង​មើល​ជុំ‌វិញ​ខ្លួន កូនៗ​ទាំង​អស់​ជួប‌ជុំ​គ្នា​ដើរ​តម្រង់​មក​រក​អ្នក។ កូន​ប្រុសៗ​របស់​អ្នក​នឹង​មក​ពី​ទី​ឆ្ងាយ ហើយ​ប្រជា‌ជាតិ​នានា​ក៏​បី​កូន​ស្រីៗ របស់​អ្នក​មក​ដែរ។ ពេល​ណា​អ្នក​ឃើញ អ្នក​នឹង​ត្រេក‌អរ សប្បាយ​រីក‌រាយ ហើយ​រំភើប​ចិត្ត។ គេ​នឹង​នាំ​ភោគ​សម្បត្តិ​ពី​ខាង​នាយ​សមុទ្រ មក​ឲ្យ​អ្នក ហើយ​ធន‌ធាន​របស់​ប្រជា‌ជាតិ​នានា ក៏​នឹង​ហូរ​មក​ដល់​អ្នក​ដែរ។ សត្វ​អូដ្ឋ​ទាំង​ហ្វូងៗ​នឹង​មក​ពេញ​ទីក្រុង គឺ​អូដ្ឋ​របស់​ពួក​ម៉ាឌាន និង​ពួក​អេផា។ អ្នក​ស្រុក​សេបា​ទាំង​អស់​នឹង​នាំ​គ្នា​មក ពួក​គេ​យក​មាស និង​កំញាន​មក​ជា​មួយ​ផង ហើយ​លើក​តម្កើង​ការ​អស្ចារ្យ ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ។