អេសាយ 60:1-6

អេសាយ 60:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ក្រោក​ឡើង ហើយ​ភ្លឺ​មក​ចុះ ដ្បិត​ពន្លឺ​របស់​អ្នក​បាន​មក​ដល់​ហើយ សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​បាន​រះ​ឡើង​ដល់​អ្នក​ដែរ។ ដ្បិត​មើល៍ សេចក្ដី​ងងឹត​នឹង​គ្រប​លើ​ផែនដី ហើយ​សេចក្ដី​សូន្យ‌សុង​នឹង​គ្រប​លើ​អស់​ទាំង​ជន​ជាតិ តែ​ព្រះ‌យេហូវ៉ា​នឹង​រះ​ឡើង​ភ្លឺ​ដល់​អ្នក ហើយ​គេ​នឹង​ឃើញ​សិរី‌ល្អ​នៃ​ព្រះ‌អង្គ​ស្ថិត​លើ​អ្នក។ អស់​ទាំង​សាសន៍​នឹង​មូល​គ្នា​មក​ឯ​ពន្លឺ​របស់​អ្នក ហើយ​ស្តេច​ទាំង​ប៉ុន្មាន​នឹង​មក​ឯ​រស្មី​ដែល​ភ្លឺ​ចេញ​ពី​អ្នក ក្នុង​កាល​ដែល​អ្នក​រះ​ឡើង។ ចូរ​ងើប​ភ្នែក​អ្នក​មើល​ជុំ‌វិញ គេ​មូល​គ្នា​មក​ឯ​អ្នក ពួក​កូន​ប្រុសៗ​របស់​អ្នក​ទាំង​អស់​នឹង​មក​ពី​ឆ្ងាយ ហើយ​នឹង​មាន​គេ​បី​ពួក​កូន​ស្រីៗ​របស់​អ្នក​មក​ដែរ។ ពេល​នោះ អ្នក​នឹង​ឃើញ ហើយ​មាន​សេចក្ដី​រីក‌រាយ ចិត្ត​អ្នក​នឹង​ខ្លាច ហើយ​រីក​ធំ​ឡើង ពី​ព្រោះ​សេចក្ដី​បរិបូរ​នៃ​សមុទ្រ នឹង​ត្រូវ​បង្វែរ​មក​អ្នក​វិញ អស់​ទាំង​របស់​ទ្រព្យ​នៃ​សាសន៍​ផ្សេងៗ នឹង​មក​ឯ​អ្នក។ អ្នក​នឹង​មាន​សត្វ​អូដ្ឋ​យ៉ាង​សន្ធឹក គឺ​ជា​អូដ្ឋ​ស្ទាវ​របស់​ពួក​ម៉ាឌាន និង​ពួក​អេផា ហើយ​ទាំង​អស់​ដែល​នៅ​ស្រុក​សេបា​នឹង​មក​ដែរ ព្រម​ទាំង​ដឹក​យក​មាស និង​កំញាន​មក ហើយ​នឹង​ប្រកាស​ប្រាប់​ពី សេចក្ដី​សរសើរ​របស់​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន អេសាយ 60

អេសាយ 60:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យេរូ‌សាឡឹម​អើយ! ចូរ​ក្រោក​ឡើង បញ្ចាំង​ពន្លឺ ដ្បិត​ពន្លឺ​របស់​អ្នក​មក​ដល់​ហើយ! សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ភ្លឺ​មក​លើ​អ្នក​ដូច​ថ្ងៃ​រះ។ មើល! ផែនដី​ទាំង​មូល​នៅ​ងងឹត​ស្លុង ហើយ​ភាព​អន្ធការ​គ្រប​លើ​ប្រជា‌ជន​ទាំង‌ឡាយ តែ​ពន្លឺ​របស់​ព្រះ‌អម្ចាស់​រះ​ឡើង​បំភ្លឺ​អ្នក សិរី‌រុងរឿង​របស់​ព្រះអង្គ​ក៏​លេច​មក ដូច​ថ្ងៃ​រះ​ចាំង​លើ​អ្នក​ដែរ។ ប្រជា‌ជាតិ​នានា​នាំ​គ្នា​ដើរ​ទៅ​រក​ពន្លឺ​របស់​អ្នក ហើយ​ស្ដេច​ទាំង‌ឡាយ​ក៏​ដើរ​ទៅ​រក​រស្មី​ដែល ចាំង​ចេញ​ពី​អ្នក​ដែរ។ ចូរ​ងើប​មុខ​ឡើង​មើល​ជុំ‌វិញ​ខ្លួន កូនៗ​ទាំង​អស់​ជួប‌ជុំ​គ្នា​ដើរ​តម្រង់​មក​រក​អ្នក។ កូន​ប្រុសៗ​របស់​អ្នក​នឹង​មក​ពី​ទី​ឆ្ងាយ ហើយ​ប្រជា‌ជាតិ​នានា​ក៏​បី​កូន​ស្រីៗ របស់​អ្នក​មក​ដែរ។ ពេល​ណា​អ្នក​ឃើញ អ្នក​នឹង​ត្រេក‌អរ សប្បាយ​រីក‌រាយ ហើយ​រំភើប​ចិត្ត។ គេ​នឹង​នាំ​ភោគ​សម្បត្តិ​ពី​ខាង​នាយ​សមុទ្រ មក​ឲ្យ​អ្នក ហើយ​ធន‌ធាន​របស់​ប្រជា‌ជាតិ​នានា ក៏​នឹង​ហូរ​មក​ដល់​អ្នក​ដែរ។ សត្វ​អូដ្ឋ​ទាំង​ហ្វូងៗ​នឹង​មក​ពេញ​ទីក្រុង គឺ​អូដ្ឋ​របស់​ពួក​ម៉ាឌាន និង​ពួក​អេផា។ អ្នក​ស្រុក​សេបា​ទាំង​អស់​នឹង​នាំ​គ្នា​មក ពួក​គេ​យក​មាស និង​កំញាន​មក​ជា​មួយ​ផង ហើយ​លើក​តម្កើង​ការ​អស្ចារ្យ ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ។

ចែក​រំលែក
អាន អេសាយ 60

អេសាយ 60:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ក្រោក​ឡើង ហើយ​ភ្លឺ​មក​ចុះ ដ្បិត​ពន្លឺ​របស់​ឯង​បាន​មក​ដល់​ហើយ សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​បាន​រះ​ឡើង​ដល់​ឯង​ដែរ ដ្បិត​មើល សេចក្ដី​ងងឹត​នឹង​គ្រប​លើ​ផែនដី ហើយ​សេចក្ដី​សូន្យ‌សុង​នឹង​គ្រប​លើ​អស់​ទាំង​ជន‌ជាតិ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​រះ​ឡើង​ភ្លឺ​ដល់​ឯង ហើយ​គេ​នឹង​ឃើញ​សិរី‌ល្អ​នៃ​ទ្រង់​ស្ថិត​លើ​ឯង អស់​ទាំង​សាសន៍​នឹង​មូល​គ្នា​មក​ឯ​ពន្លឺ​របស់​ឯង ហើយ​ស្តេច​ទាំង​ប៉ុន្មាន​នឹង​មក​ឯ​រស្មី​ដែល​ភ្លឺ​ចេញ​ពី​ឯង ក្នុង​កាល​ដែល​ឯង​រះ​ឡើង ចូរ​ងើប​ភ្នែក​ឯង​មើល​ជុំវិញ គេ​មូល​គ្នា​មក​ឯ​ឯង ទាំង​អស់​ហើយ ពួក​កូន​ប្រុសៗ​របស់​ឯង​នឹង​មក​ពី​ឆ្ងាយ ហើយ​នឹង​មាន​គេ​បី​ពួក​កូន​ស្រីៗ​នៃ​ឯង​មក​ដែរ នោះ​ឯង​នឹង​ឃើញ ហើយ​នឹង​មាន​សេចក្ដី​រីក‌រាយ ចិត្ត​ឯង​នឹង​ខ្លាច ហើយ​រីក​ធំ​ឡើង ពី​ព្រោះ​សេចក្ដី​បរិបូរ​នៃ​សមុទ្រ នឹង​ត្រូវ​បង្វែរ​មក​ឯ​ឯង​វិញ ហើយ​អស់​ទាំង​របស់​ទ្រព្យ​នៃ​សាសន៍​ផ្សេងៗ នឹង​មក​ឯ​ឯង ឯង​នឹង​មាន​ពេញ​ដោយ​សត្វ​អូដ្ឋ​យ៉ាង​សន្ធឹក គឺ​ជា​អូដ្ឋ​ស្ទាវ​របស់​ពួក​ម៉ាឌាន នឹង​ពួក​អេផា ហើយ​ទាំង​អស់​ដែល​នៅ​ស្រុក​សេបា​នឹង​មក​ដែរ ព្រម​ទាំង​ដឹក​យក​មាស នឹង​កំញាន​មក ហើយ​នឹង​ប្រកាស​ប្រាប់​ពី​សេចក្ដី​សរសើរ​របស់​ព្រះ‌យេហូវ៉ា

ចែក​រំលែក
អាន អេសាយ 60

អេសាយ 60:1-6

អេសាយ 60:1-6 គខប