អេសាយ 6:8-13

អេសាយ 6:8-13 គខប

បន្ទាប់​មក ខ្ញុំ​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​យើង​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ តើ​នរណា​នឹង​នាំ​ពាក្យ​របស់​យើង?»។ ខ្ញុំ​ទូល​ឆ្លើយ​ថា៖ «ទូលបង្គំ​នៅ​ទី​នេះ​ស្រាប់​ហើយ! សូម​ព្រះអង្គ​ចាត់​ទូលបង្គំ​ចុះ!»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ទៅ​ចុះ! ចូរ​ទៅ​ប្រាប់​ប្រជា‌ជន​នេះ​ថា ទោះ​បី​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ស្ដាប់ ក៏​អ្នក​រាល់​គ្នា​មិន​យល់ ទោះ​បី​អ្នក​រាល់​គ្នា​ខំ​ប្រឹង​មើល ក៏​អ្នក​រាល់​គ្នា​មិន​ឃើញ​ដែរ។ ចូរ​ធ្វើ​ឲ្យ​ប្រជា‌ជន​នេះ​មាន​ចិត្ត​រឹង‌រូស ចូរ​ធ្វើ​ឲ្យ​ត្រចៀក​គេ​ធ្ងន់ ចូរ​បិទ​ភ្នែក​គេ កុំ​ឲ្យ​មើល​ឃើញ កុំ​ឲ្យ​ត្រចៀក​គេ​ស្ដាប់​ឮ កុំ​ឲ្យ​ប្រាជ្ញា​របស់​គេ​ស្វែង​យល់​បាន ក្រែង​លោ​គេ​ប្រែ​ចិត្ត​គំនិត ហើយ​យើង​នឹង​ប្រោស​គេ​ឲ្យ​បាន​ជា!»។ ខ្ញុំ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ត្រូវ​ថ្លែង​ដូច្នេះ​រហូត​ដល់​ពេល​ណា?» ព្រះអង្គ​តប​មក​វិញ​ថា៖ «រហូត​ដល់​ទីក្រុង​វិនាស​ហិន‌ហោច​អស់ លែង​មាន​មនុស្ស​ក្នុង​ក្រុង ក្នុង​ផ្ទះ​ក៏​លែង​មាន​មនុស្ស​នៅ គឺ​រហូត​ដល់​ទឹក​ដី​វិនាស​អន្តរាយ​អស់»។ ព្រះ‌អម្ចាស់​នឹង​បណ្ដេញ​មនុស្ស‌ម្នា​ចេញ​ពី​ទី​នោះ ហើយ​នៅ​ក្នុង​ស្រុក មាន​ដី​ជា​ច្រើន ដែល​ត្រូវ​គេ​បោះ​បង់​ចោល។ ទោះ​បី​នៅ​សល់​ប្រជា‌ជន​តែ​មួយ​ភាគ​ដប់ ក៏​ពួក​គេ​នឹង​ត្រូវ​ភ្លើង​ឆេះ​ដែរ ដូច​ដើម​ពោធិ និង​ដើម​ជ្រៃ​ដែល​គេ​កាប់​ចោល នៅ​សល់​តែ​គល់។ ប៉ុន្តែ នឹង​មាន​ពន្លក​ដ៏វិសុទ្ធ ដុះ​ចេញ​ពី​គល់​នោះ។