អេសាយ 6:8-13
អេសាយ 6:8-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ខ្ញុំឮសូរសៀងរបស់ព្រះអម្ចាស់ មានព្រះបន្ទូលមកថា៖ «តើយើងនឹងចាត់អ្នកណាឲ្យទៅ? តើអ្នកណានឹងទៅឲ្យយើង?» ខ្ញុំទូលឆ្លើយថា៖ «ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ!»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «ចូរទៅប្រាប់ជនជាតិនេះថា អ្នករាល់គ្នាស្តាប់ តែឥតយល់ ហើយមើល តែឥតដឹងឡើយ។ ត្រូវធ្វើឲ្យចិត្តរបស់ជនជាតិនេះទៅជាស្ពឹក ហើយឲ្យត្រចៀកគេធ្ងន់ ចូរបាំងភ្នែកគេ ក្រែងភ្នែកគេមើលឃើញ ត្រចៀកស្តាប់ឮ ហើយប្រាជ្ញាយល់ រួចប្រែចិត្ត ដើម្បីឲ្យបានប្រោសឲ្យជា»។ ខ្ញុំទូលសួរថា៖ «ឱព្រះអម្ចាស់អើយ តើដល់យូរប៉ុន្មានទៅ» រួចព្រះអង្គមានព្រះបន្ទូលតបថា៖ «គឺដរាបដល់កាលណាទីក្រុងទាំងប៉ុន្មាន ត្រូវចោលស្ងាត់ ឥតមានអ្នកណានៅសោះ ហើយផ្ទះទាំងប៉ុន្មានផង ឥតមានមនុស្សដរាបដល់ស្រុកនេះ បានទៅជាទីស្ងាត់ឈឹងទាំងអស់ទៅ។ ហើយដរាបដល់វេលាណាដែលព្រះយេហូវ៉ា បានរើយកមនុស្សទាំងឡាយចេញទៅឯទីឆ្ងាយ ហើយមានកន្លែងច្រើនត្រូវចោលស្ងាត់ នៅកណ្ដាលស្រុក។ ទោះបើមានមួយភាគក្នុងដប់សល់នៅក្នុងស្រុក គង់តែចំណែកនោះនឹងត្រូវវិនាសបាត់ទៅដែរ ដូចជាដើមឈើទាល និងដើមម៉ៃសាក់ ដែលនៅសល់គល់ក្រោយគេកាប់រំលំហើយ» គឺពូជពង្សបរិសុទ្ធជាគល់ឈើនោះឯង។
អេសាយ 6:8-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ខ្ញុំឮព្រះសូរសៀងរបស់ព្រះអម្ចាស់ដែលមានព្រះបន្ទូលថា៖ «តើយើងនឹងចាត់អ្នកណាឲ្យទៅ តើនរណានឹងនាំពាក្យរបស់យើង?»។ ខ្ញុំទូលឆ្លើយថា៖ «ទូលបង្គំនៅទីនេះស្រាប់ហើយ! សូមព្រះអង្គចាត់ទូលបង្គំចុះ!»។ ព្រះអង្គមានព្រះបន្ទូលថា៖ «ទៅចុះ! ចូរទៅប្រាប់ប្រជាជននេះថា ទោះបីអ្នករាល់គ្នាខំប្រឹងស្ដាប់ ក៏អ្នករាល់គ្នាមិនយល់ ទោះបីអ្នករាល់គ្នាខំប្រឹងមើល ក៏អ្នករាល់គ្នាមិនឃើញដែរ។ ចូរធ្វើឲ្យប្រជាជននេះមានចិត្តរឹងរូស ចូរធ្វើឲ្យត្រចៀកគេធ្ងន់ ចូរបិទភ្នែកគេ កុំឲ្យមើលឃើញ កុំឲ្យត្រចៀកគេស្ដាប់ឮ កុំឲ្យប្រាជ្ញារបស់គេស្វែងយល់បាន ក្រែងលោគេប្រែចិត្តគំនិត ហើយយើងនឹងប្រោសគេឲ្យបានជា!»។ ខ្ញុំទូលថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំត្រូវថ្លែងដូច្នេះរហូតដល់ពេលណា?» ព្រះអង្គតបមកវិញថា៖ «រហូតដល់ទីក្រុងវិនាសហិនហោចអស់ លែងមានមនុស្សក្នុងក្រុង ក្នុងផ្ទះក៏លែងមានមនុស្សនៅ គឺរហូតដល់ទឹកដីវិនាសអន្តរាយអស់»។ ព្រះអម្ចាស់នឹងបណ្ដេញមនុស្សម្នាចេញពីទីនោះ ហើយនៅក្នុងស្រុក មានដីជាច្រើន ដែលត្រូវគេបោះបង់ចោល។ ទោះបីនៅសល់ប្រជាជនតែមួយភាគដប់ ក៏ពួកគេនឹងត្រូវភ្លើងឆេះដែរ ដូចដើមពោធិ និងដើមជ្រៃដែលគេកាប់ចោល នៅសល់តែគល់។ ប៉ុន្តែ នឹងមានពន្លកដ៏វិសុទ្ធ ដុះចេញពីគល់នោះ។
អេសាយ 6:8-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចខ្ញុំឮសូរសៀងរបស់ព្រះអម្ចាស់ មានបន្ទូលមកថា តើអញនឹងចាត់អ្នកណាឲ្យទៅ តើអ្នកណានឹងទៅឲ្យអញ នោះខ្ញុំទូលឆ្លើយថា ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ រួចទ្រង់មានបន្ទូលតបថា ចូរទៅប្រាប់ដល់ជនជាតិនេះថា ចូរឯងរាល់គ្នាស្តាប់ចុះ តែឥតយល់ ហើយមើលផង តែឥតដឹងឡើយ ត្រូវធ្វើឲ្យចិត្តនៃជនជាតិនេះទៅជាស្ពឹក ហើយឲ្យត្រចៀកគេធ្ងន់ ចូរបាំងភ្នែកគេ ក្រែងគេមើលឃើញ ដោយភ្នែក ស្តាប់ឮដោយត្រចៀក ហើយយល់ ដោយចិត្ត រួចប្រែចិត្ត ដើម្បីឲ្យបានប្រោសឲ្យជា នោះខ្ញុំទូលសួរថា ឱព្រះអម្ចាស់អើយ តើដល់យូរប៉ុន្មានទៅ រួចទ្រង់មានបន្ទូលតបថា គឺដរាបដល់កាលណាទីក្រុងទាំងប៉ុន្មានត្រូវចោលស្ងាត់ ឥតមានអ្នកណានៅសោះ ហើយផ្ទះទាំងប៉ុន្មានផង ឥតមានមនុស្សដរាបដល់ស្រុកនេះ បានទៅជាទីស្ងាត់ឈឹងទាំងអស់ទៅ ហើយដរាបដល់វេលាណាដែលព្រះយេហូវ៉ាបានរើយកមនុស្សទាំងឡាយចេញទៅឯទីឆ្ងាយ ហើយមានកន្លែងច្រើនត្រូវចោលស្ងាត់នៅកណ្តាលស្រុក នោះ ទោះបើមាន១ភាគក្នុង១០សល់នៅក្នុងស្រុក គង់តែចំណែកនោះនឹងត្រូវវិនាសបាត់ទៅដែរ ដូចជាដើមឈើទាល ហើយនឹងដើមម៉ៃសាក់ដែលសល់នៅ តែគល់ក្រោយដែលគេកាប់រំលំហើយ គឺពូជពង្សបរិសុទ្ធជាគល់ឈើនោះឯង។