អេសាយ 56:3-8

អេសាយ 56:3-8 គខប

ជន​បរទេស​ដែល​ជាប់​ចិត្ត​នឹង​ព្រះ‌អម្ចាស់ មិន​ត្រូវ​ពោល​ថា “ព្រះ‌អម្ចាស់​មុខ​ជា​ញែក​ខ្ញុំ ចេញ​ពី​ប្រជា‌ជន​របស់​ព្រះអង្គ!” រីឯ​មនុស្ស​កម្រៀវ​ក៏​មិន​ត្រូវ​ពោល​ថា “ខ្ញុំ​ប្រៀប​បាន​នឹង​ដើម​ឈើ​ងាប់!”។ ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​មនុស្ស​កម្រៀវ​ណា​គោរព​ថ្ងៃ​សប្ប័ទ* បើ​គេ​សម្រេច​ចិត្ត​ធ្វើ​ការ​អ្វី​ដែល​គាប់​ចិត្ត​យើង ហើយ​ស្ថិត​នៅ​ជាប់​នឹង​សម្ពន្ធ‌មេត្រី​របស់​យើង នោះ​យើង​នឹង​ចារ​ឈ្មោះ​គេ​ទុក នៅ​តាម​ជញ្ជាំង​ដំណាក់​របស់​យើង យើង​នឹង​ឲ្យ​គេ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ជាង កូន​ប្រុស​កូន​ស្រី​របស់​យើង​ទៅ​ទៀត ឈ្មោះ​គេ​នឹង​នៅ​គង់‌វង្ស​រហូត​ត​ទៅ គ្មាន​នរណា​លុប​បំបាត់​បាន​ឡើយ»។ រីឯ​ជន​បរទេស​ដែល​ជាប់​ចិត្ត​នឹង​យើង គោរព​បម្រើ​យើង ស្រឡាញ់​នាម​យើង សុខ​ចិត្ត​ថ្វាយ​ខ្លួន​ធ្វើ​ជា​អ្នក​បម្រើ​របស់​យើង គោរព​ថ្ងៃ​សប្ប័ទ*​បាន​ត្រឹម​ត្រូវ​ឥត​ខ្ចោះ ហើយ​ស្ថិត​នៅ​ជាប់​នឹង​សម្ពន្ធ‌មេត្រី​របស់​យើង នោះ​យើង​នឹង​នាំ​គេ​មក​កាន់​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង យើង​ធ្វើ​ឲ្យ​គេ​រីក‌រាយ​នៅ​ក្នុង ដំណាក់​របស់​យើង​ដែល​ជា​កន្លែង​អធិស្ឋាន យើង​នឹង​ទទួល​តង្វាយ​ដុត​ទាំង​មូល ព្រម​ទាំង​យញ្ញ‌បូជា​ផ្សេងៗ​ដែល​គេ​យក​មក ថ្វាយ​នៅ​លើ​អាសនៈ​របស់​យើង។ ដ្បិត​គេ​នឹង​ហៅ​ដំណាក់​របស់​យើង​ថា​ជា កន្លែង​សម្រាប់​ជាតិ​សាសន៍​ទាំង​អស់​អធិស្ឋាន។ ព្រះ‌ជា‌អម្ចាស់​ប្រមែ‌ប្រមូល​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ត្រូវ​និរទេស​ឲ្យ​មក​ជួប‌ជុំ​គ្នា ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា: យើង​នឹង​ប្រមែ‌ប្រមូល​អ្នក​ឯ​ទៀតៗ ឲ្យ​មក​ជួប‌ជុំ​ជា​មួយ​អ្នក​ដែល​នៅ​ជុំ​គ្នា​នេះ ថែម​ទៀត។