អេសាយ 56:3-8
អេសាយ 56:3-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯសាសន៍ដទៃណាដែលបានភ្ជាប់ខ្លួននឹងព្រះយេហូវ៉ាហើយ នោះមិនត្រូវឲ្យពោលថា ក្រែងព្រះយេហូវ៉ានឹងញែកខ្ញុំ ចេញពីប្រជារាស្ត្រព្រះអង្គទៅនោះឡើយ ក៏មិនត្រូវឲ្យមនុស្សកំរៀវពោលថា ខ្ញុំនេះជាដើមឈើហួតហែងទេ។ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា ពួកកំរៀវដែលរក្សាថ្ងៃឈប់សម្រាកទាំងប៉ុន្មាន ក៏រើសយកអ្វីៗដែលគាប់ចិត្ត ព្រមទាំងកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់យើង យើងនឹងឲ្យគេមានទីកន្លែងមួយនៅក្នុងវិហាររបស់យើង ហើយឲ្យមានឈ្មោះឆ្លាក់នៅជញ្ជាំងខាងក្នុង ដែលវិសេសជាងកូនប្រុសកូនស្រីទៅទៀត យើងនឹងឲ្យគេមានឈ្មោះនៅអស់កល្បជានិច្ច ជាឈ្មោះដែលមិនត្រូវកាត់ចេញឡើយ។ ឯពួកសាសន៍ដទៃ ដែលភ្ជាប់ខ្លួននឹងព្រះយេហូវ៉ា ដើម្បីធ្វើការងារព្រះអង្គ ហើយស្រឡាញ់ព្រះនាមនៃព្រះយេហូវ៉ា ព្រមទាំងធ្វើជាអ្នកបម្រើព្រះអង្គ គឺអស់អ្នកណាដែលរក្សាថ្ងៃឈប់សម្រាកឥតបង្អាប់ឡើយ ហើយកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់យើង។ នោះយើងនឹងនាំគេមកឯភ្នំបរិសុទ្ធរបស់យើង ហើយឲ្យគេបានអរសប្បាយ នៅក្នុងដំណាក់របស់យើង ដែលសម្រាប់ជាទីអធិស្ឋាន យើងនឹងទទួលអស់ទាំងតង្វាយដុត និងយញ្ញបូជារបស់គេ នៅលើអាសនា ដ្បិតដំណាក់យើងត្រូវហៅថា ជាទីអធិស្ឋានសម្រាប់គ្រប់ទាំងសាសន៍។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា យើងនឹងប្រមូលអស់អ្នកដែលត្រូវគេបោះបង់ ក្នុងសាសន៍អ៊ីស្រាអែល យើងនឹងប្រមូលមនុស្សដទៃមកជាមួយដែរ គឺជាពួកអ្នកក្រៅពីពួកអ៊ីស្រាអែល ដែលបានប្រមូលហើយ។
អេសាយ 56:3-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជនបរទេសដែលជាប់ចិត្តនឹងព្រះអម្ចាស់ មិនត្រូវពោលថា “ព្រះអម្ចាស់មុខជាញែកខ្ញុំ ចេញពីប្រជាជនរបស់ព្រះអង្គ!” រីឯមនុស្សកម្រៀវក៏មិនត្រូវពោលថា “ខ្ញុំប្រៀបបាននឹងដើមឈើងាប់!”។ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា៖ «បើមនុស្សកម្រៀវណាគោរពថ្ងៃសប្ប័ទ* បើគេសម្រេចចិត្តធ្វើការអ្វីដែលគាប់ចិត្តយើង ហើយស្ថិតនៅជាប់នឹងសម្ពន្ធមេត្រីរបស់យើង នោះយើងនឹងចារឈ្មោះគេទុក នៅតាមជញ្ជាំងដំណាក់របស់យើង យើងនឹងឲ្យគេមានកេរ្តិ៍ឈ្មោះល្បីជាង កូនប្រុសកូនស្រីរបស់យើងទៅទៀត ឈ្មោះគេនឹងនៅគង់វង្សរហូតតទៅ គ្មាននរណាលុបបំបាត់បានឡើយ»។ រីឯជនបរទេសដែលជាប់ចិត្តនឹងយើង គោរពបម្រើយើង ស្រឡាញ់នាមយើង សុខចិត្តថ្វាយខ្លួនធ្វើជាអ្នកបម្រើរបស់យើង គោរពថ្ងៃសប្ប័ទ*បានត្រឹមត្រូវឥតខ្ចោះ ហើយស្ថិតនៅជាប់នឹងសម្ពន្ធមេត្រីរបស់យើង នោះយើងនឹងនាំគេមកកាន់ភ្នំដ៏វិសុទ្ធរបស់យើង យើងធ្វើឲ្យគេរីករាយនៅក្នុង ដំណាក់របស់យើងដែលជាកន្លែងអធិស្ឋាន យើងនឹងទទួលតង្វាយដុតទាំងមូល ព្រមទាំងយញ្ញបូជាផ្សេងៗដែលគេយកមក ថ្វាយនៅលើអាសនៈរបស់យើង។ ដ្បិតគេនឹងហៅដំណាក់របស់យើងថាជា កន្លែងសម្រាប់ជាតិសាសន៍ទាំងអស់អធិស្ឋាន។ ព្រះជាអម្ចាស់ប្រមែប្រមូលជនជាតិអ៊ីស្រាអែល ដែលត្រូវនិរទេសឲ្យមកជួបជុំគ្នា ព្រះអង្គមានព្រះបន្ទូលថា: យើងនឹងប្រមែប្រមូលអ្នកឯទៀតៗ ឲ្យមកជួបជុំជាមួយអ្នកដែលនៅជុំគ្នានេះ ថែមទៀត។
អេសាយ 56:3-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯសាសន៍ដទៃណាដែលបានភ្ជាប់ខ្លួននឹងព្រះយេហូវ៉ាហើយ នោះមិនត្រូវឲ្យពោលថា ក្រែងព្រះយេហូវ៉ាទ្រង់នឹងញែកខ្ញុំចេញពីរាស្ត្រទ្រង់ទៅ នោះឡើយ ក៏មិនត្រូវឲ្យមនុស្សកំរៀវពោលថា មើល ខ្ញុំនេះជាដើមឈើហួតហែងទេ នោះដែរ ដ្បិតព្រះយេហូវ៉ា ទ្រង់មានបន្ទូលពីពួកកំរៀវ ដែលរក្សាថ្ងៃឈប់សំរាកទាំងប៉ុន្មាន ក៏រើសយកអ្វីៗដែលគាប់ចិត្តអញ ព្រមទាំងកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់អញថា អញនឹងឲ្យគេមានទីកន្លែង១នៅក្នុងវិហារអញ ហើយឲ្យមានឈ្មោះឆ្លាក់នៅជញ្ជាំងខាងក្នុង ដែលវិសេសជាងកូនប្រុសកូនស្រីទៅទៀត អញនឹងឲ្យគេមានឈ្មោះដ៏នៅអស់កល្បជានិច្ច ជាឈ្មោះដែលមិនត្រូវកាត់ចេញឡើយ។ ឯពួកសាសន៍ដទៃ ដែលភ្ជាប់ខ្លួននឹងព្រះយេហូវ៉ាដើម្បីធ្វើការងារទ្រង់ ហើយនឹងស្រឡាញ់ព្រះនាមនៃព្រះយេហូវ៉ា ព្រមទាំងធ្វើជាអ្នកបំរើទ្រង់ គឺគ្រប់អស់អ្នកណាដែលរក្សាថ្ងៃឈប់សំរាកឥតបង្អាប់ឡើយ ហើយកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់អញ នោះអញនឹងនាំគេមកឯភ្នំបរិសុទ្ធរបស់អញ ហើយឲ្យគេបានអរសប្បាយ នៅក្នុងដំណាក់របស់អញ ដែលសំរាប់ជាទីអធិស្ឋាន អញនឹងទទួលអស់ទាំងដង្វាយដុត នឹងយញ្ញបូជារបស់គេ នៅលើអាសនា ដ្បិតដំណាក់អញនឹងបានហៅជាទីអធិស្ឋានសំរាប់គ្រប់ទាំងសាសន៍ ព្រះអម្ចាស់យេហូវ៉ា ជាព្រះដែលប្រមូលអស់អ្នក ដែលត្រូវបំបរបង់ ក្នុងសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលថា អញនឹងប្រមូលមនុស្សដទៃមកជាមួយដែរ គឺជាពួកអ្នកក្រៅពីពួកអ៊ីស្រាអែលដែលបានប្រមូលហើយ។