អេសាយ 56:1-12

អេសាយ 56:1-12 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ ចូរ​ប្រព្រឹត្ត​តាម​យុត្តិធម៌ និង​កាន់​តាម​សេចក្ដី​សុចរិត ដ្បិត​ការ​សង្គ្រោះ​របស់​យើង​មក​ជិត​បង្កើយ យើង​ក៏​សម្តែង​សេចក្ដី​សុចរិត​របស់​យើង​ដែរ។ មនុស្ស​ណា​ក៏​ដោយ​ឲ្យ​តែ​ប្រព្រឹត្ត​ដូច្នេះ គឺ​គោរព​ថ្ងៃ​សប្ប័ទ*​បាន​ត្រឹម​ត្រូវ​ឥត​ខ្ចោះ ព្រម​ទាំង​មិន​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ មុខ​ជា​មាន​សុភមង្គល​មិន​ខាន! ជន​បរទេស​ដែល​ជាប់​ចិត្ត​នឹង​ព្រះ‌អម្ចាស់ មិន​ត្រូវ​ពោល​ថា “ព្រះ‌អម្ចាស់​មុខ​ជា​ញែក​ខ្ញុំ ចេញ​ពី​ប្រជា‌ជន​របស់​ព្រះអង្គ!” រីឯ​មនុស្ស​កម្រៀវ​ក៏​មិន​ត្រូវ​ពោល​ថា “ខ្ញុំ​ប្រៀប​បាន​នឹង​ដើម​ឈើ​ងាប់!”។ ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​មនុស្ស​កម្រៀវ​ណា​គោរព​ថ្ងៃ​សប្ប័ទ* បើ​គេ​សម្រេច​ចិត្ត​ធ្វើ​ការ​អ្វី​ដែល​គាប់​ចិត្ត​យើង ហើយ​ស្ថិត​នៅ​ជាប់​នឹង​សម្ពន្ធ‌មេត្រី​របស់​យើង នោះ​យើង​នឹង​ចារ​ឈ្មោះ​គេ​ទុក នៅ​តាម​ជញ្ជាំង​ដំណាក់​របស់​យើង យើង​នឹង​ឲ្យ​គេ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ជាង កូន​ប្រុស​កូន​ស្រី​របស់​យើង​ទៅ​ទៀត ឈ្មោះ​គេ​នឹង​នៅ​គង់‌វង្ស​រហូត​ត​ទៅ គ្មាន​នរណា​លុប​បំបាត់​បាន​ឡើយ»។ រីឯ​ជន​បរទេស​ដែល​ជាប់​ចិត្ត​នឹង​យើង គោរព​បម្រើ​យើង ស្រឡាញ់​នាម​យើង សុខ​ចិត្ត​ថ្វាយ​ខ្លួន​ធ្វើ​ជា​អ្នក​បម្រើ​របស់​យើង គោរព​ថ្ងៃ​សប្ប័ទ*​បាន​ត្រឹម​ត្រូវ​ឥត​ខ្ចោះ ហើយ​ស្ថិត​នៅ​ជាប់​នឹង​សម្ពន្ធ‌មេត្រី​របស់​យើង នោះ​យើង​នឹង​នាំ​គេ​មក​កាន់​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង យើង​ធ្វើ​ឲ្យ​គេ​រីក‌រាយ​នៅ​ក្នុង ដំណាក់​របស់​យើង​ដែល​ជា​កន្លែង​អធិស្ឋាន យើង​នឹង​ទទួល​តង្វាយ​ដុត​ទាំង​មូល ព្រម​ទាំង​យញ្ញ‌បូជា​ផ្សេងៗ​ដែល​គេ​យក​មក ថ្វាយ​នៅ​លើ​អាសនៈ​របស់​យើង។ ដ្បិត​គេ​នឹង​ហៅ​ដំណាក់​របស់​យើង​ថា​ជា កន្លែង​សម្រាប់​ជាតិ​សាសន៍​ទាំង​អស់​អធិស្ឋាន។ ព្រះ‌ជា‌អម្ចាស់​ប្រមែ‌ប្រមូល​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ត្រូវ​និរទេស​ឲ្យ​មក​ជួប‌ជុំ​គ្នា ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា: យើង​នឹង​ប្រមែ‌ប្រមូល​អ្នក​ឯ​ទៀតៗ ឲ្យ​មក​ជួប‌ជុំ​ជា​មួយ​អ្នក​ដែល​នៅ​ជុំ​គ្នា​នេះ ថែម​ទៀត។ សត្វ​ស្រុក និង​សត្វ​ព្រៃ​ទាំង​អស់​អើយ ចូរ​នាំ​គ្នា​មក​ស៊ី​ចំណី! គ្រូ​អាចារ្យ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល សុទ្ធ​តែ​ជា​មនុស្ស​ខ្វាក់ គេ​មិន​យល់​អ្វី​ទាំង​អស់។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ឆ្កែ​ដែល​មិន​ចេះ​ព្រុស គឺ​ចេះ​តែ​ដេក​រវើ‌រវាយ និង​ចូល​ចិត្ត​ងោក‌ងុយ។ អ្នក​ទាំង​នោះ​ក៏​ជា​ឆ្កែ​ដែល​គិត​តែ​ពី​ត្របាក់​ស៊ី ហើយ​មិន​ចេះ​ស្កប់​ស្កល់​ទេ។ ពួក​គេ​ជា​មេ​ដឹក​នាំ តែ​មិន​ចេះ​គិត​ពិចារណា​អ្វី​ទាំង​អស់ ម្នាក់ៗ​ដើរ​តាម​ផ្លូវ​របស់​ខ្លួន ហើយ​គិត​តែ​ពី​ស្វែង​រក​ផល​ប្រយោជន៍ របស់​ខ្លួន​ប៉ុណ្ណោះ។ គេ​បបួល​គ្នា​ថា «មក៍! ខ្ញុំ​ទៅ​យក​ស្រា យើង​នឹង​ផឹក​ស្រា​ខ្លាំង​ជា​មួយ​គ្នា! ស្អែក​ក៏​យើង​ផឹក​ទៀត​ដែរ ព្រោះ​នៅ​សល់​ស្រា​ច្រើន​ណាស់»។