អេសាយ 56:1-12
អេសាយ 56:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូររក្សាសេចក្ដីយុត្តិធម៌ ហើយប្រព្រឹត្តតាមសេចក្ដីសុចរិតចុះ ពីព្រោះសេចក្ដីសង្គ្រោះរបស់យើងមកជិតដល់ហើយ ឯសេចក្ដីសុចរិតរបស់យើង ក៏រៀបនឹងសម្ដែងឲ្យឃើញដែរ។ មានពរហើយ មនុស្សណាដែលប្រព្រឹត្តយ៉ាងនោះ ព្រមទាំងកូនមនុស្សណាដែលកាន់សេចក្ដីនេះឲ្យខ្ជាប់ខ្ជួនផង គឺជាអ្នកដែលថែរក្សាថ្ងៃសប្ប័ទឥតបង្អាប់ ហើយរក្សាដៃមិនឲ្យធ្វើការអាក្រក់ណាឡើយ។ ឯសាសន៍ដទៃណាដែលបានភ្ជាប់ខ្លួននឹងព្រះយេហូវ៉ាហើយ នោះមិនត្រូវឲ្យពោលថា ក្រែងព្រះយេហូវ៉ានឹងញែកខ្ញុំ ចេញពីប្រជារាស្ត្រព្រះអង្គទៅនោះឡើយ ក៏មិនត្រូវឲ្យមនុស្សកំរៀវពោលថា ខ្ញុំនេះជាដើមឈើហួតហែងទេ។ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា ពួកកំរៀវដែលរក្សាថ្ងៃឈប់សម្រាកទាំងប៉ុន្មាន ក៏រើសយកអ្វីៗដែលគាប់ចិត្ត ព្រមទាំងកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់យើង យើងនឹងឲ្យគេមានទីកន្លែងមួយនៅក្នុងវិហាររបស់យើង ហើយឲ្យមានឈ្មោះឆ្លាក់នៅជញ្ជាំងខាងក្នុង ដែលវិសេសជាងកូនប្រុសកូនស្រីទៅទៀត យើងនឹងឲ្យគេមានឈ្មោះនៅអស់កល្បជានិច្ច ជាឈ្មោះដែលមិនត្រូវកាត់ចេញឡើយ។ ឯពួកសាសន៍ដទៃ ដែលភ្ជាប់ខ្លួននឹងព្រះយេហូវ៉ា ដើម្បីធ្វើការងារព្រះអង្គ ហើយស្រឡាញ់ព្រះនាមនៃព្រះយេហូវ៉ា ព្រមទាំងធ្វើជាអ្នកបម្រើព្រះអង្គ គឺអស់អ្នកណាដែលរក្សាថ្ងៃឈប់សម្រាកឥតបង្អាប់ឡើយ ហើយកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់យើង។ នោះយើងនឹងនាំគេមកឯភ្នំបរិសុទ្ធរបស់យើង ហើយឲ្យគេបានអរសប្បាយ នៅក្នុងដំណាក់របស់យើង ដែលសម្រាប់ជាទីអធិស្ឋាន យើងនឹងទទួលអស់ទាំងតង្វាយដុត និងយញ្ញបូជារបស់គេ នៅលើអាសនា ដ្បិតដំណាក់យើងត្រូវហៅថា ជាទីអធិស្ឋានសម្រាប់គ្រប់ទាំងសាសន៍។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា យើងនឹងប្រមូលអស់អ្នកដែលត្រូវគេបោះបង់ ក្នុងសាសន៍អ៊ីស្រាអែល យើងនឹងប្រមូលមនុស្សដទៃមកជាមួយដែរ គឺជាពួកអ្នកក្រៅពីពួកអ៊ីស្រាអែល ដែលបានប្រមូលហើយ។ នែ៎ អស់ទាំងសត្វនៅវាល ហើយសត្វនៅព្រៃទាំងប៉ុន្មានអើយ ចូរមកហែកស៊ីចុះ ពួកយាមល្បាតរបស់អ៊ីស្រាអែលសុទ្ធតែខ្វាក់ភ្នែក គេគ្រប់គ្នាគ្មានតម្រិះ គេសុទ្ធតែជាឆ្កែគ មិនចេះព្រុស គេតែងតែស្រមើស្រមៃ គេចេះតែដេក ហើយចូលចិត្តងោកងុយ។ គេជាពួកឆ្កែសាហាវ ដែលមិនចេះឆ្អែតឆ្អន់ឡើយ ជាពួកគង្វាលដែលមិនចេះយល់សោះ គេបានបែរទៅតាមផ្លូវរបស់គេរៀងខ្លួន គឺឲ្យបានកម្រៃរបស់ខ្លួនគេទាំងអស់គ្នា។ គេថា អញ្ជើញមក យើងនឹងរកស្រាទំពាំងបាយជូរ យើងនឹងផឹកគ្រឿងស្រវឹងទាល់តែឆ្អែត ហើយថ្ងៃស្អែកនឹងដូចជាថ្ងៃនេះដែរ ព្រោះនៅមានបរិបូរ។
អេសាយ 56:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ចូរប្រព្រឹត្តតាមយុត្តិធម៌ និងកាន់តាមសេចក្ដីសុចរិត ដ្បិតការសង្គ្រោះរបស់យើងមកជិតបង្កើយ យើងក៏សម្តែងសេចក្ដីសុចរិតរបស់យើងដែរ។ មនុស្សណាក៏ដោយឲ្យតែប្រព្រឹត្តដូច្នេះ គឺគោរពថ្ងៃសប្ប័ទ*បានត្រឹមត្រូវឥតខ្ចោះ ព្រមទាំងមិនប្រព្រឹត្តអំពើអាក្រក់ណាមួយ មុខជាមានសុភមង្គលមិនខាន! ជនបរទេសដែលជាប់ចិត្តនឹងព្រះអម្ចាស់ មិនត្រូវពោលថា “ព្រះអម្ចាស់មុខជាញែកខ្ញុំ ចេញពីប្រជាជនរបស់ព្រះអង្គ!” រីឯមនុស្សកម្រៀវក៏មិនត្រូវពោលថា “ខ្ញុំប្រៀបបាននឹងដើមឈើងាប់!”។ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា៖ «បើមនុស្សកម្រៀវណាគោរពថ្ងៃសប្ប័ទ* បើគេសម្រេចចិត្តធ្វើការអ្វីដែលគាប់ចិត្តយើង ហើយស្ថិតនៅជាប់នឹងសម្ពន្ធមេត្រីរបស់យើង នោះយើងនឹងចារឈ្មោះគេទុក នៅតាមជញ្ជាំងដំណាក់របស់យើង យើងនឹងឲ្យគេមានកេរ្តិ៍ឈ្មោះល្បីជាង កូនប្រុសកូនស្រីរបស់យើងទៅទៀត ឈ្មោះគេនឹងនៅគង់វង្សរហូតតទៅ គ្មាននរណាលុបបំបាត់បានឡើយ»។ រីឯជនបរទេសដែលជាប់ចិត្តនឹងយើង គោរពបម្រើយើង ស្រឡាញ់នាមយើង សុខចិត្តថ្វាយខ្លួនធ្វើជាអ្នកបម្រើរបស់យើង គោរពថ្ងៃសប្ប័ទ*បានត្រឹមត្រូវឥតខ្ចោះ ហើយស្ថិតនៅជាប់នឹងសម្ពន្ធមេត្រីរបស់យើង នោះយើងនឹងនាំគេមកកាន់ភ្នំដ៏វិសុទ្ធរបស់យើង យើងធ្វើឲ្យគេរីករាយនៅក្នុង ដំណាក់របស់យើងដែលជាកន្លែងអធិស្ឋាន យើងនឹងទទួលតង្វាយដុតទាំងមូល ព្រមទាំងយញ្ញបូជាផ្សេងៗដែលគេយកមក ថ្វាយនៅលើអាសនៈរបស់យើង។ ដ្បិតគេនឹងហៅដំណាក់របស់យើងថាជា កន្លែងសម្រាប់ជាតិសាសន៍ទាំងអស់អធិស្ឋាន។ ព្រះជាអម្ចាស់ប្រមែប្រមូលជនជាតិអ៊ីស្រាអែល ដែលត្រូវនិរទេសឲ្យមកជួបជុំគ្នា ព្រះអង្គមានព្រះបន្ទូលថា: យើងនឹងប្រមែប្រមូលអ្នកឯទៀតៗ ឲ្យមកជួបជុំជាមួយអ្នកដែលនៅជុំគ្នានេះ ថែមទៀត។ សត្វស្រុក និងសត្វព្រៃទាំងអស់អើយ ចូរនាំគ្នាមកស៊ីចំណី! គ្រូអាចារ្យរបស់ជនជាតិអ៊ីស្រាអែល សុទ្ធតែជាមនុស្សខ្វាក់ គេមិនយល់អ្វីទាំងអស់។ អ្នកទាំងនោះសុទ្ធតែជាឆ្កែដែលមិនចេះព្រុស គឺចេះតែដេករវើរវាយ និងចូលចិត្តងោកងុយ។ អ្នកទាំងនោះក៏ជាឆ្កែដែលគិតតែពីត្របាក់ស៊ី ហើយមិនចេះស្កប់ស្កល់ទេ។ ពួកគេជាមេដឹកនាំ តែមិនចេះគិតពិចារណាអ្វីទាំងអស់ ម្នាក់ៗដើរតាមផ្លូវរបស់ខ្លួន ហើយគិតតែពីស្វែងរកផលប្រយោជន៍ របស់ខ្លួនប៉ុណ្ណោះ។ គេបបួលគ្នាថា «មក៍! ខ្ញុំទៅយកស្រា យើងនឹងផឹកស្រាខ្លាំងជាមួយគ្នា! ស្អែកក៏យើងផឹកទៀតដែរ ព្រោះនៅសល់ស្រាច្រើនណាស់»។
អេសាយ 56:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ចូររក្សាសេចក្ដីយុត្តិធម៌ ហើយប្រព្រឹត្តតាមសេចក្ដីសុចរិតចុះ ពីព្រោះសេចក្ដីសង្គ្រោះរបស់អញបានមកជិតដល់ហើយ ឯសេចក្ដីសុចរិតរបស់អញ ក៏រៀបនឹងសំដែងឲ្យឃើញដែរ មានពរហើយ មនុស្សណាដែលប្រព្រឹត្តយ៉ាងនោះ ព្រមទាំងកូនមនុស្សណាដែលកាន់សេចក្ដីនេះឲ្យខ្ជាប់ខ្ជួនផង គឺជាអ្នកដែលថែរក្សាថ្ងៃឈប់សំរាកឥតបង្អាប់ ហើយរក្សាដៃមិនឲ្យធ្វើការអាក្រក់ណាឡើយ ឯសាសន៍ដទៃណាដែលបានភ្ជាប់ខ្លួននឹងព្រះយេហូវ៉ាហើយ នោះមិនត្រូវឲ្យពោលថា ក្រែងព្រះយេហូវ៉ាទ្រង់នឹងញែកខ្ញុំចេញពីរាស្ត្រទ្រង់ទៅ នោះឡើយ ក៏មិនត្រូវឲ្យមនុស្សកំរៀវពោលថា មើល ខ្ញុំនេះជាដើមឈើហួតហែងទេ នោះដែរ ដ្បិតព្រះយេហូវ៉ា ទ្រង់មានបន្ទូលពីពួកកំរៀវ ដែលរក្សាថ្ងៃឈប់សំរាកទាំងប៉ុន្មាន ក៏រើសយកអ្វីៗដែលគាប់ចិត្តអញ ព្រមទាំងកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់អញថា អញនឹងឲ្យគេមានទីកន្លែង១នៅក្នុងវិហារអញ ហើយឲ្យមានឈ្មោះឆ្លាក់នៅជញ្ជាំងខាងក្នុង ដែលវិសេសជាងកូនប្រុសកូនស្រីទៅទៀត អញនឹងឲ្យគេមានឈ្មោះដ៏នៅអស់កល្បជានិច្ច ជាឈ្មោះដែលមិនត្រូវកាត់ចេញឡើយ។ ឯពួកសាសន៍ដទៃ ដែលភ្ជាប់ខ្លួននឹងព្រះយេហូវ៉ាដើម្បីធ្វើការងារទ្រង់ ហើយនឹងស្រឡាញ់ព្រះនាមនៃព្រះយេហូវ៉ា ព្រមទាំងធ្វើជាអ្នកបំរើទ្រង់ គឺគ្រប់អស់អ្នកណាដែលរក្សាថ្ងៃឈប់សំរាកឥតបង្អាប់ឡើយ ហើយកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់អញ នោះអញនឹងនាំគេមកឯភ្នំបរិសុទ្ធរបស់អញ ហើយឲ្យគេបានអរសប្បាយ នៅក្នុងដំណាក់របស់អញ ដែលសំរាប់ជាទីអធិស្ឋាន អញនឹងទទួលអស់ទាំងដង្វាយដុត នឹងយញ្ញបូជារបស់គេ នៅលើអាសនា ដ្បិតដំណាក់អញនឹងបានហៅជាទីអធិស្ឋានសំរាប់គ្រប់ទាំងសាសន៍ ព្រះអម្ចាស់យេហូវ៉ា ជាព្រះដែលប្រមូលអស់អ្នក ដែលត្រូវបំបរបង់ ក្នុងសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលថា អញនឹងប្រមូលមនុស្សដទៃមកជាមួយដែរ គឺជាពួកអ្នកក្រៅពីពួកអ៊ីស្រាអែលដែលបានប្រមូលហើយ។ នែ អស់ទាំងសត្វនៅវាល ហើយសត្វនៅព្រៃទាំងប៉ុន្មានអើយ ចូរមកហែកស៊ីចុះ ពួកយាមល្បាតរបស់គេ សុទ្ធតែខ្វាក់ភ្នែក គេគ្មានដំរិះគ្រប់គ្នា គេសុទ្ធតែជាឆ្កែគ ព្រុសមិនកើត គេតែងតែស្រមៃឃើញ គេចេះតែដេក ហើយចូលចិត្តតែលក់ទៅ អើ គេជាពួកឆ្កែសាហាវ ដែលមិនចេះឆ្អែតឆ្អន់ឡើយ ជាពួកគង្វាលដែលមិនចេះយល់សោះ គេបានបែរទៅតាមផ្លូវរបស់គេរៀងខ្លួន គឺឲ្យបានកំរៃរបស់ខ្លួនគេទាំងអស់គ្នា គេថា អញ្ជើញមកខ្ញុំនឹងរកស្រាទំពាំងបាយជូរ យើងនឹងផឹកគ្រឿងស្រវឹងទាល់តែឆ្អែត ហើយថ្ងៃស្អែកនឹងបានដូចជាថ្ងៃនេះដែរ គឺជាថ្ងៃមានបរិបូរលើសលុបផង។