អេសាយ 53:7-12

អេសាយ 53:7-12 គខប

លោក​ត្រូវ​គេ​ធ្វើ​ទារុណ‌កម្ម លោក​បន្ទាប​ខ្លួន មិន​ហើប​មាត់​ទាល់​តែ​សោះ ដូច​កូន​ចៀម​ដែល​គេ​ដឹក​ទៅ​ទី​ពិឃាត ឬ​ដូច​ចៀម​ឈរ​ស្ងៀម​នៅ​មុខ​អ្នក​កាត់​រោម លោក​មិន​បាន​ហើប​មាត់​ទាល់​តែ​សោះ។ គេ​ចាប់​លោក​ទាំង​បង្ខំ​យក​ទៅ​កាត់​ទោស ហើយ​នាំ​ទៅ​សម្លាប់ គ្មាន​នរណា​រវី‌រវល់​យក​ចិត្ត​ទុក​ដាក់ នឹង​ពូជ‌ពង្ស​របស់​លោក​ឡើយ។ គេ​បាន​ដក​លោក​ចេញ​ពី​ចំណោម​មនុស្ស ដែល​រស់​នៅ​លើ​ផែនដី​នេះ លោក​ត្រូវ​គេ​វាយ​រហូត​ដល់​បាត់​បង់​ជីវិត ព្រោះ​តែ​អំពើ​បាប​នៃ​ប្រជា‌ជន​របស់​លោក។ ទោះ​បី​លោក​មិន​ដែល​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ ឬ​និយាយ​បោក​បញ្ឆោត​នរណា​ក្ដី ក៏​គេ​បញ្ចុះ​សព​លោក​ក្នុង​ចំណោម​មនុស្ស​ពាល និង​ក្នុង​ផ្នូរ​របស់​អ្នក​មាន។ ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​បម្រើ របស់​ព្រះអង្គ​រង​ទុក្ខ​លំបាក​ដ៏​ខ្លោច‌ផ្សា។ ដោយ​លោក​បាន​បូជា​ជីវិត ធ្វើ​ជា​យញ្ញ‌បូជា​លោះ​បាប​សម្រាប់​អ្នក​ដទៃ ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​លោក​មាន​ពូជ‌ពង្ស ព្រះអង្គ​នឹង​បន្ត​អាយុ​ជីវិត​របស់​លោក ហើយ​ព្រះ‌អម្ចាស់​នឹង​សម្រេច​តាម​ព្រះ‌ហឫទ័យ របស់​ព្រះអង្គ​តាម​រយៈ​លោក។ “ក្រោយ​ពី​បាន​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង​មក ជីវិត​របស់​អ្នក​បម្រើ​នឹង​មាន​ពន្លឺ មនុស្ស​ជា​ច្រើន​នឹង​ទទួល​ស្គាល់ ចំណេះ​ដឹង​របស់​លោក។ អ្នក​បម្រើ​របស់​យើង​សុចរិត លោក​ក៏​ប្រោស​មហា‌ជន​ឲ្យ​បាន​សុចរិត ដោយ​ទទួល​យក​កំហុស​របស់​ពួក​គេ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រគល់ ឲ្យ​លោក​គ្រប់‌គ្រង​លើ​មនុស្ស​ជា​ច្រើន លោក​នឹង​ចែក​ជយ‌ភណ្ឌ​រួម​ជា​មួយ ពួក​កាន់​អំណាច ព្រោះ​លោក​បាន​លះ‌បង់​អ្វីៗ​ទាំង​អស់ រហូត​ដល់​បាត់​បង់​ជីវិត និង​សុខ​ចិត្ត​ឲ្យ គេ​រាប់​បញ្ចូល​ទៅ​ក្នុង​ចំណោម​ជន​ឧក្រិដ្ឋ ដ្បិត​លោក​ទទួល​យក​បាប​របស់​មនុស្ស​ទាំង​អស់ មក​ដាក់​លើ​ខ្លួន​លោក ព្រម​ទាំង​ទូល‌អង្វរ​ឲ្យ​មនុស្ស​បាប​ផង”។