អេសាយ 49:8-18

អេសាយ 49:8-18 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: នៅ​គ្រា​ដែល​យើង​គាប់​ចិត្ត យើង​បាន​ឆ្លើយ​តប​មក​អ្នក ដល់​ថ្ងៃ​កំណត់​ដែល​យើង​សង្គ្រោះ យើង​ក៏​បាន​ជួយ​អ្នក។ យើង​បាន​ញែក​អ្នក​ឲ្យ​នៅ​ដាច់​ឡែក​ពី​គេ ដើម្បី​ធ្វើ​ជា​សម្ពន្ធ‌មេត្រី​សម្រាប់​ប្រជា‌ជន។ យើង​នឹង​ស្ដារ​ស្រុក​ទេស​ឡើង​វិញ យើង​ចែក​ដី​ដែល​គេ​បាន​បោះ​បង់​ចោល ឲ្យ​ប្រជា‌ជន ហើយ​ប្រាប់​ពួក​ឈ្លើយ​សឹក​ថា “ចូរ​ចេញ​មក!” រួច​ប្រាប់​អស់​អ្នក​នៅ​ទី​ងងឹត​ថា “ចូរ​បង្ហាញ​ខ្លួន​មក!” ពួក​គេ​នឹង​រក​ស៊ី​ចិញ្ចឹម​ជីវិត​យ៉ាង​សុខ‌សាន្ត ដូច​ចៀម​ស៊ី​ស្មៅ​នៅ​តាម​ផ្លូវ និង​ស្វែង​រក​អាហារ តាម​វាល​ស្មៅ នៅ​លើ​កំពូល​ភ្នំ។ ពួក​គេ​លែង​ស្រេក​ឃ្លាន​ទៀត​ហើយ ខ្យល់​ក្ដៅ និង​ព្រះ‌អាទិត្យ មិន​ធ្វើ​ទុក្ខ​គេ​ទេ ដ្បិត​ព្រះ​ដែល​មាន​ព្រះ‌ហឫទ័យ មេត្តា​ករុណា​ចំពោះ​គេ ទ្រង់​នាំ​ផ្លូវ​គេ ព្រះអង្គ​ដឹក​នាំ​គេ​ឆ្ពោះ​ទៅ​កាន់​ប្រភព​ទឹក។ យើង​នឹង​ពង្រាប​ភ្នំ​ទាំង​អស់​ឲ្យ​ទៅ​ជា​ផ្លូវ ហើយ​លើក​ថ្នល់​ទាំង​ប៉ុន្មាន​ឲ្យ​ខ្ពស់​ឡើង សម្រាប់​ប្រជា‌ជន​របស់​យើង។ មើល​ហ្ន៎! ពួក​គេ​មក​ពី​ឆ្ងាយ​ណាស់ អ្នក​ខ្លះ​មក​ពី​ខាង​ជើង អ្នក​ខ្លះ​មក​ពី​ខាង​លិច អ្នក​ខ្លះ​ទៀត​មក​ពី​ស្រុក​ខាង​ត្បូង។ ផ្ទៃ​មេឃ​អើយ ចូរ​ហ៊ោ​កញ្ជ្រៀវ! ផែនដី​អើយ ចូរ​ត្រេក​អរ​សប្បាយ! ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​អបអរ‌សាទរ! ដ្បិត​ព្រះ‌អម្ចាស់​សម្រាល​ទុក្ខ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ព្រះអង្គ​អាណិត​មេត្តា​កូន​ចៅ​របស់​ព្រះអង្គ ដែល​រង​ទុក្ខ​វេទនា។ ក្រុង​ស៊ីយ៉ូន​តែង​ពោល​ថា ព្រះ‌អម្ចាស់​បាន​បោះ​បង់​ខ្ញុំ​ចោល ព្រះ‌អម្ចាស់​ភ្លេច​ខ្ញុំ​ហើយ!។ តើ​ម្ដាយ​អាច​បំភ្លេច​កូន​របស់​ខ្លួន ដែល​នៅ​បៅ​បាន​ឬ? តើ​ម្ដាយ​លែង​អាណិត​មេត្តា​កូន​ដែល កើត​ចេញ​ពី​ផ្ទៃ​របស់​ខ្លួន​បាន​ឬ? ឧបមា​ថា​ម្ដាយ​បំភ្លេច​កូន​បាន​ទៅ​ចុះ ចំណែក​ឯ​យើង​វិញ យើង​មិន​អាច​ភ្លេច​អ្នក​បាន​ឡើយ! យើង​បាន​ចារ​ឈ្មោះ​អ្នក នៅ​លើ​បាត​ដៃ​របស់​យើង ហើយ​យើង​តែងតែ​នឹក​គិត​ដល់​កំពែង របស់​អ្នក​ជានិច្ច។ ប្រជា‌ជន​ដែល​នឹង​សង់​អ្នក​ឡើង​វិញ កំពុង​តែ​រូត‌រះ​ធ្វើ​ដំណើរ​មក រីឯ​សត្រូវ​ដែល​បាន​កម្ទេច និង​បំផ្លាញ​អ្នក នឹង​ចាក​ចេញ​ឆ្ងាយ​ពី​អ្នក។ ចូរ​ងើប​មុខ​ឡើង សម្លឹង​មើល​ជុំ‌វិញ​ខ្លួន​ទៅ កូន​ចៅ​របស់​អ្នក​មក​ជួប‌ជុំ​គ្នា​អស់​ហើយ គេ​នាំ​គ្នា​មក​រក​អ្នក។ យើង​សន្យា​ថា​ពិត​ជា​កើត​មាន​ដូច្នោះ​មែន! - នេះ​ជា​ព្រះ‌បន្ទូល​របស់ព្រះ‌អម្ចាស់- អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​គ្រឿង​អលង្ការ សម្រាប់​លំអ​អ្នក ដូច​កូន​ក្រមុំ​តាក់​តែង​ខ្លួន នៅ​ពេល​រៀប​មង្គលការ។