អេសាយ 49:8-18

អេសាយ 49:8-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដល់​វេលា​ដែល​គាប់​ចិត្តយើង នោះ​យើង​បាន​ឆ្លើយ​ដល់​អ្នក ហើយ​នៅ​ថ្ងៃ​សម្រាប់​សង្គ្រោះ យើង​បាន​ជួយ​អ្នក យើង​រក្សា​អ្នក ហើយ​ប្រទាន​និមិត្ត​រូប​មួយ​ដល់​អ្នក ទុក​ជា​សេចក្ដី​សញ្ញា​សម្រាប់​ប្រជា​‌ជន ដើម្បី​តាំង​ស្រុក​ទេស​ឡើង ប្រយោជន៍​នឹង​ចែក​ដី​ដែល​ចោល​ស្ងាត់​ដល់​គេ ទុក​ជា​មត៌ក។ ព្រម​ទាំង​ប្រាប់​ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង​ថា ចូរ​ចេញ​ទៅ ហើយ​ដល់​ពួក​អ្នក​ដែល​នៅ​ក្នុង​សេចក្ដី​ងងឹត​ថា ចូរ​បង្ហាញខ្លួន​មក គេ​នឹង​មាន​អាហារ​ស៊ី​តាម​ផ្លូវ ហើយ​គេ​នឹង​រក​ស៊ី​នៅ​លើ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន គេ​មិន​ដែល​ស្រេក​ឃ្លាន​ទៀត ឯ​ចំហាយ​ក្តៅ ឬ​ព្រះ‌អាទិត្យ នឹង​មិន​ធ្វើ​ទុក្ខ​គេ ដ្បិត​ព្រះ​ដែល​ផ្តល់​សេចក្ដី​មេត្តា​ដល់​គេ ព្រះ‌អង្គ​នឹង​នាំ​គេ​ទៅ ព្រះ‌អង្គ​នឹង​ដឹក​ដៃ​គេ​នាំ​ទៅ​តាម​ទី​មាន​ក្បាល​ទឹក។ យើង​នឹង​ធ្វើ​អស់​ទាំង​ភ្នំ​របស់​យើង​ឲ្យ​ជា​ផ្លូវ ឯ​អស់​ទាំង​ថ្នល់​របស់​យើង នឹង​បាន​លើក​ឡើង។ មើល៍! ពួក​នេះ​នឹង​មក​ពី​ទី​ឆ្ងាយ ហើយ​មើល៍! ពួក​នោះ​នឹង​មក​ពី​ទិស​ខាង​ជើង និង​ពី​ទិស​ខាង​លិច ហើយ​មួយ​នេះ​មក​ពី​ស្រុក​ស៊ីយេន ។ ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ច្រៀង​ឡើង ឱ​ផែនដី​អើយ ចូរ​ឲ្យ​អរ​សប្បាយ​ចុះ ឱ​ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ធ្លាយ​ចេញ​ជា​បទ​ចម្រៀង ព្រោះ​ព្រះ‌យេហូវ៉ា​បាន​កម្សាន្ត​ចិត្ត​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ​ដល់​ប្រជារាស្ត្រ របស់​ព្រះ‌អង្គ​ដែល​ត្រូវ​រង​ទុក្ខ​វេទនា។ តែ​ក្រុង​ស៊ីយ៉ូន​បាន​ថា ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ខ្ញុំ​ទេ គឺ​ព្រះ‌អម្ចាស់​បាន​ភ្លេច​ខ្ញុំ​ហើយ។ តើ​ស្ត្រី​អាច​នឹង​ភ្លេច​កូន​ដែល​កំពុង​បៅ​ដោះ ឥត​មាន​អាណិត​ដល់​កូន​ដែល​ចេញ​ពី​ផ្ទៃ​ខ្លួន​មក​បាន​ដែរ​ឬ? គេ​នឹង​ភ្លេច​បាន ប៉ុន្តែ យើង​មិន​ដែល​ភ្លេច​អ្នក​ឡើយ។ មើល៍ យើង​បាន​ចារឹក​អ្នក​ទុក​នៅ ផ្ទៃ​បាត​ដៃ​របស់​យើង​ហើយ អស់​ទាំង​កំផែង​អ្នក​នៅ​ចំពោះ​ភ្នែក​យើង​ជា‌និច្ច ពួក​អ្នក​សង់​អ្នក​ឡើង​នឹង​ប្រញាប់​ប្រញាល់​ធ្វើ ពួក​បំផ្លាញ និង​ពួក​បង្ហិន​បង្ហោច​អ្នក គេ​នឹង​ចាក​ចេញ​ទៅ។ ចូរ​ងើប​ភ្នែក​ឡើង​មើល​ជុំ‌វិញ​ចុះ ពួក​ទាំង​នេះ​មូល​គ្នា​ចូល​មក​រក​អ្នក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​ស្បថ​នឹង​ជីវិត​យើង​ថា ប្រាកដ​ជា​អ្នក​នឹង​បាន​ប្រដាប់​កាយ​ដោយ​អ្នក​ទាំង​នោះ ដូច​ជា​ប្រពន្ធ​ថ្មោង‌ថ្មី​ដែល​តែង​ខ្លួន​ដែរ។

ចែក​រំលែក
អាន អេសាយ 49

អេសាយ 49:8-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: នៅ​គ្រា​ដែល​យើង​គាប់​ចិត្ត យើង​បាន​ឆ្លើយ​តប​មក​អ្នក ដល់​ថ្ងៃ​កំណត់​ដែល​យើង​សង្គ្រោះ យើង​ក៏​បាន​ជួយ​អ្នក។ យើង​បាន​ញែក​អ្នក​ឲ្យ​នៅ​ដាច់​ឡែក​ពី​គេ ដើម្បី​ធ្វើ​ជា​សម្ពន្ធ‌មេត្រី​សម្រាប់​ប្រជា‌ជន។ យើង​នឹង​ស្ដារ​ស្រុក​ទេស​ឡើង​វិញ យើង​ចែក​ដី​ដែល​គេ​បាន​បោះ​បង់​ចោល ឲ្យ​ប្រជា‌ជន ហើយ​ប្រាប់​ពួក​ឈ្លើយ​សឹក​ថា “ចូរ​ចេញ​មក!” រួច​ប្រាប់​អស់​អ្នក​នៅ​ទី​ងងឹត​ថា “ចូរ​បង្ហាញ​ខ្លួន​មក!” ពួក​គេ​នឹង​រក​ស៊ី​ចិញ្ចឹម​ជីវិត​យ៉ាង​សុខ‌សាន្ត ដូច​ចៀម​ស៊ី​ស្មៅ​នៅ​តាម​ផ្លូវ និង​ស្វែង​រក​អាហារ តាម​វាល​ស្មៅ នៅ​លើ​កំពូល​ភ្នំ។ ពួក​គេ​លែង​ស្រេក​ឃ្លាន​ទៀត​ហើយ ខ្យល់​ក្ដៅ និង​ព្រះ‌អាទិត្យ មិន​ធ្វើ​ទុក្ខ​គេ​ទេ ដ្បិត​ព្រះ​ដែល​មាន​ព្រះ‌ហឫទ័យ មេត្តា​ករុណា​ចំពោះ​គេ ទ្រង់​នាំ​ផ្លូវ​គេ ព្រះអង្គ​ដឹក​នាំ​គេ​ឆ្ពោះ​ទៅ​កាន់​ប្រភព​ទឹក។ យើង​នឹង​ពង្រាប​ភ្នំ​ទាំង​អស់​ឲ្យ​ទៅ​ជា​ផ្លូវ ហើយ​លើក​ថ្នល់​ទាំង​ប៉ុន្មាន​ឲ្យ​ខ្ពស់​ឡើង សម្រាប់​ប្រជា‌ជន​របស់​យើង។ មើល​ហ្ន៎! ពួក​គេ​មក​ពី​ឆ្ងាយ​ណាស់ អ្នក​ខ្លះ​មក​ពី​ខាង​ជើង អ្នក​ខ្លះ​មក​ពី​ខាង​លិច អ្នក​ខ្លះ​ទៀត​មក​ពី​ស្រុក​ខាង​ត្បូង។ ផ្ទៃ​មេឃ​អើយ ចូរ​ហ៊ោ​កញ្ជ្រៀវ! ផែនដី​អើយ ចូរ​ត្រេក​អរ​សប្បាយ! ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​អបអរ‌សាទរ! ដ្បិត​ព្រះ‌អម្ចាស់​សម្រាល​ទុក្ខ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ព្រះអង្គ​អាណិត​មេត្តា​កូន​ចៅ​របស់​ព្រះអង្គ ដែល​រង​ទុក្ខ​វេទនា។ ក្រុង​ស៊ីយ៉ូន​តែង​ពោល​ថា ព្រះ‌អម្ចាស់​បាន​បោះ​បង់​ខ្ញុំ​ចោល ព្រះ‌អម្ចាស់​ភ្លេច​ខ្ញុំ​ហើយ!។ តើ​ម្ដាយ​អាច​បំភ្លេច​កូន​របស់​ខ្លួន ដែល​នៅ​បៅ​បាន​ឬ? តើ​ម្ដាយ​លែង​អាណិត​មេត្តា​កូន​ដែល កើត​ចេញ​ពី​ផ្ទៃ​របស់​ខ្លួន​បាន​ឬ? ឧបមា​ថា​ម្ដាយ​បំភ្លេច​កូន​បាន​ទៅ​ចុះ ចំណែក​ឯ​យើង​វិញ យើង​មិន​អាច​ភ្លេច​អ្នក​បាន​ឡើយ! យើង​បាន​ចារ​ឈ្មោះ​អ្នក នៅ​លើ​បាត​ដៃ​របស់​យើង ហើយ​យើង​តែងតែ​នឹក​គិត​ដល់​កំពែង របស់​អ្នក​ជានិច្ច។ ប្រជា‌ជន​ដែល​នឹង​សង់​អ្នក​ឡើង​វិញ កំពុង​តែ​រូត‌រះ​ធ្វើ​ដំណើរ​មក រីឯ​សត្រូវ​ដែល​បាន​កម្ទេច និង​បំផ្លាញ​អ្នក នឹង​ចាក​ចេញ​ឆ្ងាយ​ពី​អ្នក។ ចូរ​ងើប​មុខ​ឡើង សម្លឹង​មើល​ជុំ‌វិញ​ខ្លួន​ទៅ កូន​ចៅ​របស់​អ្នក​មក​ជួប‌ជុំ​គ្នា​អស់​ហើយ គេ​នាំ​គ្នា​មក​រក​អ្នក។ យើង​សន្យា​ថា​ពិត​ជា​កើត​មាន​ដូច្នោះ​មែន! - នេះ​ជា​ព្រះ‌បន្ទូល​របស់ព្រះ‌អម្ចាស់- អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​គ្រឿង​អលង្ការ សម្រាប់​លំអ​អ្នក ដូច​កូន​ក្រមុំ​តាក់​តែង​ខ្លួន នៅ​ពេល​រៀប​មង្គលការ។

ចែក​រំលែក
អាន អេសាយ 49

អេសាយ 49:8-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដល់​វេលា​ដែល​គាប់​ចិត្ត​អញ នោះ​អញ​បាន​ឆ្លើយ​ដល់​ឯង ហើយ​នៅ​ថ្ងៃ​សំរាប់​សង្គ្រោះ នោះ​អញ​បាន​ជួយ​ឯង អញ​នឹង​ទំនុក​បំរុង​ឯង ហើយ​តាំង​ឯង​ឡើង​ទុក​ជា​សេចក្ដី​សញ្ញា​ដល់​បណ្តាជន ប្រយោជន៍​នឹង​រៀបចំ​ផែនដី​ឡើង ឲ្យ​គេ​បាន​គ្រង​ទី ដែល​ចោល​ស្ងាត់ ទុក​ជា​មរដក ព្រម​ទាំង​ប្រាប់​ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង​ថា ចូរ​ចេញ​ទៅ ហើយ​ដល់​ពួក​អ្នក​ដែល​នៅ​ក្នុង​សេចក្ដី​ងងឹត​ថា ចូរ​សំដែង​ខ្លួន​ចេញ​មក​ចុះ គេ​នឹង​មាន​អាហារ​ស៊ី​តាម​ផ្លូវ ហើយ​នៅ​លើ​កំពូល​ត្រងិល​ទាំង​ប៉ុន្មាន នឹង​បាន​ជា​ទី​រក​ស៊ី​ដល់​គេ គេ​នឹង​មិន​ដែល​ស្រេក​ឃ្លាន​ទៀត ឯ​ចំហាយ​ក្តៅឬ​ព្រះ‌អាទិត្យ នឹង​មិន​ធ្វើ​ទុក្ខ​គេ ដ្បិត​ព្រះ​ដែល​ផ្តល់​សេចក្ដី​មេត្តា​ដល់​គេ ទ្រង់​នឹង​នាំ​គេ​ទៅ អើ ទ្រង់​នឹង​ដឹក​ដៃ​គេ​នាំ​ទៅ​តាម​ទី​មាន​ក្បាល​ទឹក អញ​នឹង​ធ្វើ​អស់​ទាំង​ភ្នំ​របស់​អញ​ឲ្យ​ជា​ផ្លូវ ឯ​អស់​ទាំង​ថ្នល់​របស់​អញ នឹង​បាន​លើក​ឡើង មើល ពួក​នេះ​នឹង​មក​ពី​ទី​ចំងាយ ហើយ​មើល ពួក​នោះ​នឹង​មក​ពី​ទិស​ខាង​ជើង នឹង​ពី​ទិស​ខាង​លិច ហើយ​ពួក​១​នេះ​ពី​ស្រុក​ស៊ីនីម ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ច្រៀង​ឡើង ឱ​ផែនដី​អើយ ចូរ​ឲ្យ​អរ​សប្បាយ​ចុះ ឱ​ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ធ្លាយ​ចេញ​ជា​បទ​ចំរៀង ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​កំសាន្ត​ចិត្ត​រាស្ត្រ​ទ្រង់​ហើយ ទ្រង់​នឹង​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​ដល់​ពួក​របស់​ទ្រង់​ដែល​ត្រូវ​រង​ទុក្ខ​វេទនា​ផង។ តែ​ក្រុង​ស៊ីយ៉ូន​បាន​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បោះ‌បង់​ចោល​ខ្ញុំ​ទេ គឺ​ព្រះ‌អម្ចាស់​ទ្រង់​បាន​ភ្លេច​ខ្ញុំ​ហើយ ចុះ​តើ​ស្ត្រី​នឹង​ភ្លេច​កូន​ដែល​កំពុង​បៅ​ដោះ ឥត​មាន​អាណិត​ដល់​កូន​ដែល​ចេញ​ពី​ផ្ទៃ​ខ្លួន​មក​បាន​ដែរ​ឬ អើ គេ​នឹង​ភ្លេច​បាន ប៉ុន្តែអញ​មិន​ដែល​ភ្លេច​ឯង​ឡើយ មើល អញ​បាន​ចារឹក​ឯង​ទុក​នៅ​ផ្ទៃ​បាត​ដៃ​របស់​អញ​ហើយ អស់​ទាំង​កំផែង​ឯង​នៅ​ចំពោះ​ភ្នែក​អញ​ជានិច្ច ពួក​កូន​ចៅ​របស់​ឯង​នឹង​ប្រញាប់​ឡើង ពួក​ដែល​បំផ្លាញ​ឯង ហើយ​ពួក​ដែល​រំលាង​ឯង គេ​នឹង​ចេញ​ពី​ឯង​ទៅ ចូរ​ងើប​ភ្នែក​ឡើង​មើល​ជុំវិញ​ចុះ ពួក​ទាំង​នេះ​គេ​មូល​គ្នា​ចូល​មក​ឯ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ អញ​ស្បថ​នឹង​ជីវិត​អញ​ថា ប្រាកដ​ជា​ឯង​នឹង​បាន​ប្រដាប់​កាយ​ដោយ​អ្នក​ទាំង​នោះ ដូច​ជា​ពាក់​គ្រឿង​លំអ ហើយ​ក្រវាត់​ខ្លួន ដោយ​អ្នក​ទាំង​នោះ ដូច​ជា​ប្រពន្ធ​ថ្មោង‌ថ្មី​ដែល​តែង​ខ្លួន​ដែរ

ចែក​រំលែក
អាន អេសាយ 49