ក្រុងស៊ីយ៉ូនតែងពោលថា ព្រះអម្ចាស់បានបោះបង់ខ្ញុំចោល ព្រះអម្ចាស់ភ្លេចខ្ញុំហើយ!។ តើម្ដាយអាចបំភ្លេចកូនរបស់ខ្លួន ដែលនៅបៅបានឬ? តើម្ដាយលែងអាណិតមេត្តាកូនដែល កើតចេញពីផ្ទៃរបស់ខ្លួនបានឬ? ឧបមាថាម្ដាយបំភ្លេចកូនបានទៅចុះ ចំណែកឯយើងវិញ យើងមិនអាចភ្លេចអ្នកបានឡើយ! យើងបានចារឈ្មោះអ្នក នៅលើបាតដៃរបស់យើង ហើយយើងតែងតែនឹកគិតដល់កំពែង របស់អ្នកជានិច្ច។ ប្រជាជនដែលនឹងសង់អ្នកឡើងវិញ កំពុងតែរូតរះធ្វើដំណើរមក រីឯសត្រូវដែលបានកម្ទេច និងបំផ្លាញអ្នក នឹងចាកចេញឆ្ងាយពីអ្នក។ ចូរងើបមុខឡើង សម្លឹងមើលជុំវិញខ្លួនទៅ កូនចៅរបស់អ្នកមកជួបជុំគ្នាអស់ហើយ គេនាំគ្នាមករកអ្នក។ យើងសន្យាថាពិតជាកើតមានដូច្នោះមែន! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់- អ្នកទាំងនោះប្រៀបបាននឹងគ្រឿងអលង្ការ សម្រាប់លំអអ្នក ដូចកូនក្រមុំតាក់តែងខ្លួន នៅពេលរៀបមង្គលការ។ ក្រុងដែលគេបំផ្លាញចោលឲ្យនៅស្ងាត់ជ្រងំ ហើយមានតែគំនរបាក់បែកនេះ មុខជាមានប្រជាជនមករស់នៅកកកុញ ឥតសល់កន្លែងទំនេរឡើយ រីឯសត្រូវដែលបានលេបទឹកដីអ្នកកាលពីមុន នឹងចាកចេញឆ្ងាយពីទីនេះ។ អ្នកនឹកស្មានថា ខ្លួនបាត់បង់កូនអស់ហើយ តែឥឡូវនេះ អ្នកបែរជាឮកូនៗនិយាយថា “ខ្ញុំចង្អៀតណាស់ ខិតបន្តិចទៅ ទុកកន្លែងឲ្យខ្ញុំនៅផង!”។ ពេលនោះ អ្នកនឹងរិះគិតថា តើនរណាបានបង្កើតកូនចៅឲ្យខ្ញុំ ដ្បិតពីមុន ខ្ញុំបាត់បង់កូនអស់ហើយ ខ្ញុំពុំអាចបង្កើតកូនបានទៀតឡើយ។ ខ្ញុំត្រូវគេជន្លៀសឲ្យទៅនៅដាច់ឡែក ដូច្នេះ តើនរណាបានចិញ្ចឹមកូនទាំងនេះ? ខ្ញុំនៅឯកោតែម្នាក់ឯង ចុះអ្នកទាំងនេះមកពីណា? ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: យើងនឹងលើកដៃធ្វើសញ្ញាដល់ប្រជាជាតិនានា យើងលើកទង់របស់យើងឡើង ឲ្យប្រជាជនទាំងឡាយឃើញ គេនឹងបីកូនប្រុសៗរបស់អ្នក ហើយបញ្ជិះកូនស្រីៗរបស់អ្នកនៅលើស្មា នាំត្រឡប់មកវិញ។ គ្រូអប់រំកូនចៅរបស់អ្នកសុទ្ធតែជាស្ដេច ហើយមេដោះរបស់គេសុទ្ធតែជាម្ចាស់ក្សត្រិយ៍ ស្ដេចទាំងនោះនឹងនាំគ្នាក្រាបថ្វាយបង្គំអ្នក ឱនមុខដល់ដី ក្រោមល្អងធូលីជើងរបស់អ្នក។ ពេលនោះ អ្នកនឹងដឹងថា យើងជាព្រះអម្ចាស់ អស់អ្នកដែលផ្ញើជីវិតលើយើង នឹងមិនខកចិត្តឡើយ។ អ្វីៗដែលអ្នកចម្បាំងដ៏ជំនាញរឹបអូសយកហើយ តើនរណាអាចដណ្ដើមយកមកវិញបាន? រីឯអ្នកដែលជនកំណាចចាប់យកទៅហើយ តើនរណាអាចរំដោះបាន? ព្រះអម្ចាស់មានព្រះបន្ទូលថា: ពិតមែនហើយ អ្វីៗដែលអ្នកចម្បាំងដ៏ជំនាញ រឹបអូសយកទៅ មុខជាត្រូវដណ្ដើមយកមកវិញបាន រីឯមនុស្សដែលជនកំណាចចាប់យកទៅ ក៏នឹងត្រូវរំដោះរួចចេញមកវិញដែរ។ យើងនឹងរករឿងបច្ចាមិត្តដែលរករឿងអ្នក ហើយយើងនឹងសង្គ្រោះកូនចៅរបស់អ្នក។ យើងនឹងឲ្យពួកសង្កត់សង្កិនអ្នក ស៊ីសាច់ខ្លួនឯង ហើយឲ្យគេស្រវឹងនឹងហុតឈាមរបស់ខ្លួន ដូចផឹកស្រាថ្មី។ ពេលនោះ សត្វលោកទាំងអស់នឹងដឹងថា យើងនេះហើយជាព្រះអម្ចាស់ ដែលសង្គ្រោះ និងលោះអ្នក យើងជាព្រះរបស់យ៉ាកុប ជាព្រះប្រកបដោយឫទ្ធានុភាព។
អាន អេសាយ 49
ស្ដាប់នូវ អេសាយ 49
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 49:14-26
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ