អេសាយ 49:14-26

អេសាយ 49:14-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

តែ​ក្រុង​ស៊ីយ៉ូន​បាន​ថា ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ខ្ញុំ​ទេ គឺ​ព្រះ‌អម្ចាស់​បាន​ភ្លេច​ខ្ញុំ​ហើយ។ តើ​ស្ត្រី​អាច​នឹង​ភ្លេច​កូន​ដែល​កំពុង​បៅ​ដោះ ឥត​មាន​អាណិត​ដល់​កូន​ដែល​ចេញ​ពី​ផ្ទៃ​ខ្លួន​មក​បាន​ដែរ​ឬ? គេ​នឹង​ភ្លេច​បាន ប៉ុន្តែ យើង​មិន​ដែល​ភ្លេច​អ្នក​ឡើយ។ មើល៍ យើង​បាន​ចារឹក​អ្នក​ទុក​នៅ ផ្ទៃ​បាត​ដៃ​របស់​យើង​ហើយ អស់​ទាំង​កំផែង​អ្នក​នៅ​ចំពោះ​ភ្នែក​យើង​ជា‌និច្ច ពួក​អ្នក​សង់​អ្នក​ឡើង​នឹង​ប្រញាប់​ប្រញាល់​ធ្វើ ពួក​បំផ្លាញ និង​ពួក​បង្ហិន​បង្ហោច​អ្នក គេ​នឹង​ចាក​ចេញ​ទៅ។ ចូរ​ងើប​ភ្នែក​ឡើង​មើល​ជុំ‌វិញ​ចុះ ពួក​ទាំង​នេះ​មូល​គ្នា​ចូល​មក​រក​អ្នក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​ស្បថ​នឹង​ជីវិត​យើង​ថា ប្រាកដ​ជា​អ្នក​នឹង​បាន​ប្រដាប់​កាយ​ដោយ​អ្នក​ទាំង​នោះ ដូច​ជា​ប្រពន្ធ​ថ្មោង‌ថ្មី​ដែល​តែង​ខ្លួន​ដែរ។ ដ្បិត​ទី​កន្លែង​ដែល​រំលាង ហើយ​ចោល​ស្ងាត់ និង​ស្រុក​អ្នក​ដែល​ត្រូវ​បំផ្លាញ​នោះ ឥឡូវ​នេះ នឹង​បាន​ជា​ទី​ចង្អៀត​ណែន ដល់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​វិញ ហើយ​ពួក​អ្នក​ដែល​បាន​លេប​អ្នក គេ​នឹង​នៅ​ឆ្ងាយ​ពី​អ្នក​ហើយ។ ពួក​កូន​ចៅ​អ្នក​ដែល​កើត​ក្នុង​សេចក្ដី​ទុក្ខ​លំបាក​របស់​អ្នក គេ​នឹង​និយាយ​ដាក់​ត្រចៀក​អ្នក​ថា ទី​នេះ​ចង្អៀត​ណាស់ សូម​ទុក​ឲ្យ​ខ្ញុំ​មាន​កន្លែង​អាស្រ័យ​នៅ​ផង។ ពេល​នោះ អ្នក​នឹង​នឹក​ក្នុង​ចិត្ត​ថា តើ​អ្នក​ណា​បាន​បង្កើត​កូន​ទាំង​នេះ​ឲ្យខ្ញុំ? ដ្បិត​ខ្ញុំ​បាន​បាត់​កូន​ចៅ​អស់​ហើយ ខ្ញុំ​នៅម្នាក់​ឯង ជា​អ្នក​ដែល​ត្រូវ​បំបរ‌បង់ ហើយ​ដើរ​សាត់‌ព្រាត់ តើ​អ្នក​ណា​បាន​ចិញ្ចឹម​កូន​ទាំង​នេះ? ខ្ញុំ​ត្រូវ​ចោល​នៅ​តែ​ឯង ដូច្នេះ តើ​កូន​ទាំង​នេះ​មក​ពី​ណា? ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​នឹង​បោយ​ដៃ​ហៅ​អស់​ទាំង​សាសន៍ ហើយ​នឹង​លើក​ទង់‌ជ័យ​យើង​ឡើង សម្រាប់​ប្រជា‌ជាតិ​ទាំង‌ឡាយ គេ​នឹង​បី​យក​កូន​ប្រុសៗ​របស់​អ្នក​មក ហើយ​ដាក់​កូន​ស្រីៗ​របស់​អ្នក​នៅ​លើ​ស្មា​គេ។ ពួក​មហា‌ក្សត្រ​នឹង​ធ្វើ​ជា​ឪពុក​ចិញ្ចឹម​អ្នក ហើយ​ពួក​អគ្គម‌ហេសី​នឹង​ធ្វើ​ជា​ម្តាយ​បំបៅ​អ្នក គេ​នឹង​ក្រាប​ផ្កាប់​មុខ​ដល់​ដី​នៅ​មុខ​អ្នក ហើយ​លិឍ​ធូលី​ដី​ដែល​ជាប់​ជើង​អ្នក នោះ​អ្នក​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា ហើយ​អស់​អ្នក​ដែល​សង្ឃឹម​ដល់​យើង នឹង​មិន​ត្រូវ​ខ្មាស​ឡើយ។ តើ​អាច​នឹង​រឹប​យក​រំពា​ពី​អ្នក​ខ្លាំង​ពូកែ ឬ​រំ​ដោះ​ពួក​ឈ្លើយ​ពី​ជន​កំណាច​បាន​ឬ? តែ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ទោះ​ទាំង​ពួក​ឈ្លើយ​របស់​មនុស្ស​ខ្លាំង​ពូកែ ក៏​នឹង​ត្រូវ​ឆក់​យក​ទៅ ហើយ​អ្វីៗដែល​ពួកខ្លាំង​បាន​រឹប​អូស​ទៅ យើង​នឹង​ត​តាំង​ចំពោះ​អ្នក​ដែល​ត​តាំង​នឹង​អ្នក ហើយ​យើង​នឹង​ជួយ​សង្គ្រោះ​កូន​ចៅ​អ្នក​ដែរ។ យើង​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​អ្នក ត្រូវ​ស៊ី​សាច់​របស់​ខ្លួន​គេ​វិញ ហើយ​គេ​នឹង​ត្រូវ​ស្រវឹង​ដោយ​ឈាម​របស់​ខ្លួន ដូច​ជា​ស្រវឹង​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី នោះ​គ្រប់​ទាំង​មនុស្ស​នឹង​ដឹង​ថា យើង​នេះ គឺ​យេហូវ៉ា ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​អ្នក ហើយ​ជា​ព្រះ​ដ៏​ប្រោស​លោះ​អ្នក គឺ​ជា​ព្រះ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​របស់​យ៉ាកុប។

ចែក​រំលែក
អាន អេសាយ 49

អេសាយ 49:14-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រុង​ស៊ីយ៉ូន​តែង​ពោល​ថា ព្រះ‌អម្ចាស់​បាន​បោះ​បង់​ខ្ញុំ​ចោល ព្រះ‌អម្ចាស់​ភ្លេច​ខ្ញុំ​ហើយ!។ តើ​ម្ដាយ​អាច​បំភ្លេច​កូន​របស់​ខ្លួន ដែល​នៅ​បៅ​បាន​ឬ? តើ​ម្ដាយ​លែង​អាណិត​មេត្តា​កូន​ដែល កើត​ចេញ​ពី​ផ្ទៃ​របស់​ខ្លួន​បាន​ឬ? ឧបមា​ថា​ម្ដាយ​បំភ្លេច​កូន​បាន​ទៅ​ចុះ ចំណែក​ឯ​យើង​វិញ យើង​មិន​អាច​ភ្លេច​អ្នក​បាន​ឡើយ! យើង​បាន​ចារ​ឈ្មោះ​អ្នក នៅ​លើ​បាត​ដៃ​របស់​យើង ហើយ​យើង​តែងតែ​នឹក​គិត​ដល់​កំពែង របស់​អ្នក​ជានិច្ច។ ប្រជា‌ជន​ដែល​នឹង​សង់​អ្នក​ឡើង​វិញ កំពុង​តែ​រូត‌រះ​ធ្វើ​ដំណើរ​មក រីឯ​សត្រូវ​ដែល​បាន​កម្ទេច និង​បំផ្លាញ​អ្នក នឹង​ចាក​ចេញ​ឆ្ងាយ​ពី​អ្នក។ ចូរ​ងើប​មុខ​ឡើង សម្លឹង​មើល​ជុំ‌វិញ​ខ្លួន​ទៅ កូន​ចៅ​របស់​អ្នក​មក​ជួប‌ជុំ​គ្នា​អស់​ហើយ គេ​នាំ​គ្នា​មក​រក​អ្នក។ យើង​សន្យា​ថា​ពិត​ជា​កើត​មាន​ដូច្នោះ​មែន! - នេះ​ជា​ព្រះ‌បន្ទូល​របស់ព្រះ‌អម្ចាស់- អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​គ្រឿង​អលង្ការ សម្រាប់​លំអ​អ្នក ដូច​កូន​ក្រមុំ​តាក់​តែង​ខ្លួន នៅ​ពេល​រៀប​មង្គលការ។ ក្រុង​ដែល​គេ​បំផ្លាញ​ចោល​ឲ្យ​នៅ​ស្ងាត់​ជ្រងំ ហើយ​មាន​តែ​គំនរ​បាក់​បែក​នេះ មុខ​ជា​មាន​ប្រជា‌ជន​មក​រស់​នៅ​កក‌កុញ ឥត​សល់​កន្លែង​ទំនេរ​ឡើយ រីឯ​សត្រូវ​ដែល​បាន​លេប​ទឹក​ដី​អ្នក​កាល​ពី​មុន នឹង​ចាក​ចេញ​ឆ្ងាយ​ពី​ទី​នេះ។ អ្នក​នឹក​ស្មាន​ថា ខ្លួន​បាត់​បង់​កូន​អស់​ហើយ តែ​ឥឡូវ​នេះ អ្នក​បែរ​ជា​ឮ​កូនៗ​និយាយ​ថា “ខ្ញុំ​ចង្អៀត​ណាស់ ខិត​បន្តិច​ទៅ ទុក​កន្លែង​ឲ្យ​ខ្ញុំ​នៅ​ផង!”។ ពេល​នោះ អ្នក​នឹង​រិះគិត​ថា តើ​នរណា​បាន​បង្កើត​កូន​ចៅ​ឲ្យ​ខ្ញុំ ដ្បិត​ពី​មុន ខ្ញុំ​បាត់​បង់​កូន​អស់​ហើយ ខ្ញុំ​ពុំ​អាច​បង្កើត​កូន​បាន​ទៀត​ឡើយ។ ខ្ញុំ​ត្រូវ​គេ​ជន្លៀស​ឲ្យ​ទៅ​នៅ​ដាច់​ឡែក ដូច្នេះ តើ​នរណា​បាន​ចិញ្ចឹម​កូន​ទាំង​នេះ? ខ្ញុំ​នៅ​ឯកោ​តែ​ម្នាក់​ឯង ចុះ​អ្នក​ទាំង​នេះ​មក​ពី​ណា? ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​នឹង​លើក​ដៃ​ធ្វើ​សញ្ញា​ដល់​ប្រជា‌ជាតិ​នានា យើង​លើក​ទង់​របស់​យើង​ឡើង ឲ្យ​ប្រជា‌ជន​ទាំង‌ឡាយ​ឃើញ គេ​នឹង​បី​កូន​ប្រុសៗ​របស់​អ្នក ហើយ​បញ្ជិះ​កូន​ស្រីៗ​របស់​អ្នក​នៅ​លើ​ស្មា នាំ​ត្រឡប់​មក​វិញ។ គ្រូ​អប់រំ​កូន​ចៅ​របស់​អ្នក​សុទ្ធ​តែ​ជា​ស្ដេច ហើយ​មេ​ដោះ​របស់​គេ​សុទ្ធ​តែ​ជា​ម្ចាស់‌ក្សត្រិយ៍ ស្ដេច​ទាំង​នោះ​នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​អ្នក ឱន​មុខ​ដល់​ដី ក្រោម​ល្អង​ធូលី​ជើង​របស់​អ្នក។ ពេល​នោះ អ្នក​នឹង​ដឹង​ថា យើង​ជា​ព្រះ‌អម្ចាស់ អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​យើង នឹង​មិន​ខក​ចិត្ត​ឡើយ។ អ្វីៗ​ដែល​អ្នក​ចម្បាំង​ដ៏​ជំនាញ​រឹប​អូស​យក​ហើយ តើ​នរណា​អាច​ដណ្ដើម​យក​មក​វិញ​បាន? រីឯ​អ្នក​ដែល​ជន​កំណាចចាប់​យក​ទៅ​ហើយ តើ​នរណា​អាច​រំដោះ​បាន? ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ពិត​មែន​ហើយ អ្វីៗ​ដែល​អ្នក​ចម្បាំង​ដ៏​ជំនាញ រឹប​អូស​យក​ទៅ មុខ​ជា​ត្រូវ​ដណ្ដើម​យក​មក​វិញ​បាន រីឯ​មនុស្ស​ដែល​ជន​កំណាច​ចាប់​យក​ទៅ ក៏​នឹង​ត្រូវ​រំដោះ​រួច​ចេញ​មក​វិញ​ដែរ។ យើង​នឹង​រក​រឿង​បច្ចា‌មិត្ត​ដែល​រក​រឿង​អ្នក ហើយ​យើង​នឹង​សង្គ្រោះ​កូន​ចៅ​របស់​អ្នក។ យើង​នឹង​ឲ្យ​ពួក​សង្កត់‌សង្កិន​អ្នក ស៊ី​សាច់​ខ្លួន​ឯង ហើយ​ឲ្យ​គេ​ស្រវឹង​នឹង​ហុត​ឈាម​របស់​ខ្លួន ដូច​ផឹក​ស្រា​ថ្មី។ ពេល​នោះ សត្វ​លោក​ទាំង​អស់​នឹង​ដឹង​ថា យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ ដែល​សង្គ្រោះ និង​លោះ​អ្នក យើង​ជា​ព្រះ​របស់​យ៉ាកុប ជា​ព្រះ​ប្រកប​ដោយ​ឫទ្ធា‌នុភាព។

ចែក​រំលែក
អាន អេសាយ 49

អេសាយ 49:14-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​ក្រុង​ស៊ីយ៉ូន​បាន​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បោះ‌បង់​ចោល​ខ្ញុំ​ទេ គឺ​ព្រះ‌អម្ចាស់​ទ្រង់​បាន​ភ្លេច​ខ្ញុំ​ហើយ ចុះ​តើ​ស្ត្រី​នឹង​ភ្លេច​កូន​ដែល​កំពុង​បៅ​ដោះ ឥត​មាន​អាណិត​ដល់​កូន​ដែល​ចេញ​ពី​ផ្ទៃ​ខ្លួន​មក​បាន​ដែរ​ឬ អើ គេ​នឹង​ភ្លេច​បាន ប៉ុន្តែអញ​មិន​ដែល​ភ្លេច​ឯង​ឡើយ មើល អញ​បាន​ចារឹក​ឯង​ទុក​នៅ​ផ្ទៃ​បាត​ដៃ​របស់​អញ​ហើយ អស់​ទាំង​កំផែង​ឯង​នៅ​ចំពោះ​ភ្នែក​អញ​ជានិច្ច ពួក​កូន​ចៅ​របស់​ឯង​នឹង​ប្រញាប់​ឡើង ពួក​ដែល​បំផ្លាញ​ឯង ហើយ​ពួក​ដែល​រំលាង​ឯង គេ​នឹង​ចេញ​ពី​ឯង​ទៅ ចូរ​ងើប​ភ្នែក​ឡើង​មើល​ជុំវិញ​ចុះ ពួក​ទាំង​នេះ​គេ​មូល​គ្នា​ចូល​មក​ឯ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ អញ​ស្បថ​នឹង​ជីវិត​អញ​ថា ប្រាកដ​ជា​ឯង​នឹង​បាន​ប្រដាប់​កាយ​ដោយ​អ្នក​ទាំង​នោះ ដូច​ជា​ពាក់​គ្រឿង​លំអ ហើយ​ក្រវាត់​ខ្លួន ដោយ​អ្នក​ទាំង​នោះ ដូច​ជា​ប្រពន្ធ​ថ្មោង‌ថ្មី​ដែល​តែង​ខ្លួន​ដែរ ដ្បិត​ឯ​ទី​កន្លែង​ដែល​រំលាង ហើយ​ចោល​ស្ងាត់ នឹង​ស្រុក​ឯង​ដែល​ត្រូវ​បំផ្លាញ​នោះ ឥឡូវ​នេះ នឹង​បាន​ជា​ទី​ចង្អៀត​ណែន ដល់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​វិញ ហើយ​ពួក​អ្នក​ដែល​បាន​លេប​ឯង គេ​នឹង​នៅ​ឆ្ងាយ​ពី​ឯង​ហើយ ពួក​កូន​ចៅ​ឯង​ដែល​កើត​ក្នុង​សេចក្ដី​ទុក្ខ​លំបាក​របស់​ឯង គេ​នឹង​និយាយ​ដាក់​ត្រចៀក​ឯង​ថា ទី​នេះ​ចង្អៀត​ដល់​យើង​ខ្ញុំ​ណាស់ សូម​ឲ្យ​មាន​ទី​អាស្រ័យ​នៅ​ផង នោះ​ឯង​នឹង​នឹក​ក្នុង​ចិត្ត​ថា តើ​អ្នក​ណា​បាន​បង្កើត​កូន​ទាំង​នេះ​ឲ្យ​អញ ដ្បិត​អញ​បាន​បាត់​កូន​ចៅ​អញ​អស់​ទៅ ហើយ​អញ​ក៏​នៅ​ឯក​ឯង​ដូច្នេះ គឺ​ជា​អ្នក​ដែល​ត្រូវ​បំបរ‌បង់ ហើយ​ដើរ​រសាត់‌ព្រាត់​ផង តើ​អ្នក​ណា​បាន​ចិញ្ចឹម​កូន​ទាំង​នេះ មើល អញ​បាន​ត្រូវ​ចោល​នៅ​តែ​ឯង ដូច្នេះ តើ​កូន​ទាំង​នេះ​បាន​នៅ​ឯ​ណា។ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល អញ​នឹង​បោយ​ដៃ​ហៅ​អស់​ទាំង​សាសន៍ ហើយ​នឹង​លើក​ទង់‌ជ័យ​អញ​ឡើងសំរាប់​ប្រជា‌ជាតិ​ទាំង‌ឡាយ រួច​គេ​នឹង​បី​យក​កូន​ប្រុសៗ​របស់​ឯង​មក ហើយ​នឹង​បញ្ជិះ​កូន​ស្រីៗ​របស់​ឯង​នៅ​លើ​ស្មា​គេ ពួក​មហា‌ក្សត្រ​នឹង​ធ្វើ​ជា​ឪពុក​ចិញ្ចឹម​ឯង ហើយ​ពួក​អគ្គ‌មហេសី​នឹង​ធ្វើ​ជា​ម្តាយ​បំបៅ​ឯង គេ​នឹង​ក្រាប​ផ្កាប់​មុខ​ដល់​ដី​នៅ​មុខ​ឯង ហើយ​នឹង​លិទ្ធ​ធូលី​ដី​ដែល​ជាប់​ជើង​ឯង នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ហើយ​អស់​អ្នក​ដែល​សង្ឃឹម​ដល់​អញ​នឹង​មិន​ត្រូវ​ខ្មាស​ឡើយ។ តើ​នឹង​ឆក់​យក​របឹប​ពី​អ្នក​ខ្លាំង​ពូកែ ឬ​ដោះ​ពួក​ឈ្លើយ ដែល​ចាប់​មក​តាម​ច្បាប់​ចេញ​បាន​ឬ​ទេ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ទោះ​ទាំង​ពួក​ឈ្លើយ​របស់​មនុស្ស​ខ្លាំង​ពូកែ​ក៏​នឹង​ត្រូវ​ឆក់​យក​ទៅ ហើយ​របឹប​របស់​ពួក​គួរ​ស្ញែង‌ខ្លាច​នឹង​បាន​ដោះ​ចេញ​ផង ដ្បិត​អញ​នឹង​ត​តាំង​ចំពោះ​អ្នក​ដែល​ត​តាំង​នឹង​ឯង ហើយ​អញ​នឹង​ជួយ​សង្គ្រោះ​កូន​ចៅ​ឯង​ដែរ អញ​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​ឯង​ត្រូវ​ស៊ី​សាច់​របស់​ខ្លួន​គេ​វិញ ហើយ​គេ​នឹង​ត្រូវ​ស្រវឹង​ដោយ​ឈាម​របស់​ខ្លួន ដូច​ជា​ស្រវឹង​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី នោះ​គ្រប់​ទាំង​មនុស្ស​នឹង​ដឹង​ថា អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​ឯង ហើយ​ជា​ព្រះ​ដ៏​ប្រោស​លោះ​ឯង គឺ​ជា​ព្រះ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​នៃ​យ៉ាកុប។

ចែក​រំលែក
អាន អេសាយ 49