អេសាយ 48:1-22

អេសាយ 48:1-22 គខប

អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​យ៉ាកុប អ្នក​រាល់​គ្នា​ដែល​មាន​ត្រកូល​អ៊ីស្រា‌អែល ហើយ​ជា​ពូជ‌ពង្ស​របស់​យូដា​អើយ ចូរ​ស្ដាប់​សេចក្ដី​នេះ! អ្នក​រាល់​គ្នា​តែងតែ​ស្បថ ដោយ​យក​ព្រះ‌នាម​ព្រះ‌អម្ចាស់​ធ្វើ​ជា​សាក្សី អ្នក​រាល់​គ្នា​តែងតែ​អង្វរ​រក​ព្រះ​របស់ ជន‌ជាតិ​អ៊ីស្រា‌អែល តែ​គ្មាន​ចិត្ត​ស្មោះ​ត្រង់ និង​សុចរិត​ទេ។ អ្នក​រាល់​គ្នា​អួត​ថា ខ្លួន​ជា​អ្នក​រស់​នៅ​ក្នុង​ក្រុង​ដ៏វិសុទ្ធ ហើយ​ថា​ខ្លួន​ពឹង​ផ្អែក​លើ​ព្រះ​របស់​ជន‌ជាតិ អ៊ីស្រា‌អែល ដែល​មាន​ព្រះ‌នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ យើង​បាន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​អំពី ព្រឹត្តិ‌ការណ៍​ដើម​ដំបូង​នោះ តាំង​ពី​យូរ‌លង់​ណាស់​មក​ហើយ យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​ផ្ទាល់​មាត់ ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ឮ យើង​ក៏​បាន​ធ្វើ​ឲ្យ​ការ​ទាំង​នោះ​សម្រេច ចេញ​ជា​រូប​រាង​ឡើង​មួយ​រំពេច​ដែរ។ យើង​ដឹង​ថា អ្នក​ជា​មនុស្ស​រឹង‌រូស ចិត្ត​របស់​អ្នក​រឹង​ដូច​ដែក‌ថែប ហើយ​ក្បាល​អ្នក​រឹង​ដូច​ដែក យើង​បាន​ប្រាប់​ឲ្យ​អ្នក​ដឹង​ជា​មុន​យ៉ាង​យូរ យើង​បាន​ឲ្យ​អ្នក​ដឹង​មុន​ហេតុ‌ការណ៍​មក​ដល់ ដើម្បី​កុំ​ឲ្យ​អ្នក​ពោល​ថា “គឺ​រូប​បដិមា​របស់​ខ្ញុំ​ដែល​បាន​ធ្វើ​ការ​នេះ គឺ​រូប​ព្រះ ឬ​រូប​ដែល​ខ្ញុំ​សិត បាន​បង្គាប់​ឲ្យ​ហេតុ‌ការណ៍​កើត​មាន”។ អ្នក​ឮ​សេចក្ដី​ដែល​យើង​ប្រាប់​ទុក​ជា​មុន ហើយ​ក៏​ឃើញ​ថា​កើត​មាន​ដូច្នោះ​មែន តើ​អ្នក​មិន​ទទួល​ស្គាល់​ទេ​ឬ? តាំង​ពី​ពេល​នេះ​ទៅ យើង​ប្រាប់​ឲ្យ​អ្នក​ដឹង អំពី​ព្រឹត្តិ‌ការណ៍​ថ្មីៗ​ទៀត ដែល​យើង​បាន​គ្រោង​ទុក តែ​អ្នក​រាល់​គ្នា​មិន​ទាន់​ដឹង​នៅ​ឡើយ។ ព្រឹត្តិ‌ការណ៍​នោះ​ទើប​នឹង​កកើត តែ​មិន​មែន​កើត​ឡើង​យូរ​មក​ហើយ​ទេ រហូត​មក​ទល់​ពេល​នេះ អ្នក​ពុំ​ដែល​ឮ​អំពី​ព្រឹត្តិ‌ការណ៍​នេះ​ឡើយ ដូច្នេះ អ្នក​ពុំ​អាច​ពោល​ថា “ខ្ញុំ​ស្គាល់​ព្រឹត្តិ‌ការណ៍​នេះ​ហើយ”។ អ្នក​មិន​ព្រម​ចង់​ដឹង ចង់​ឮ ហើយ​តាំង​ពី​ដើម​មក អ្នក​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយ យើង​ស្គាល់​អ្នក​ច្បាស់​ណាស់​ថា អ្នក​ជា​មនុស្ស​ដែល​មិន​អាច​ទុក​ចិត្ត​បាន គេ​ហៅ​អ្នក​ថា​ជា​មេ​បះ‌បោរ តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក។ ដោយ​យល់​ដល់​នាម​យើង​ដែល​ជា​ព្រះ‌ជាម្ចាស់ យើង​បាន​ទប់​កំហឹង ដោយ​យល់​ដល់​កិត្តិនាម​របស់​យើង យើង​បាន​ទុក​ជីវិត​ឲ្យ​អ្នក យើង​មិន​បំផ្លាញ​អ្នក​ឡើយ។ យើង​មិន​បាន​ឲ្យ​គេ​យក​ភ្លើង​មក​បន្សុទ្ធ​អ្នក ដូច​គេ​បន្សុទ្ធ​ប្រាក់​នោះ​ទេ គឺ​យើង​លត់‌ដំ​អ្នក ដោយ​ទុក្ខ​លំបាក​ដ៏​ខ្លាំង។ យើង​ធ្វើ​ដូច្នេះ ដោយ​យល់​ដល់​ខ្លួន​យើង​ផ្ទាល់ យើង​មិន​ចង់​បន្ទាប​បន្ថោក​ឈ្មោះ​យើង ហើយ​យើង​ក៏​មិន​ចង់​ឲ្យ​ព្រះ​ណា​ផ្សេង​ទៀត ទទួល​សិរី‌រុងរឿង​របស់​យើង​ដែរ។ កូន​ចៅ​យ៉ាកុប ពូជ‌ពង្ស​អ៊ីស្រា‌អែល ដែល​យើង​ត្រាស់​ហៅ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​យើង! គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត។ យើង​បាន​បង្កើត​ផែនដី​មក​ដោយ​ដៃ​យើង​ផ្ទាល់ យើង​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​ឫទ្ធិ‌បារមី​របស់​យើង យើង​បាន​ហៅ​ផ្ទៃ​មេឃ ហើយ​ផ្ទៃ​មេឃ​ក៏​មក។ ប្រជា‌ជន​ទាំង​មូល​អើយ ចូរ​មក​ជួប‌ជុំ​គ្នា ហើយ​ស្ដាប់​ចុះ! មិត្ត​សម្លាញ់​របស់​យើង​នឹង​ប្រហារ​ក្រុង​បាប៊ី‌ឡូន ព្រម​ទាំង​ដាក់​ទោស​ជន‌ជាតិ​ខាល់ដេ ស្រប​តាម​បំណង​របស់​យើង។ ក្នុង​ចំណោម​ព្រះ​ឯ​ទៀតៗ តើ​ព្រះ​ណា​បាន​ប្រាប់ ឲ្យ​ដឹង​ជា​មុន​អំពី​ព្រឹត្តិ‌ការណ៍​នេះ។ គឺ​យើង​ហើយ​ដែល​បាន​ប្រាប់ យើង​ក៏​បាន​ហៅ​អ្នក​នោះ​ថែម​ទៀត! យើង​នាំ​គាត់​មក ហើយ​អ្វីៗ​ដែល​គាត់​ធ្វើ​មុខ​ជា​បាន​សម្រេច។ ចូរ​នាំ​គ្នា​ចូល​មក​ជិត ហើយ​ស្ដាប់​យើង​ចុះ! តាំង​ពី​ដើម​ដំបូង​រៀង​មក យើង​មិន​ដែល​និយាយ​លាក់‌លៀម​ទេ។ ពេល​ព្រឹត្តិ‌ការណ៍​ទាំង​នេះ​ចាប់​ផ្ដើម​កើត​ឡើង យើង​ក៏​ស្ថិត​នៅ​ទី​នោះ​ដែរ។ - ឥឡូវ​នេះ ព្រះ‌ជា‌អម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​ទៅ ព្រះអង្គ​ក៏​ប្រទាន​ព្រះ‌វិញ្ញាណ​របស់​ព្រះអង្គ ឲ្យ​គង់​ជា​មួយ​ខ្ញុំ​ដែរ។ ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ អ៊ីស្រា‌អែល ដែល​បាន​លោះ​អ្នក មាន​ព្រះ‌បន្ទូល​ថា: យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​ប្រៀន‌ប្រដៅ​អ្នក​អំពី​អ្វី​ដែល​មាន ប្រយោជន៍​ដល់​អ្នក យើង​ណែ‌នាំ​អ្នក​ឲ្យ​ដើរ​ក្នុង​មាគ៌ា ដែល​អ្នក​កំពុង​តែ​ដើរ។ ប្រសិន​បើ​អ្នក​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម បទ‌បញ្ជា​ដែល​យើង​បង្គាប់ នោះ​សេចក្ដី​សុខ‌សាន្ត​មុខ​ជា​ហូរ​មក​លើ​អ្នក ដូច​ទឹក​ទន្លេ។ ហើយ​សេចក្ដី​សុចរិត​មុខ​ជា​បក់​បោក​លើ​អ្នក ដូច​រលក​សមុទ្រ។ ពូជ‌ពង្ស​របស់​អ្នក​នឹង​កើន​ច្រើន​ឡើង ដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ ហើយ​ឈ្មោះ​របស់​អ្នក​នឹង​ស្ថិត‌ស្ថេរ នៅ​មុខ​យើង​រហូត ឥត​សាប‌សូន្យ​ឡើយ។ ចូរ​នាំ​គ្នា​ចាក​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន ចូរ​រត់​ចេញ​ពី​ក្នុង​ចំណោម​ជន‌ជាតិ​ខាល់ដេ ចូរ​បន្លឺ​សំឡេង ប្រកាស​យ៉ាង​សប្បាយ ចូរ​ប្រកាស​រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី ឲ្យ​មនុស្ស‌ម្នា​ដឹង​ឮ​ថា ព្រះ‌អម្ចាស់​បាន​លោះ​កូន​ចៅ​លោក​យ៉ាកុប ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​មក​វិញ​ហើយ!។ ព្រះអង្គ​ដឹក​នាំ​ពួក​គេ​នៅ​តាម​វាល​ហួត‌ហែង តែ​ពួក​គេ​មិន​ស្រេក​ទឹក​ទេ។ ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ទឹក​ផុស​ចេញ​ពី​ថ្ម‌ដា សម្រាប់​ពួក​គេ ព្រះអង្គ​វាយ​បំបែក​ថ្ម នោះ​ទឹក​ក៏​ហូរ​ចេញ​មក។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា មនុស្ស​ទុច្ចរិត​គ្មាន​សេចក្ដី​សុខ‌សាន្ត​ឡើយ។