អេសាយ 48:1-22

អេសាយ 48:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ស្តាប់​សេចក្ដី​នេះ​ចុះ ឱ​ពួក​វង្ស​យ៉ាកុប​អើយ ជា​ពួក​អ្នក​ដែល​បាន​ហៅ​តាម​ឈ្មោះ​អ៊ីស្រា‌អែល ហើយ​បាន​ចេញ​ពី​ទឹក របស់​យូដា​មក ជា​ពួក​អ្នក​ដែល​ស្បថ​ដោយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដំណាល​ពី​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ផង តែ​មិន​មែន​ដោយ​ចិត្ត​ស្មោះ ឬ​ដោយ​សុចរិត​ទេ។ ដ្បិត​គេ​ហៅ​ខ្លួន​គេ​ថា​ជា​អ្នក​ក្រុង​បរិសុទ្ធ ហើយ​ផ្អែក​ទៅ​លើ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​ព្រះ‌អង្គ​ព្រះ‌នាម​ថា ព្រះ‌យេហូវ៉ា​នៃពួក​ពល‌បរិវារ។ ឯ​ការ​ដែល​បាន​កើត​ឡើង​តាំង​តែ​ពី​ដើម​មក នោះ​យើង​បាន​ថ្លែង​ប្រាប់​ចាប់​តាំង​ពី​បុរាណ​ហើយ សេចក្ដី​នោះ​បាន​ចេញ​ពី​មាត់​យើង​ទៅ ហើយ​យើង​បាន​សម្ដែង​ច្បាស់ យើង​បាន​ធ្វើ​ការ​ទាំង​នោះ​ភ្លាម​មួយ​រំពេច ដូច្នេះ ការ​ទាំង​នោះ​បាន​កើត​ឡើង​ហើយ។ ដ្បិត​យើង​បាន​ដឹង​ថា អ្នក​ជា​មនុស្ស​រឹង​ចចេស ហើយ​មាន​ក​រឹង​ដូច​ជា​ចម្រឹង​ដែក ឯ​ថ្ងាស​អ្នក​ក៏​ជា​លង្ហិន ហេតុ​នោះ​បាន​ជា​យើង​ថ្លែង​ប្រាប់​សេចក្ដី​នោះ ដល់​អ្នក​តាំង​ពី​បុរាណ ហើយ​បាន​បង្ហាញ​ឲ្យ​អ្នក​ដឹង​មុន​ដែល​ការ​នោះ​កើត​មក ក្រែង​អ្នក​និយាយ​ថា គឺ​ជា​រូប​ព្រះ​របស់​អ្នក​ដែល​ធ្វើ​ការ​នោះ​វិញ ហើយ​រូប​ឆ្លាក់ និង​រូប​សិត​របស់​អ្នក ដែល​បង្គាប់​ការ​នោះ​ឡើង។ អ្នក​បាន​ឮ​ហើយ ចូរ​ពិចារ‌ណា​ការ​ទាំង​នេះ​ចុះ តើ​អ្នក​នឹង​មិន​ព្រម​ថ្លែង​ប្រាប់ទេ​ឬ? ពីពេល​នេះ​ទៅ យើង​បាន​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ការ​ថ្មី​ទៀត គឺ​ជា​ការ​លាក់​កំបាំង​ដែល​អ្នក​មិន​បាន​ស្គាល់។ ការ​ទាំង​នោះ​ទើប​នឹង​កើត​ឡើង​ឥឡូវ មិន​មែន​កាល​ពី​បុរាណ​ទេ ហើយ​កាល​មុន​ថ្ងៃ​នេះ អ្នក​មិន​ដែល​បាន​ឮ​និយាយ​ពី​ការ​ទាំង​នោះ​ឡើយ ក្រែង​អ្នក​និយាយ​ថា មើល៍ ខ្ញុំ​បាន​ដឹង​ការ​នោះ​ហើយ។ អ្នក​មិន​បាន​ឮ​សោះ មិន​បាន​ដឹងទេ តាំង​ពី​បុរាណ​មក ត្រចៀក​អ្នក​មិន​ទាន់​បាន​បើក​ឡើង​នៅ​ឡើយ ដ្បិត​យើង​បាន​ដឹង​ថា អ្នក​នឹង​ប្រព្រឹត្ត​ដោយ​ចិត្ត​ក្បត់ ហើយ​អ្នក​មាន​ឈ្មោះ​ថា ជា​អ្នក​បះ‌បោរ​តាំង​ពី​តែ​ផ្ទៃ​ម្តាយ​មក។ ប៉ុន្តែ យើង​នឹង​ផ្អាក​សេចក្ដី​ក្រោធ ដោយ​យល់​ដល់​ឈ្មោះយើង និង​ដោយ​យល់​ដល់​សេចក្ដី​សរសើរ​របស់​យើង នោះ​យើង​នឹងមិន​កាត់​អ្នក​ចេញ​ទេ។ មើល៍ យើង​បាន​បន្សុទ្ធ​អ្នក តែ​មិន​ដូច​បន្សុទ្ធ​ប្រាក់​ទេ យើង​បាន​លត់​ដំ​អ្នក នៅ​ក្នុងគុក​ភ្លើង​នៃ​សេចក្ដី​វេទនា។ យើង​នឹង​ធ្វើ​ការ​នោះ ដោយ​យល់​ដល់​ខ្លួន​យើង គឺ​ដោយ​យល់​ដល់​ខ្លួន​យើង ដ្បិត​តើ​ត្រូវ​ឲ្យ​គេ​ប្រមាថ​ឈ្មោះ​យើងឬ? សិរី‌ល្អ​របស់​យើង យើង​មិន​ឲ្យ​ទៅ​ព្រះ​ដទៃ​ណា​ផ្សេង​ឡើយ។ ឱ​ពួក​យ៉ាកុប និង​អ៊ីស្រា‌អែល ជា​អ្នក​ដែល​យើង​បាន​ហៅ​អើយ ចូរ​ស្តាប់​យើង​ចុះ គឺ​យើង​នេះ​ហើយ យើង​ជា​ដើម ហើយ​ជា​ចុង។ ដៃ​យើង​បាន​ដាក់​ឫស​នៃ​ផែនដី ហើយ​ដៃ​ស្តាំ​របស់​យើង​បាន​លាត​ផ្ទៃ​មេឃ កាល​ណា​យើង​ហៅ នោះ​ទាំង​ពីរ​ក៏​ឈរ​ឡើង​ជា‌មួយ​គ្នា។ ចូរ​អ្នក​ប្រជុំ​គ្នា ហើយ​ស្តាប់​ចុះ ក្នុង​ពួក​គេ តើ​មាន​អ្នក​ណា​ដែល​ថ្លែង​ប្រាប់ ពី​ការ​ទាំង​នេះ​ឬ? អ្នក​មួយ​ដែល​ព្រះ‌យេហូវ៉ា​ស្រឡាញ់ គេ​នឹង​សម្រេច​ដល់​ក្រុង​បាប៊ី‌ឡូន តាម​បំណង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ ដៃ​របស់​គេ​នឹង​សង្កត់​លើ​ពួក​ខាល់ដេ យើង គឺ​យើង​នេះ​ហើយបាន​ពោល អើ យើង​បាន​ហៅ​គេ យើង​បាន​នាំ​គេ​មក ហើយ​គេ​នឹង​សម្រេច​កិច្ច‌ការ​តាម​វិធី​របស់​គេ។ ចូរ​អ្នក​រាល់​គ្នា​ចូល​មក​ជិត​យើង ហើយ​ស្តាប់​សេចក្ដី​នេះ​ចុះ តាំង​តែ​ពី​ដើម​ដំបូង​មក យើង​មិន​បាន​និយាយ​ដោយ​សម្ងាត់​ទេ តាំង​ពី​ការ​នោះ​ចាប់​ផ្តើម​កើត​ឡើង នោះ​យើង​ក៏​មាន​នៅ​ហើយ ឥឡូវ​នេះ ព្រះ‌អម្ចាស់‌យេហូវ៉ា បាន​ចាត់​ខ្ញុំ​មក​ជា‌មួយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ។ ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ប្រោស​លោះ​អ្នក គឺ​ជា​ព្រះ​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​អ្នក ជា​អ្នក​ដែល​បង្រៀន​ឲ្យ​អ្នក​បាន​ទទួល​ប្រយោជន៍ ហើយ​ក៏​នាំ​អ្នក​ទៅ​ក្នុង​ផ្លូវ​ដែល​អ្នក​គួរ​ដើរ។ ឱ បើ​អ្នក​បាន​ស្តាប់​តាម​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​យើង នោះ​សេចក្ដី​សុខ​របស់​អ្នក​នឹង​បាន​ដូច​ជា​ទន្លេ សេចក្ដី​សុចរិត​របស់​អ្នកនឹង​បាន​ដូច​ជា​រលក​នៃ​សមុទ្រ។ ពូជ‌ពង្ស​អ្នក​ក៏​នឹង​បាន​ច្រើន​ដូច​ជា​ខ្សាច់ ហើយ​ផល​ដែល​កើត​ពី​អ្នក​មក នឹង​បាន​ដូច​ជា​គ្រាប់​ខ្សាច់​ទាំង​ប៉ុន្មាន ឈ្មោះ​គេ​ក៏​មិន​ត្រូវ​កាត់​ចេញ ឬ​បំផ្លាញ​ពី​មុខ​យើង​ឡើយ។ ចូរ​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន ហើយ​រត់​ចេញ​ពី​កណ្ដាល​ពួក​ខាល់ដេ ចូរ​ប្រកាស​ប្រាប់ ដោយ​ឡើង​សំឡេង​ច្រៀង ចូរ​ថ្លែង​ពី​រឿង​នេះ ហើយ​បញ្ជូន​រហូត​ដល់​ចុង​ផែនដី​ផង ចូរ​ប្រាប់​ថា ព្រះ‌យេហូវ៉ា​បាន​ប្រោស​លោះ​ពួក​យ៉ាកុប ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ហើយ។ គេ​មិន​បាន​ស្រេក​ឡើយ កំពុង​ដែល​ព្រះ‌អង្គ​នាំ​គេ​ដើរ​កាត់​សមុទ្រ​ខ្សាច់ គឺ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្មដា​សម្រាប់​គេ ព្រះ‌អង្គ​ក៏​បំបែក​ថ្មដា ឲ្យ​ទឹក​ផុស​ចេញ​មក។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា គ្មាន​សេចក្ដី​សុខ​សោះ សម្រាប់​ពួក​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់។

ចែក​រំលែក
អាន អេសាយ 48

អេសាយ 48:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​យ៉ាកុប អ្នក​រាល់​គ្នា​ដែល​មាន​ត្រកូល​អ៊ីស្រា‌អែល ហើយ​ជា​ពូជ‌ពង្ស​របស់​យូដា​អើយ ចូរ​ស្ដាប់​សេចក្ដី​នេះ! អ្នក​រាល់​គ្នា​តែងតែ​ស្បថ ដោយ​យក​ព្រះ‌នាម​ព្រះ‌អម្ចាស់​ធ្វើ​ជា​សាក្សី អ្នក​រាល់​គ្នា​តែងតែ​អង្វរ​រក​ព្រះ​របស់ ជន‌ជាតិ​អ៊ីស្រា‌អែល តែ​គ្មាន​ចិត្ត​ស្មោះ​ត្រង់ និង​សុចរិត​ទេ។ អ្នក​រាល់​គ្នា​អួត​ថា ខ្លួន​ជា​អ្នក​រស់​នៅ​ក្នុង​ក្រុង​ដ៏វិសុទ្ធ ហើយ​ថា​ខ្លួន​ពឹង​ផ្អែក​លើ​ព្រះ​របស់​ជន‌ជាតិ អ៊ីស្រា‌អែល ដែល​មាន​ព្រះ‌នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ យើង​បាន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​អំពី ព្រឹត្តិ‌ការណ៍​ដើម​ដំបូង​នោះ តាំង​ពី​យូរ‌លង់​ណាស់​មក​ហើយ យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​ផ្ទាល់​មាត់ ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ឮ យើង​ក៏​បាន​ធ្វើ​ឲ្យ​ការ​ទាំង​នោះ​សម្រេច ចេញ​ជា​រូប​រាង​ឡើង​មួយ​រំពេច​ដែរ។ យើង​ដឹង​ថា អ្នក​ជា​មនុស្ស​រឹង‌រូស ចិត្ត​របស់​អ្នក​រឹង​ដូច​ដែក‌ថែប ហើយ​ក្បាល​អ្នក​រឹង​ដូច​ដែក យើង​បាន​ប្រាប់​ឲ្យ​អ្នក​ដឹង​ជា​មុន​យ៉ាង​យូរ យើង​បាន​ឲ្យ​អ្នក​ដឹង​មុន​ហេតុ‌ការណ៍​មក​ដល់ ដើម្បី​កុំ​ឲ្យ​អ្នក​ពោល​ថា “គឺ​រូប​បដិមា​របស់​ខ្ញុំ​ដែល​បាន​ធ្វើ​ការ​នេះ គឺ​រូប​ព្រះ ឬ​រូប​ដែល​ខ្ញុំ​សិត បាន​បង្គាប់​ឲ្យ​ហេតុ‌ការណ៍​កើត​មាន”។ អ្នក​ឮ​សេចក្ដី​ដែល​យើង​ប្រាប់​ទុក​ជា​មុន ហើយ​ក៏​ឃើញ​ថា​កើត​មាន​ដូច្នោះ​មែន តើ​អ្នក​មិន​ទទួល​ស្គាល់​ទេ​ឬ? តាំង​ពី​ពេល​នេះ​ទៅ យើង​ប្រាប់​ឲ្យ​អ្នក​ដឹង អំពី​ព្រឹត្តិ‌ការណ៍​ថ្មីៗ​ទៀត ដែល​យើង​បាន​គ្រោង​ទុក តែ​អ្នក​រាល់​គ្នា​មិន​ទាន់​ដឹង​នៅ​ឡើយ។ ព្រឹត្តិ‌ការណ៍​នោះ​ទើប​នឹង​កកើត តែ​មិន​មែន​កើត​ឡើង​យូរ​មក​ហើយ​ទេ រហូត​មក​ទល់​ពេល​នេះ អ្នក​ពុំ​ដែល​ឮ​អំពី​ព្រឹត្តិ‌ការណ៍​នេះ​ឡើយ ដូច្នេះ អ្នក​ពុំ​អាច​ពោល​ថា “ខ្ញុំ​ស្គាល់​ព្រឹត្តិ‌ការណ៍​នេះ​ហើយ”។ អ្នក​មិន​ព្រម​ចង់​ដឹង ចង់​ឮ ហើយ​តាំង​ពី​ដើម​មក អ្នក​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយ យើង​ស្គាល់​អ្នក​ច្បាស់​ណាស់​ថា អ្នក​ជា​មនុស្ស​ដែល​មិន​អាច​ទុក​ចិត្ត​បាន គេ​ហៅ​អ្នក​ថា​ជា​មេ​បះ‌បោរ តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក។ ដោយ​យល់​ដល់​នាម​យើង​ដែល​ជា​ព្រះ‌ជាម្ចាស់ យើង​បាន​ទប់​កំហឹង ដោយ​យល់​ដល់​កិត្តិនាម​របស់​យើង យើង​បាន​ទុក​ជីវិត​ឲ្យ​អ្នក យើង​មិន​បំផ្លាញ​អ្នក​ឡើយ។ យើង​មិន​បាន​ឲ្យ​គេ​យក​ភ្លើង​មក​បន្សុទ្ធ​អ្នក ដូច​គេ​បន្សុទ្ធ​ប្រាក់​នោះ​ទេ គឺ​យើង​លត់‌ដំ​អ្នក ដោយ​ទុក្ខ​លំបាក​ដ៏​ខ្លាំង។ យើង​ធ្វើ​ដូច្នេះ ដោយ​យល់​ដល់​ខ្លួន​យើង​ផ្ទាល់ យើង​មិន​ចង់​បន្ទាប​បន្ថោក​ឈ្មោះ​យើង ហើយ​យើង​ក៏​មិន​ចង់​ឲ្យ​ព្រះ​ណា​ផ្សេង​ទៀត ទទួល​សិរី‌រុងរឿង​របស់​យើង​ដែរ។ កូន​ចៅ​យ៉ាកុប ពូជ‌ពង្ស​អ៊ីស្រា‌អែល ដែល​យើង​ត្រាស់​ហៅ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​យើង! គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត។ យើង​បាន​បង្កើត​ផែនដី​មក​ដោយ​ដៃ​យើង​ផ្ទាល់ យើង​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​ឫទ្ធិ‌បារមី​របស់​យើង យើង​បាន​ហៅ​ផ្ទៃ​មេឃ ហើយ​ផ្ទៃ​មេឃ​ក៏​មក។ ប្រជា‌ជន​ទាំង​មូល​អើយ ចូរ​មក​ជួប‌ជុំ​គ្នា ហើយ​ស្ដាប់​ចុះ! មិត្ត​សម្លាញ់​របស់​យើង​នឹង​ប្រហារ​ក្រុង​បាប៊ី‌ឡូន ព្រម​ទាំង​ដាក់​ទោស​ជន‌ជាតិ​ខាល់ដេ ស្រប​តាម​បំណង​របស់​យើង។ ក្នុង​ចំណោម​ព្រះ​ឯ​ទៀតៗ តើ​ព្រះ​ណា​បាន​ប្រាប់ ឲ្យ​ដឹង​ជា​មុន​អំពី​ព្រឹត្តិ‌ការណ៍​នេះ។ គឺ​យើង​ហើយ​ដែល​បាន​ប្រាប់ យើង​ក៏​បាន​ហៅ​អ្នក​នោះ​ថែម​ទៀត! យើង​នាំ​គាត់​មក ហើយ​អ្វីៗ​ដែល​គាត់​ធ្វើ​មុខ​ជា​បាន​សម្រេច។ ចូរ​នាំ​គ្នា​ចូល​មក​ជិត ហើយ​ស្ដាប់​យើង​ចុះ! តាំង​ពី​ដើម​ដំបូង​រៀង​មក យើង​មិន​ដែល​និយាយ​លាក់‌លៀម​ទេ។ ពេល​ព្រឹត្តិ‌ការណ៍​ទាំង​នេះ​ចាប់​ផ្ដើម​កើត​ឡើង យើង​ក៏​ស្ថិត​នៅ​ទី​នោះ​ដែរ។ - ឥឡូវ​នេះ ព្រះ‌ជា‌អម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​ទៅ ព្រះអង្គ​ក៏​ប្រទាន​ព្រះ‌វិញ្ញាណ​របស់​ព្រះអង្គ ឲ្យ​គង់​ជា​មួយ​ខ្ញុំ​ដែរ។ ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ អ៊ីស្រា‌អែល ដែល​បាន​លោះ​អ្នក មាន​ព្រះ‌បន្ទូល​ថា: យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​ប្រៀន‌ប្រដៅ​អ្នក​អំពី​អ្វី​ដែល​មាន ប្រយោជន៍​ដល់​អ្នក យើង​ណែ‌នាំ​អ្នក​ឲ្យ​ដើរ​ក្នុង​មាគ៌ា ដែល​អ្នក​កំពុង​តែ​ដើរ។ ប្រសិន​បើ​អ្នក​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម បទ‌បញ្ជា​ដែល​យើង​បង្គាប់ នោះ​សេចក្ដី​សុខ‌សាន្ត​មុខ​ជា​ហូរ​មក​លើ​អ្នក ដូច​ទឹក​ទន្លេ។ ហើយ​សេចក្ដី​សុចរិត​មុខ​ជា​បក់​បោក​លើ​អ្នក ដូច​រលក​សមុទ្រ។ ពូជ‌ពង្ស​របស់​អ្នក​នឹង​កើន​ច្រើន​ឡើង ដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ ហើយ​ឈ្មោះ​របស់​អ្នក​នឹង​ស្ថិត‌ស្ថេរ នៅ​មុខ​យើង​រហូត ឥត​សាប‌សូន្យ​ឡើយ។ ចូរ​នាំ​គ្នា​ចាក​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន ចូរ​រត់​ចេញ​ពី​ក្នុង​ចំណោម​ជន‌ជាតិ​ខាល់ដេ ចូរ​បន្លឺ​សំឡេង ប្រកាស​យ៉ាង​សប្បាយ ចូរ​ប្រកាស​រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី ឲ្យ​មនុស្ស‌ម្នា​ដឹង​ឮ​ថា ព្រះ‌អម្ចាស់​បាន​លោះ​កូន​ចៅ​លោក​យ៉ាកុប ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​មក​វិញ​ហើយ!។ ព្រះអង្គ​ដឹក​នាំ​ពួក​គេ​នៅ​តាម​វាល​ហួត‌ហែង តែ​ពួក​គេ​មិន​ស្រេក​ទឹក​ទេ។ ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ទឹក​ផុស​ចេញ​ពី​ថ្ម‌ដា សម្រាប់​ពួក​គេ ព្រះអង្គ​វាយ​បំបែក​ថ្ម នោះ​ទឹក​ក៏​ហូរ​ចេញ​មក។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា មនុស្ស​ទុច្ចរិត​គ្មាន​សេចក្ដី​សុខ‌សាន្ត​ឡើយ។

ចែក​រំលែក
អាន អេសាយ 48

អេសាយ 48:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ស្តាប់​សេចក្ដី​នេះ ឱ​ពួក​វង្ស​យ៉ាកុប​អើយ ជា​ពួក​អ្នក​ដែល​បាន​ហៅ​តាម​ឈ្មោះ​អ៊ីស្រាអែល ហើយ​បាន​ចេញ​ពី​ទឹក​របស់​យូដា​មក ជា​ពួក​អ្នក​ដែល​ស្បថ​ដោយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដំណាល​ពី​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ផង តែ​មិន​មែន​ដោយ​ស្មោះ​ចំពោះ ឬ​ដោយ​សុចរិត​ទេ (ពី​ព្រោះ​គេ​ហៅ​ខ្លួន​ជា​អ្នក​ក្រុង​បរិសុទ្ធ ហើយ​ផ្អែក​ទៅ​លើ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដែល​ព្រះ‌នាម​ទ្រង់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ) ឯ​ការ​ដែល​បាន​កើត​ឡើង​តាំង​តែ​ពី​ដើម​មក នោះ​អញ​បាន​ថ្លែង​ប្រាប់​ចាប់​តាំង​ពី​បុរាណ​ហើយ អើ សេចក្ដី​នោះ​បាន​ចេញ​ពី​មាត់​អញ​ទៅ ហើយ​អញ​បាន​សំដែង​ច្បាស់ ឯ​ការ​ទាំង​នោះ អញ​បាន​ធ្វើ​ភ្លាម​១​រំពេច ដូច្នេះ ការ​ទាំង​នោះ​បាន​កើត​ឡើង​ហើយ ដ្បិត​អញ​បាន​ដឹង​ថា ឯង​ជា​មនុស្ស​រឹង‌ចចេស ហើយ​មាន​ក​ដូច​ជា​ចំរ៉ឹង​ដែក ឯ​ថ្ងាស​ឯង​ក៏​ជា​លង្ហិន ហេតុ​នោះ​បាន​ជា​អញ​ថ្លែង​ប្រាប់​សេចក្ដី​នោះ​ដល់​ឯង​តាំង​ពី​បុរាណ ហើយ​បាន​បង្ហាញ​ឲ្យ​ឯង​ដឹង​មុន​ដែល​ការ​នោះ​កើត​មក​ផង ក្រែង​ឯង​និយាយ​ថា គឺ​ជា​រូប​ព្រះ​របស់​ឯង​ដែល​ធ្វើ​ការ​នោះ​វិញ ហើយ​រូប​ឆ្លាក់ នឹង​រូប​សិត​របស់​ឯង ដែល​បង្គាប់​ការ​នោះ​ឡើង ឯង​បាន​ឮ​ហើយ ចូរ​ពិចារណា​ការ​ទាំង​នេះ​ចុះ ឯ​ឯង តើ​មិន​ព្រម​ថ្លែង​ប្រាប់​ដែរ​ឬ ឥឡូវ​នេះ អញ​បាន​បង្ហាញ​ឲ្យ​ឯង​ឃើញ​ការ​ថ្មី​ទៀត គឺ​ជា​ការ​លាក់​កំបាំង​ដែល​ឯង​មិន​បាន​ស្គាល់​ផង ការ​ទាំង​នោះ​ទើប​នឹង​កើត​ឡើង​ឥឡូវ មិន​មែន​កាល​ពី​បុរាណ​ទេ ហើយ​កាល​មុន​ថ្ងៃ​នេះ ឯង​មិន​ដែល​បាន​ឮ​និយាយ​ពី​ការ​ទាំង​នោះ​ឡើយ ក្រែង​ឯង​និយាយ​ថា មើល ខ្ញុំ​បាន​ដឹង​ការ​នោះ​ហើយ អើ ឯង​មិន​បាន​ឮ​សោះ អើ មិន​បាន​ដឹង​ផង អើ តាំង​ពី​បុរាណ​មក ត្រចៀក​ឯង​មិន​ទាន់​បាន​បើក​ឡើង​នៅ​ឡើយ ដ្បិត​អញ​បាន​ដឹង​ថា ឯង​នឹង​ប្រព្រឹត្ត​ដោយ​ចិត្ត​ក្បត់ ហើយ​ឯង​មាន​ឈ្មោះ​ថា ជា​អ្នក​បះ‌បោរ​តាំង​ពី​តែ​ផ្ទៃ​ម្តាយ​មក ប៉ុន្តែ អញ​នឹង​ផ្អាក​សេចក្ដី​កំហឹង​ដោយ​យល់​ដល់​ឈ្មោះ​អញ នឹង​ដោយ​យល់​ដល់​សេចក្ដី​សរសើរ​របស់​អញ នោះ​អញ​នឹង​ឈប់​លែង​ដំណើរ​ឯង ក្រែង​អញ​កាត់​ឯង​ចេញ​ទៅ មើល អញ​បាន​សំរង​ឯង តែ​មិន​មែន​ដូច​ជា​សំរង​ប្រាក់​ទេ គឺ​អញ​បាន​រើស​ឯង​នៅ​ក្នុង​ឡ​នៃ​សេចក្ដី​វេទនា​វិញ អញ​នឹង​ធ្វើ​ការ​នោះ ដោយ​យល់​ដល់​ខ្លួន​អញ គឺ​ដោយ​យល់​ដល់​ខ្លួន​អញ​ហើយ ដ្បិត​ធ្វើ​ដូច​ម្តេច​ឲ្យ​ឈ្មោះ​អញ​ត្រូវ​បង្អាប់​បាន ឯ​សិរី‌ល្អ​របស់​អញៗ​មិន​ព្រម​លើក​ឲ្យ​ទៅ​អ្នក​ដទៃ​ឡើយ។ ឱ​ពួក​យ៉ាកុប នឹង​អ៊ីស្រាអែល ជា​អ្នក​ដែល​អញ​បាន​ហៅ​អើយ ចូរ​ស្តាប់​អញ​ចុះ គឺ​អញ​នេះ​ហើយ អញ​ជា​ដើម ហើយ​ជា​ចុង​ដែរ អើ ដៃ​អញ​បាន​ដាក់​ឫស​នៃ​ផែនដី ហើយ​ដៃ​ស្តាំ​របស់​អញ​បាន​លាត​ផ្ទៃ​មេឃ កាល​ណា​អញ​ហៅ នោះ​ទាំង​២​ក៏​ឈរ​ឡើង​ជា​មួយ​គ្នា ចូរ​ឲ្យ​ឯង​រាល់​គ្នា​ប្រជុំ​ទាំង​អស់ ហើយ​ស្តាប់​ចុះ ក្នុង​ពួក​គេ​តើ​មាន​អ្នក​ណា​ដែល​ថ្លែង​ប្រាប់​ពី​ការ​ទាំង​នេះ​ឬ អ្នក​១​នោះ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ស្រឡាញ់ គេ​នឹង​សំរេច​ដល់​ក្រុង​បាប៊ីឡូន តាម​បំណង​ព្រះ‌ហឫទ័យ​ទ្រង់ ដៃ​របស់​គេ​នឹង​សង្កត់​លើ​ពួក​ខាល់ដេ អញ គឺ​អញ​នេះ​ហើយ អញ​បាន​ពោល អើ អញ​បាន​ហៅ​គេ អញ​បាន​នាំ​គេ​មក ហើយ​គេ​នឹង​បញ្ជឿន​ការ​ខ្លួន​ឲ្យ​កើត​ឡើង​ផង ចូរ​ឲ្យ​ឯង​រាល់​គ្នា​ចូល​មក​ជិត​អញ ហើយ​ស្តាប់​សេចក្ដី​នេះ​ចុះ តាំង​តែ​ពី​ដើម​ដំបូង​មក អញ​មិន​បាន​និយាយ​ដោយ​សំងាត់​ទេ តាំង​ពី​ការ​នោះ​ចាប់​ផ្តើម​កើត​ឡើង នោះ​អញ​ក៏​មាន​នៅ​ហើយ ឥឡូវ​នេះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​បាន​ចាត់​ខ្ញុំ​ជា​មួយ​នឹង​ព្រះ‌វិញ្ញាណ​ទ្រង់ ឲ្យ​មក។ ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ប្រោស​លោះ​ឯង គឺ​ជា​ព្រះ​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​អ្នក​ដែល​បង្រៀន​ឲ្យ​ឯង​បាន​ទទួល​ប្រយោជន៍ ហើយ​ក៏​នាំ​ឯង​ទៅ​ក្នុង​ផ្លូវ​ដែល​ឯង​គួរ​ដើរ ឱ​បើ​ឯង​បាន​ស្តាប់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ​ទៅ​អេះ នោះ​សេចក្ដី​សុខ​របស់​ឯង​នឹង​បាន​ដូច​ជា​ទន្លេ សេចក្ដី​សុចរិត​របស់​ឯង នឹង​បាន​ដូច​ជា​រលក​នៃ​សមុទ្រ​ហើយ ឯ​ពូជ‌ពង្ស​ឯង​ក៏​នឹង​បាន​ច្រើន​ដូច​ជា​ខ្សាច់ ហើយ​ផល​ដែល​កើត​ពី​ឯង​មក នោះ​នឹង​បាន​ដូច​ជា​គ្រាប់​ខ្សាច់​ទាំង​ប៉ុន្មាន ឯ​ឈ្មោះ​គេ​ក៏​មិន​ត្រូវ​កាត់​ចេញ ឬ​បំផ្លាញ​ពី​មុខ​អញ​ឡើយ។ ចូរ​ចេញ​ពី​ក្រុង​បាប៊ីឡូន​ទៅ ហើយ​រត់​ពី​កណ្តាល​ពួក​ខាល់ដេ​ចេញ ចូរ​ប្រកាស​ប្រាប់ ដោយ​ឡើង​សំឡេង​ច្រៀង ចូរ​ថ្លែង​ពី​រឿង​នេះ ហើយ​បញ្ជូន​រហូត​ដល់​ចុង​ផែនដី​ផង ចូរ​ប្រាប់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស​លោះ​ពួក​យ៉ាកុប ជា​អ្នក​បំរើ​ទ្រង់​ហើយ គេ​មិន​បាន​ស្រេក​ឡើយ កំពុង​ដែល​ទ្រង់​នាំ​គេ​ដើរ​កាត់​សមុទ្រ​ខ្សាច់ គឺ​ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្មដា​សំរាប់​គេ ទ្រង់​ក៏​បំប្រេះ​ថ្មដា ឲ្យ​ទឹក​ផុស​ចេញ​មក ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា គ្មាន​សេចក្ដី​សុខ​សោះ ដល់​ពួក​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់។

ចែក​រំលែក
អាន អេសាយ 48