អេសាយ 41:8-29

អេសាយ 41:8-29 គខប

ចំពោះ​អ្នក​វិញ ជន‌ជាតិ​អ៊ីស្រា‌អែល​ជា​អ្នក​បម្រើ​របស់​យើង កូន​ចៅ​យ៉ាកុប​ដែល​យើង​បាន​ជ្រើស​រើស ពូជ‌ពង្ស​របស់​អប្រាហាំ ដែល​ជា​មិត្ត​សម្លាញ់​របស់​យើង​អើយ! យើង​បាន​ដឹក​ដៃ​អ្នក ពី​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី យើង​បាន​ហៅ​អ្នក​ពី​ស្រុក​ចុង​កាត់​មាត់‌ញក​មក យើង​បាន​និយាយ​ទៅ​កាន់​អ្នក​ថា: អ្នក​ជា​អ្នក​បម្រើ​ដែល​យើង​បាន​ជ្រើស​រើស យើង​នឹង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ! កុំ​ភ័យ​ខ្លាច​អ្វី យើង​ស្ថិត​នៅ​ជា​មួយ​អ្នក កុំ​ព្រួយ​បារម្ភ​ឲ្យ​សោះ យើង​ជា​ព្រះ​របស់​អ្នក យើង​នឹង​ឲ្យ​អ្នក​មាន​កម្លាំង​រឹង‌ប៉ឹង យើង​ជួយ​អ្នក យើង​គាំទ្រ​អ្នក យើង​នឹង​សម្តែង​បារមី រក​យុត្តិធម៌​ឲ្យ​អ្នក។ ពួក​ចង​កំហឹង​នឹង​អ្នក មុខ​ជា​ត្រូវ​អាម៉ាស់ និង​បាក់​មុខ ពួក​ប្រឆាំង​នឹង​អ្នក មុខ​ជា​វិនាស​បាត់​បង់ និង​រលាយ​សូន្យ​ទៅ។ អ្នក​នឹង​ស្វែង​រក​ពួក​ដែល​ធ្លាប់​ប្រឆាំង​នឹង​អ្នក តែ​រក​ពួក​គេ​មិន​ឃើញ​ទៀត​ទេ ពួក​ដែល​ធ្លាប់​ធ្វើ​សឹក​ជា​មួយ​អ្នក ប្រែ​ជា​សាប‌សូន្យ រលាយ​បាត់​អស់ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​កាន់​ដៃ​ស្ដាំ​របស់​អ្នក​ហើយ យើង​ប្រាប់​អ្នក​ថា: កុំ​ភ័យ​ខ្លាច​អ្វី យើង​ជួយ​អ្នក​ហើយ! កូន​ចៅ​យ៉ាកុប! ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ! អ្នក​ទន់​ខ្សោយ​ប្រៀប​បាន​នឹង​ដង្កូវ​មែន តែ​កុំ​ភ័យ​ខ្លាច​អ្វី យើង​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល យើង​ជួយ​អ្នក និង​លោះ​អ្នក​ជា​មិន​ខាន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ យើង​ធ្វើ​ឲ្យ​អ្នក​ប្រែ​ទៅ​ជា​រនាស់​ដែក​ថ្មី ដែល​មាន​ធ្មេញ​យ៉ាង​មុត អ្នក​នឹង​រាស់​កម្ទេច​ភ្នំ​តូច​ធំ ឲ្យ​ទៅ​ជា​ធូលី​ដី។ អ្នក​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​រសាត់​តាម​ខ្យល់ ហើយ​ខ្យល់​កួច​យក​ពួក​គេ​ទៅ​អស់​គ្មាន​សល់។ រីឯ​អ្នក​វិញ អ្នក​នឹង​រីក‌រាយ ព្រោះ​តែ​ព្រះ‌អម្ចាស់ អ្នក​នឹង​ខ្ពស់​មុខ ព្រោះ​តែ​ព្រះ​ដ៏វិសុទ្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ជន​ក្រីក្រ និង​ជន​ទុគ៌ត​ស្វែង​រក​ទឹក តែ​រក​ពុំ​បាន​ទេ គេ​ស្រេក​ខះ​ក។ យើង​ជា​ព្រះ‌អម្ចាស់​នឹង​ឆ្លើយ​តប​ចំពោះ ពាក្យ​អង្វរ​របស់​ពួក​គេ យើង​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល នឹង​មិន​បោះ​បង់​ចោល​គេ​ឡើយ។ យើង​នឹង​ធ្វើ​ឲ្យ​មាន​ទន្លេ ផុស​ចេញ​ពី​ផ្នូក​ខ្សាច់ ហើយ​មាន​ទឹក​ហូរ​តាម​ជ្រលង​ភ្នំ។ យើង​នឹង​ធ្វើ​ឲ្យ​វាល​រហោ‌ស្ថាន ប្រែ​ទៅ​ជា​បឹង‌បួ ឲ្យ​ដី​ហួត‌ហែង​ប្រែ​ជា​ប្រភព​ទឹក​ទៅ​វិញ។ យើង​នឹង​ធ្វើ​ឲ្យ​មាន​ដើម​គគីរ បេង នាង‌នួន ពពាល‌ខែ ដុះ​ក្នុង​វាល​រហោ‌ស្ថាន ហើយ​ដើម​កកោះ ស្រល់ ស្រឡៅ ដុះ​ជា​មួយ​គ្នា​តាម​ព្រៃ​របោះ។ ដូច្នេះ មនុស្ស​ទាំង​អស់​នឹង​ឃើញ ហើយ​ដឹង ព្រម​ទាំង​ពិចារណា និង​យល់​ជា​មួយ​គ្នា​ថា គឺ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​បាន​ផ្ដួច‌ផ្ដើម​ធ្វើ​ការ​ទាំង​នោះ ដោយ​ព្រះ‌ហស្ដ​របស់​ព្រះអង្គ​ផ្ទាល់។ ព្រះ‌អម្ចាស់ ជា​ព្រះ‌មហា‌ក្សត្រ​នៃ​ពូជ‌ពង្ស របស់​លោក​យ៉ាកុប មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បង្ហាញ​សំណុំ​រឿង និង​បញ្ចេញ​ភស្ដុតាង របស់​អ្នក​រាល់​គ្នា​មក! ឲ្យ​ព្រះ​ទាំង​នេះ​រៀប​រាប់ ហើយ​ថ្លែង​ប្រាប់​អំពី​ហេតុ‌ការណ៍​ដែល នឹង​ត្រូវ​កើត​មាន​នៅ​អនាគត។ ចូរ​រំឭក​យើង​អំពី​ហេតុ‌ការណ៍ ដែល​កើត​មាន​នៅ​គ្រា​ដើម​ដំបូង នោះ​យើង​នឹង​រិះគិត។ ចូរ​រៀប​រាប់​អំពី​ព្រឹត្តិ‌ការណ៍ ដែល​នឹង​កើត​មាន​នៅ​អនាគត​កាល ដើម្បី​ឲ្យ​បាន​ដឹង​ផង។ ចូរ​និយាយ​ប្រាប់​យើង​អំពី​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ ដូច្នេះ យើង​នឹង​ទទួល​ស្គាល់​ថា អ្នក​រាល់​គ្នា​ពិត​ជា​ព្រះ​មែន ចូរ​ធ្វើ​ការ​អ្វី​មួយ ទោះ​បី​អាក្រក់​ក្ដី ល្អ​ក្ដី ដើម្បី​ឲ្យ​យើង​ឃើញ និង​ស្ងើច​សរសើរ។ តាម​ពិត អ្នក​រាល់​គ្នា​ឥត​បាន​ការ​អ្វី​ទាំង​អស់ អ្នក​រាល់​គ្នា​ក៏​ធ្វើ​អ្វី​មិន​កើត​ដែរ អស់​អ្នក​ដែល​ជ្រើស​រើស​អ្នក​រាល់​គ្នា​ទុក​ជា​ព្រះ សុទ្ធ​តែ​ជា​មនុស្ស​គម្រក់។ យើង​បាន​ហៅ​មនុស្ស​ម្នាក់​មក​ពី​ទិស​ខាង​ជើង ហើយ​អ្នក​នោះ​ក៏​មក​ដល់។ នៅ​ទិស​ខាង​កើត គេ​គោរព​ឈ្មោះ​គាត់ គាត់​ជាន់​ឈ្លី​អ្នក​ដឹក​នាំ​របស់​ប្រជា‌ជាតិ​នានា ដូច​គេ​ដើរ​ជាន់​ភក់ ឬ​ដូច​ជាង​ស្មូន​ជាន់​ដី​ឥដ្ឋ​ដែរ។ តើ​នរណា​បាន​ថ្លែង​ប្រាប់​អំពី​ហេតុ‌ការណ៍ ទាំង​នេះ​ជា​មុន ដើម្បី​ឲ្យ​យើង​ទទួល​ស្គាល់ និង​ពោល​ថា ហេតុ‌ការណ៍​នោះ​ពិត​ជា​កើត​មាន​ដូច្នោះ​មែន! ទេ! គ្មាន​នរណា​ផ្ដល់​ដំណឹង​ជា​មុន ហើយ​ក៏​គ្មាន​នរណា​ប្រាប់​ឲ្យ​គេ​ដឹង​ដែរ គ្មាន​នរណា​ឮ​ពាក្យ​សម្ដី​អ្នក​រាល់​គ្នា​ឡើយ។ យើង​ទេ​តើ ដែល​បាន​នាំ​ដំណឹង​មក​ដល់ ក្រុង​ស៊ីយ៉ូន​មុន​គេ ដោយ​ចាត់​អ្នក​នាំ​សារ​មក​ប្រាប់ អ្នក​ក្រុង​យេរូ‌សាឡឹម។ យើង​ក្រឡេក​មើល​ទៅ ពុំ​ឃើញ​មាន​នរណា​ម្នាក់​ទាល់​តែ​សោះ ក្នុង​ចំណោម​ព្រះ​ទាំង​នោះ គ្មាន​នរណា​ម្នាក់​ផ្ដល់​យោបល់ ឬ​ឆ្លើយ​នឹង​សំណួរ ដែល​យើង​សាក​សួរ​នោះ​ទេ។ ព្រះ​ទាំង​នោះ​គ្មាន​បាន​ការ គេ​ពុំ​អាច​ធ្វើ​អ្វី​បាន​សោះ​ឡើយ រូប​បដិមា​ទាំង​នោះ​សុទ្ធ​តែ​ឥត​ប្រយោជន៍ ឥត​បាន​ការ​អ្វី​ទាំង​អស់!»