អេសាយ 41:8-29
អេសាយ 41:8-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តែអ្នក ឱអ៊ីស្រាអែល ជាអ្នកបម្រើយើងអើយ ព្រមទាំងយ៉ាកុប ដែលយើងបានរើស ជាពូជអ័ប្រាហាំ ដ៏ជាសម្លាញ់របស់យើងផង គឺអ្នកដែលយើងបានចាប់នាំមកពីចុងផែនដី ហើយបានហៅមកពីទីឆ្ងាយបំផុត ដោយនិយាយនឹងអ្នកថា អ្នកជាអ្នកបម្រើរបស់យើង យើងបានរើសអ្នក មិនមែនបោះបង់ចោលអ្នកទេ កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។ មើល៍ អស់អ្នកដែលខឹងក្តៅក្រហាយនឹងអ្នក គេនឹងត្រូវខ្មាស ហើយជ្រប់មុខនៅ ពួកអ្នកដែលតតាំងនឹងអ្នក គេនឹងបានដូចជាទទេសោះ ហើយនឹងត្រូវវិនាសសូន្យទៅ។ អ្នកនឹងរកគេ គឺពួកអ្នកដែលតតាំងនឹងអ្នកនោះ តែមិនប្រទះឃើញឡើយ ឯពួកអ្នកដែលច្បាំងនឹងអ្នក គេនឹងបានដូចជាទទេសោះ ហើយដូចជារបស់ដែលគ្មានផង។ ដ្បិតយើងនេះ គឺយេហូវ៉ាជាព្រះនៃអ្នក យើងនឹងកាន់ដៃស្តាំអ្នក ដោយពោលនឹងអ្នកថា កុំឲ្យភ័យខ្លាចឡើយ យើងនឹងជួយអ្នក ឱយ៉ាកុបជាដង្កូវអើយ កុំឲ្យខ្លាចឡើយ ហើយអ្នករាល់គ្នា ជាពូជពង្សអ៊ីស្រាអែលដែរ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងជួយអ្នក ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គជាអ្នកប្រោសលោះអ្នក។ មើល៍! យើងបានយកអ្នកធ្វើជាគ្រឿងបញ្ជាន់យ៉ាងថ្មី ហើយមុត ដែលមានធ្មេញ អ្នកនឹងបញ្ជាន់អស់ទាំងភ្នំធំ ព្រមទាំងវាយកម្ទេច ហើយអ្នកនឹងធ្វើឲ្យភ្នំតូចទាំងប៉ុន្មានដូចជាអង្កាម។ អ្នកនឹងរោយគេ ហើយខ្យល់នឹងផាត់បាត់ទៅ ឯខ្យល់កួច នឹងកម្ចាត់កម្ចាយគេអស់ទៅដែរ អ្នកនឹងមានសេចក្ដីរីករាយក្នុងព្រះយេហូវ៉ា អ្នកនឹងយកព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ជាទីអួតរបស់អ្នក។ ពួកក្រីក្រ និងពួកកម្សត់ទុគ៌ត គេរកទឹក តែគ្មានសោះ គេខះកដោយស្រេកទឹក ឯយើង គឺព្រះយេហូវ៉ា យើងនឹងតបឆ្លើយនឹងគេ យើងនេះ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល យើងនឹងមិនបោះបង់ចោលគេឡើយ។ យើងនឹងបើកផ្លូវទឹកឲ្យហូរនៅលើទីខ្ពស់ត្រងិល ហើយនឹងទឹកផុសនៅកណ្ដាជ្រលងភ្នំ យើងនឹងធ្វើឲ្យទីរហោស្ថានត្រឡប់ទៅជាត្រពាំងទឹក ហើយឲ្យដីហួតហែងមានរន្ធទឹកហូរ យើងនឹងធ្វើឲ្យដើមតាត្រៅ ដើមនាងនួន ដើមពពាលខែ និងដើមសំរោង ដុះនៅទីរហោស្ថាន យើងនឹងដាំដើមកកោះ ដើមស្រល់ និងដើមស្រឡៅ ជាមួយគ្នានៅទីសមុទ្រខ្សាច់។ ដើម្បីឲ្យគេបានឃើញ ហើយដឹង ព្រមទាំងពិចារណាយល់ជាមួយគ្នាថា គឺព្រះហស្តនៃព្រះយេហូវ៉ាដែលបានសម្រេចការនោះ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលដែលបង្កើតឡើង»។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ចូរសម្ដែងដើមហេតុនៃរឿងអ្នកមក» មហាក្សត្រនៃពួកយ៉ាកុប ព្រះអង្គមានព្រះបន្ទូលថា៖ «ចូររៀបរាប់តាមលំអានរបស់អ្នកទាំងប៉ុន្មានចុះ។ ត្រូវឲ្យគេបញ្ចេញសេចក្ដីទាំងនោះមក ហើយប្រាប់យើងរាល់គ្នាពីការដែលកើតឡើង ឲ្យបានដឹង ចូរសប្រាប់ពីកាលដែលកើតមាន កាលពីដើម ជាយ៉ាងណា ដើម្បីឲ្យយើងរាល់គ្នាបានពិចារណា ឲ្យដឹងចុងបំផុតនៃការទាំងនោះ ឬបង្ហាញឲ្យយើងឃើញពីការនៅខាងមុខចុះ។ ចូរសម្ដែងប្រាប់ពីការដែលត្រូវកើតមកនៅខាងមុខនោះ ដើម្បីឲ្យយើងរាល់គ្នាបានដឹងថា អ្នករាល់គ្នាជាព្រះមែន ចូរធ្វើការអ្វីមួយ ទោះល្អ ឬអាក្រក់ក្តី ដើម្បីឲ្យយើងរាល់គ្នាបានស្ងើច ហើយឃើញជាមួយគ្នា។ អ្នករាល់គ្នាមិនមែនជាអ្វីទេ ហើយការរបស់អ្នករាល់គ្នាក៏ជាទទេសោះ អ្នកណាដែលរើសយកអ្នករាល់គ្នា នោះគួរខ្ពើមឆ្អើមហើយ។ យើងបានតាំងម្នាក់ពីទិសខាងជើងឡើង អ្នកនោះបានមកដល់ហើយ អ្នកនោះនឹងអំពាវនាវរកឈ្មោះយើងពីទិសខាងកើត ក៏នឹងញាំញីពួកគ្រប់គ្រង ដូចជាគេជាន់បាយអ ហើយដូចជាជាងស្មូនជាន់ដីឥដ្ឋ។ តើអ្នកណាបានសម្ដែងសេចក្ដីតាំងពីដើមមក ដើម្បីឲ្យយើងរាល់គ្នាបានដឹង ហើយមុនកំណត់ ដើម្បីឲ្យយើងបានពោលថា អ្នកនោះនិយាយត្រូវមែន គ្មានអ្នកណាសម្ដែងទេ គ្មានអ្នកណាបង្ហាញសោះ គ្មានអ្នកណាឮពាក្យសម្ដីរបស់អ្នករាល់គ្នាឡើយ។ យើងទេតើដែលបានប្រកាសប្រាប់ ដល់ក្រុងស៊ីយ៉ូនពីដំបូងថា "មើលន៍! គេមកហើយ" យើងនឹងឲ្យម្នាក់ដល់ក្រុងយេរូសាឡិម ជាអ្នកដែលនឹងនាំដំណឹងល្អមក។ យើងបានសង្កេតមើល តែមិនឃើញមនុស្សណាមួយសោះ ទោះទាំងនៅក្នុងពួកទាំងនោះ ក៏ឥតមានណាមួយ ជាអ្នកប្រឹក្សា ដែលកាលណាយើងនឹងសួរ នោះនឹងអាចឆ្លើយមួយម៉ាត់បានឡើយ។ គេសុទ្ធតែឥតប្រយោជន៍ទទេ ហើយការរបស់គេក៏អសារឥតការដែរ រូបសិតរបស់គេសុទ្ធតែជាខ្យល់ ហើយសូន្យទទេ»។
អេសាយ 41:8-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចំពោះអ្នកវិញ ជនជាតិអ៊ីស្រាអែលជាអ្នកបម្រើរបស់យើង កូនចៅយ៉ាកុបដែលយើងបានជ្រើសរើស ពូជពង្សរបស់អប្រាហាំ ដែលជាមិត្តសម្លាញ់របស់យើងអើយ! យើងបានដឹកដៃអ្នក ពីស្រុកដាច់ស្រយាលនៃផែនដី យើងបានហៅអ្នកពីស្រុកចុងកាត់មាត់ញកមក យើងបាននិយាយទៅកាន់អ្នកថា: អ្នកជាអ្នកបម្រើដែលយើងបានជ្រើសរើស យើងនឹងមិនបោះបង់ចោលអ្នកឡើយ! កុំភ័យខ្លាចអ្វី យើងស្ថិតនៅជាមួយអ្នក កុំព្រួយបារម្ភឲ្យសោះ យើងជាព្រះរបស់អ្នក យើងនឹងឲ្យអ្នកមានកម្លាំងរឹងប៉ឹង យើងជួយអ្នក យើងគាំទ្រអ្នក យើងនឹងសម្តែងបារមី រកយុត្តិធម៌ឲ្យអ្នក។ ពួកចងកំហឹងនឹងអ្នក មុខជាត្រូវអាម៉ាស់ និងបាក់មុខ ពួកប្រឆាំងនឹងអ្នក មុខជាវិនាសបាត់បង់ និងរលាយសូន្យទៅ។ អ្នកនឹងស្វែងរកពួកដែលធ្លាប់ប្រឆាំងនឹងអ្នក តែរកពួកគេមិនឃើញទៀតទេ ពួកដែលធ្លាប់ធ្វើសឹកជាមួយអ្នក ប្រែជាសាបសូន្យ រលាយបាត់អស់ ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងកាន់ដៃស្ដាំរបស់អ្នកហើយ យើងប្រាប់អ្នកថា: កុំភ័យខ្លាចអ្វី យើងជួយអ្នកហើយ! កូនចៅយ៉ាកុប! ពូជពង្សអ៊ីស្រាអែលអើយ! អ្នកទន់ខ្សោយប្រៀបបាននឹងដង្កូវមែន តែកុំភ័យខ្លាចអ្វី យើងជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល យើងជួយអ្នក និងលោះអ្នកជាមិនខាន - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងធ្វើឲ្យអ្នកប្រែទៅជារនាស់ដែកថ្មី ដែលមានធ្មេញយ៉ាងមុត អ្នកនឹងរាស់កម្ទេចភ្នំតូចធំ ឲ្យទៅជាធូលីដី។ អ្នកកម្ចាត់កម្ចាយពួកគេឲ្យរសាត់តាមខ្យល់ ហើយខ្យល់កួចយកពួកគេទៅអស់គ្មានសល់។ រីឯអ្នកវិញ អ្នកនឹងរីករាយ ព្រោះតែព្រះអម្ចាស់ អ្នកនឹងខ្ពស់មុខ ព្រោះតែព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល។ ជនក្រីក្រ និងជនទុគ៌តស្វែងរកទឹក តែរកពុំបានទេ គេស្រេកខះក។ យើងជាព្រះអម្ចាស់នឹងឆ្លើយតបចំពោះ ពាក្យអង្វររបស់ពួកគេ យើងជាព្រះនៃជនជាតិអ៊ីស្រាអែល នឹងមិនបោះបង់ចោលគេឡើយ។ យើងនឹងធ្វើឲ្យមានទន្លេ ផុសចេញពីផ្នូកខ្សាច់ ហើយមានទឹកហូរតាមជ្រលងភ្នំ។ យើងនឹងធ្វើឲ្យវាលរហោស្ថាន ប្រែទៅជាបឹងបួ ឲ្យដីហួតហែងប្រែជាប្រភពទឹកទៅវិញ។ យើងនឹងធ្វើឲ្យមានដើមគគីរ បេង នាងនួន ពពាលខែ ដុះក្នុងវាលរហោស្ថាន ហើយដើមកកោះ ស្រល់ ស្រឡៅ ដុះជាមួយគ្នាតាមព្រៃរបោះ។ ដូច្នេះ មនុស្សទាំងអស់នឹងឃើញ ហើយដឹង ព្រមទាំងពិចារណា និងយល់ជាមួយគ្នាថា គឺព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធ នៃជនជាតិអ៊ីស្រាអែល ដែលបានផ្ដួចផ្ដើមធ្វើការទាំងនោះ ដោយព្រះហស្ដរបស់ព្រះអង្គផ្ទាល់។ ព្រះអម្ចាស់ ជាព្រះមហាក្សត្រនៃពូជពង្ស របស់លោកយ៉ាកុប មានព្រះបន្ទូលថា៖ «ចូរបង្ហាញសំណុំរឿង និងបញ្ចេញភស្ដុតាង របស់អ្នករាល់គ្នាមក! ឲ្យព្រះទាំងនេះរៀបរាប់ ហើយថ្លែងប្រាប់អំពីហេតុការណ៍ដែល នឹងត្រូវកើតមាននៅអនាគត។ ចូររំឭកយើងអំពីហេតុការណ៍ ដែលកើតមាននៅគ្រាដើមដំបូង នោះយើងនឹងរិះគិត។ ចូររៀបរាប់អំពីព្រឹត្តិការណ៍ ដែលនឹងកើតមាននៅអនាគតកាល ដើម្បីឲ្យបានដឹងផង។ ចូរនិយាយប្រាប់យើងអំពីហេតុការណ៍ ដែលនឹងកើតមាននៅពេលខាងមុខ ដូច្នេះ យើងនឹងទទួលស្គាល់ថា អ្នករាល់គ្នាពិតជាព្រះមែន ចូរធ្វើការអ្វីមួយ ទោះបីអាក្រក់ក្ដី ល្អក្ដី ដើម្បីឲ្យយើងឃើញ និងស្ងើចសរសើរ។ តាមពិត អ្នករាល់គ្នាឥតបានការអ្វីទាំងអស់ អ្នករាល់គ្នាក៏ធ្វើអ្វីមិនកើតដែរ អស់អ្នកដែលជ្រើសរើសអ្នករាល់គ្នាទុកជាព្រះ សុទ្ធតែជាមនុស្សគម្រក់។ យើងបានហៅមនុស្សម្នាក់មកពីទិសខាងជើង ហើយអ្នកនោះក៏មកដល់។ នៅទិសខាងកើត គេគោរពឈ្មោះគាត់ គាត់ជាន់ឈ្លីអ្នកដឹកនាំរបស់ប្រជាជាតិនានា ដូចគេដើរជាន់ភក់ ឬដូចជាងស្មូនជាន់ដីឥដ្ឋដែរ។ តើនរណាបានថ្លែងប្រាប់អំពីហេតុការណ៍ ទាំងនេះជាមុន ដើម្បីឲ្យយើងទទួលស្គាល់ និងពោលថា ហេតុការណ៍នោះពិតជាកើតមានដូច្នោះមែន! ទេ! គ្មាននរណាផ្ដល់ដំណឹងជាមុន ហើយក៏គ្មាននរណាប្រាប់ឲ្យគេដឹងដែរ គ្មាននរណាឮពាក្យសម្ដីអ្នករាល់គ្នាឡើយ។ យើងទេតើ ដែលបាននាំដំណឹងមកដល់ ក្រុងស៊ីយ៉ូនមុនគេ ដោយចាត់អ្នកនាំសារមកប្រាប់ អ្នកក្រុងយេរូសាឡឹម។ យើងក្រឡេកមើលទៅ ពុំឃើញមាននរណាម្នាក់ទាល់តែសោះ ក្នុងចំណោមព្រះទាំងនោះ គ្មាននរណាម្នាក់ផ្ដល់យោបល់ ឬឆ្លើយនឹងសំណួរ ដែលយើងសាកសួរនោះទេ។ ព្រះទាំងនោះគ្មានបានការ គេពុំអាចធ្វើអ្វីបានសោះឡើយ រូបបដិមាទាំងនោះសុទ្ធតែឥតប្រយោជន៍ ឥតបានការអ្វីទាំងអស់!»
អេសាយ 41:8-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែឯង ឱអ៊ីស្រាអែល ជាអ្នកបំរើអញអើយ ព្រមទាំងយ៉ាកុប ដែលអញបានរើស ជាពូជអ័ប្រាហាំ ដ៏ជាសំឡាញ់របស់អញផង គឺឯងដែលអញបានចាប់នាំមកពីចុងផែនដី ហើយបានហៅមកពីទីឆ្ងាយបំផុត ដោយនិយាយនឹងឯងថា ឯងជាអ្នកបំរើរបស់អញ អញបានរើសឯង មិនមែនបោះបង់ចោលឯងទេ កុំឲ្យភ័យខ្លាចឡើយ ដ្បិតអញនៅជាមួយនឹងឯង កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះអញជាព្រះនៃឯង អញនឹងចំរើនកំឡាំងដល់ឯង អើ អញនឹងជួយឯង អើ អញនឹងទ្រឯង ដោយដៃស្តាំដ៏សុចរិតរបស់អញ មើល អស់អ្នកដែលខឹងក្តៅក្រហាយនឹងឯង គេនឹងត្រូវខ្មាស ហើយជ្រប់មុខនៅ ពួកអ្នកដែលតតាំងនឹងឯង គេនឹងបានដូចជាទទេសោះ ហើយនឹងត្រូវវិនាសសូន្យទៅ ឯងនឹងរកគេ គឺពួកអ្នកដែលតតាំងនឹងឯងនោះ តែមិនប្រទះឃើញឡើយ ឯពួកអ្នកដែលច្បាំងនឹងឯង គេនឹងបានដូចជាទទេសោះ ហើយដូចជារបស់ដែលគ្មានផង ដ្បិតអញនេះ គឺយេហូវ៉ាជាព្រះនៃឯង អញនឹងកាន់ដៃស្តាំឯង ដោយពោលនឹងឯងថា កុំឲ្យភ័យខ្លាចឡើយ អញនឹងជួយឯង ឱយ៉ាកុបជាដង្កូវអើយ កុំឲ្យខ្លាចឡើយ ហើយឯងរាល់គ្នា ជាពូជពង្សអ៊ីស្រាអែលដែរ ដ្បិតព្រះយេហូវ៉ា ទ្រង់មានបន្ទូលថា អញនឹងជួយឯង ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់ជាអ្នកប្រោសលោះឯង មើល អញបានយកឯងធ្វើជាគ្រឿងបញ្ជាន់យ៉ាងថ្មី ហើយមុត ដែលមានធ្មេញ ឯងនឹងបញ្ជាន់អស់ទាំងភ្នំធំ ព្រមទាំងវាយកំទេច ហើយនឹងធ្វើឲ្យភ្នំតូចទាំងប៉ុន្មានដូចជាអង្កាមផង ឯងនឹងរោយគេ ហើយខ្យល់នឹងផាត់បាត់ទៅ ឯខ្យល់កួច នឹងកំចាត់កំចាយគេអស់ទៅដែរ នោះឯងនឹងមានសេចក្ដីរីករាយក្នុងព្រះយេហូវ៉ា ឯងនឹងយកព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលជាទីអួតរបស់ឯង។ ពួកក្រីក្រ នឹងពួកកំសត់ទុគ៌ត គេរកទឹក តែគ្មានសោះ គេខះកដោយស្រេកទឹក ឯអញ គឺយេហូវ៉ា អញនឹងតបឆ្លើយនឹងគេ អញនេះ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល អញនឹងមិនបោះបង់ចោលគេឡើយ អញនឹងបើកផ្លូវទឹកឲ្យហូរនៅលើទីខ្ពស់ត្រងិល ហើយនឹងទឹកផុសនៅកណ្តាលច្រកភ្នំ អញនឹងធ្វើឲ្យទីរហោស្ថានត្រឡប់ទៅជាត្រពាំងទឹក ហើយឲ្យដីហួតហែងមានរន្ធទឹកហូរ អញនឹងធ្វើឲ្យដើមតាត្រៅ ដើមនាងនួន ដើមពពាលខែ នឹងដើមសំរោង ដុះនៅទីរហោស្ថាន អញនឹងដាំដើមកកោះ ដើមស្រល់ ហើយនឹងដើមស្រឡៅ ជាមួយគ្នានៅទីសមុទ្រខ្សាច់ ដើម្បីឲ្យគេបានឃើញ ហើយដឹង ព្រមទាំងពិចារណាយល់ជាមួយគ្នាថា គឺព្រះហស្តនៃព្រះយេហូវ៉ាដែលបានសំរេចការនោះ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលដែលបង្កើតឡើង។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ចូរសំដែងដើមហេតុនៃរឿងឯងមក មហាក្សត្រនៃពួកយ៉ាកុប ទ្រង់មានបន្ទូលថា ចូររ៉ាយរ៉ាប់តាមលំអានរបស់ឯងទាំងប៉ុន្មានចុះ ត្រូវឲ្យគេបញ្ចេញសេចក្ដីទាំងនោះមក ហើយប្រាប់យើងរាល់គ្នាពីការដែលកើតឡើង ឲ្យបានដឹង ចូរសប្រាប់ពីកាលដែលកើតមាន កាលពីដើម ជាយ៉ាងណាផង ដើម្បីឲ្យយើងរាល់គ្នាបានពិចារណា ឲ្យដឹងចុងបំផុតនៃការទាំងនោះ ឬបង្ហាញឲ្យយើងឃើញពីការនៅខាងមុខចុះ ចូរសំដែងប្រាប់ពីការដែលត្រូវកើតមកនៅខាងមុខនោះ ដើម្បីឲ្យយើងរាល់គ្នាបានដឹងថា ឯងរាល់គ្នាជាព្រះមែន អើ ចូរធ្វើការអ្វីមួយ ទោះល្អឬអាក្រក់ក្តី ដើម្បីឲ្យយើងរាល់គ្នាបានស្ងើច ហើយឃើញជាមួយគ្នា មើល ឯងរាល់គ្នាមិនមែនជាអ្វីទេ ហើយការរបស់ឯងរាល់គ្នាក៏ជាទទេសោះ អ្នកណាដែលរើសយកឯងរាល់គ្នា នោះគួរខ្ពើមឆ្អើមហើយ។ អញបានតាំងម្នាក់ពីទិសខាងជើងឡើង អ្នកនោះបានមកដល់ហើយ អ្នកនោះនឹងអំពាវនាវដល់ឈ្មោះអញពីទិសខាងកើត ក៏នឹងញាំញីពួកគ្រប់គ្រង ដូចជាគេជាន់បាយអ ហើយដូចជាជាងស្មូនជាន់ដីឥដ្ឋ តើអ្នកណាបានសំដែងសេចក្ដីតាំងពីដើមមក ដើម្បីឲ្យយើងរាល់គ្នាបានដឹង ហើយមុនកំណត់ ដើម្បីឲ្យយើងបានពោលថា អ្នកនោះនិយាយត្រូវមែន អើ គ្មានអ្នកណាសំដែងទេ អើ គ្មានអ្នកណាបង្ហាញសោះ អើ គ្មានអ្នកណាឮពាក្យសំដីរបស់ឯងរាល់គ្នាឡើយ គឺអញដើមដំបូង ដែលប្រាប់ដល់ក្រុងស៊ីយ៉ូនថា មើលន៏ គេមកហើយ អញនឹងឲ្យម្នាក់ដល់ក្រុងយេរូសាឡិម ជាអ្នកដែលនឹងនាំដំណឹងល្អមក អញបានសង្កេតមើល តែមិនឃើញមនុស្សណាមួយសោះ ទោះទាំងនៅក្នុងពួកទាំងនោះ ក៏ឥតមានណាមួយ ជាអ្នកប្រឹក្សា ដែលកាលណាអញនឹងសួរ នោះនឹងអាចឆ្លើយ១ម៉ាត់បានឡើយ មើល គេសុទ្ធតែឥតប្រយោជន៍ទទេ ហើយការរបស់គេក៏អសារឥតការដែរ រូបសិតរបស់គេសុទ្ធតែជាខ្យល់ ហើយសូន្យទទេ។