ព្រះរបស់អ្នករាល់គ្នាមានព្រះបន្ទូលថា៖ «ចូរជួយសម្រាលទុក្ខប្រជាជនរបស់យើង កុំបង្អង់ឡើយ! ចូរលើកទឹកចិត្តអ្នកក្រុងយេរូសាឡឹម ហើយប្រកាសប្រាប់គេថា ពេលវេលាដែលខ្មាំងបង្ខំឲ្យគេធ្វើការ យ៉ាងធ្ងន់នោះ បានចប់សព្វគ្រប់ហើយ! គេរងទុក្ខទោសគ្រប់គ្រាន់ហើយ! ព្រះអម្ចាស់បានដាក់ទោសគេ ព្រោះតែអំពើបាបដែលគេបានប្រព្រឹត្ត ហើយគេក៏បានរងទុក្ខទោសនោះ មួយទ្វេជាពីរដែរ!»។ មានសំឡេងមួយស្រែកថា៖ «នៅវាលរហោស្ថាន ចូរបើកផ្លូវថ្វាយព្រះអម្ចាស់ ចូរកាប់ឆ្ការព្រៃរបោះធ្វើផ្លូវថ្វាយព្រះនៃយើង ត្រូវបំពេញច្រកភ្នំទាំងឡាយ ហើយពង្រាបភ្នំតូចភ្នំធំទាំងប៉ុន្មានឲ្យរាប កន្លែងណាមានដីខ្ពស់ទាប ត្រូវធ្វើឲ្យទៅជាវាលរាបស្មើ កន្លែងណារដិបរដុបក៏ត្រូវពង្រាបឲ្យស្មើផងដែរ។ ពេលនោះ ព្រះអម្ចាស់នឹងសម្តែងសិរីរុងរឿង ឲ្យមនុស្សលោកឃើញក្នុងពេលជាមួយគ្នា ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ»។ មានសំឡេងមួយបង្គាប់ថា៖ «ចូរស្រែកប្រកាសចុះ!» សំឡេងមួយទៀតសួរថា៖ «តើឲ្យខ្ញុំស្រែកប្រកាសអំពីរឿងអ្វី?»។ «មនុស្សលោកប្រៀបដូចជាស្មៅ រីឯអំពើល្អទាំងប៉ុន្មានរបស់គេ ប្រៀបដូចជាផ្កាដែលដុះតាមវាលស្មៅ។ នៅពេលណាខ្យល់របស់ព្រះអម្ចាស់បក់មកលើ ស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោនដែរ។ ប្រជារាស្ត្រនេះប្រៀបបាននឹងស្មៅ។ ស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោន ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះនៃយើង នៅស្ថិតស្ថេរអស់កល្បជានិច្ច»។ ក្រុងស៊ីយ៉ូនជាអ្នកនាំដំណឹងល្អអើយ ចូរឡើងទៅលើភ្នំខ្ពស់! ក្រុងយេរូសាឡឹមជាអ្នកនាំដំណឹងល្អអើយ ចូរស្រែកឲ្យអស់ទំហឹង កុំខ្លាចអ្វីឡើយ! ចូរប្រាប់ក្រុងទាំងប៉ុន្មាននៅស្រុកយូដាថា: មើលហ្ន៎ ព្រះរបស់អ្នករាល់គ្នា! មើលហ្ន៎ ព្រះជាអម្ចាស់យាងមក ប្រកបដោយឫទ្ធានុភាព ព្រះអង្គយាងមកប្រកបដោយព្រះបារមី ដើម្បីគ្រងរាជ្យ។ ព្រះអង្គនាំអស់អ្នកដែលព្រះអង្គបានលោះ មកជាមួយ ពួកគេនាំគ្នាដើរនៅខាងមុខព្រះអង្គ។ ព្រះអង្គនឹងថែរក្សាប្រជារាស្ត្ររបស់ព្រះអង្គ ដូចគង្វាលថែរក្សាហ្វូងចៀមរបស់ខ្លួន។ ព្រះអង្គលើកព្រះហស្ដឡើងប្រមូលកូនចៀម ព្រះអង្គបីកូនតូចៗជាប់នឹងព្រះឱរា ហើយព្រះអង្គថែទាំមេចៀម ដែលកំពុងបំបៅកូនផងដែរ។
អាន អេសាយ 40
ស្ដាប់នូវ អេសាយ 40
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 40:1-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ