អេសាយ 40:1-11
អេសាយ 40:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះនៃអ្នករាល់គ្នា ព្រះអង្គមានព្រះបន្ទូលថា៖ ចូរកម្សាន្តទុក្ខ ចូរកម្សាន្តទុក្ខប្រជារាស្ត្ររបស់យើង ចូរលួងលោមចិត្តដល់ក្រុងយេរូសាឡិម ហើយស្រែកប្រាប់ក្រុងនោះថា គ្រាធ្វើសឹកសង្គ្រាមរបស់គេបានចប់សព្វគ្រប់ហើយ អំពើទុច្ចរិតរបស់គេក៏ទទួលបានការអត់ទោស ហើយគេបានទទួលមួយជាពីរពីព្រះហស្តនៃព្រះយេហូវ៉ា ស្នងនឹងអំពើបាបរបស់គេដែរ»។ មានឮសំឡេងមួយកំពុងតែស្រែកនៅទីរហោស្ថានថា៖ «ចូររៀបចំផ្លូវសម្រាប់ទទួលព្រះយេហូវ៉ា ចូរធ្វើឲ្យមានថ្នល់រាបស្មើនៅទីស្ងាត់ ថ្វាយព្រះនៃយើងរាល់គ្នាចុះ។ ឯគ្រប់ទាំងច្រកភ្នំ នោះនឹងត្រូវលើកឡើង ហើយគ្រប់ទាំងភ្នំធំតូច នឹងត្រូវពង្រាបទៅ នៅកន្លែងណាដែលគ្រលិកគ្រលុក នោះត្រូវធ្វើឲ្យស្មើ ហើយកន្លែងណាដែលរដិបរដុបនឹងត្រូវធ្វើឲ្យរាបចុះ នោះសិរីល្អនៃព្រះយេហូវ៉ានឹងសម្ដែងមក គ្រប់មនុស្សទាំងឡាយនឹងបានឃើញព្រមគ្នា ដ្បិតព្រះឧស្ឋនៃព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ»។ មានឮសំឡេងមួយកំពុងតែថា៖ «ចូរប្រកាសចុះ» នោះមានម្នាក់សួរថា៖ «តើត្រូវឲ្យស្រែកថាដូចម្តេច?»។ ចូរថា៖ «មនុស្សជាតិទាំងឡាយប្រៀបដូចជាស្មៅ ហើយអំពើដ៏ល្អទាំងប៉ុន្មានរបស់គេក៏ដូចជាផ្កានៅទីវាល។ ឯស្មៅក៏ស្វិតក្រៀមទៅ ហើយផ្ការោយរុះចុះ ដោយព្រោះខ្យល់ដង្ហើមនៃព្រះយេហូវ៉ាបក់មកត្រូវ ឯបណ្ដាជន គេពិតដូចជាស្មៅដែរ។ ស្មៅក៏ស្វិតក្រៀម ហើយផ្ការោយរុះចុះ តែព្រះបន្ទូលរបស់ព្រះនៃយើងរាល់គ្នា ស្ថិតស្ថេរនៅជាដរាប»។ ឱក្រុងស៊ីយ៉ូន ជាអ្នកនាំដំណឹងល្អអើយ ចូរឡើងទៅប្រកាសប្រាប់ពីលើភ្នំខ្ពស់ចុះ ឱយេរូសាឡិម ជាអ្នកនាំដំណឹងល្អអើយ ចូរបន្លឺសំឡេងឡើងជាខ្លាំង ចូរបន្លឺឡើង កុំខ្លាចឡើយ ចូរប្រាប់ដល់ទីក្រុងនៃស្រុកយូដាទាំងប៉ុន្មានថា "មើល៍ ព្រះនៃអ្នករាល់គ្នា!"។ មើល៍ ព្រះអម្ចាស់យេហូវ៉ានឹងយាងមក ដោយមានព្រះចេស្តា ហើយព្រះពាហុនៃព្រះអង្គនឹងកាន់កាប់ត្រួតត្រាឲ្យព្រះអង្គ ព្រះអង្គនាំយករង្វាន់មកជាមួយ ហើយបំណាច់ដែលព្រះអង្គសងដល់គេក៏នៅចំពោះព្រះអង្គ។ ព្រះអង្គនឹងឃ្វាលហ្វូងរបស់ព្រះអង្គ ដូចជាគង្វាល ព្រះអង្គនឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅព្រះឧរា ក៏នឹងនាំពួកមេៗ ដែលមានកូនខ្ចី ទៅដោយថ្នម។
អេសាយ 40:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះរបស់អ្នករាល់គ្នាមានព្រះបន្ទូលថា៖ «ចូរជួយសម្រាលទុក្ខប្រជាជនរបស់យើង កុំបង្អង់ឡើយ! ចូរលើកទឹកចិត្តអ្នកក្រុងយេរូសាឡឹម ហើយប្រកាសប្រាប់គេថា ពេលវេលាដែលខ្មាំងបង្ខំឲ្យគេធ្វើការ យ៉ាងធ្ងន់នោះ បានចប់សព្វគ្រប់ហើយ! គេរងទុក្ខទោសគ្រប់គ្រាន់ហើយ! ព្រះអម្ចាស់បានដាក់ទោសគេ ព្រោះតែអំពើបាបដែលគេបានប្រព្រឹត្ត ហើយគេក៏បានរងទុក្ខទោសនោះ មួយទ្វេជាពីរដែរ!»។ មានសំឡេងមួយស្រែកថា៖ «នៅវាលរហោស្ថាន ចូរបើកផ្លូវថ្វាយព្រះអម្ចាស់ ចូរកាប់ឆ្ការព្រៃរបោះធ្វើផ្លូវថ្វាយព្រះនៃយើង ត្រូវបំពេញច្រកភ្នំទាំងឡាយ ហើយពង្រាបភ្នំតូចភ្នំធំទាំងប៉ុន្មានឲ្យរាប កន្លែងណាមានដីខ្ពស់ទាប ត្រូវធ្វើឲ្យទៅជាវាលរាបស្មើ កន្លែងណារដិបរដុបក៏ត្រូវពង្រាបឲ្យស្មើផងដែរ។ ពេលនោះ ព្រះអម្ចាស់នឹងសម្តែងសិរីរុងរឿង ឲ្យមនុស្សលោកឃើញក្នុងពេលជាមួយគ្នា ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ»។ មានសំឡេងមួយបង្គាប់ថា៖ «ចូរស្រែកប្រកាសចុះ!» សំឡេងមួយទៀតសួរថា៖ «តើឲ្យខ្ញុំស្រែកប្រកាសអំពីរឿងអ្វី?»។ «មនុស្សលោកប្រៀបដូចជាស្មៅ រីឯអំពើល្អទាំងប៉ុន្មានរបស់គេ ប្រៀបដូចជាផ្កាដែលដុះតាមវាលស្មៅ។ នៅពេលណាខ្យល់របស់ព្រះអម្ចាស់បក់មកលើ ស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោនដែរ។ ប្រជារាស្ត្រនេះប្រៀបបាននឹងស្មៅ។ ស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោន ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះនៃយើង នៅស្ថិតស្ថេរអស់កល្បជានិច្ច»។ ក្រុងស៊ីយ៉ូនជាអ្នកនាំដំណឹងល្អអើយ ចូរឡើងទៅលើភ្នំខ្ពស់! ក្រុងយេរូសាឡឹមជាអ្នកនាំដំណឹងល្អអើយ ចូរស្រែកឲ្យអស់ទំហឹង កុំខ្លាចអ្វីឡើយ! ចូរប្រាប់ក្រុងទាំងប៉ុន្មាននៅស្រុកយូដាថា: មើលហ្ន៎ ព្រះរបស់អ្នករាល់គ្នា! មើលហ្ន៎ ព្រះជាអម្ចាស់យាងមក ប្រកបដោយឫទ្ធានុភាព ព្រះអង្គយាងមកប្រកបដោយព្រះបារមី ដើម្បីគ្រងរាជ្យ។ ព្រះអង្គនាំអស់អ្នកដែលព្រះអង្គបានលោះ មកជាមួយ ពួកគេនាំគ្នាដើរនៅខាងមុខព្រះអង្គ។ ព្រះអង្គនឹងថែរក្សាប្រជារាស្ត្ររបស់ព្រះអង្គ ដូចគង្វាលថែរក្សាហ្វូងចៀមរបស់ខ្លួន។ ព្រះអង្គលើកព្រះហស្ដឡើងប្រមូលកូនចៀម ព្រះអង្គបីកូនតូចៗជាប់នឹងព្រះឱរា ហើយព្រះអង្គថែទាំមេចៀម ដែលកំពុងបំបៅកូនផងដែរ។
អេសាយ 40:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះនៃឯងរាល់គ្នា ទ្រង់មានបន្ទូលថា ចូរកំសាន្តទុក្ខ ចូរកំសាន្តទុក្ខរាស្ត្រអញចុះ ត្រូវឲ្យលួងលោមចិត្តនៃក្រុងយេរូសាឡិម ហើយស្រែកប្រាប់គេថា គ្រាធ្វើសឹកសង្គ្រាមរបស់គេបានសំរេចហើយ អំពើទុច្ចរិតរបស់គេក៏បានអត់ទោសឲ្យ ហើយគេបានទទួលសំណង១ជា២ពីព្រះហស្តនៃព្រះយេហូវ៉ា ឲ្យស្នងនឹងអំពើបាបគេដែរ។ មានឮសំឡេង១កំពុងតែស្រែកនៅទីរហោស្ថានថា ចូររៀបចំផ្លូវសំរាប់ទទួលព្រះយេហូវ៉ា ចូរធ្វើឲ្យមានថ្នល់រាបស្មើនៅទីស្ងាត់ ថ្វាយព្រះនៃយើងរាល់គ្នាចុះ ឯគ្រប់ទាំងច្រកភ្នំ នោះនឹងត្រូវលើកឡើង ហើយគ្រប់ទាំងភ្នំធំតូច នឹងត្រូវពង្រាបទៅ នៅកន្លែងណាដែលគ្រលិកគ្រលុក នោះត្រូវធ្វើឲ្យស្មើ ហើយកន្លែងណាដែលរដិបរដុបនឹងត្រូវធ្វើឲ្យរាបចុះ នោះសិរីល្អនៃព្រះយេហូវ៉ានឹងសំដែងមក គ្រប់មនុស្សទាំងឡាយនឹងបានឃើញព្រមគ្នា ដ្បិតព្រះឱស្ឋនៃព្រះយេហូវ៉ាបានមានបន្ទូលហើយ។ មានឮសំឡេង១កំពុងតែថា ចូរប្រកាសចុះ នោះមានម្នាក់សួរថា តើត្រូវឲ្យស្រែកថាដូចម្តេច ចូរថា មនុស្សជាតិទាំងឡាយប្រៀបដូចជាស្មៅ ហើយអំពើដ៏ល្អទាំងប៉ុន្មានរបស់គេក៏ដូចជាផ្កានៅទីវាល ឯស្មៅក៏ស្វិតក្រៀមទៅ ហើយផ្ការោយរុះចុះ ដោយព្រោះខ្យល់នៃព្រះយេហូវ៉ាបក់មកត្រូវ ឯបណ្តាជន គេពិតដូចជាស្មៅដែរ ស្មៅក៏ស្វិតក្រៀម ហើយផ្ការោយរុះចុះ តែព្រះបន្ទូលរបស់ព្រះនៃយើងរាល់គ្នាវិញ នោះស្ថិតស្ថេរនៅជាដរាប។ ឱអ្នកដែលនាំដំណឹងល្អ មកដល់ក្រុងស៊ីយ៉ូនអើយ ចូរឡើងទៅប្រកាសប្រាប់ពីលើភ្នំខ្ពស់ចុះ ឱអ្នកដែលនាំដំណឹងល្អមកដល់ក្រុងយេរូសាឡិមអើយ ចូរបន្លឺសំឡេងឡើងជាខ្លាំង ចូរបន្លឺឡើង កុំខ្លាចឡើយ ចូរប្រាប់ដល់ទីក្រុងនៃស្រុកយូដាទាំងប៉ុន្មានថា មើលន៏ ព្រះនៃអ្នករាល់គ្នា មើល ព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងយាងមក ដោយមានព្រះចេស្តា ហើយព្រះពាហុនៃទ្រង់នឹងកាន់កាប់ត្រួតត្រាឲ្យទ្រង់ មើល ទ្រង់នាំយករង្វាន់មកជាមួយ ហើយបំណាច់ដែលទ្រង់សងដល់គេក៏នៅចំពោះទ្រង់ ទ្រង់នឹងឃ្វាលហ្វូងរបស់ទ្រង់ ដូចជាអ្នកគង្វាល ទ្រង់នឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅព្រះឧរា ក៏នឹងនាំពួកមេៗ ដែលមានកូនខ្ចីទៅដោយថ្នម។